អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសដើម្បីការពារបក្ខពួក ជាជាងលើកកម្ពស់ជីវភាពពលរដ្ឋ
2023.11.20
អ្នកវិភាគលើកឡើងថា ក្រោយពីបានតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត មិនបានដឹកនាំរដ្ឋាភិបាលដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញលោក ហ៊ុន ម៉ាណែត គ្រាន់តែបន្តការពារផលប្រយោជន៍បក្ខពួក និងគ្រួសារត្រកូលហ៊ុនតែប៉ុណ្ណោះ។ អ្នកតាមដានភូមិសាស្ត្រនយោបាយលើកឡើងថា ប្រជាពលរដ្ឋ នឹងប្រឈមជីវភាពកាន់តែលំបាក បើសិនជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តពឹងផ្អែកប្រទេសចិន និងមិនបញ្ឈប់ការរំលោភសិទ្ធិមនុស្ស។
គិតរហូតមកដល់ចុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត បានឡើងមកដឹកនាំរដ្ឋាភិបាលបន្តពីឪពុករបស់លោកអស់រយៈពេលជិត១០០ថ្ងៃមកហើយ។
អ្នកអត្ថាធិប្បាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា ក្រោយពីឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត មិនបានធ្វើការងារជាក់ស្ដែងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា ការងារដែលនាយករដ្ឋមន្ត្រីថ្មីរូបនេះធ្វើភាគច្រើនគ្រាន់តែជាការរៀនថ្លែងសន្ទរកថាឱ្យរត់មាត់ និងដើរខ្ចីលុយបរទេស ដើម្បីការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
ប៉ុន្តែរឿងទាំងអស់នេះសុទ្ធតែបរាជ័យ ពីព្រោះសុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត ក៏ប្រជាពលរដ្ឋមិនចាប់អារម្មណ៍ ចំណែកឯការទៅខ្ចីលុយបរទេស ឧទាហរណ៍ខ្ចីលុយចិនជាដើម មកដល់ពេលនេះអត់មានសញ្ញាថា ចិនឱ្យលុយខ្ចីនោះទេ ដូច្នេះរដ្ឋាភិបាល ហ៊ុន ម៉ាណែត ធ្លាក់ទៅក្នុងវិបត្តិយ៉ាងជ្រៅ ដោះស្រាយមិនរួចទេ។ បញ្ហានយោបាយក៏មិនហ៊ានដោះស្រាយ បញ្ហាសេដ្ឋកិច្ច ទេសចរណ៍កាន់តែវក់វី។
លោក គឹម សុខ បន្តថា បញ្ហាចម្បងដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែប្រឈមនឹងជីវភាពលំបាកលំបិន ចាប់តាំងពីលោកឡើងកាន់អំណាចនោះ គឺដោយសារតែលោក ហ៊ុន ម៉ាណែត យកគំរូនៃការដឹកនាំប្រទេសតាមបែបបក្ខពួកនិយម ពុករលួយជាប្រព័ន្ធតាមឪពុករបស់លោក គឺ លោក ហ៊ុន សែន។
លោក គឹម សុខ៖ «កាលណាមិនដោះស្រាយវិបត្តិការងារ វិបត្តិសេដ្ឋកិច្ចនឹងកើតមានកាន់តែធំ ធ្លាក់ទៅដល់វិបត្តិហិរញ្ញវត្ថុទៅទៀត រីឯវិបត្តិនយោបាយវិញ ខ្ញុំមើលទៅគាត់ចាំស្ដាប់តែខ្យល់ពីឪពុករបស់គាត់សុទ្ធសាធ គ្មានសមត្ថភាពទាល់តែសោះ»។
ក្រៅពីបន្តរឹតត្បិតសេរីភាពនយោបាយ តាមរយៈការមិនចេញលិខិតទុតិយតានៃប្រកាសចុះបញ្ជីគណបក្សភ្លើងទៀន នៅក្រសួងមហាផ្ទៃ ដើម្បីឱ្យគណបក្សនេះអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុង ស្រុកខណ្ឌ ក្នុងឆ្នាំ២០២៤ ខាងមុខហើយនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏នៅតែបន្តធ្វើនយោបាយការបរទេសលំអៀងទៅប្រទេសចិន។ បន្ថែមពីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏នៅតែមិនទាន់បង្ហាញឱ្យសហគមន៍អន្តរជាតិអស់ចិត្ត អំពីការអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅក្នុងខេត្តព្រះសីហនុ និងកំពង់ផែតារាសាគរ នៅក្នុងខេត្តកោះកុង ដែលត្រូវបានគេសង្ស័យថា អាចជាទីតាំងយុទ្ធសាស្ត្ររបស់យោធាចិនផងដែរ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើងថា បញ្ហាចម្បងដែលធ្វើឱ្យកម្ពុជាកាន់តែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច គឺមិនមែនបណ្ដាលមកពីផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន (Ukrain) និងតំបន់ហ្គាហ្សា (Gaza) នោះទេ។ លោកបន្តថា មូលហេតុដែលធ្វើឱ្យកម្ពុជា កាន់តែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនោះគឺ បញ្ហាអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកង្វះធនធានមនុស្ស។
លោក សេង វណ្ណលី៖ «ថ្វីត្បិតតែរដ្ឋាភិបាលថ្មីហ្នឹងព្យាយាមជំរុះ និងមានការជួយសម្រួលដល់លំហូរវិនិយោគពីបរទេស ក៏ប៉ុន្តែស្ថានភាពនយោបាយ និងការរំលោភសិទ្ធិមនុស្ស ហើយនឹងបញ្ហាផ្សេងៗដូចជា សាយប័រក្រាម (Cyber Crime) ឧក្រិដ្ឋកម្មឆ្លងដែន វារាំងស្ទះដល់ការអនុវត្តផែនការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មី មានន័យថាស្ថានភាពនៅក្នុងស្រុកវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងភាពជឿជាក់របស់វិនិយោគិនបរទេស មកបោះទុននៅស្រុកខ្មែរ»។
លោក សេង វណ្ណលី បន្ថែមថា ដោយសារតែសេដ្ឋកិច្ចកម្ពុជាភាគច្រើនពឹងផ្អែកទៅលើការវិនិយោគរបស់ចិនទាំងវិស័យអចលនទ្រព្យ និងវាយនភណ្ឌ ដូច្នេះលោកថា កម្ពុជាក៏នឹងបន្តរងឥទ្ធិពលអាក្រក់ពីវិបត្តិសេដ្ឋកិច្ចពីប្រទេសចិនផងដែរ។
លោក សេង វណ្ណលី៖ «ការជំរុញ ការទាក់ទាញវិនិយោគពីចិនគឺជារឿងដែលសាទរមួយ ក៏ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្ន យើងមិនអាចប្រលែងឱ្យតែប្រទេសចិនតែម្នាក់ទេ យើងត្រូវតែធ្វើទំនាក់ទំនងប្រព័ន្ធវិនិយោគ ច្បាប់ក្នុងស្រុក មានន័យថាការគ្រប់គ្រងផ្សេងៗហ្នឹងឱ្យមានគណនេយ្យភាព ដើម្បីទាក់ទាញអ្នកវិនិយោគពីបរទេសផង»
ផ្ទុយពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដែលដាក់ចេញនូវផែនការជាក់ស្ដែង ជួយប្រជាពលរដ្ឋក្រីក្រ ដូចជាការផ្ដល់ប្រាក់ ១ម៉ឺនបាត្រ (១០.០០០) ឬប្រមាណ៣រយដុល្លារអាមេរិក ការអនុគ្រោះពន្យារពេលបង់ប្រាក់ទៅធនាគាររយៈពេល៣ឆ្នាំ និងការដាក់កំហិតឱ្យបញ្ចុះតម្លៃទំនិញតម្រូវការចាំបាច់ប្រចាំថ្ងៃនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដែលកាន់តែមានជីវភាពលំបាកលំបិននោះឡើយ។ បន្ថែមពីនេះ បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជាដាក់ចេញផែនការយកពន្ធសព្វសារពើពីប្រជាពលរដ្ឋទៅវិញ។ លុះក្រោយពេលប្រជាពលរដ្ឋផ្ទុះការតវ៉ាពេញបណ្ដាញសង្គមហ្វេសប៊ុក ទើបលោក ហ៊ុន ម៉ាណែត ចេញមុខអះអាងថា រដ្ឋាភិបាលរបស់លោកមិនមានផែនការយកពន្ធ ដូចតាមការលើកឡើងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល នោះទេ។
បើទោះបីជាលោក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា គោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលនីតិកាលទី៧ គឺដើម្បីស្ដារសេដ្ឋកិច្ចជាតិក្រោយពីការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏នៅពេលនេះ ស្ថានភាពសេដ្ឋកិច្ចកាន់តែធ្លាក់ចុះដុនដាបទៅវិញ។ ថ្មីៗនេះ លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រឹះស្ថានផ្ដល់ប្រាក់កម្ចី ឲ្យសម្រួលការសងប្រាក់កម្ចីសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច។
លោក ហ៊ុន ម៉ាណែត៖ «បើអតិថិជនមានបញ្ហា ធនាគារ ឬក៏គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីក៏មានបញ្ហា រដ្ឋាភិបាលក៏មានបញ្ហា អ៊ីចឹងអ្វីដែលយើងបានផ្ដល់ឱ្យគោលការណ៍កាលពីថ្ងៃ១៣នេះ គឺសង្ឃឹមថាប្រតិបត្តិករទាំងក្នុងវិស័យធនាគារ អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗដែលអាចបានផលនោះ សូមធ្វើយ៉ាងណា គិតគូរវិធានការណ៍យ៉ាងណា ដើម្បីជួយសម្រាលបន្តទៅដល់បងប្អូនប្រជាពលរដ្ឋ ទៅដល់អាជីវកម្មដែលជាអ្នកខ្ចី ទៅដល់ប្រជាពលរដ្ឋដែលជាអ្នកខ្ចី ទៅដល់ប្រជាពលរដ្ឋដែលទិញផ្ទះ ទៅដល់ប្រជាពលរដ្ឋដែលត្រូវការកម្ចីផ្សេងទៀត អ៊ីចឹងយើងជួយគ្នាក្នុងការលំបាក គឺពិតណាស់ត្រូវការប្រុងប្រយ័ត្ន ព្រោះមិនចង់ឱ្យដួលរលំទាំងភ្នែនទេ»។
ងាកមកវិស័យការងារវិញ បើទោះបីជាប្រជាពលរដ្ឋកម្ពុជាភាគច្រើនស្ថិតក្នុងវ័យជាយុវជន និងពេញកម្លាំងធ្វើការងារក្ដី ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានបង្កើតការងារឱ្យបានគ្រប់គ្រាន់នោះឡើយ។ ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ និងប្រជាកសិករដែលខាតបង់ពីការធ្វើស្រែចម្ការជាច្រើននាក់ បានបង្ខំចិត្តភៀសខ្លួនទៅធ្វើការនៅប្រទេសថៃ ហើយភាគច្រើននៃអ្នកធ្វើចំណាកស្រុកទាំងនោះ គឺធ្វើឡើងដោយប្រថុយប្រថាន និងមិនមានឯកសារច្បាប់ត្រឹមត្រូវនោះឡើយ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី យល់ឃើញថា ក្រៅពីរដ្ឋាភិបាលមិនអាចរកចំណូលបានច្រើនពី វិស័យទេសចរណ៍ និងវិស័យកសិកម្មហើយនោះ ថ្នាក់ដឹកនាំរដ្ឋាភិបាលគួរតែបើកលំហប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដើម្បីទទួលបានការបញ្ជាទិញផលិតផលវាយនភណ្ឌឱ្យបានច្រើនឡើងវិញ ពីបណ្ដាប្រទេសអឺរ៉ុប(EU) និងសហរដ្ឋអាមេរិក(United States)។
លោក អៀង វុទ្ធី៖ «ការលក់ផលិតផលរបស់យើងឱ្យបានច្រើនទៅបណ្ដាប្រទេសទាំងអស់ហ្នឹងបានទាល់តែអាចបំពេញលក្ខខណ្ឌសិទ្ធិនៃការចូលរួមសកម្មភាពនយោបាយ គណបក្សនយោបាយជាដើម។ អ៊ីចឹងវាគួរតែមានការចាប់ផ្ដើមពិនិត្យឡើងវិញ ថា តើយើងអាចធ្វើការជាមួយគ្នាយ៉ាងម៉េច ជាពិសេសគ្រប់និន្នាការនយោបាយហ្នឹង ដើម្បីឱ្យប្រទេសយើងអាចបំពេញបាននូវលក្ខខណ្ឌផ្សេងៗ ជាពិសេសការធ្វើការរកស៊ីជាមួយបណ្ដាប្រទេសសេរីទាំងអស់នោះ»។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីចុងខែតុលា រកឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែងាយដួលរលំ ដោយសារតែកម្ពុជាពឹងផ្អែកខ្លាំងទៅលើទីផ្សារនាំចេញ និងប្រភពហិរញ្ញវត្ថុពីបរទេស។ អ្នកវិភាគនយោបាយលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លោក ហ៊ុន ម៉ាណែត គួរតែបើកលំហប្រជាធិបតេយ្យ ដើម្បីទទួលបានការគាំទ្រពីបណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ ជាជាងធ្វើនយោបាយលំអៀងទៅរកប្រទេសចិន បន្តរឹតត្បិតសិទ្ធិមនុស្ស មិនហ៊ានប្រកួតប្រជែងនយោបាយជាមួយគណបក្សប្រឆាំងដោយយុត្តិធម៌ ដើម្បីរក្សាអំណាចរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។