អ្នកវិភាគ​ថា ចិន​បញ្ជូន​អ្នក​ការទូត​ដ៏​មាន​ឥទ្ធិពល​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា ដើម្បី​ទប់ទល់​នឹង​អាមេរិក

ដោយ មាន ឫទ្ធិ
2024.06.06
អ្នកវិភាគ​ថា ចិន​បញ្ជូន​អ្នក​ការទូត​ដ៏​មាន​ឥទ្ធិពល​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា ដើម្បី​ទប់ទល់​នឹង​អាមេរិក អតីត​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក វ៉ាង វិនពីន (Wang Wenbin) ដែលទើបមកកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា។​
Tingshu Wang/Reuters

រដ្ឋាភិបាល​ចិន​កុម្មុយនិស្ត (China) នឹង​បញ្ជូន​អ្នក​ការទូត​ដ៏​មាន​ឥទ្ធិពល​របស់​ចិន គឺ​អតីត​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក វ៉ាង វិនពីន (Wang Wenbin) មកកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា​ជំនួស​លោក វ៉ាង វិនធាន (Wang Wentian) ដែល​ទើប​បញ្ចប់​អាណត្តិ​ថ្មីៗ​នេះ​។ អ្នកវិភាគ​មើល​ឃើញ​ថា ចិន​បញ្ជូន​អ្នក​ការទូត​ដែល​មាន​តួនាទី​ខ្ពស់​មក​បំពេញការងារ​ការទូត​នៅ​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី ដើម្បី​ទប់ទល់​នឹង​សហរដ្ឋអាមេរិក (US) ដែល​កំពុង​ពិនិត្យមើល​ឱកាស​ស្ដារ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​នៃ​រដ្ឋាភិបាល​ចិន (China International Development Cooperation Agency) ឬ​ហៅ​កាត់​ថា ស៊ី​អាយ​ឌី​ស៊ី​អេ (CIDCA) ប្រកាស​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា​ថា អតីត​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​គឺ លោក វ៉ាង វិនពីន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​តែងតាំង​ឱ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា។

លោក វ៉ាង វិនពីន បាន​ធ្វើជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​តាំងពី​ខែ​កក្កដា ឆ្នាំ​២០២០ ដល់​ខែ​ឧសភា ឆ្នាំ​២០២៤​។ លោក​ក៏​ជា​បុគ្គល​មួយ​រូប​ដែល​ឆ្អិនឆ្អៅ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​បម្រើ​ផលប្រយោជន៍​ប្រទេស​ចិន​ខ្លួនឯង និង​ជា​មនុស្ស​គន្លឹះ​សម្រាប់​មេដឹកនាំ​ចិន ដែល​តែងតែ​ចេញ​សារ​ប្រឆាំង និង​ថ្កោលទោស​អាមេរិក រឿង​គាំទ្រ​សកម្មជន​ហុងកុង (Hong Kong) ប្រមូលផ្ដុំ​សម្ដែង​មតិ​ទាមទារ​សិទ្ធិ​សេរីភាព រឿង​បញ្ហា​កោះ​តៃវ៉ាន់ (Taiwan) និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នា​ពេល​កន្លង​ទៅ ជាដើម​។​

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ពិនិត្យ​ឃើញ​ថា ប្រទេស​ចិន​បញ្ជូន​អ្នកការទូត​ថ្មី​មាន​ឥទ្ធិពល និង​តំណែង​ខ្ពស់​មក​បំពេញការងារ​នៅ​កម្ពុជា​នា​ពេល​នេះ ចិន​ទំនង​ចង់​បង្ហាញ​ពី​ការ​លើក​មុខមាត់​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​អនុវត្ត​នយោបាយ​ស្របតាម​ប្រទេស​ចិន​នា​ពេល​កន្លង​មក​។ លើស​ពី​នេះ​លោក​ថា ចិន​ទំនង​ក៏​ព្រួយបារម្ភ​នឹង​ឥទ្ធិពល​របស់​អាមេរិក ក្រោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​បង្ហាញ​ជំហរ​ពិនិត្យមើល​ឱកាស​ស្ដារ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ។

លោក គឹម សុខ៖ «ស្ថានការណ៍​ជាក់ស្ដែង​គឺ​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​នេះ នឹង​ធ្វើ​កិច្ចការ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​សមយុទ្ធ​យោធា​រវាង កម្ពុជា និង​អាមេរិក ហើយ​បើ​មាន​ក្នុង​ទ្រង់ទ្រាយ​តូចតាច ប៉ុន្តែ​បើ​ទ្រង់ទ្រាយ​តូចតាច​អាមេរិក​មិន​ព្រម​ទេ ព្រោះ​មិន​សម​មុខមាត់​អាមេរិក​ដែល​ជា​មហាអំណាច​កំពូល​។ ប៉ុន្តែ​ចំណុច​ទី​ពីរ​ទាក់ទង​ចំណុច​ស្នើ​របស់​លោក ហ៊ុន សែន ចង់​ឱ្យ​មាន​កិច្ច​សន្ទនា​ពិសេស​ក្នុង​ក្របខ័ណ្ឌ​យោធា​កម្ពុជា និង​អាមេរិក គឺជា​ចំណុច​ដែល​ចិន​ត្រូវតែ​មាន​វត្តមាន​នៅ​ក្រោយ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជានិច្ច​ក្នុង​ការ​ផ្ដល់​ទស្សន​គំនិត​ឱ្យ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត ធ្វើ​កិច្ច​សន្ទនា​ជាមួយ​អាមេរិក ប្រសិន​បើ​កិច្ច​សន្ទនា​អាច​កើត​ឡើង​មែន»

លោក គឹម សុខ បន្ថែម​ទៀត​ថា ប្រសិនបើ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​ឈាន​ដល់​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ និង​ការ​ធ្វើ​សមយុទ្ធ​យោធា​ឡើងវិញ​នោះ គឺជា​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ពិភាក្សា​លើ​បញ្ហា​កាន់តែ​ស៊ីជម្រៅ​។ លោក​ថា ហេតុដូច្នេះ​ហើយ​ទើប​ប្រទេស​ចិន​បញ្ជូន​អ្នក​ការទូត​មាន​ឥទ្ធិពល​ជាង​មុន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា ដើម្បី​រក្សា​ផលប្រយោជន៍ និង​មហិច្ឆតា​ដែល​ចិន​ចង់​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់។

សហរដ្ឋអាមេរិក​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ឡូយ អូស្ទីន (Lloyd Austin) មក​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា បាន​ពិភាក្សា​ជាមួយ​កម្ពុជា​ពី​ឱកាស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដើម្បី​គាំទ្រ​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​បន្ត​ឡើងវិញ​នូវ​កម្មវិធី​ផ្លាស់ប្ដូរ​ការ​បណ្ដុះបណ្ដាល​យោធា​លើ​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (UN) ព្រមទាំង​ការ​បណ្ដុះបណ្ដាល​លើ​ការងារ​ដោះ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។ ដំណើរ​ទស្សនកិច្ច​នេះ​កើតមានឡើង​បន្ទាប់ពី​កម្ពុជា និង​ចិន​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ឈ្មោះ «​នាគ​មាស​» ប្រចាំឆ្នាំ​រួមគ្នា កាល​ចុង​ពី​ខែ​ឧសភា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ឯករាជ្យ លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រទេស​ចិន​កុម្មុយនិស្ត និង​ប្រទេស​មហាអំណាច​ផ្សេងទៀត​តែងតែ​អនុវត្ត​នយោបាយ​អូសទាញ​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ឱ្យ​ដឹកនាំ​ស្របតាម​របប​នយោបាយ​របស់​ខ្លួន ដូច្នេះ​លោក​ថា កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​ប្រកាន់​របប​ប្រជាធិបតេយ្យ​គួរ​ប្រកាន់​ជំហរ​នយោបាយ​ឯករាជ្យ និង​អព្យាក្រឹត្យ ដើម្បី​ឱ្យ​កុំ​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​បម្រើ​មហាអំណាច​ណាមួយ។

លោក ស៊ឹង សែនករុណា៖ «ទោះ​បី​ថា ចិន​ក៏ដោយ ប្រទេស​ផ្សេងទៀត​ក៏ដោយ​ទោះបីជា​មានការ​អូសទាញ ប្រសិនជា​មេដឹកនាំ​មានការ​ប្រកាន់​ការគោរព​សិទ្ធិមនុស្ស មាន​ប្រជាធិបតេយ្យ​ត្រឹមត្រូវ គ្មាន​អី​ត្រូវ​ព្រួយបារម្ភ​ទេ ប៉ុន្តែ ដោយឡែក​នៅ​កម្ពុជា​យើង​កត់សម្គាល់​ថា អ្នកដឹកនាំ​ប្រទេស​យើង​មាន​កិច្ចសហការ​ជាមួយ​ប្រទេស​ចិន ឬ​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ឱ្យឃើញ​ជា​រូបភាព​ស្អិតល្មួត ដែល​គេ​អាច​វាយតម្លៃ​ថា មាន​ភាព​លម្អៀង​ខ្លាំង​ទៅលើ​ប្រទេស​ចិន ឬ​បរទេស​កុម្មុយនិ​ស្ត​ផ្សេងទៀត វា​ជា​បញ្ហា​ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ពី​អង្គការ​ជាតិ អន្តរជាតិ​នានា ពី​បណ្ដា​ប្រទេស​ដឹកនាំ​តាម​បែប​លោក​សេរី​នានា​មាន​ការ​ព្រួយបារម្ភ​អំពី​ជំហរ​កម្ពុជា»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​៥ ខែ​មិថុនា។

អ្នកឃ្លាំមើល និង​អ្នកវិភាគ​លើកឡើង​ថា លោក វ៉ាង វិនពីន ក្នុង​តំណែង​ថ្មី​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ក៏​ទំនង​មិន​ខុសពី​អគ្គរដ្ឋទូត​មុនៗ​ដែរ គឺ​លោក​នឹង​អនុវត្ត​ផែនការ​នយោបាយ​តាម​បែប​កុម្មុយនិស្ត​ក្នុង​ការ​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​បែប​ប្រជាភិថុតិ និង​ក្នុង​គោលដៅ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​អាមេរិក​។ ពួកគេ​ក៏​មិន​រំពឹង​ថា ចិន​នឹង​រួមចំណែក​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​នោះ​ទេ បើ​ទោះ​បី​ជា​ចិន​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាងណាក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។