អ្នក​វិភាគ​ថា រដ្ឋាភិបាល​គួរតែ​កាត់បន្ថយ​មន្ត្រី​នយោបាយ និង​បន្ថែម​មន្ត្រី​បច្ចេកទេស

ដោយ សុ ជីវី
2024.11.28
អ្នក​វិភាគ​ថា រដ្ឋាភិបាល​គួរតែ​កាត់បន្ថយ​មន្ត្រី​នយោបាយ និង​បន្ថែម​មន្ត្រី​បច្ចេកទេស រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ានី ថ្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ានី

អ្នកវិភាគ​លើកឡើង​ថា ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​តាម​ក្រសួង​ស្ថាប័ន​នានា រដ្ឋាភិបាល​គួរតែ​កាត់បន្ថយ​ចំនួន​មន្ត្រី​នយោបាយ ក្នុង​ជួរ​រដ្ឋាភិបាល និង​បន្ថែម​មកវិញ នូវ​មន្ត្រី​បច្ចេកទេស នៅ​តាម​មូលដ្ឋាន។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ានី បាន​ប្រកាស​មិន​ផ្ដល់​គោលការណ៍​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២៤-២០២៥។

អ្នកឃ្លាំមើល​សង្គម និង​នយោបាយ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​នីតិកាល​ទី​៧ ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល «​ហ៊ុន​» ជា​រដ្ឋាភិបាល​ក្បាល​ធំ​សំពីងសំពោង ដែល​មាន​សមាជិក​គណៈ​រដ្ឋមន្ត្រី រាប់​ពាន់​នាក់ និង​ជា​បន្ទុក​ធ្ងន់​មួយ នៃ​ការ​បង់ពន្ធ​របស់​រាស្ត្រ ខណៈ​មន្ត្រី​មួយ​ចំនួន មាន​តែ​តំណែង តែ​ពុំដែល​បាន​បម្រើ​ពលរដ្ឋ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា​ថា ការ​ធ្វើ​កំណែទម្រង់ ដើម្បី​សម្រួច​ការងារ​របស់​ក្រសួង​ស្ថាប័នរដ្ឋ​នានា គឺជា​ការកាត់បន្ថយ​ចំនួន​មន្ត្រី ដែល​ពុំ​សូវ​មាន​សមត្ថភាព និង​ជំនួស​មកវិញ ដោយ​មន្ត្រី​មាន​សមត្ថភាព ជាពិសេស​មន្ត្រី​បច្ចេកទេស​នៅ​មូលដ្ឋាន។ លោក​ថា ការ​មិន​ជ្រើសរើស​មន្ត្រី​បន្ថែម​ក្នុង​ឆ្នាំ​២០២៤-២០២៥​នេះ គឺ​មាន​ហេតុផល​ពីរ​យ៉ាង ដូចជា កៅអី ដែល​រៀបចំ​សម្រាប់​បក្ខពួក​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ពុំ​មាន​កន្លែង​ទំនេរ និង​រដ្ឋាភិបាល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច។​

លោក គឹម សុខ៖ «ពាក្យ​ថា កំណែទម្រង់​ប្រព័ន្ធ​សាធារណៈ​របស់​ជាតិ គេ​សំដៅលើ​បី​ចំណុច​ជា​សំខាន់ ចំណុច​ទី​១ គឺ​កាត់បន្ថយ​មនុស្ស​ឲ្យ​នៅ​តិច​បំផុត ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ ទី​២ ដាក់​មនុស្ស​ដែល​មាន​គុណភាព ដើម្បី​ធ្វើ​ការងារ​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព ទី​៣ ដើម្បី​ធានា​ថា ការអនុវត្ត​យន្តការ​នានា​របស់​រដ្ឋ​ក្នុង​ការ​ការពារ​ជាតិ​ក្ដី ហើយ​បម្រើ​ប្រជាពលរដ្ឋ​ក្ដី ឲ្យ​មាន​លក្ខខណ្ឌ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ»

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា បាន​ប្រកាស​ថា នៅ​មិន​ទាន់​មាន​ការអនុញ្ញាត​ឲ្យ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២៤-២០២៥​នៅឡើយ ដោយ​ការ​ប្រឡង​មួយចំនួន នា​ពេល​កន្លង គឺជា​ការអនុញ្ញាត ផ្អែក​តាម​គោលការណ៍​ចាស់​នៅក្នុង​ឆ្នាំ​២០២៣ ។ លោក ហ៊ុន ម៉ានី បន្ថែម​ថា គោលបំណង​នៃ​ការវិភាគ​មុខងារ គឺជា​ការពិនិត្យ​លើ​សុខភាព​របស់​ក្រសួង​ស្ថាប័ន ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ការប្រើប្រាស់​ចំណាយ​មាន​ប្រសិទ្ធភាព។

គណៈរដ្ឋមន្ត្រី​នីតិកាល​ទី​៧ ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល «​ហ៊ុន​» មាន​សមាជិក​មន្ត្រីជាន់ខ្ពស់​ជាង ១​ពាន់ ៥​រយ​នាក់ (.៥១២) និង​មាន​ទីប្រឹក្សា​រដ្ឋាភិបាល និង​ជំនួយការ​នាយករដ្ឋមន្ត្រី​សរុប​ជាង ៥​រយ​នាក់។

អ្នក​អត្ថាធិប្បាយ​នយោបាយ ថា រដ្ឋាភិបាល មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ធំ​បែបនេះ គឺ​គ្រាន់តែ​សម្រាប់​ការពារ​អំណាច​គ្រួសារ​ត្រកូល «​ហ៊ុន​» ប៉ុណ្ណោះ ប៉ុន្តែ​ក្បាលម៉ាស៊ីន ដែល​សំពីងសំពោង​បែបនេះ ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ខណៈ​កម្ពុជា កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច។

ជាក់ស្ដែង កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​បាន​បោះពុម្ព​លុយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ ដើម្បី​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ហើយ​បាន​ប្រកាស​ខ្ចីលុយ​ពី​បរទេស​ចំនួន​ជាង ២​ពាន់​លាន​ដុល្លារ ដើម្បី​យក​មក​បែងចែក​ឱ្យ​រដ្ឋ នឹង​ផ្ដល់​កម្ចី​ឱ្យ​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ខ្ចី​បន្ត។

អ្នកវិភាគ​លើកឡើង​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ លុះត្រាតែ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» កាត់បន្ថយ​ចំនួន​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​នានា និង​ទីប្រឹក្សា រួម​ទាំង​ជំនួយការ ហើយ​ជំនួស​មកវិញ នូវ​មន្ត្រី​បច្ចេកទេស​នៅ​មូលដ្ឋាន ដូចជា​មន្ត្រី​កសិកម្ម​ឃុំ ជាដើម ឲ្យ​ទៅ​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។