លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ថ្លែង​ថា ការ​ឃុំ​ខ្លួន​លោក​រឿង​ស្នាម​មេដៃ គឺ​ធ្ងន់ធ្ងរ​ពេក

ដោយ ទីន ហ្សាការីយ៉ា
2022.05.18
Share on WhatsApp
Share on WhatsApp
លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ថ្លែង​ថា ការ​ឃុំ​ខ្លួន​លោក​រឿង​ស្នាម​មេដៃ គឺ​ធ្ងន់ធ្ងរ​ពេក លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​។
រូប៖ ហ្វេសប៊ុកគណបក្ស បេះដូងជាតិ

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ប្រាប់​តុលាការ​ជាន់​ខ្ពស់​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​រឿង​បញ្ហា​ស្នាម​មេដៃ​ព្រោះ​ការ​បង្កើត​គណបក្ស​​នយោបាយ​ គឺ​ជា​រឿង​ធ្ងន់ធ្ងរ​​ពេក ហើយ​លោក​ក៏​ស្នើ​ទៅ​តុលាការ​ឲ្យ​ផ្ដល់​សេរីភាព​ដល់​លោក​វិញ។ ដូច​គ្នា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ថា ការ​ឃុំ​ខ្លួន​លោក សៀម ភ្លុក មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើយ។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក​ សៀម ភ្លុក ​លើកឡើង​ក្នុង​តុលាការ​ថា លោក​គ្មាន​បំណង​ទុច្ចរិត​ ក្លែង​បន្លំ​ឯកសារ​ក្នុង​​ការ​បង្កើត​​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១ កន្លង​ទៅ​នេះ​ទេ។

លោក​សៀម ភ្លុក​ ឲ្យ​ដឹង​ទៀត​ថា​ លោក​មិនមែន​ជា​អ្នក​ចុះ​ផ្ទាល់​ទៅ​ប្រមូល​ស្នាម​មេ​ដៃ​អ្នក​គាំទ្រ​នោះ​ដែរ គឺ​តំណាង​គណបក្ស នៅ​តាម​ខេត្ត​ជា​អ្នក​រៀប​ចំ។​ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ​​លើកឡើង​ថា ត្រឹម​ការ​មិន​ចុះ​បញ្ជី​ឲ្យ​គណបក្ស​របស់​លោក​គឺ ល្មម​គ្រប់គ្រាន់​ហើយ។

លោក សៀម ភ្លុក លើកឡើង​ដូច្នេះ ក្នុង​សវនាការ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ សវនាការ​នេះ ពិភាក្សា​ដេញដោល​លើ​ករណី​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ សៀម ភ្លុក។ សវនាការ​អសាធារណៈ​នេះ មិន​បាន​អនុញ្ញាត​ឲ្យ​មហាជន ឬ​មន្ត្រី​សង្គម​ស៊ីវិល​ចូល​ឃ្លាំមើល​នោះ​ទេ​គឺ​មាន​វត្តមាន ប្រឹក្សា​ជំនុំជម្រះ មេធាវី​ការពារ​ក្ដី និង​លោក សៀម ភ្លុក។

មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក គឺ​លោក ជូង ជូងី ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា កូន​ក្ដី​របស់​លោក​​​មិន​អាច​ដឹង​ថា​ ស្នាម​មេដៃ ដែល​ប្រមូល​បាន​មក ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ​នោះ​មាន​បញ្ហា​ឡើយ។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា​ ទោះ​ស្នាម​មេដៃ​នោះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា មាន​បញ្ហា​ក្ដី ក៏​មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​នោះ​ឡើយ៖

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់​ថា ការ​ឃុំ​ខ្លួន​លោក សៀម ភ្លុក មិន​ស្រប​តាម​ច្បាប់​បោះ​ឆ្នោត​នោះ​ទេ។ លោក​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​នយោបាយ​ថែម​​ទៀត​ផង។ លោក​បន្ត​ទៀត​ថា ទោះ​ក្រសួង​មហាផ្ទៃ​ រក​ឃើញ​ថា​ ឯកសារ​នៃ​ការ​ស្នើ​សុំ​​បង្កើត​គណបក្ស​នយោបាយ​មាន​បញ្ហា ក៏​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​តម្រូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ប្ដឹង​តំណាង​គណបក្ស​នយោបាយ​ទៅ​តុលាការ​នោះ​ដែរ៖

ទាក់ទង​ការ​លើកឡើង​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា។

ចំណែក​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ចោទ​ប្រកាន់​ថា​ លោក សម រង្ស៊ី នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​សកម្មភាព​បង្កើត​គណបក្ស​បេះដូង​ជាតិ របស់​លោក សៀម ភ្លុក។

សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដាក់​ពន្ធនាគារ​ព្រៃ​ស (ម១) កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ទាក់ទង​បទ​ចោទ​បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១។

លោក​មេធាវី ជួង ជូងី រិះគន់​ថា តុលាការ​ឃុំ​ខ្លួន​លោក សៀម ភ្លុក ពាក់ព័ន្ធ​រឿង​ស្នាម​មេដៃ​ គឺ​អយុត្តិធម៌​ចំពោះ​កូនក្ដី​លោក​ណាស់ ព្រោះ​ក្នុង​ចំណោម​ស្នាមមេដៃ​ដែល​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​​គឺ​មាន​បញ្ហា​តែ​ជាង​ពីរ​រយ​ស្នាម​មេដៃ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ស្នាម​មេដៃ​ជាង​បួន​ពាន់​ (.០០០) ហើយ​បើ​ទោះ​ក្រសួង​មិន​ទទួល​ស្គាល់​ ស្នាម​មេដៃ​មាន​បញ្ហា​ទាំង​នោះ​ ក៏​ស្នាម​មេដៃ​នៅ​សេសសល់ អាច​គ្រប់​ចំនួន​អាច​ស្នើ​បង្កើត​គណបក្ស​បាន​ដែរ។

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​ថា នឹង​ផ្ដល់​សេរីភាព ឬ​បន្ត​ឃុំ​ខ្លួន​លោក សៀម ភ្លុក នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល