សមត្ថកិច្ចចាប់ខ្លួនប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពត
2024.09.03
សាច់ញាតិ និងគណបក្សកម្លាំងជាតិអះអាងថា មនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមបានចាប់ខ្លួនប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពត លោក ជិន ប៊ុនណារត្ន័ នៅថ្ងៃទី២ ខែកញ្ញា ដោយមិនបង្ហាញដីកា ឬបញ្ជាក់ពីមូលហេតុនោះទេ។ ពួកគេសង្ស័យថា ការចាប់ខ្លួន លោក ជិន ប៊ុនណារត្ន័ នេះដោយសារសកម្មភាពនយោបាយរបស់លោក។
សាច់ញាតិរបស់ លោក ជិន ប៊ុនណារត្ន័ ថ្លែងដោយសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា លោក ជិន ប៊ុនណារត្ន័ ត្រូវបានមនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមមានគ្នាប្រមាណ៦នាក់ចាប់ លោក ប៊ុនណារត្ន័ នៅម្ដុំផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់នេះ។ សាច់ញាតិរបស់ លោក ប៊ុនណារត្ន័ ថា ការចាប់ខ្លួននេះធ្វើឡើងដោយគ្មានដីកា ហើយលោកជឿថា លោក ជិន ប៊ុនណារត្ន័ មិនដែលប្រព្រឹត្តបទល្មើសអ្វីនោះឡើយទេ។
សាច់ញាតិរបស់ លោក ប៊ុនណារត្ន័ ថា ការចាប់ខ្លួននេះអាចធ្វើអាចធ្វើឡើងដោយសារករណីនយោបាយព្រោះថា លោក ប៊ុនណារត្ន័ បានចូលរួមជាមួយគណបក្សប្រឆាំងរួមទាំងគណបក្សសង្គ្រោះជាតិផង ហើយកន្លងមកគណបក្សកាន់អំណាចបរាជ័យក្នុងការលួងលោម លោកឱ្យ ចុះចូល។
សាច់ញាតិលោក ជិន ប៊ុនណារត្ន័៖ «បើនិយាយរឿងការងារវិញមនុស្សនេះមិនបាច់និយាយមនុស្សនេះស្មោះ ស្មោះនឹងបក្សហើយខាងប្រជាជនគាត់អូសទាញគាត់ច្រើនណាស់តែគាត់អត់ដែលចូល និយាយទៅខាងហ្នឹងគឺគាត់ស្អប់ គាត់អត់ចូលចិត្តខាងប្រជាជន បើគាត់ចុះចូលគាត់យូរហើយ តែមនុស្សហ្នឹងគាត់ដាច់ខាតនៅប្រឆាំង មនុស្សគាត់ស្មោះនឹង សម រង្ស៊ី និយាយឱ្យចំ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ លោក សំ វិច្ឆិកា បានទេ នៅថ្ងៃទី២ ខែកញ្ញា។
ចំណែក អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី ថា គណបក្សបានដឹងពីករណីចាប់ខ្លួនប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពតរូបនេះ ហើយគណបក្សកំពុងរកមេធាវីការពារលោកតាមផ្លូវច្បាប់។
គិតត្រឹមខែដើមកញ្ញា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយត្រកូល«ហ៊ុន»បានបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់រហូតដល់ជាង៤០នាក់ក្នុងចំណោមអ្នកទោសមនសិការជាង៨០នាក់។ ពលរដ្ឋ និងអង្គការសិទ្ធិមនុស្សចាត់ទុកថាការចាប់ខ្លួនទៅលើសកម្មជនបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម នាពេលកន្លងមកនេះធ្វើឡើងដោយគ្មានភស្តុតាង និងដើម្បីបង្ក្រាបទៅលើសំឡេងរិះគន់ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។