ក្រុមហ៊ុនបុរី​ពិភព​ថ្មី​អះអាង​ថា នឹង​ក្ស័យធន​បើ​ខ្លួន​ធ្វើ​តាម​ការ​ទាមទារ​របស់​អតិថិជន

ដោយ ជាតិ ចំណាន
2023.11.12
ក្រុមហ៊ុនបុរី​ពិភព​ថ្មី​អះអាង​ថា នឹង​ក្ស័យធន​បើ​ខ្លួន​ធ្វើ​តាម​ការ​ទាមទារ​របស់​អតិថិជន ប្រធានក្រុមហ៊ុនពិភពថ្មី លោក​ ហុង ពីង (ស្ដាំ) និងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកលោក ហុង ពីវ

ក្រុមហ៊ុន​បុរីពិភព​ថ្មី ប្រកាស​ពី​ការ​ក្ស័យធន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតិថិជន​ទាំងអស់ ប្រសិន​បើ​ធ្វើតាម​ការ​ទាមទារ​របស់​អតិថិជន​មួយ​ចំនួន។ ប៉ុន្តែ​អតិថិជន​ថា ការ​លើកឡើង​នោះ​គ្រាន់តែ​ជា​លេស​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

ការ​ប្រកាស​ការ​ប្រឈម​ភាព​ក្ស័យធន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់ផ្ទះ​បុរី​ពិភព​ថ្មី បាន​ចេញ​តវ៉ា​ទាមទារ​ឲ្យ ក្រុមហ៊ុន​ទិញ​ផ្ទះ​របស់​ពួកគេ​វិញ នៅ​ចំនួន​ពី​៥០​ភាគរយ។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ដែល​បាន​ចុះផ្សាយ​កាល​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា។ ដោយ​ក្រុមហ៊ុន​ព្រួយបារម្ភ បន្ទាប់ពី​ក្រុមហ៊ុន​ទទួល​ទិញ​ផ្ទះ​ពី​អតិថិជន ជាង​៤​រយ​ល្វែង អស់​លុយ​ជាង​៥​លាន​ដុល្លារ គិត​ត្រឹម​រយៈពេល​៧​ថ្ងៃ។

អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី លោកស្រី ខែក ភីរិន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ថា លោកស្រី​បាន​បង់​រំលស់​ផ្ទះ​នៅ​បុរី​មួយ​នេះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​លោកស្រី​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ទើប​សម្រេច​លក់​ផ្ទះ​ឲ្យ​ទៅ​ក្រុមហ៊ុន​វិញ ។ លោកស្រី​ថា គាត់​អង្គុយ​យំ​ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ដែល​ក្រុមហ៊ុន​បដិសេធ មិន​ចង់​ទិញ​ផ្ទះ​ពី​ពួកគេ​វិញ។

លោកស្រី ខែក ភីរិន៖ «យក​លុយ​យើង​ហើយ​គាត់​មិន​ឱ្យ​យើង​ទៀត មិន​ឱ្យ​យើង​នៅ​ទៀត មានតែ​ធ្វើ​អ៊ីចឹង មានតែ​បង្ហោះ​ឱ្យ​រដ្ឋាភិបាល​គាត់​ឃើញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​គាត់​ចេញមុខ​មក​ជួយ​ដោះស្រាយ​ឱ្យ​ពួក​យើង ព្រោះ​សុខៗ​មក​ចាក់​សោ​ផ្ទះ ហើយ​គេ​[​ក្រុមហ៊ុន​]​ប្រកាស​ឱ្យ​យើង​រើ​អីវ៉ាន់​ចេញ បើ​មិន​ចេញ គេ​មាន​វិធានការ​ស្អី​គេ​អ៊ីចឹង​ហា៎​! ពីមុន​ខ្ញុំ​ខ្លាច ពួក​បុរី​សម្លុត​ខ្ញុំ ខ្ញុំ​ចេះតែ​យំ​ដល់​ឥឡូវ​ខ្ញុំ​លែង​យំ​ហើយ ខ្ញុំ​តស៊ូ​ឱ្យ​ដល់​ទីបំផុត»

រីឯ​លោកស្រី ថន សម្បត្តិ ដែល​បាន​ទិញ​ផ្ទះ​អស់​ជាង​៧ (៧៥.០០០)​ម៉ឺន​ដុល្លារ ឱ្យ​ដឹង​ដែរ​ថា បើ​ក្រុមហ៊ុន​ប្រកាស​បែប​នេះ វា​ហាក់​បោកប្រាស់​អតិថិជន​របស់​ខ្លួន ដែល​បាន​ទិញ​ផ្ទះ របស់​ក្រុមហ៊ុន​កន្លង​មក ដោយសារ​ក្រុមហ៊ុន​បាន​សន្យា​ទិញ​ផ្ទះ​ពី​អតិថិជន​វិញ​នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​ចង់​លក់ ។ លោកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​គិតគូរ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​បាប​ប្រជាពលរដ្ឋ​បែប​នេះ ស្រប​ពេល​ប្រជាពលរដ្ឋ​មិនអាច​រក​ប្រាក់​ចំណូល​បាន​ដូច​ពី​ពេលមុន។

លោកស្រី ថន សម្បត្តិ៖ «គាត់​ថា​ទូក​ធំ ក្ដោង​ធំ សម្រាប់​គាត់ គាត់​ទទួល​ទិញ​ពី​ភ្ញៀវ ពី​អតិថិជន​ហើយ ក៏​គាត់​ក៏​នៅតែ​រក្សាទ្រព្យ​គាត់​បាន​អ៊ីចឹង​ណា៎។ ចង់​និយាយ​ថា គាត់​នៅ​មាន​ផ្ទះ​មាន​យក​ទៅ​លក់​ពេល​ក្រោយ តែ​សម្រាប់​អតិថិជន គាត់​ក្ស័យធន​គឺ​អត់​មាន​អ្វី​ទេ ចង់​មានន័យ​ថា ផ្ទះ​ក៏​អត់​អ្វី​ក៏​អត់​អ៊ីចឹង ឥឡូវ​យើង​រក​អត់​បាន​ទេ រក​អត់​បាន​តឹង ចាស៎​! អស់ហើយ​។ ខ្ញុំ​អ្នក​ធ្វើ​ការ​ផង អ្នក​រកស៊ី​ផង ការងារ​ឯកជន​តិចតួច​ទេ ហើយ​យើង​មាន​ចំណូល​រកស៊ី​បន្ថែម ប៉ុន្តែ​ពេលនេះ​រកស៊ី​អត់​សូវ​បាន»

អតិថិជន​ទាំងនេះ​អះអាង​ទៀត​ថា ក្រុមហ៊ុន​បុរី​ពិភពថ្មី​បាន​សន្យា​ថា នឹង​ទិញ ផ្ទះ​ពី​ពួកគេ​វិញ​ក្នុង​តម្លៃ​៥០​ភាគរយ នៃ​ចំនួន​ប្រាក់​ដែល​បាន​បង់​ឲ្យ​ក្រុមហ៊ុន ប៉ុន្តែ​មក​ដល់​ពេល​នេះ បែរជា​ក្រុមហ៊ុន​មិន​គោរព​តាម​ពាក្យសន្យា​របស់​ខ្លួន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ឃើញ​ថា ក្នុង​ស្ថានភាព​នេះ​ទាំង​ក្រុមហ៊ុន និង​អតិថិជន​កំពុងតែ​ជួប​ការ​លំបាក​ទាំងអស់គ្នា ប៉ុន្តែ​លោក​ថា ខាង​ក្រុមហ៊ុន​ហាក់​មានប្រៀប​ជាង ពីព្រោះ​អតិថិជន​បាត់បង់​ផ្ទះ និង​ប្រាក់​ថែម​ទៀត ប្រសិនបើ​ក្រុមហ៊ុន​រឹបអូស​ផ្ទះ​របស់​ពួកគេ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ចេញ​មុខ​រក​ដំណោះស្រាយ ដល់​ប្រជាពលរដ្ឋ ដែល​ជា​ជនរងគ្រោះ​ទាំងអស់​នោះ ប្រសើរ​ជាង​អូស​បន្លាយ​បញ្ហា​ឲ្យ​នៅ​បន្ត។

លោក យង់ គិមអេង៖ «អ៊ីចឹង​! ខ្ញុំ​ថា​រឿង​អស់ហ្នឹង​គឺ​ត្រូវការ​ចាំបាច់​ឱ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋ នៅ​ក្នុង​ការ​ទប់ទល់​កុំឱ្យ​ប្រជាពលរដ្ឋ​ខាតបង់​ខ្លាំង ហើយ​កុំឱ្យ​ក្រុមហ៊ុន​វា​ដួល​រលំ ដើម្បី​រក្សា​លំនឹង​នៅក្នុង​កម្រិត​ណាមួយ។ បើសិន​តែ​ថា រដ្ឋ​អស់​លទ្ធភាព​នឹង​ទប់ទល់​ហើយ​ហ្នឹង​មិនដឹង​ធ្វើ​យ៉ាងម៉េច។ យើង​ឃើញ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ដូច​នៅ​ចិន​នៅ​អី​ក៏​មាន​ការ​ដួល​រលំ កាល​ណា​នេះ​គឺ​វា​ប៉ះពាល់​ជា​រួម​ច្រើន»

រយៈពេល​ប្រមាណ​ជាង​១​ខែ​ចុង​ក្រោយ​នេះ អតិថិជន​របស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​រាប់​រយ​នាក់ បាន​ផ្ទុះ​ការ​តវ៉ា នៅ​ពេល​ដែល​ក្រុមហ៊ុន​មិន​បាន​ទទួល​ទិញ​ផ្ទះ​ពី​ប្រជាពលរដ្ឋ​វិញ ដោយ​ចោទ​ថា ក្រុមហ៊ុន មិនបាន​គោរព​តាម​ពាក្យសន្យា​របស់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​ទៅ​ទិញ​ផ្ទះ​ពី​បុរី​ដំបូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។