កម្ពុជា និងចិនប្ដេជ្ញាបន្តរឹតចំណងមិត្តភាពដើម្បីកសាងជោគវាសនាប្រទេសជាតិរួមគ្នា
2024.12.02
ក្រោយកម្ពុជារងការរិះគន់អំពីការជាប់គាំងគម្រោងព្រែកជីកហ្វូណន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីសប្ដាហ៍មុនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិភាក្សាជាមួយក្រុមមេដឹកនាំចិនលើការរឹតចំណងមិត្តភាពដែកថែប ដើម្បីកសាងជោគវាសនារួមគ្នា។ បន្ថែមពីលើនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏នឹងដឹកនាំមន្ត្រីកំពូលគ្រាក់ៗរបស់ខ្លួនទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី២ ខែធ្នូ និងគ្រោងមានជំនួបជាមួយមេដឹកនាំកំពូលចិន ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
ភ្លាមៗក្រោយវិលមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបទេសវិញលោក ប្រាក់ សុខុន ហាក់ប្រញាប់ប្រញាល់ក្នុងការមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកសាងជោគវាសនារួមរវាងកម្ពុជា និងចិន។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានជជែកពិភាក្សាដោយផ្ដោតសំខាន់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលយូរអង្វែង។
នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ក៏មានជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគឺលោក វ៉ាង វិនពីន (Wang Wenbin) ដោយភាគីទាំងពីរបានប្ដេជ្ញាដោយឥតងាករេក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងជោគវាសនាកម្ពុជា និងចិនរួមគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា លោក ប្រាក់ សុខុន និងលោក វ៉ាង វិនពីន អះអាងអំពីការប្ដេជ្ញាដោយបន្តអនុវត្តនូវកុងសង់ស៊ុស ដើម្បីជំរុញគម្រោងមួយចំនួនឱ្យបានជោគជ័យដូចជា ច្រករបៀងត្រី ស្រូវ ច្រករបៀងអភិវឌ្ឍឧស្សាហ៍កម្ម កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន ក៏បានបញ្ជាក់ថា ប្រទេសចិនបន្តគាំទ្រដោយឥតងាករេលើគម្រោងព្រែកជីកហ្វូណននៅកម្ពុជា និងប្ដេជ្ញាអំពីការជួយលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
លោក ប្រាក់ សុខុន កំពុងមានវត្តមាននៅប្រទេសចិន និងកំពុងរង់ចាំចៅហា្វយនាយរបស់លោកគឺប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ។ លោក ហ៊ុន សែន គ្រោងមានជំនួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីន (Xi Jingping) ដោយគ្រប់ដណ្ដប់អំពីការជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
គម្រោងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ត្រូវបានអ្នកតាមដានបញ្ហានយោបាយ និងកិច្ចការអន្តរជាតិវាយតម្លៃថា ជាដំណើរទស្សនកិច្ចមួយដ៏ប្រញាប់ប្រញាល់នៅពេលដែលកម្ពុជាកំពុងរងការរិះគន់ពីការជាប់គាំងមិនអាចសាងសង់គម្រោងព្រែកជីកហ្វូណន ដោយសារតែចិនមិនផ្ដល់មូលនិធិឱ្យ និងរងការព្រមានពីសភាអឺរ៉ុបអំពីការជំរុញឱ្យពិនិត្យសើរើឡើងវិញនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា (EBA) ដែលនៅសល់ចំនួន ៨០%ជាមួយកម្ពុជា ដោយសារតែការមិនស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ ហៅកាត់ (KDO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី (Australia) លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ដែលដឹកនាំមន្ត្រីកំពូលៗទៅចិនលើកនេះទំនងជាលោកនឹងជជែកដោយស្នើឱ្យភាគីចិន បន្ថែមលើការផ្ដល់ជំនួយ និងកម្ចី និងជំរុញការវិនិយោគបន្ថែមនៅកម្ពុជា។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា ការឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសរបស់ លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) នឹងធ្វើឱ្យចិន និងកម្ពុជា ព្រួយបារម្ភហើយប្រធានបទនេះ ប្រហែលជាប្រធានបទនឹងលើកក្នុងជំនួបរវាងប្រធានព្រឹទ្ធសភាកម្ពុជាជាមួយ លោក ស៊ី ជីនពីង ហើយដូចជាអាចនឹងលើកទីមួយ ពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការ សិក្សាអំពីលទ្ធភាពនៃអ្នកវិនិយោគបន្ថែមរបស់ចិននៅកម្ពុជា ហើយក៏ព្យាយាមធ្វើម៉េចស្នើទទួលបានហិរញ្ញប្បទានបន្ថែមទៀត ដើម្បីមកជំរុញការអនុវត្តនានាដែលរដ្ឋាភិបាលបានដាក់ចេញ អាចនឹងជជែកពាក់ព័ន្ធនឹងកម្ចី ដើម្បីចំណាយលើគម្រោងផ្សេងៗ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែធ្នូ។
ចំណែក អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា គម្រោងរបស់លោក ហ៊ុន សែន ធ្វើទស្សនកិច្ចទៅប្រទេសចិន នាពេលនេះគឺជាការទៅបន្តស្វែងរកការគាំទ្រពីចិនបន្ថែមលើផ្នែកសេដ្ឋកិច្ចនៅពេលដែលសហគមន៍អន្តរជាតិ ជាពិសេសសភាពអឺរ៉ុប (EU) កំពុងពិចារណាដាក់ទណ្ឌកម្មមកលើកម្ពុជាដោយសារតែមេដឹកនាំពុំបានគោរពសិទ្ធមនុស្ស និងស្ដារប្រជាធិបតេយ្យ។
លោក គឹម សុខ៖ «បើទោះបីជា លោក ហ៊ុន សែន ទៅអង្វរភាគីចិនហើយឧទាហរណ៍ថា ចិនសន្យា ជួយក៏ដោយបើនិយាយពីបញ្ហាសេដ្ឋកិច្ចមិនអាចសង្គ្រោះបានទេ។ សង្គ្រោះមិនបានទីមួយវិនិយោគរបស់ចិននៅកម្ពុជាអាចនឹងប្រឈមការនាំចេញទំនិញបញ្ហាសេដ្ឋកិច្ចក៏សង្គ្រោះមិនបាន បញ្ហានយោបាយក៏ពិបាកសង្គ្រោះ បើទោះបីមានលំហូរវិនិយោគិនចិននៅកើនឡើងក៏ដោយ ក៏ប៉ុន្តែគ្រាន់តែជាចំនួនដែលមានលក្ខណៈមិនប្រាកដប្រជា»។
ទាំងលោក គឹម សុខ និងលោក សេង វណ្ណលី វាយតម្លៃថា ទោះបីជាចិនអាចនឹងបើកភ្លើងខៀវផ្នែកសេដ្ឋកិច្ចតាមរយៈការជំរុញអ្នកវិនិយោគ និងផ្ដល់ប្រាក់កម្ចីបន្ថែមដល់រដ្ឋាភិបាលក្រុងភ្នំពេញក៏ចិនមិនអាចជួយស្ដារសេដ្ឋកិច្ច និងជំរុញឱ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អនោះឡើយ។ ផ្ទុយទៅវិញពួកគាត់ព្យាករណ៍ថា ក្រុមហ៊ុនចិន និងក្រុមហ៊ុនអន្តរជាតិផ្សេងទៀតអាចនឹងបាត់បង់ទំនុកចិត្ត ហើយអាចនឹងរើក្រុមហ៊ុន និងរោងចក្ររបស់ពួកគេទៅដាក់នៅប្រទេសជិតខាងកម្ពុជា ប្រសិនបើសហភាពអឺរ៉ុប សម្រេចកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជាដែលនៅសល់ ៨០ភាគរយ ដោយសារតែទំនិញរបស់កម្ពុជាភាគច្រើនលើសលប់គឺនាំចេញទៅកាន់ទីផ្សារអាមេរិក និងសហភាពអឺរ៉ុប មិនមែនប្រទេសចិននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។