កម្ពុជា​​មិន​ទាន់​​ប្រកាន់​​ជំហរ​​ជាក់លាក់​​រឿង​​សម្ព័ន្ធភាព​​យោធា​ថ្មី អូឃឹស(AUKUS) របស់​អាមេរិក

ដោយ មាន ឫទ្ធិ
2021-09-22
Share
កម្ពុជា​​មិន​ទាន់​​ប្រកាន់​​ជំហរ​​ជាក់លាក់​​រឿង​​សម្ព័ន្ធភាព​​យោធា​ថ្មី អូឃឹស(AUKUS) របស់​អាមេរិក រូបត្លុកដោយ Rebel Pepper ។
រូប៖ RFA

រដ្ឋាភិបាល​កម្ពុជាគិត​មក​ទល់​ពេល​នេះ​នៅ​​មិនទាន់​​ប្រកាស​​ជំហរ​​ជាក់លាក់​​ណាមួយ​​នៅឡើយទេ​​ ជុំវិញ​រឿង​សម្ព័ន្ធភាព​យោធា​ថ្មី ដែល​សហរដ្ឋអាមេរិក​​ទើប​បង្កើត​​ឡើង​​ជា​​មួយ​​ចក្រភព​អង់គ្លេស (UK) និង​​​ប្រទេសអូស្ត្រាលី(Australia)។​ អ្នកជំនាញ​កិច្ចការ​បរទេស​ថា កម្ពុជានិង​ប្រទេស​សមាជិក​អាស៊ានគួរតែ​ប្រកាន់​ជំហរ​​អព្យាក្រឹត្យ​ជុំវិញ​​បញ្ហា​នេះ ហើយ​សម្តែង​ការរីករាយ​ចំពោះ​សម្ព័ន្ធភាព​យោធា​នេះ ដើម្បី​រក្សា​តុល្យភាព​កុំឱ្យ​ផ្អៀងខ្លាំង​ដោយសារ​ឥទ្ធិពល​របស់​ចិន។

គិត​រហូត​មកទល់​ពេល​នេះ មាន​រយៈពេល​ជិត​មួយ​សប្តាហ៍​ហើយ ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​បង្កើត​សម្ព័ន្ធភាព​យោធា​ថ្មីមួយ​ជា​លក្ខណៈ​ត្រីភាគី​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន រួមមាន​ ចក្រភព​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី ដោយ​ដាក់​ឈ្មោះជាអក្សរកាត់ថា អូឃឹស (AUKUS)។ ការបង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី​ថ្មីនេះ ត្រូវ​ប្រទេស​លោកសេរី​ទាំងបី​នេះ​សាទរ​ថាជា​«ប្រវត្តិសាស្ត្រ»​ថ្មីមួយ។ ក្រុមអ្នកជំនាញ​មើលឃើញ​ថា សម្ព័ន្ធភាព​យោធា​ត្រីភាគីនេះ ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស​នៅ​តំបន់​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​នៅ​សមុទ្រចិន​ខាងត្បូង។

រដ្ឋាភិបាល​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​បង្ហាញ​ភាពស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​នេះ​នៅឡើយ បើទោះបីជា​កន្លងមក​រដ្ឋាភិបាល​តែង​ប្រកាន់​ជំហរ​លម្អៀង​ខ្លាំង​ទៅរក​ប្រទេស​ចិន​ក៏ដោយ​ទាំងនៅ​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ។ កម្ពុជា​តែង​ទទួលរង​ការរិះគន់​ថា តែងតែ​ដើរ​តាម​ការគូសវាស និង​ខ្សែបន្ទាត់​នយោបាយ​ការបរទេស​របស់​ប្រទេស​ចិន​កុម្មុយនិស្ត។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បី​បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយទេ គិតត្រឹម​ល្ងាច​ថ្ងៃទី២១ ខែកញ្ញា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរីយ៉ាងខ្លី​តាម​បណ្តាញ​សង្គម​តេឡេក្រាម​(Telegram)​ថា កម្ពុជា​​នៅ​មិនទាន់​ប្រកាន់​ជំហរ​អ្វីទេ​ទាក់ទង​នឹង​បញ្ហានេះ។

កាលពី​ថ្ងៃទី១៦ ខែកញ្ញា ក្រុមមេដឹកនាំ​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី គឺ​សហរដ្ឋអាមេរិក អង់គ្លេស និង​អូស្ត្រាលី បាន​ប្រកាស​អំពី​ការបង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី ឈ្មោះ អូឃឹស នេះ។ តាមរយៈ​សម្ព័ន្ធភាព​យោធា​នេះ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស នឹង​ផ្តល់ឱ្យ​ប្រទេសអូស្ត្រាលី​នូវ​បច្ចេកវិទ្យា​ដើម្បី​អាច​ឱ្យ​ប្រទេស​នេះ​សាងសង់​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ជាលើក​ដំបូង​ដោយ​ខ្លួនឯងបាន។ ភ្លាមៗ​ក្រោយ​ការប្រកាស​នេះ ប្រទេសចិន​បាន​ថ្កោលទោស​ការបង្កើត​សម្ព័ន្ធភាព​យោធា​នេះ ដោយ​ចោទថា គឺជា​ទង្វើ​ខ្វះ​ការទទួល​ខុសត្រូវ​បំផុត ហើយថា​ ហេតុការណ៍​នេះ​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ព្រមទាំង​បង្កើន​ឲ្យ​មាន​ការប្រកួតប្រជែង​សព្វាវុធ។

នៅប៉ុន្មាន​ថ្ងៃ​មុន​ការប្រកាស​បង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី​របស់​សហរដ្ឋអាមេរិក​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិនលោក វ៉ាង យី (Wang Yi) បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន ៤ ក្នុង​តំបន់ រួមមាន វៀតណាម (Vietnam) កម្ពុជា សិង្ហបុរី (Singapore) និង​កូរ៉េខាងត្បូង (South Korea)។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​គេមើល​ឃើញ​ថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេសចិន ជាមួយ​ប្រទេស​ក្នុង​តំបន់ ស្របពេល​ដែល​សហរដ្ឋអាមេរិក​ប្តេជ្ញា​បង្កើន​ភាពជាប់​ពាក់ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និង​ប្រកាស​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​រួមគ្នា​ជាមួយ​អាមេរិក​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

អ្នកជំនាញ​កិច្ចការអន្តរជាតិ និង​ជា​នាយកវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បណ្ឌិត ឈាង វណ្ណារិទ្ធ បង្ហាញ​ក្តីបារម្ភ​ថា ការបង្កើត​សម្ព័ន្ធភាព​យោធាត្រីភាគី​នេះ អាច​បង្កើត​ឱ្យមាន​ការប្រកួតប្រជែង​ផ្នែកសព្វាវុធ​ជាមួយ​រវាង​ប្រទេសលោក​ខាងលិច​ជាមួយ​ប្រទេស​ចិន ហើយ​អាច​ជំរុញ​ឱ្យ​ពិភពលោក​​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​​​ត្រជាក់​​សារជាថ្មី​។ លោកថា ប្រទេសក្នុង​តំបន់​អាស៊ាន រួមទាំង​កម្ពុជា​ផង នឹង​រងនូវ​ឥទ្ធិពល​ពី​បញ្ហា​នេះ៖ «និយាយ​ឱ្យ​ចំ​តំបន់​អាស៊ីអាគ្នេយ៍​យើង​គឺជា​ឆាក​មួយហើយ ដែល​គេ​លេង​ល្បែងនយោបាយ​ប្រកួតប្រជែង​គ្នា។ ខ្មែរ​យើង​ក៏នៅក្នុង​ចំណោម​ហ្នុងដែរ។ ទាំងអស់​គ្នា​និយាយ​ឱ្យ​ចំ​នៅ​អាស៊ីអាគ្នេយ៍។ អញ្ចឹង​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន​ គឺ​បញ្ចៀស​មិនបាន​ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​កាត់បន្ថយ​ហានិភ័យ​តាមរយៈ​ជំរុញ​តួអង្គ​របស់​អាស៊ាន។ អញ្ចឹង តួអង្គ​អាស៊ាន​និយាយ​ឱ្យ​ចំ គឺជា​ក្តីសង្ឃឹម​មួយ​សំខាន់​ដើម្បី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាច​កាត់បន្ថយ​ហានិភ័យ...»។

យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​នេះត្រូវ​អ្នកជំនាញ​កិច្ចការអន្តរជាតិ​មួយរូបទៀត​មើលឃើញ​ផ្ទុយពីនេះ។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) នៃ​សហរដ្ឋអាមេរិកបណ្ឌិត អៀ សុផល យល់ថា កម្ពុជានិង​តំបន់អាស៊ាន​គួរ​ប្រកាន់​ជំហរ​ជា​ភាគី​អព្យាក្រឹត្យ ហើយ​គួរ​សម្តែងក្តីរីករាយ​ចំពោះ​ការបង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី​របស់​អាមេរិក អង់គ្លេស និង​អូស្ត្រាលី​នេះ ដើម្បី​ធ្វើឱ្យ​មាន​តុល្យភាព​ជាមួយនឹង​ឥទ្ធិពល​របស់​ប្រទេសចិន​ដែល​កាន់តែ​កើនឡើង​ខ្លាំង​មកលើ​តំបន់​នេះ និង​ជាពិសេស​មកលើ​កម្ពុជា។ អ្នកជំនាញ​រូប​នេះពន្យល់​ថា ការប្រតិបត្តិ​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិកមានន័យ​ថា ប្រទេស​ចិន​មិនអាច​ប្រព្រឹត្តអាក្រក់​មកលើ​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​តាម​អំពើចិត្ត​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កាលពីពេល​កន្លងទៅ​នោះទេ។

ប្រធានាធិបតី​អាមេរិកលោក ចូ បៃឌិន (Joe Biden) ថ្លែងជា​លើកដំបូង​​នៅ​ឯ​សាល​មហាសន្និបាត​អង្គការ​សហប្រជាជាតិនៅបូរីញូវយ៉ក(New York) កាលពីថ្ងៃ​ទី​២១ ខែកញ្ញា ដោយ​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​មិន​ព្យាយាម​បង្កើត​ឱ្យមាន «សង្គ្រាម​ត្រជាក់​ថ្មី» ជាមួយ​ប្រទេស​ចិននោះទេ។ លោកបន្ថែម​ថា សហរដ្ឋ​អាមេរិក​​កំពុង​បើកឱ្យ​មាន​ឡើងវិញ​នូវ​យុគសម័យ​ថ្មី​មួយ​ដែល​ផ្តោត​លើ​ទំនាក់ទំនង​ការទូត ប្រើប្រាស់​អំណាច​នៃ​ជំនួយ​អភិវឌ្ឍ​របស់​ខ្លួន​ក្នុងការ​វិនិយោគ​តាមមធ្យោបាយ​​ថ្មី​ៗ​​ដើម្បី​លើកកម្ពស់​ប្រជាជន​នៅទូទាំង​ពិភពលោក។

ដោយឡែក អគ្គលេខាលេខាធិការ​អង្គការ​សហប្រជាជាតិលោក អង់តូនីយ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្មីៗនេះ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេសចិនដែល​លោកថា ជា​ទំនាក់ទំនង«មិនមាន​ដំណើរការ​ទាំងស្រុង» និង​អំពី​លទ្ធភាព​ដែល​បញ្ហានេះ​អាចនឹង​នាំឱ្យ​មាន​«សង្គ្រាមត្រជាក់»​​សារ​ជា​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល