រដ្ឋាភិបាល ​លោក ហ៊ុន សែន ជះលុយជិ​ត ១លានដុល្លារ ជួល​​ក្រុមហ៊ុន​​មេធាវី​​អាមេរិកាំង​​ឲ្យ​​ជួយ​​បញ្ចុះបញ្ចូល​​រដ្ឋាភិបាល​អាមេរិក​​ស្តារ​​ទំនាក់ទំនង​​ទ្វេភាគី

ដោយ មាន ឫទ្ធិ
2022.01.25
Share on WhatsApp
Share on WhatsApp
រដ្ឋាភិបាល ​លោក ហ៊ុន សែន ជះលុយជិ​ត ១លានដុល្លារ ជួល​​ក្រុមហ៊ុន​​មេធាវី​​អាមេរិកាំង​​ឲ្យ​​ជួយ​​បញ្ចុះបញ្ចូល​​រដ្ឋាភិបាល​អាមេរិក​​ស្តារ​​ទំនាក់ទំនង​​ទ្វេភាគី អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុ​រដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០២១។
រូប៖ US Embassy Phnom Penh Flicker

រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​លុយ​ជិត ១​លានដុល្លារពេញ​មួយឆ្នាំ២០២២ ជួល​ក្រុមហ៊ុន​​មេធាវី​អាមេរិកាំង​​ថ្មីមួយទៀត​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ។ ការចំណាយ​លុយ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​នេះ ត្រូវបាន​លាតត្រដាង​ឱ្យ​ដឹង​ដោយ​​ក្រសួង​យុត្តិធម៌​អាមេរិក។

ក្រុមហ៊ុន​​មេធាវី​អាមេរិកាំង​ដែល​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួល​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​មន្ត្រីរដ្ឋាភិបាល និង​ក្រុមអ្នកធ្វើ​គោលនយោបាយ​អាមេរិកាំង​​ឱ្យ​ខ្លួន​នាពេលនេះ មាន​ឈ្មោះថា ក្រុមហ៊ុន អាឃីន ហ្គាំ ​(AKIN GUMP STRAUSS HAUER & FELD LLP)​ ដែល​​ជា​​ក្រុមហ៊ុន​​អាមេរិកាំង​​ល្បី​ឈ្មោះ​មួយ។ ក្រុម​ហ៊ុននេះ​​ក៏​ធ្លាប់​​ផ្តល់​សេវាកម្ម​បញ្ចុះបញ្ចូល​ទៅឱ្យ​រដ្ឋាភិបាល​បរទេស​ដទៃទៀត​ដូចជា​ ជប៉ុន​ (Japan) ​និង​​ម៉ារ៉ុក​ (Morocco) ជាដើម។

ឯកសារ​នៃ​ការចុះបញ្ជី​តំណាង​ឱ្យ​ភ្នាក់ងារ​បរទេស ដែល​ត្រូវបាន​លាតត្រដាង​ឱ្យដឹង​តាមរយៈ​ក្រសួង​យុត្តិធម៌​អាមេរិក កាលពី​ថ្ងៃទី២១ ខែមករា ឱ្យ​ដឹងថា កិច្ចព្រម​ព្រៀង​​ដែល​​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួល​ក្រុមហ៊ុន​នេះ​ឱ្យ​ជួយ​បញ្ចុះបញ្ចូល មាន​រយៈពេល​ពេញ​មួយឆ្នាំ២០២២​តែម្តង។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​​ដោយ​ភារធារី​ស្ថានទូត​កម្ពុជា​ប្រចាំសហរដ្ឋអាមេរិកលោក ខឹម រុយស៊ុន (Khem Ruyzun) កាលពី​ថ្ងៃទី៥ ខែមករា និងក្រុមហ៊ុន អាឃីន ហ្គាំ តំណាងដោយ​​លោក ស្កុត ដេវីត ផារវិន​ (Scot David Parven) ​ដែល​ធ្លាប់​​ផ្តល់​​សេវាកម្ម​បញ្ចុះបញ្ចូល​តំណាងឱ្យ​រដ្ឋាភិបាល និង​ស្ថានទូត​បរទេស​ជា​ច្រើន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​ សហរដ្ឋអាមេរិក។​ ក្រុមការងារ​របស់​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួលនេះ រួមមាន​លោក ស្កុត ដេវីត ផារវិន និង​ដៃគូ គឺលោក អេដ ផាហ្គាណូ​ (Ed Pagano)​ ដែល​​ជា​​អតីត​ទីប្រឹក្សា​វិមានប្រធានាធិបតី កាលពី​​សម័យ​រដ្ឋបាល​របស់​លោក​ បារ៉ាក់ អូបាម៉ា (Barak Obama)។​

កិច្ចព្រមព្រៀង​នេះ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​នឹងត្រូវ​បង់ថ្លៃ​ចំនួន ៦ម៉ឺន​ដុល្លារ​ក្នុង​មួយខែ គិតចាប់​ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់​សរុប ៧សែន ២ម៉ឺនដុល្លារ (៧២០.០០០) ជាថ្នូរនឹង​ការផ្តល់សេវាកម្ម​ប្រឹក្សា​ក្នុងអ្វីមួយ​ដែល​ភាគីទាំងពីរ​អះអាង​ថា ដើម្បី «កសាង​នូវ​ការយល់ដឹង​អំពីគ្នា​កាន់តែ​ប្រសើរឡើង និង​គូសបញ្ជាក់​ពី​វិស័យ​ដែលជា​ចំណាប់​អារម្មណ៍​រួម​ដើម្បី​កសាង​ទំនាក់ទំនង​ថ្មី» ដែល​នឹង​ជួយ​ធ្វើឱ្យ​ជឿនលឿន​ទៅមុខ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។

ការចុះ​កិច្ចព្រមព្រៀង​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ថ្មីពេញ​មួយ​ឆ្នាំ២០២២​នេះ ធ្វើឡើង​ស្របពេល​ដែល​កម្ពុជា​ក្លាយជា​ប្រធាន​ប្តូរវេន​អាស៊ាន និង​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​​បាន​​សម្រេច​ដាក់​ទណ្ឌកម្ម​មិនលក់ដូរ ឬ​រឹតត្បិត​អាវុធ​ផលិតដោយ​សហរដ្ឋអាមេរិក​ឱ្យ​កម្ពុជា។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​​មក​លើ​​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ក្នុងនោះ​រួមមាន​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ និង​លោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើងទឹក ក្រោយពី​រកឃើញ​មន្ត្រី​កម្ពុជា​ទាំងពីរ​រូប​នេះ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តអំពើ​ពុករលួយ «ធ្ងន់ធ្ងរ» ជុំវិញ​គម្រោង​ធ្វើទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹករាម។ ទណ្ឌកម្ម​ទាំងនេះ​ក៏ជា​ការឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​មកលើ​កម្ពុជា ស្របពេល​ដែល​សហរដ្ឋអាមេរិក​នៅតែ​បន្ត​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន​ជុំវិញ​បញ្ហា​សង្ស័យថា កម្ពុជា​អនុញ្ញាតឱ្យ​ចិន​បោះមូលដ្ឋាន​ទ័ព​នៅ​កំពង់ផែរាម និង​វត្តមាន​កងទ័ព​ចិន​នៅលើ​ទឹកដី​កម្ពុជា។ សហរដ្ឋអាមេរិក​ក៏នៅតែ​បន្ត​អំពាវនាវ​ដល់​កម្ពុជា​ឱ្យ​បង្ហាញ​តម្លាភាព​ជុំវិញ​រឿងនេះ។ ថ្មីៗនេះទៀតសោត សហរដ្ឋអាមេរិក ក៏បាន​ណែនាំ​ក្រុមហ៊ុន និង​អ្នកវិនិយោគ​ជន​ជាតិ​អាមេរិកាំង​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​មុននឹង​វិនិយោគ​លើ​វិស័យ​ហានិភ័យ​មួយចំនួន​នៅកម្ពុជា ក្នុងនោះ​មានដូចជា​វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។ ជាមួយគ្នានេះដែរ សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​ចំនួនពីរ​ប្រឆាំងនឹង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាលកម្ពុជា​ក៏កំពុង​ស្ថិត​ក្នុង​ដៃ​ស្ថាប័នព្រឹទ្ធសភា​សហរដ្ឋអាមេរិក ត្រៀមនឹង​អនុម័ត​បន្ត​នាពេលខាងមុខ​ដើម្បី​ឱ្យ​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយជា​ច្បាប់​ផ្លូវការ។

វិទ្យុអាស៊ីសេរី នៅ​មិនទាន់​អាច​សុំប្រតិកម្ម​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក ផៃ ស៊ីផាន ជុំវិញ​រឿងនេះ​បាន​នៅឡើយទេ គិតត្រឹម​ថ្ងៃទី២៥ ខែមករា។

ទោះយ៉ាងណា កាលពីដើម​ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ឌឺដង​ឱ្យ​សហរដ្ឋអាមេរិក​ឱ្យ​ប្រញ៉ាប់​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​នេះតែម្តងទៅ។ ក៏​ប៉ុន្តែ លោកក៏​បាន​ព្រមានដែរ​ថា លោកនឹង​រឹតត្បិត​មិនអនុញ្ញាត​ឱ្យ​មន្ត្រីអាមេរិក​ចូលកម្ពុជា​វិញ​ដែរ ប្រសិនបើ​ច្បាប់​ដាក់​ទណ្ឌកម្មនេះ​ចូលជាធរមាន​មែន៖ «ខ្ញុំផ្តាំ​ផ្ញើ​ទៅ​បើថា​ច្បាប់​អនុម័ត​ឱ្យ​វា​អនុម័ត​ទៅ ហើយ​រឿងតែ​មួយទេ វាគ្មានអី​ទៅពីហ្នុង​ទេ។ អ្នកឯង​បិទទ្វារ​ខ្ញុំៗបិទទ្វារវិញ មានន័យថា អ្នកឯង​ចូលមិនបាន ខ្ញុំក៏​ចេញ​មិនរួច។ តែប៉ុណ្ណឹង។ វាមាន​ស្អី! វាមិនមែន​មានតែ​ម្ខាង​ឯណា? កុំឱ្យ​វា​ពិបាក​ពេក។ ប្រើស្អី តិចម៉ោ​គំរាមនេះ គំរាមនោះ គំរាមៗៗៗ»

បើទោះបីជារឿយៗលោក ហ៊ុន សែន តែង​ប្រើ​វោហាស័ព្ទ​ឌឺដង មិនខ្លាចឬ​ពន្យុះ​ឱ្យ​សហរដ្ឋអាមេរិក​ប្រញ៉ាប់​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​លោក​យ៉ាងណា​ក្តី នៅពីក្រោយឆាក​ឯកណោះវិញ មន្ត្រី​របស់លោក ជាពិសេស​មន្ត្រី​ឯកអគ្គរាជទូត​របស់​លោក​ប្រចាំ​សហរដ្ឋអាមេរិក បាន​ខ្វាត់ខ្វែង​ចាត់ចែង​ជួល​ក្រុមហ៊ុន​អាមេរិកាំង​​ឱ្យ​​ជួយ​​បញ្ចុះបញ្ចូល​​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក និង​ក្រុមអ្នកធ្វើ​គោលនយោបាយ​អាមេរិកាំង​កុំឱ្យ​ធ្វើច្បាប់​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់លោក។​ កាលពី​ខែកញ្ញា ឆ្នាំ២០២១ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិកលោក ជុំ សុន្ទរី បាន​ចុះហត្ថលេខា​ជួល​ក្រុមហ៊ុន​អាមេរិក​មួយ​ឈ្មោះ ខ័រវីស (Qorvis LLC) ក្នុងតម្លៃ​ជិត ៧ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ដោយ​គ្មាន​កាលកំណត់ ឱ្យ​ជួយ​ផ្តល់​សេវាកម្ម​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ និង​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅអាមេរិក ក្នុងគោលដៅ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ការធ្វើដំណើរ និង​វិស័យទេសចរណ៍​នៅ​កម្ពុជា។ 

ការជួល​ក្រុមហ៊ុន​អាមេរិកាំងទាំងនេះ​ មិនមែន​ជារឿងរ៉ាវ​ថ្មីថ្មោង​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​នោះទេ។ កាលពី​ឆ្នាំ២០១៨ ក្រោយ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ដែលរងនូវ​ការរិះគន់ថា ជាការបោះឆ្នោត «ក្លែងក្លាយ» រួចមក និង​ក្រោយ​បាន​ជម្នះ​ប្រសូត​រដ្ឋាភិបាល​អាណត្តិទី៦ ខ្វះភាព​ស្របច្បាប់​រួចមក រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចំណាយលុយ​មិនតិចជាង ១លាន ២សែន​ដុល្លារ​ក្នុងមួយឆ្នាំៗ ជួល​ក្រុមហ៊ុន​អាមេរិក​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល និង​សភា​អាមេរិក កុំឱ្យ​ធ្វើច្បាប់​ដាក់ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​របស់​លោក។ ក្រុមហ៊ុន​អាមេរិកាំង​ដែល​ត្រូវរដ្ឋាភិបាល​លោក ហ៊ុន សែន ជួល​កាលពី​ពេលនោះ រួមមាន​ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស​ (PacRim Bridges) ​និង​ក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក​ (Brownstein Hyatt Farber Schreck)​ ជាដើម។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ យល់ថា​ ហេតុការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ចេះតែ​បន្ត​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​ឱ្យ​ខ្លួននេះ មានន័យថា រដ្ឋាភិបាល​​លោក ហ៊ុន សែន កំពុងតែ​អស់សង្ឃឹម​កាន់តែខ្លាំង​​ក្នុង​រឿង​ដែល​អាមេរិក​អាច​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​មកលើ​កម្ពុជា ជាពិសេស​ការអនុម័ត​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា និង​ការដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ​ (GSP) របស់​អាមេរិក។ ព្រឹទ្ធបុរសរង​នៃ​សាកលវិទ្យាល័យរដ្ឋ​អារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល មាន​ប្រសាសន៍​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​សម្រាប់​យកទៅជួល​ក្រុមហ៊ុន​អាមេរិកាំងទាំង​នេះ មិនស្មើ​នឹង​តម្លៃ​នាឡិកា​ទំនើបៗ​ដែល​លោក ហ៊ុន សែន កំពុង​ពាក់​ផង។ លោកថា រដ្ឋាភិបាល​លោក ហ៊ុន សែន ជួល​ក្រុមហ៊ុន​ថ្មីនេះ ទំនង​ដើម្បី​ចង់ពង្រឹង​មុខមាត់​របស់​ខ្លួន​ក្នុង​ចំណោម​មន្ត្រី​អាមេរិកាំង ស្របពេល​ដែល​តំណាង​របស់​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ដែល​រដ្ឋាភិបាល​កម្ពុជា​ជួល​កន្លងមក មិនអាច​បំពេញ​ការងារ​បាន​ដោយ​មាន​ប្រសិទ្ធភាព។ លោកថា ក្រុមហ៊ុន​បញ្ចុះបញ្ចូលថ្មី​ឈ្មោះ អាឃីន នេះ​នឹង​ព្យាយាម​បង្កើនទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដរាបណា​រដ្ឋាភិបាល​កម្ពុជា​មានលុយ​រាប់លានដុល្លារ​ដើម្បី​ចំណាយ។ តែក្នុងពេល​ជាមួយគ្នានោះ ក្រុមហ៊ុននេះក៏​នឹងចង់​បូមលុយ​ពី​រដ្ឋាភិបាល​កម្ពុជា​ជាច្រើនឆ្នាំ​ទៅមុខទៀតដែរ ប្រសិនបើ​អាច​បញ្ចុះបញ្ចូល​កុំឱ្យ​អាមេរិក​អនុម័ត​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម និង​អាចទប់កុំ​ឱ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ ​(GSP) ពី​សហរដ្ឋអាមេរិក​នោះ។

គិតរហូតមកទល់​ពេលនេះ គេនៅ​មិនទាន់​ច្បាស់​នៅឡើយទេ​ថា តើសហរដ្ឋអាមេរិកអាច​នឹង​អនុម័ត​សេចក្តីស្នើច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ឬឈាន​ទៅ​ដកហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ពីកម្ពុជា​នោះ។ ក៏ប៉ុន្តែ អ្វីដែល​ច្បាស់​នោះគឺថា ដរាបណា​កម្ពុជា​នៅតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និង​ផ្អៀងកាន់តែខ្លាំង​ក្នុង​ទំនាក់ទំនងជាមួយ​ប្រទេសកុម្មុយនិស្ត​ចិន ជា​ពិសេស បើ​​ឈានទៅ​ថ្លោះធ្លោយ​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​មែននោះ នោះ​ការបន្ត​ដាក់ទណ្ឌកម្ម​ជាហូរហែរ​ពីសំណាក់​សហរដ្ឋអាមេរិក ក៏ទំនងជា​មិនទាន់​បញ្ចប់​នាពេល​នេះនោះដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល