លោក ហ៊ុន សែន ប្ដេជ្ញាបន្តប្រកាន់ជំហរគោលនយោបាយចិនតែមួយ និងថា ប្រទេសចិនបានជួយនយោបាយកម្ពុជាឱ្យមានឯករាជ្យ
2024.12.03
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្ដេជ្ញាថា កាលៈទេសៈបែបណាក៏ដោយ កម្ពុជានៅតែប្រកាន់ជំហរនយោបាយដោយឥតងាករេលើគោលនយោបាយចិនតែមួយ។ ការអះអាងដូច្នោះធ្វើឡើងក្នុងពេលលោកទៅបំពេញទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានព្រឹទ្ធសភានៅប្រទេសចិន។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា រដ្ឋាភិបាលត្រកូលហ៊ុនកំពុងដឹកនាំកម្ពុជារណបប្រទេសចិន ដើម្បីពង្រឹងអំណាច និងគ្មានជំហរនយោបាយឯករាជ្យក្នុងការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
លោក ហ៊ុន សែន ប្រាប់មេដឹកនាំចិនថា បញ្ហានៅកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ជាងនេះទៅទៀត លោកអះអាងថា តាមរយៈការបង្កើនទំនាក់ទំនាក់ទ្វេភាគីរវាងកម្ពុជា និងចិន បច្ចុប្បន្នចិនមិនត្រឹមតែផ្ដល់នូវការគាំទ្រផ្នែកជំនួយ ប្រាក់កម្ចី ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែចិនបានគាំទ្រដល់ឯករាជ្យភាពផ្នែកនយោបាយកម្ពុជាដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុក (Facebook) លោក ហ៊ុន សែន នៅថ្ងៃទី៣ ខែធ្នូ។
ជំហររបស់ប្រធានបក្សកាន់អំណាចបែបនេះធ្វើឡើងក្នុងនៅជំនួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោក វ៉ាង ហ៊ូនីង (Wang Huning) កាលពីរសៀលថ្ងៃទី២ ខែធ្នូ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកចំនួន ៣ថ្ងៃនៅប្រទេសចិន។
ជាការឆ្លើយតបនឹងការសរសើររបស់លោក ហ៊ុន សែននេះ លោក វ៉ាង ហ៊ូនីង បញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាបច្ចុប្បន្នបន្តទៀត និងសន្យាថា នឹងជួយផ្សព្វផ្សាយប្រពៃណីកម្ពុជា និងជំរុញអ្នកទេសចរណ៍ចិនទៅទស្សនាកម្ពុជាកាន់តែច្រើន។ មន្ត្រីកំពូលរបស់ចិនរូបនេះ ក៏បានគូសបញ្ជាក់ថា ការដឹកនាំប្រទេសតាមរយៈការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា គឺមានសារៈសំខាន់ក្នុងការ ពន្លឿនការសម្រេចលើកិច្ចសហប្រតិបត្តិការផ្នែកច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា អង្ករ និងការអភិវឌ្ឍកសិកម្មបែបទំនើបជាដើម។
តាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ឱ្យដឹងទៀតថា ភាគីកម្ពុជា និងចិន ក៏ប្រកាសអំពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការបន្តអនុវត្តលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការជំរុញកិច្ចសហប្រតិបត្តិការកសាងជោគវាសនារវាងកម្ពុជា-ចិនរួមគ្នា។
កន្លងមក កិច្ចសហប្រតិបត្តិការសហគមន៍នៃជោគវាសនារួមគ្នា គឺមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ជាមេគំនិតនេះរងការរិះគន់ថា បង្កើតឡើងសម្រាប់ស្រូបទាញប្រទេសក្រីក្រក្នុងតំបន់ និងទន់ខ្សោយដូចជាកម្ពុជាសម្រាប់ធ្វើជាឈ្នាន់ពង្រឹងឥទ្ធិពលសេដ្ឋកិច្ច និងយោធា ដើម្បីឱ្យក្លាយជាមហាអំណាចក្នុងតំបន់អាស៊ី។ កាលពីឆ្នាំ២០២២ ភាគីកម្ពុជា និងចិន បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង និងប្ដេជ្ញាចិត្តអនុវត្តកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ផ្ដោតលើវិស័យសំខាន់ៗ ដូចជា នយោបាយ ផលិតកម្ម កសិកម្ម ថាមពល និងវិស័យសន្តិសុខ។ ក្នុងវិស័យសន្តិសុខ កម្ពុជា និងចិន បានប្ដេជ្ញាក្នុងការអនុវត្តដោយចាប់យកសក្តានុពល រវាងយោធានៃប្រទេសទាំងពីរតាមរយៈការធ្វើសមយុទ្ធ និងហ្វឹកហ្វឺនយោធារួមគ្នាជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រកាសរបស់លោក ហ៊ុន សែន លើការបន្តគាំទ្រគោលនយោបាយចិនតែមួយ គឺជាថ្នូរពឹងពាក់ឱ្យចិនជួយពង្រឹង និងការពារអំណាចរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន។ បន្ថែមពីនេះលោកសង្កត់ធ្ងន់ថា នៅពេលលោក ហ៊ុន សែន កាន់តែបង្ហាញជំហរពឹងពាក់ចិនកាន់តែខ្លាំងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកាន់តែដើរថយក្រោយ។
លោក អ៊ុំ សំអាន៖ «កម្ពុជានឹងក្លាយជាកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពីរគឺសហរដ្ឋអាមេរិក និងចិននៅពេលកម្ពុជាក្លាយជាកូនអុករបស់ចិន ពឹងផ្អែកតែទៅលើចិនមិនមានទំនាក់ទំនងស្មើភាពគ្នារវាងចិន និងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចជាដើម។ ប្រទេសមួយចំនួនដែលមានជម្លោះដែនសមុទ្រជាមួយចិន អាចនឹងមិនសប្បាយចិត្ត អ៊ីចឹងវាអាចបង្កអសន្ដិសុខក្នុងតំបន់ដែរ។ មួយទៀតនៅពេលដែលកម្ពុជាពឹងផ្អែកតែទៅលើចិន គឺការរំលោភសិទ្ធិមនុស្សកាន់តែកើនឡើង ការចាប់ចងនឹងកើនឡើងដោយសារតែចិនជាប្រទេសកុម្មុយនិស្ត ដូច្នេះគេអត់ខ្វល់ពីប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទេ»។
លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំកំពូលចិនគឺលោក ស៊ី ជីនពីង នៅថ្ងៃទី៤ ខែធ្នូ។ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ២ថ្ងៃកន្លងមកនេះ ភាគីកម្ពុជា និងចិនមិនទាន់បង្ហាញសេចក្ដីថ្លែងការណ៍រួមគ្នានៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ដើម្បីឆ្លើយតបជុំវិញការលើកឡើងនេះបានទេនៅថ្ងៃទី៣ ខែធ្នូ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកតាមដានកិច្ចការអន្តរជាតិពន្យល់ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន គឺច្រកផ្លូវដ៏សំខាន់សម្រាប់ប្រទេសចិន ដែលខិតខំអោបក្រសោបកម្ពុជាឱ្យបន្តអនុវត្តលើកិច្ចសហប្រតិបត្តិការនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនសម្រាប់ប្រឆាំង និងប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយជាមួយលោកសេរី។ ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងព្រមានថា បញ្ហាអសន្ដិសុខក្នុងតំបន់អាចនឹងបន្តកើតមានកាន់តែខ្លាំង ហើយកម្ពុជាអាចនឹងរងការរិះគន់ចំពោះការផ្ដល់ទីតាំងអនុញ្ញាតឱ្យចិនពង្រីកឥទ្ធិពលយោធា និងធ្វើជា «កូនជឹង» បម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។