កម្ពុជា-ម៉ាឡេស៊ី ព្រមព្រៀង​ជំរុញ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ឱ្យ​ដល់​កម្រិត​ខ្ពស់

ដោយ ច័ន្ទ ដារ៉ូ
2024.02.29
កម្ពុជា-ម៉ាឡេស៊ី ព្រមព្រៀង​ជំរុញ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ឱ្យ​ដល់​កម្រិត​ខ្ពស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

កម្ពុជា​-​ម៉ាឡេស៊ី ព្រមព្រៀង​ជំរុញ​ការ​ពង្រឹង​ចំណងមិត្តភាព​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ និង​តំបន់។ ការ​ជម្រុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​នេះ ធ្វើ​ឡើង​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ប្រទេស​ម៉ាឡេស៊ី។ ប៉ុន្តែ​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព ពង្រីក​ពាណិជ្ជកម្ម​តាមរយៈ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការ​ពង្រឹង​ផលិតកម្ម​ផ្គត់ផ្គង់ ជាពិសេស​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ជា​មុន​សិន​ទើប​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា។

ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៧ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក និង​បាន​ផ្លាស់ប្ដូរ​យោបល់​ពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដែល​រួមមាន​៖ វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារ​ជាតិ សន្តិសុខ ពាណិជ្ជកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម​អាហារ​ហាឡាល់ (Halal)​ជាដើម​។ ដោយឡែក​លើ​វិស័យ​សន្តិសុខ​ថាមពល​វិញ​លោក​បញ្ជាក់​ថា ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ក្នុង​ការ​សម្របសម្រួល​គម្រោង​ខ្សែ​បញ្ជូន​ថាមពល​ក្រោម​សមុទ្រ​របស់​ឡាវ កម្ពុជា សិង្ហបុរី​ដែល​ឆ្លងកាត់​បាតសមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី។ ប្រទេស​ទាំងពីរ​ក៏​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ធនាគារ​ឌីជីថល​(KHQR) ផង​ដែរ។

កម្ពុជា​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី៩ របស់​ម៉ាឡេស៊ី​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន។ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២៣ មាន​ជាង ៦​រយ​លាន​ដុល្លារ ក្នុង​នោះ​ម៉ាឡេស៊ី​ចេញទៅ​កម្ពុជា​ជិត ៥​រយ​លាន​ដុល្លារ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​រវាង​កម្ពុជា ម៉ាឡេស៊ី ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​ជា​រឿង​ធម្មតា តែ​កម្ពុជា​ទទួលផល​ចំណេញ​តិច ឬ​ច្រើន​ពី​ទំនាក់ទំនង​នេះ​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​អាច​ពង្រឹង​សមត្ថភាព ឬ​មាន​គោល​នយោបាយ​លើ​កម្ពស់​ផលិតភាព​ដើម្បី​ជំរុញ​ការ​នាំ​ចេញ។

លោក ឯម សុវណ្ណារ៉ា៖ «ការ​បង្កើត​នាំចេញ និង​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​ជា​កិច្ច​ការងារ​ល្អ​ទាំង​កម្ពុជា​និង​ម៉ាឡេស៊ី ដោយសារ​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​សក្ដានុពល ជឿនលឿន​គួរសម​នៅក្នុង​តំបន់ អ៊ីចឹង​គេ​អាច​ទាញ​យក​អត្ថប្រយោជន៍​បាន​ច្រើន​ដោយសារ​មាន​កត្តាផលិតកម្ម​ច្រើន ចំណែក​កម្ពុជា​វិញ​មាន​កត្តាផលិតកម្ម​ទន់​ខ្សោយ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​ខិតខំ​របស់​ភាគី​កម្ពុជា​ទើប​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​ហ្នឹង​បាន​បាទ»

ដោយឡែក មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ យល់ថា បើសិន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិតជា​ចង់ឱ្យ​កម្ពុជា​រីកចម្រើន​លើ​គ្រប់​វិស័យ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ លើកកម្ពស់​សិទ្ធិមនុស្ស និង​លុបបំបាត់​ពើ​ពុករលួយ​បក្ខពួក​និយម​ទើប​កម្ពុជា​ទទួល​បាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ ជាពិសេស​ទាក់ទាញ​អ្នក​វិនិយោគ​ល្អ ដើម្បី​អភិវឌ្ឍ​សង្គម និង​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​ខ្មែរ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «គេ​(​ម៉ាឡេស៊ី​)​គោរព​លទ្ធិ​ប្រទេស​ប្រជាធិបតេយ្យ គេ​គោរព​ប្រជារាស្ត្រ​របស់​គេ ប្រទេស​មួយ​ចំនួន​គេ​ទទួល​បាន​អ្នក​វិនិយោគ​ច្រើនណាស់​ដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម ដោយ​អត់​តែ​ប្រទេស​កម្ពុជា​ទេ អ៊ីចឹង​ដោយសារ​គេ​គិត​វែងឆ្ងាយ​ដោយ​មិន​គិត​ពី​រឿង​បុគ្គល​ទេ ខ្ញុំ​ជឿជាក់​ថា ប្រទេស​នៅ​តំបន់​អាស៊ាន​នឹង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ណាក៏ដោយ»

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ដែរ ក្រុម​ជនភៀសខ្លួន​ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលករ​ខ្មែរ​បាន​នាំ​គ្នា​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ដោយសារ​ពួកគេ​មិន​ពេញចិត្ត​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​ផ្ដាច់ការ និង​តាម​ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ដូច​នឹង​ឪពុក​គឺ​លោក ហ៊ុន សែន ដែរ។ ពួកគេ​ស្នើ​ដល់​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្ដេជ្ញាចិត្ត និង​គាំទ្រ​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពិតប្រាកដ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​និង​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។