អ្នក​ឃ្លាំមើល​សង្គម ថា​ការ​លើក​ពេល​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន អាច​មក​ពី​រឿង​នយោបាយ​

ដោយ មួង ណារ៉េត
2022-01-12
Share
អ្នក​ឃ្លាំមើល​សង្គម ថា​ការ​លើក​ពេល​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន អាច​មក​ពី​រឿង​នយោបាយ​ លោក ហ៊ុន សែន ចាប់ដៃ​មេដឹកនាំ​យោធា​រដ្ឋប្រហារ​ភូមា​នៅក្នុង​ពេល​ទស្សនកិច្ច​ទៅ​ភូមា​កាល​ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP

អ្នកឃ្លាំមើល​សង្គមយល់​ថា ​ការណ៍​ដែល​កម្ពុជាត្រូវ​លើកពេល​ប្រជុំថ្នាក់​​​រដ្ឋមន្រ្តី​អាស៊ាន​ ដែល​កម្ពុជា​គ្រោង​រៀបចំ​ធ្វើនៅ​ខេត្តសៀមរាប នៅ​សប្តាហ៍​ក្រោយ​នោះ​ អាចមកពី​រឿង​នយោបាយ​ មិន​មែន​មក​ពី​រឿង​បច្ចេកទេស ឬ​ធុរៈ​បន្ទាន់​នោះ​ទេ។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​និង​​សង្គម មិន​ភ្ញាក់ផ្អើល​ទៅ​នឹង​ការណ៍​ដែល​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ត្រូវ​លើក​ពេល​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នោះ​ទេ​ ព្រោះ​ជំហរ​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន ក្នុង​រឿង​ភូមា គឺ​ដើរបញ្ច្រាស​ទិស​ពី​សមាជិក​អាស៊ាន​ជា​ច្រើន។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ប្រតិបត្តិការ​ និង​សន្តិភាព​លោក វណ្ណ ប៊ុនណា ថា​ការដើរ​បញ្ច្រាសទិស​នេះ រួមមាន ​ការ​សម្រេច​ជា​ឯកតោភាគី​របស់​កម្ពុជា នៅ​ក្នុងការ​ទៅ​ចាប់​ដៃ​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធាភូមា​ដល់​ផ្ទះ និង​ការបង្ហាញ​ជំហរចង់ឲ្យ​តំណាងរដ្ឋប្រហារ​យោធា​ភូមា​ ចូល​ប្រជុំ​អាស៊ានស្មើមុខ​ស្មើ​មាត់​គ្នា ជា​មួយ​​សមាជិក​​អាស៊ាន​​ដទៃ​ទៀត។

កន្លងមក​ប្រទេស​អាស៊ាន​ចំនួន ៥ រួមមាន សិង្ហបុរី (Singapore)ម៉ាឡេស៊ី​​ (Malaysia)​​ ឥណ្ឌូនេស៊ី ​(Indonesia)​ ហ្វ៊ីលីពីន (Philippines) ​និង​​ប្រ៊ុយណេ​​(Brunei)​សុទ្ធ​តែ​​មិន​​ឲ្យ​តំណាង​រដ្ឋប្រហារ​យោធា​ភូមា​ចូល​ប្រជុំ​នោះ​ឡើយ​។ លោក វណ្ណ ប៊ុនណា ថាដោយ​សារតែ​កម្ពុជាចង់ឲ្យ​តំណាង​ ពួក​រដ្ឋប្រហារ​យោធា​ភូមា​ចូល​ប្រជុំ​នេះហើយ ទើប​លោក​យល់ថា ប្រទេស​អាស៊ាន​យក​លេសថា​មាន​បញ្ហា​ ធ្វើ​ដំណើរ និង​មានធុរៈបន្ទាន់ ដើម្បី​មិន​ចូល​ប្រជុំ​នោះ៖ «ដោយ​សារ​កិច្ចប្រជុំ​ហ្នឹងវាអាច​មាន​ ការ​អាក់​អន់​ ចិត្ត ឬ​ក៏មិន​ចង់​ឃើញ​មេដឹកនាំ​​ ឬក៏រដ្ឋ​មន្រ្តីការ​បរទេសរបស់ពួកយោធា​ចូលរួម។ ដូច្នេះ​អាស៊ាន​ប្រហែល​មិនចង់ចូលរួម​កិច្ច​ប្រជុំ​នៅក្នុង​ចំណុច​ហ្នឹង។ ពាក្យ​សាមញ្ញដែលគេ​អាច​និយាយ​បាន​ គឺ​ការ​ធ្វើពហិការ​មិនចូលរួម​កិច្ចប្រជុំ។ ដូច្នេះ​កម្ពុជា កាលណា​បើ​សមាជិក​អាស៊ាន​មួយមិនអាច​ចូលរួម​ប្រជុំ​បាន​ ដំណើរ​ការប្រជុំអាស៊ាន​មិន​អាច​ដំណើរការ​បាន​ដោយ​រលូន​ទេ»។

ប្រតិកម្មរបស់​អ្នកឃ្លាំមើល​សង្គម និង​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូបនេះ ធ្វើឡើង​ក្រោយ​ កិច្ចប្រជុំ ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ (AMM ​Retreat)​ ដែល​​គ្រោង​រៀបចំ​​ធ្វើនៅថ្ងៃទី១៨-១៩ ខែមករា នៅ​ខេត្តសៀមរាប ត្រូវ​កម្ពុជា​ប្រកាស​លើកពេល​ទៅ​ធ្វើ​នាពេល​ក្រោយ​វិញ។

អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា​លោក កុយ​ គួយ ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​(AKP)​និង​សារព័ត៌មាន​ក្នុង​ស្រុក​កាលពីថ្ងៃទី១២ ខែមករា ថាការលើក​​ពេល​​ប្រជុំនេះ គឺ​ដោយ​សារ រដ្ឋមន្ត្រី ការបរទេស​អាស៊ាន​ជាច្រើន​រូប ដែលនឹង​ត្រូវចូលរួម​កិច្ចប្រជុំ​នេះ មាន​ការ​លំបាក​ក្នុងការ​ធ្វើដំណើរ មក​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ថា​រដ្ឋមន្រ្តីខ្លះ​មានធុរៈការងារ​បន្ទាន់​ ដែល​មិន​អាច​មក​ចូលរួម​ប្រជុំ​នោះ​បាន។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ និង​​សង្គម​មួយរូប​ទៀត ធ្លាប់​ព្យាការណ៍ថា លោក ហ៊ុន សែន នឹង​ចៀសមិន​ផុត​ពី​នៅ​ឯកោ​តែ​ឯង ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន ដែល​ហ៊ាន​ធ្វើអ្វីស្រេច​តែ​ចិត្ត ដោយ​មិនក្រែងជំហរ​រួម​របស់​អាស៊ាន​រឿង​វិបត្តិ​នៅភូមា​នេះ។

អ្នកវិភាគ​នយោបាយ ដែល​ហ៊ានរិះគន់​លោក ហ៊ុន សែន ឥតសំចៃ​មាត់ និង​កំពុង​រស់​នៅ​ប្រទេស​ហ្វាំងឡង់​​ (Finland) ​លោក គឹម សុខ ធ្លាប់​ព្រមាន​ថា លោក ហ៊ុន សែន នឹងក្លាយជា​ប្រធាន​អាស៊ាន​ចាំចាប​ ព្រោះ​ប្រទេស​អាស៊ាន​ដទៃទៀត នាំគ្នា​ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​ដែល​កម្ពុជា​ដឹកនាំ។ លោកបាន ប្រាប់វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី១២ ខែមករាថា​ការលើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ គឺជា​បរាជ័យ ផ្ទួនៗ​គ្នា​របស់​លោក ហ៊ុន សែន រឿង​ចចេស និង​ផ្គើនដាក់​សមាជិក​​អាស៊ាន​ដទៃទៀត រឿង​ទទួល​ស្គាល់​មេរដ្ឋប្រហារ​យោធា​ភូមា។

លោកថា បរាជ័យ​ទីមួយ គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ ទៅភូមា​កាល​ពី​ថ្ងៃទី-៨ ខែ មករា​នោះ មិនត្រឹមតែ​មិន​បាន​ការ​អ្វី​នោះ​ទេ គឺរង​ភាព​អាម៉ាស់ ដោយ​សារ​តែ​ពួក​យោធា​នៅ​តែបំពាន​បទ​ ឈប់បាញ់ ដោយ​វាយ​ប្រហារ​តាមអាកាស​ បាញ់​កម្ទេចផ្ទះ​អ្នក​ស្រុក និង​កាត់ទោស​អ្នកស្រី អ៊ុង សានស៊ូជី​ (Aung Sann Suu Kyi)​ ឲ្យជាប់​ពន្ធនាគារ​ថែម​ ៤ ឆ្នាំ​ទៀត គឺ​ភ្លាមៗ​ក្រោយ​លោក ហ៊ុន សែន និង​មេយោធា​រដ្ឋប្រហារ​យោធា​ភូមា អួតរួមគ្នាថា ទស្សនកិច្ច​នោះ​ជោគជ័យ។  ទីពីរ​លោក​ថា​ ក្រោយ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​នោះ គ្មាន​ប្រទេស​អាស៊ាន​ណាមួយ ​ថ្លែង​សារអបអរសាទរ​នោះ​ឡើយ។

ភាព​ស្ងាត់ឈឹង​បែប​នេះ លោក​បន្ត​ថា ជាសារ​ការទូត ល្មម​អាច​ឲ្យ​លោក ហ៊ុន សែន យល់បាន​ថា​ប្រទេស​​អាស៊ាន​ មិន​ស្វាគមន៍​ជំហរ​លោក ហ៊ុន សែន ហើយ​ក៏​នឹងមិនចូលរួម​កិច្ចប្រជុំ​ណា​មួយ​ ដែល​លោក ហ៊ុន សែន ឲ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​នោះ​ដែរ៖ «ជា​ទម្លាប់ សហគមន៍​អន្តរជាតិប្រសិន​បើគេ​ឃើញ​មាន​សញ្ញាវិជ្ជមាន​បន្តិចបន្តួច គេ​ចេញ​ជា​សារអបអរសារទរ​បែប​ការទូត​ខ្លះ​ហើយ។ ក៏ប៉ុន្តែ​ការណ៍ ដែល​អ្នកការទូត​នៅ​ស្ងៀមស្ងាត់​បែប​នេះ បាន​ន័យ​ថា​លទ្ធផល​នោះ ​វាអន់​ពេក! គ្រាន់​តែ​ថា​ដោយសារ​តែសីលធម៌​នយោបាយ​ការទូត​របស់​ពួក​អ្នកការទូត ​គេមិន​និយាយ​បង្អាប់ គេ​មិន​និយាយ​ផ្ចាញ់ផ្ចាល​តបត ហើយ​នៅ​ស្ងៀម​បែប​នេះ​ទៅ​»

ការបរាជ័យ​របស់​ប្រធាន​ប្តូរវេន​អាស៊ាន តាំង​ពី​ដំបូង​ទី​បែប​នេះ ធ្វើ​ឲ្យ​អ្នក​វិភាគ​គោលនយោបាយ​ ឯណោះ​វិញ លោក​យល់​ថា នេះជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ។ ប៉ុន្តែ​អាច​ថា​ ជា​កម្មពៀរ​នៃ​អំពើ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​នយោបាយ​ការទូត​បែប​បញ្ច្រាស​ទិស​នេះ។

ព្រឹទ្ធបុរសរង​នៃ​កម្មវិធី​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​និង​កម្មវិធី​អភិវឌ្ឍសាកល និង​ជា​សាស្រ្តាចារ្យ នៃ​សាលា ​គ្រប់គ្រង​សាកល​សាន់ឌើប៊ើត​ (Thunderbird) នៅ​សាកលវិទ្យាល័យ​រដ្ឋអារីហ្សូណា (Arizona)​ បណ្ឌិត អៀ សុផល ថាកាល​ណា​សមាជិក​អាស៊ាន​ឯ​ទៀត​មិន​ចង់​ឲ្យ​លោក ហ៊ុន សែន ធ្វើអ្វី​ស្រេច​តែ​នឹង​ចិត្ត ពួកគេ​នឹង​មិន​គាំទ្រ​ទង្វើ​បែប​នេះ​នោះ​ឡើយ​ ហើយ​ពួកគេ​នឹង​រិះរក​លេស​សព្វ​បែប​យ៉ាង ដើម្បី​បង្ហាញ​អំពី ការ​មិន​ចូលរួម​នេះ។

លោក ហ៊ុន សែន រង​ការ​រិះគន់​ជុំទិស ជុំវិញ​ជំហរ​ទៅ​ចាប់ដៃ​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា និង​ប៉ុនប៉ង​ឲ្យ​ពួកយោធា ចូល​អង្គុយ​ប្រជុំ​អាស៊ាន ស្មើមុខ​ស្មើមាត់​ដូច​សមាជិក​អាស៊ាន​ដទៃ​ទៀត។ ប្រទេ​ស​អាស៊ានបាន​បដិសេធ​មិន​ឲ្យ​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​ ចូលរួម​ប្រជុំ​អាស៊ាន​នោះ​ឡើយ​ ព្រោះពួក​យោធា មិន​គោរព​តាម​គោលការណ៍​ព្រមព្រៀង​គ្នាចំណុចរ​បស់​អាស៊ាន​ ដែល​រួម​មាន​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋស៊ីវិ​ល​នៅភូមា។

មជ្ឈដ្ឋានទូទៅ ព្រមានថា យន្តការ​ដែល​អាច​រកដំណោះស្រាយ​សមស្រប នៅ​ភូមា​បាន​ គឺ​ផ្តើម​ចេញ​ពី​សាមគ្គីភាព​អាស៊ាន និង​សហគមន៍​អន្តរជាតិក្នុងការ​ដាក់​សម្ពាធ​លើរបប​សឹក​ភូមា ឲ្យ​គោរព​គោលការណ៍ចំណុច​នោះ​ឲ្យខាងតែ​បាន​ មិនមែន​ទៅចាប់​ដៃ និង​ទទួលស្គាល់​របបសឹក​នេះ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើនោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល