«កម្ពុជាគួរបកស្រាយការធ្វើលំហាត់យោធាកម្ពុជា ឡាវ វៀតណាម ឱ្យច្បាស់» ស្របពេលពលរដ្ឋកំពុងរិះគន់រឿង CLV
2024.09.18
អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលបកស្រាយឱ្យបានច្បាស់ អំពីរឿងធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា ឡាវ វៀតណាម នៅខែវិច្ឆិកាខាងមុខ ដើម្បីកុំឱ្យប្រជាពលរដ្ឋភ័ន្តច្រឡំ។ ការជំរុញនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកំពុងរង ការរិះគន់ពីពលរដ្ឋរឿងដាក់ខ្មែរចំនួន ៤ នៅភាគឦសានក្នុងគម្រោងតំបន់ ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវនិងវៀតណាម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការសិក្សាស្រាវជ្រាវលោក សេក សុជាតិ យល់ថា ការធ្វើលំហាត់ហ្វឹកហ្វឺននេះ ជារឿងធម្មតានៃប្រទេសទាំងបី ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនមានការបកស្រាយឱ្យបានច្បាស់ទេ អាចនឹងធ្វើឱ្យ ប្រជាពលរដ្ឋមានការភ័ន្តច្រឡំថា ការហ្វឹកហ្វឺននេះ អាចពាក់ព័ន្ធរឿងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍។
លោក សេក សុជាតិ«ក៏ប៉ុន្តែគ្រាន់តែវាមានភាពចម្រូងចម្រាសជាមួយនឹងទិដ្ឋភាពនយោបាយ ដែលធ្វើឱ្យភាគីផ្សេងៗទៀតក្រៅរដ្ឋាភិបាល ឬក៏ខុសពីគណបក្សបក្សប្រឆាំងហ្នឹងមើលឃើញជារឿងអវិជ្ជមាន ដែលកំពុងកើតមាននៅតំបន់ភូមិភាគ ឦសានហ្នឹង។ ដូច្នេះហើយការរៀបចំនេះ បើសិនជារដ្ឋាភិបាលឬក៏ក្រសួងការពារជាតិមិនមានហេតុផលច្បាស់លាស់ទេ ប្រហែលអាចនឹងទទួលរងការរិះគន់ពីភាគីផ្សេងៗទៀត បើសិនក្នុងករណីមិនមានមូលហេតុត្រឹមត្រូវមិនអាចពន្យល់ភាគីផ្សេងៗ អាចទទួលយកបានអ៊ីចឹង»។
ចំពោះរឿងតំបន់ត្រីកោណអភិវឌ្ឍន៍វិញលោក សេក សុជាតិ ថា រដ្ឋាភិបាលគួរធ្វើសមាជជាតិ ដើម្បីជម្រះមន្ទិល និងដោះស្រាយបញ្ហាទាំងអស់នេះ។
អ្នកឃ្លាំមើលលើកឡើងថា លំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា ឡាវ វៀតណាម នៅខែវិច្ឆិកា ខាងមុខអាចមិនពាក់ព័ន្ធជាមួយនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នោះទេ ពីព្រោះលំហាត់ហ្វឹកហ្វឺនកងទ័ពនេះ គឺជាទំនាក់ទំនងត្រីភាគីរវាងប្រទេសទាំងបី។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញា ថា ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជារឿងល្អ ដើម្បីពង្រឹងលំហាត់ប្រាណកងទ័ពកម្ពុជា និងជំរុញទំនាក់ទំនងត្រីភាគីរវាង ប្រទេសទាំងបី។ លោកថា វៀតណាម ឡាវ ក៏ជាសមាជិកអាស៊ានដែរ ដូច្នេះ លំហាត់ហ្វឹកហ្វឺនរួមគ្នានេះ មិនមានអ្វីខុសឆ្គងនោះទេ។
លោក ឯម សុវណ្ណារ៉ា៖ «ជាប្រទេសជាប់ភូមិផងរបងជាមួយ វាអត់មានអីប៉ះពាល់ទៅដល់ CLV ។ CLV ជារឿងមួយផ្សេង CLV ជារឿងមួយដែលពលរដ្ឋលើកឡើងនិងកង្វល់ពលរដ្ឋ។ នេះ ជាកិច្ចការប្រទេសមួយ រដ្ឋមួយនៅក្នុងស្របខណ្ឌកាតព្វកិច្ចឬក៏កិច្ចការសហការទ្វេភាគីរវាងកម្ពុជា-វៀតណាម! កម្ពុជា-ឡាវ អ៊ីចឹងនៅក្នុងក្របខណ្ឌហ្នឹង វាល្អហើយឡាវវៀតណាមក៏គិតដូចកម្ពុជាដែរ។ អ៊ីចឹងលក្ខណៈត្រីភាគីហ្នឹង កាន់តែច្រើនពហុភាគីក៏ល្អដែរ វាអត់មានទាល់ខុសពីទេ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី១៥ ខែកញ្ញា ឱ្យដឹងថា កម្ពុជានឹងរៀបចំ ធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខ។
ការប្រកាសនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ លោក ចាន់សាម៉ន ចាន់យ៉ាឡាត Chansamone Chanyalath) និងរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ហ្វាន វ៉ាន់ហ្សាង (Phan Văn Giang អំឡុងចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ នៅរដ្ឋធានីប៉េកាំងប្រទេសចិនកាលពីថ្ងៃទី១៤ ខែកញ្ញា។
ក្រសួងការពារជាតិបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម សុទ្ធតែបានបញ្ជាក់អំពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានៅកម្ពុជានៅខែវិច្ឆិកាខាងមុខ។ តែយ៉ាងណា ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមិនបានបញ្ជាក់ទេថា នឹងយកខេត្តណា ដើម្បីធ្វើលំហាត់ ហ្វឹកហ្វឺនរួមគ្នានេះ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី១៧ ខែកញ្ញា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
យ៉ាងណា ការធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា ឡាវ វៀតណាមនេះ ស្របពេល ដែលពលរដ្ឋកំពុងរិះគន់រឿងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម និងទាមទារឱ្យរដ្ឋាភិបាល ដកខេត្តខ្មែរនៅភាគឦសានចេញវិញ ដោយពួកគាត់បារម្ភថា គម្រោងនេះ អាចធ្វើឱ្យបាត់ដីខ្មែរទៅប្រទេសវៀតណាមគ្រប់គ្រងដូចអតីតកាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។