កម្ពុជាស្នើឲ្យរដ្ឋាភិបាលបារាំងបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមការបោះឆ្នោតជាតិខាងមុខ
2023.03.24
កម្ពុជាស្នើរដ្ឋាភិបាលបារាំងឲ្យបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមការបោះឆ្នោតសកលនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក៏ប៉ុន្តែបារាំងនៅមិនទាន់ឆ្លើយតប ថា តើនឹងបញ្ជូនឬមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកកម្ពុជានៅឡើយទេ។
ការស្នើសុំនេះធ្វើឡើងក្នុងជំនួបរវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបារាំង ខណៈលោក ប្រាជ្ញ ចន្ទ បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ អំពីការរៀបចំការបោះឆ្នោតនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
គេហទំព័រហ្វេសប៊ុករបស់គ.ជ.ប ឱ្យដឹងដែរថា ក្រៅពីប្រទេសបារាំង រដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញអ្នកសង្កេតការណ៍ មកពីប្រទេសអង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និងប៉ាលេស្ទីន (Palestine) ដើម្បីពិនិត្យមើលដំណើរការបោះឆ្នោតនៅខែកក្កដា ខាងមុខ ប៉ុន្តែនៅមិនទាន់បានទទួលចម្លើយនៅឡើយទេ។ រហូតមកដល់ពេលនេះ មានតែរដ្ឋាភិបាលជប៉ុនប៉ុណ្ណោះ ដែលផ្តល់ជំនួយដល់កម្ពុជាលើវិស័យអប់រំ និងបច្ចេកទេសសំរាប់ការបោះឆ្នោត។
កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅរដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំឲ្យសហភាពអឺរ៉ុប បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដែរ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប បានកាត់ផ្ដាច់ទាំងស្រុង ដោយមិនបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតណាម្នាក់ ឬផ្តល់ជំនួយសំរាប់ការបោះឆ្នោតអ្វីឡើយ សូម្បីតែការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២ កន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។