សមត្ថកិច្ចម៉ាឡេស៊ីចាប់ពលករខ្មែរម្នាក់ពាក់ព័ន្ធរិះគន់រដ្ឋាភិបាលកម្ពុជា
2024.09.28
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ីបានសម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ីម្នាក់ ឈ្មោះ នួន តឿន នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ពាក់ព័ន្ធរឿងលោកនិយាយរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញលើបណ្ដាញសង្គម។
ប្រធានចលនាយុវជនកម្ពុជាសកលប្រចាំប្រទេសម៉ាឡេស៊ី លោក សាដាត សាមាធិ ប្រាប់វិទ្យុអាស៊ីសេរីថា ពលករខ្មែរឈ្មោះ នួន តឿន បានទាក់ទងឱ្យលោកជួយនៅមុនពេលប៉ូលិសម៉ាឡេស៊ី៦នាក់បានចូលចាប់ខ្លួនដល់ក្នុងផ្ទះថៅកែនៅរដ្ឋសេឡាំងងរ (Selangor)។ លោកបារម្ភអំពីសុវត្ថិភាពយុវជនរូបនេះជាខ្លាំង ពីព្រោះមកដល់ពេលនេះលោកមិនទាន់ទទួលដំណឹងថាប៉ូលិសបញ្ជូនគាត់ទៅឃុំនៅកន្លែងណានៅឡើយទេ។ លោកបញ្ជាក់ថាពលករឈ្មោះ នួន តឿន អាចប្រឈមជាប់ពន្ធនាគារ ឬទណ្ឌកម្មណាមួយ បើសិនអាជ្ញាធរម៉ាឡេស៊ីបញ្ជូនទៅកម្ពុជាវិញតាមសំណើរបស់អាជ្ញាធរកម្ពុជានោះ។
លោក សាដាត សាមាធិ៖ «អាជ្ញាធរម៉ាឡេស៊ីទៅតាមចាប់គាត់ដល់ផ្ទះ ដែលគាត់ធ្វើការហ្នឹង គាត់ប្រាប់ឱ្យខ្ញុំធ្វើមិចជួយគាត់ផងដើម្បីរួចផុតពីប៉ូលិសទាំងហ្នឹង។ ខ្ញុំស្នើសុំឱ្យដោះលែងមនុស្សស្លូតត្រង់ ទាមទារសិទ្ធិសេរីភាព រិះគន់ដើម្បីស្ថាបនា ការពារជាតិរបស់ខ្លួនមកវិញ សូមកុំបំពានសិទ្ធិមនុស្ស ឬសិទ្ធិអ្នកដទៃដែលប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបាទ»។
ពលករខ្មែរឈ្មោះ តឿន គឺជាអ្នកគាំទ្រគណបក្សប្រឆាំង។ ពលកររូបនេះតែងប្រើប្រាស់បណ្ដាញសង្គមនិយាយរឿងអយុត្តិធម៌ក្នុងសង្គម បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេស រិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ម៉ាណែត ឥតសំចៃមាត់។ មុនពេលចាប់ខ្លួននេះ ពលកររូបនេះធ្លាប់រងការគំរាមកំហែងចាប់ខ្លួនជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរបក្សកាន់អំណាចផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។