ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ធ្វើបាតុកម្ម​ភ្លើងទៀន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ

ដោយ ច័ន្ទ ដារ៉ូ
2024.10.13
ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ធ្វើបាតុកម្ម​ភ្លើងទៀន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ ទិដ្ឋភាពលើឆាក​នៃ​កម្មវិធី​តវ៉ា​របស់​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ទី​ប្រជាធិបតេយ្យ​ក្រុង​ខ្វាងជូធំ (Gwangju) ប្រទេស​កូរ៉េ ទាមទារឱ្យរដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ ​នៅថ្ងៃទី១៣ តុលា ២០២៤។
រូប៖ ហ្វេសប៊ុក Kangpisey Kang

ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ​១០០នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​ភ្លើងទៀន​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ក្រុងភ្នំពេញ ស្តារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​មនសិការ ព្រមទាំង​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA) ជា​ស្ថាពរ។

បាតុកម្ម​នេះ​ធ្វើឡើង​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ក្រុង​ខ្វាងជូធំ (Gwangju) ដោយ​អ្នក​ចូលរួម​នាំគ្នា​ឡើង​សម្ដែង​មតិ ដុត​ទៀន​បំភ្លឺ​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ​ងាក​មក​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ទាមទារ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ បើក​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

បាតុករ​ម្នាក់​គឺ​កញ្ញា កាង ពសី ថ្លែង​ថា ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​រង​ទុក្ខវេទនា គ្មាន​សិទ្ធិ​សេរីភាព​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មកទល់​ពេលនេះ។ កញ្ញា​សង្ឃឹម​ថា ការ​តវ៉ា​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បុង និង​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងទៀត​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​លិទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ និង​ការពារ​បូរណភាព​ទឹកដី​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

កញ្ញា កាង ពសី៖ «ខ្ញុំ​ផ្ញើ​សារ​នេះ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ប្រជាជន​គ្រប់រូប​តែងតែ​មាន​សិទ្ធិ​ទាមទារ​នូវ​មតិ​របស់​ខ្លួន។ ខ្ញុំ​ផ្ញើ​សារ​ទៅ​ប្រជា​ពលរដ្ឋខ្មែរ​ថា​បើ​គេ​គំរាម​យើង​បាន គឺ​ច្បាស់​ណាស់​គេ​នឹង​បន្ត​គំរាម​យើង​រហូត បើ​យើង​ងើប​ឈរ​បាន​គេ​នឹង​លែង​ចង​យើង​ហើយ។ អ៊ីចឹង​យើង​មាន​តែ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​យើង តស៊ូ!»

តំណាង​បាតុករ​លោក មាស ពិសាល លើកឡើង​ថា​ពលរដ្ឋខ្មែរ​ត្រូវការ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម ហើយ​រដ្ឋាភិបាល​ត្រូវ​ដោះលែង​អ្នកជាប់ឃុំ ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព និង​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ចាំបាច់។ ម្យ៉ាងទៀត​លោក​បញ្ជាក់​ថា បាតុកម្ម​នៅ​ពេល​នេះ​ ក៏​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ដក​គម្រោង​CLV-DTA ជាមួយ​ប្រទេស​ឡាវ​និង​វៀតណាម​ទើប​ពលរដ្ឋខ្មែរ​ស្ងប់​ចិត្ត។

លោក មាស ពិសាល៖ «ប្រទេស​កូរ៉េ​ មាន​លទ្ធិប្រជាធិបតេយ្យ គឺ​គេ​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ជួបជុំ​ដូច​ពេល​ហ្នឹង​អ៊ីចឹង តែ​មេដឹកនាំ​នៅ​ខ្មែរ​មិន​យក​ចិត្តទុក្ខ​ទេ​វិញ គឺ​ពលរដ្ឋខ្មែរ​ជួបជុំ​គ្នា​មិន​បាន រិះគន់​រដ្ឋាភិបាល​មិន​បាន តើ​មាន​ប្រជាធិបតេយ្យ​ទេ។ រដ្ឋាភិបាល​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ ដោះលែង​អ្នកទោស​មនសិការ! ដោះលែងៗ »

ក្រៅពី​បាតុកម្ម​នេះ ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រយៈពេល​បួន​ថ្ងៃ​ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា។ ចំណែក​យុវជន​ខ្មែរ​ធ្វើការ​និង​រស់នៅ​ប្រទេស​ជប៉ុន​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី២០ ខែតុលា បន្ទាប់មក​ប្រទេស​កូរ៉េ​ខាងត្បូង​ដដែល នឹង​រៀបចំ​មហា​បាតុកម្ម​ម្តង​ទៀត​នៅ​ថ្ងៃទី២៦ ខែ​តុលា រីឯ​ពលរដ្ឋខ្មែរ​នៅ​តំបន់​អឺរ៉ុប​វិញ នឹង​ធ្វើ​មហា​បាតុកម្ម​រំលឹក​ខួប៣៣ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី២៦ ខែតុលា​ខាងមុខ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​តុលា។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ពន្យល់​មេដឹកនាំ​ប្រទេស​វៀតណាម និង​ឡាវ អំពី​មូលហេតុ នៃ​ការ​ដកខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV-DTA ក្នុង​ពេល​លោក ហ៊ុន ម៉ាណែត បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន លើក​ទី៤៤ និង៤៥ នៅ​ទីក្រុង​វៀងចន្ទន៍​(Vientiane) ប្រទេស​ឡាវ (Laos) កាល​ពី​ពេលថ្មីៗនេះ។

ទោះ​ជាយ៉ាងណា​ ក្រុម​បាតុករ​មើលឃើញ​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បង្ហាញ​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​បញ្ចប់​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​CLV  នៅឡើយ។ ទន្ទឹម​នឹង​នេះ គម្រោង​នានា​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​CLVនេះ ដូចជា​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ជាដើម គឺ​រដ្ឋាភិបាល​កម្ពុជា​នៅ​រក្សា​ទុក​ដដែល ស្រប​ពេល​អ្នក​ជាប់ពន្ធនាគារ​ដោយ​សារ​រឿង CLV មិន​ទាន់​មាន​សេរីភាព​ឡើង​វិញ។

ក្រុម​បាតុករ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ភាព​ច្បាស់លាស់​រឿង​ដក​កម្ពុជា​ចេញ​ពី​កិច្ចព្រមព្រៀង​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​CLV ទាំងស្រុង ព្រមទាំង​ងាក​មក​ផ្សះផ្សា ឯកភាព​ជាតិ ស្ដារ​ប្រជាធិបតេយ្យ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ។

ពួកគាត់​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​សេរីភាព និង​រីកចម្រើន​មក​ទល់​ពេល​នេះ ដោយសារ​ពលរដ្ឋ​កូរ៉េ​ងើប​ស្រុះ​គ្នា​ចេញ​តស៊ូ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ ដូច្នេះ​ពួកគាត់​ប្ដេជ្ញា​បន្ត​ចេញ​ធ្វើ​បាតុកម្ម​រហូត​ដល់​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។