យុវជនក្រៅប្រទេសរិះគន់ លោក ហ៊ុន ម៉ាណែត ថា មិនដោះស្រាយវិបត្តិនយោបាយបែរជាបង្កើនការចាប់ខ្លួនពលរដ្ឋដាក់គុក
2024.10.16
យុវជនរស់នៅ និងធ្វើការនៅក្រៅប្រទេសមួយចំនួនរិះគន់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ថា មិនបានធ្វើឱ្យមានការបង្រួបបង្រួមជាតិ និងការគោរពសិទ្ធិមនុស្សមានភាពល្អប្រសើរឡើងនោះទេ ផ្ទុយទៅវិញ លោក ហ៊ុន ម៉ាណែត បែរជាបង្កើនការចាប់ខ្លួនមនុស្សដាក់ពន្ធនាគារតាមទំនើងចិត្ត។ ពួកគាត់ចាត់ទុកសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បែបនេះថា ជាការធ្វើនយោបាយប្រាសចាកពីគន្លងប្រជាធិបតេយ្យ។
ស្របពេលដែលពលរដ្ឋនៅមិនទាន់ស្ងប់ចិត្តរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងតែងចេញធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គមឱ្យមានសេរីភាពឡើងវិញ លោក ហ៊ុន ម៉ាណែត បែរជាបង្កើនការចាប់ខ្លួនមនុស្សដាក់ពន្ធនាគារបន្ថែមទៀត។
ប្រធានបណ្ដាញយុវជនកម្ពុជាសកល (CGYN) ប្រចាំប្រទេសជប៉ុន អ្នកស្រី វ៉ាន់ លក្ខិណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែតុលា ថា លោក ហ៊ុន ម៉ាណែត មិនសមធ្វើជាមេដឹកនាំប្រទេសនោះទេ ពីព្រោះមេដឹកនាំ ដែលគិតគូរពីប្រយោជន៍ពលរដ្ឋ គឺមិនចាប់ពលរដ្ឋ ដែលចង់ឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សដាក់គុកនោះទេ។ អ្នកស្រីសង្កេតឃើញថា ប្រសិនបើពលរដ្ឋនិយាយគាំទ្ររដ្ឋាភិបាលនោះលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន នឹងយកវីដេអូពួកគាត់ទៅបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ប៉ុន្តែ ករណីពលរដ្ឋដែលនិយាយការពិតពីបញ្ហាសង្គមវិញ គឺត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ។
អ្នកស្រី វ៉ាន់ លក្ខិណា៖ «នៅពេលដែលរដ្ឋាភិបាលមិនទទួលស្គាល់ចំណុចខ្វះខាតរបស់គាត់ គាត់នៅតែរឹងទទឹងមានៈយល់ស្របទៅតាមគំនិតរបស់បក្ខពួករបស់គាត់ នេះជាវិវាទធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ហើយថ្ងៃណាមួយរឿងក្ដៅ គឺវានឹងផ្ទុះកើត ប្រសិនបើរដ្ឋាភិបាលនៅតែបន្តឥរិយាបថបែបហ្នឹង មិនត្រឹមតែប្រជាជនខ្លួនឯងធ្វើទុក្ខបុកម្នេញទេ វាអាចដល់អន្តរជាតិ ដែលកំពុងតែឈរមើលពីរបៀបដឹកនាំរបស់ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យហេតុអ្វីបានជាដឹកនាំប្រទេសកាន់តែផ្ដាច់ការឡើងៗ បែបនេះ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅប្រទេសកូរ៉េខាងត្បូង លោក ឃ្លោក លាភ ថ្លែងថា រយៈពេលជាង ១ឆ្នាំដែលលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន ម៉ាណែត មិនជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឡើយ ពោលគឺ មានតែការរំលោភសិទ្ធិកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ លោកបន្តថា បើទោះជាលោក ហ៊ុន ម៉ាណែត ខំប្រឹងប្រែងជួលឱ្យយុវជនមួយចំនួនចេញសារ ដើម្បីវាយប្រហារសកម្មជននយោបាយ និងសង្គមយ៉ាងណាក្ដី ក៏មិនអាចបន្លំភ្នែកពលរដ្ឋពីការពិតបានដែរ។
លោក ឃ្លោក លាភ៖ «ចាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស ដើម្បីបំភិតបំភ័យពលរដ្ឋនៅក្នុងស្រុកកុំឱ្យងើប សូម្បីតែនៅក្រៅស្រុកគេអាចចាប់បានទៅហើយ ចុះទម្រាំអ្នកនៅក្នុងស្រុក។ អ៊ីចឹង ពួកគាត់ភ័យខ្លាច។ អាហ្នឹង គឺជារូបភាពនយោបាយ គឺជាយុទ្ធសាស្ត្ររបស់ជនផ្ដាច់ការ។ អ៊ីចឹង សូមប្រជាពលរដ្ឋខ្មែរកុំខ្លាចត្រូវតែតស៊ូទាំងអស់គ្នា»។
ការលើកឡើងរបស់ក្រុមយុវជនទាំងនេះ គឺដោយសារតែរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឪពុកកូន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបំបែកកំណត់ត្រាក្នុងការចាប់ឃុំខ្លួនសកម្មជនបរិស្ថាន សង្គម អ្នកនយោបាយ និងអ្នកកាសែតដាក់ពន្ធនាគារតាមទំនើងចិត្ត ដោយគ្រាន់តែពួកគាត់បញ្ចេញមតិរិះគន់រដ្ឋាភិបាល។ ចំណែកអ្នកខ្លះទៀត បង្ខំចិត្តធ្វើលិខិតសុំទោសរដ្ឋាភិបាល ដើម្បីទទួលបានសិទ្ធិសេរីភាព និងគេចចេញពីការយាយីរបស់ក្រុមគ្រួសារត្រកូល ហ៊ុន។
ថ្មីៗ នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានសហការជាមួយសមត្ថកិច្ចប្រទេសម៉ាឡេស៊ីចាប់បញ្ជូនពលករម្នាក់ គឺកញ្ញា នួន តឿន ទៅដាក់ឃុំនៅក្នុងពន្ធនាគារព្រៃស ដែលធ្វើឱ្យចំនួនអ្នកជាប់ឃុំនយោបាយកើនឡើងជិត ១០០នាក់។ ករណីរំលោភសិទ្ធិមនុស្សឥតស្រាកស្រាន្តនេះបានធ្វើឱ្យអង្គការជាតិ និងអន្តរជាតិចេញសារថ្កោលទោសការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ ។
ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនេះ ជាថ្មីទៀត ក្រុមយុវជនខ្មែរនៅប្រទេសជប៉ុន (Japan) នឹងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងតូក្យូ (Tokyo) នៅថ្ងៃទី២០ ខែតុលា និងនៅប្រទេសកូរ៉េខាងត្បូង (South Korea) នឹងធ្វើនៅថ្ងៃទី២៧ ខែតុលាខាងមុខ ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបជុំវិញការរិះគន់នេះបានទេ នៅថ្ងៃទី១៥ ខែតុលា។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការណ៍រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រើយុទ្ធសាស្ត្រនយោបាយយកយុវជនគាំទ្ររដ្ឋាភិបាលឱ្យលាបពណ៌ពលរដ្ឋខ្មែរគ្នាឯងបែបនេះមិនអាចដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំងបានឡើយ ផ្ទុយទៅវិញនឹងធ្វើឱ្យខ្មែរបែកបាក់សាមគ្គីគ្នា។ លោកបន្តថា រដ្ឋាភិបាលគួរតែទទួលយកមតិពលរដ្ឋដើម្បីលម្អចំណុចខ្វះខាត ពីព្រោះប្រសិនបើរដ្ឋាភិបាលគោរពសិទ្ធិមនុស្សពិតមែននោះពលរដ្ឋក៏មិនចេញតវ៉ាទាមទាររកយុត្តិធម៌ដែរ។
លោក ស៊ឹង សែនករុណា៖ «មានប្រព័ន្ធដឹកនាំមួយត្រឹមត្រូវមានយុត្តិធម៌សង្គម ជនរងគ្រោះទទួលបានយុត្តិធម៌គ្រប់គ្នាហើយទាំងខ្ញុំទាំងគេក៏សាទរ រីករាយដែលប៉ុន្តែប្រសិនបើសង្គមយើងនៅតែបែបហ្នឹង។ ទោះបីគាត់ខំវាយប្រហារគាត់ខំបកស្រាយយកលេសយ៉ាងម៉េចក៏ប្រជាពលរដ្ឋ និងយុវជននៅតែមិនអាចទទួលបានគេគ្រាន់តែចិញ្ចឹមមួយថា នឹងធ្វើអីមួយប្រសិនបើប្រទេសជាតិនៅតែស្ថានភាពនៅតែបែបហ្នឹង»។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីបន្តពីឪពុកមក លោកនៅមិនទាន់បង្ហាញស្នាដៃ ឬការប្ដេជ្ញាចិត្តឱ្យមានវប្បធម៌សន្ទនារវាងអ្នកនយោបាយ និងអ្នកនយោបាយនៅឡើយទេពោលគឺ ពលរដ្ឋកាន់តែជួបវិបត្តិធ្ងន់ធ្ងរជាងមុនទៅទៀតជាពិសេសការផ្ទុះការតវ៉ាពីពលរដ្ឋរស់នៅក្រៅប្រទេសពាក់ព័ន្ធរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA វិបត្តិសេដ្ឋកិច្ច អំពើឧក្រិដ្ឋកម្មលាងលុយកង្វក់ ការឆបោកពីក្រុមឧកញ៉ាដែលស្និទ្ធនឹងក្រុមគ្រួសារត្រកូលហ៊ុន និងការរំលោភយកដីធ្លីពីពលរដ្ឋជាដើម។
កាលពីថ្ងៃទី២ ខែតុលា បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ (CIVICUS) និងអង្គការវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) បានដាក់របាយការណ៍របស់ខ្លួនទៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិលើកទី៤៦ ដើម្បីជំរុញឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព និងលើកកម្ពស់សិទ្ធិមនុស្សឡើងវិញ ពីព្រោះពួកគេព្រួយបារម្ភចំពោះការរឹតបន្តឹងសហជីព ការបង្ក្រាបលើក្រុមអ្នកនយោបាយបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន ការចាប់ខ្លួនពលរដ្ឋតាមទំនើងចិត្ត និងការរឹតបន្តឹងហួសហេតុទៅលើអ្នកតវ៉ាដោយសន្តិវិធី។ល។
យុវជន និងអ្នកឃ្លាំមើលសង្គមចង់ឃើញរដ្ឋាភិបាលចេះបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ដើម្បីរួមគ្នាដោះស្រាយវិបត្តិសង្គម វិបត្តិនយោបាយឡើងវិញ។
ពួកគាត់ព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនស្ដាប់សំឡេងរបស់ពលរដ្ឋទេ នោះវាសនាមេដឹកនាំរបស់កម្ពុជាអាចនឹងដូចមេដឹកនាំនៃប្រទេសបង់ក្លាដេស (Bangladesh) ដែលត្រូវបានពលរដ្ឋធ្វើបាតុកម្មទម្លាក់ពីអំណាចដោយសារតែការដឹកនាំតាមបែបផ្ដាច់ការ គ្រួសារ និងបក្ខពួកនិយម មិនស្ដាប់តាមសំឡេងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។