ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​គម្រោង CLV ទាំងស្រុង

ដោយ ច័ន្ទ ដារ៉ូ
2024.09.30
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​គម្រោង CLV ទាំងស្រុង ទិដ្ឋភាពពលរដ្ឋខ្មែរ​​ប្រមូល​ផ្តុំ​គ្នានៅ​មុខ​រដ្ឋសភា នៅ​ទីក្រុង​កង់បេរ៉ា ​(Canberra) ប្រទេស​អូស្ត្រាលី ទាមទារ​ឲ្យ​លោក ហ៊ុន សែន លុប​គម្រោង​ទាំងអស់​ចេញ​ពី CLV ​នៅ​ព្រឹក​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុក SK Media

គណបក្សប្រឆាំង និង​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​ដើម្បី​ទាមទារ​ឲ្យ​លោក ហ៊ុន សែន លុប​គម្រោង​ទាំងអស់​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ឡាវ និង​វៀតណាម (CLV-DTA) ដោះលែង​អ្នកទោស​មនសិការ ព្រមទាំង​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ពួកគាត់​យល់​ថា ការ​ដក​គម្រោង CLV កន្លង​មក គឺ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ធ្វើ​ឡើង​មិន​ស្មោះត្រង់។ 

ដូច​ការ​គ្រោង​ទុក អង្គការ​សមាគម គណបក្ស​ប្រឆាំង និង​ពលរដ្ឋខ្មែរ​មក​ពី​បណ្តា​រដ្ឋ​នានា​នៅ​ប្រទេស​អូស្ត្រាលី​ប្រមាណ​៣០០នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើរ​ចេញ​ពី​មុខ​រដ្ឋសភា នៅ​ទីក្រុង​កង់បេរ៉ា​(Canberra) ឆ្ពោះ​ទៅ​ស្ថានទូត​ខ្មែរ និង​ស្ថាន​ទូត​ប្រទេស​ផ្សេងទៀត​នៅ​ព្រឹក​ថ្ងៃទី៣០ ខែកញ្ញា។

បាតុកម្ម​លើក​នេះ អ្នក​តវ៉ា​បាន​ឡើង​សម្តែង​មតិ និង​អាន​ខ្លឹមសារ​នៃ​ញត្តិ​អម​ដោយ​សម្រែក​ទាមទារ និង​ថ្កោលទោស​រដ្ឋាភិបាល​ត្រកូល​ហ៊ុន កងរំពង​​នៅ​ទីតាំង​បាតុកម្ម​នោះ។ ពួកគាត់​មើលឃើញ​ថា មេដឹកនាំ​ក្រុងភ្នំពេញ​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ដក​គម្រោង CLV ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅប្រទេស​វៀតណាម​តាមរយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន លំហូរ​ជន​អន្តោប្រទេសន៍​វៀតណាម ខណៈ​អ្នក​ដែល​បញ្ចេញមតិ​រឿង CLV បន្ត​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​នៅ​ឡើយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក អ៊ិន ហេមរ៉ា ថ្លែង​ថា​បាតុកម្ម និង​ដាក់​ញត្តិ​នៅ​ពេល​នេះ​ ដោយសារ​រដ្ឋាភិបាល​ប្រកាស​ដក​គម្រោង CLV-DTA មិន​មាន​ភាព​ស្មោះត្រង់​ជាមួយ​ពលរដ្ឋខ្មែរ។ លើស​ពី​នេះ លោក​ថា កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យភាព​ជាតិ ដែល​ទង្វើ​នេះ​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក អ៊ិន ហេមរ៉ា៖ «រដ្ឋាភិបាល​ចេញ​លិខិត​ដក​គម្រោង CLV-DTA នេះ​ជា​ការ​សាង​រូបភាព​ពន្យារ​ពេល​​ពី​មហាជន​តែប៉ុណ្ណោះ ដូច្នេះ​យើង​នៅតែ​បន្ត​ទាមទារ និង​ថ្កោលទោស​មេដឹកនាំ​បច្ចុប្បន្ន​រហូត​ដល់​គម្រោង​នេះ​ត្រូវ​បាន​ដក​បញ្ចប់​ជាស្ថាពរ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​សកល ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក អែម ប៉ុនណារិទ្ធ លើកឡើង​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​យក​គម្រូ​តាម​លោក ហ៊ុន សែន ដែល​ជា​ឪពុក ពីព្រោះ​តាំង​ពី​លោក​ឡើង​កាន់​តំណែង​មក​ប្រជាពលរដ្ឋ​កាន់តែ​រងទុក្ខ​ខ្លាំង។ លោក​ផ្ញើ​សារ​ទៅកាន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តាមរយៈ​ស្ថានទូត​ខ្មែរ​ឱ្យ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ដក​គម្រោង CLV ព្រមទាំង​ដោះលែង​សកម្មជន​ដែល​ជាប់ឃុំ​ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ជាបន្ទាន់។

លោក អែម ប៉ុនណារិទ្ធ៖ «គាត់​ប្រកាស​ថា គាត់​ដក​ហើយ ប៉ុន្តែ​យើង​អត់​ជឿ​ទេ លោក ហ៊ុន សែន បោក​យើង​ច្រើន​ដង​ពេក ដូច្នេះ​យើង​សូម​ឱ្យ​លោក ហ៊ុន សែន បញ្ចប់​គម្រោង​CLV ជា​ផ្លូវការ សូម​លោក ហ៊ុន សែន ដក​ដីសម្បទាន​សេដ្ឋកិច្ច​រយៈពេល​វែង​ជាមួយ​ប្រទេស​វៀតណាម​ទាំងអស់ ជាពិសេស​ខេត្ត​នៅ​ជាប់​តាម​បណ្តោយ​ព្រំដែន»

ចំណែក​ភរិយា​បណ្ឌិត​កែម ឡី គឺ​លោកស្រី ប៊ូ រចនា ថ្លែង​ទាំង​អួល​ដើមក​នៅ​មុខ​អ្នក​តវ៉ា​ថា​ រយៈពេល​ជាង ៨ឆ្នាំ​មកនេះ​យុត្តិធម៌​សូន្យ​ឈឹង​សម្រាប់​បណ្ឌិត កែម ឡី ចំណែក​លោកស្រី និង​កូនៗ​ត្រូវ​រស់នៅ​ទាំង​ឈឺចាប់​មក​ដល់​សព្វថ្ងៃ។

លោកស្រី ប៊ូ រចនា៖ «៨ឆ្នាំ​គ្មាន​ទេ​យុត្តិធម៌​សម្រាប់​គាត់​លះបង់​ដើម្បី​ប្រទេសជាតិ តើ​ការឈឺចាប់​របស់​គេ​នៅ​ឯណា គ្រួសារ​អ្នកឯង​ចេះ​ស្រឡាញ់​គ្រួសារ​គេ​ទេ សម្លាប់​គេ​ហើយ ធ្វើទុក្ខបុកម្នេញ​គេ​មិន​ឱ្យ​រស់​នៅ​ក្នុង​ស្រុក​ទៀត ការ​ឈឺចាប់​មួយ​នេះ​វា​នៅ​ដក់​ក្នុង​ចិត្ត​ខ្ញុំ​រហូត»

បន្ទាប់ពី​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូតខ្មែរ​ហើយ ក្រុម​អ្នក​តវ៉ា​បន្ត​នាំគ្នា​ទៅ​លើ​បដា និង​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​អាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្នើ​ឱ្យ​ប្រទេស​លោកសេរី​ទាំងនោះ​ជួយ​អន្តរាគមន៍ ជាពិសេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើងវិញ។ ចុងក្រោយ​ក្រុម​បាតុករ​បន្ត​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ដែល​កំពុង​ជាប់​ពន្ធនាគារ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​ដើម​ខ្មែរក្រោម ព្រមទាំង​បញ្ឈប់​នយោបាយ​ឈ្លានពាន​ទឹកដី​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​លោក ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជំនួស​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថា​កម្ពុជា​បញ្ចប់​ការចូលរួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ចាប់​ពី​ថ្ងៃទី​២០ កញ្ញា ២០២៤ តទៅ។

វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា។

ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ការណ៍​ដែល​ពលរដ្ឋខ្មែរ​នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​ទៀត​នេះ ដោយសារ​រដ្ឋាភិបាល​ប្រកាស​ដក​គម្រោង CLV នោះ​បង្កប់​ល្បិចកល​នយោបាយ​ ស្អំ​ចិត្ត​ពលរដ្ឋ​កុំ​ឱ្យ​ចេញ​តវ៉ា​មួយ​គ្រា ដោយ​មិនមែន​ធ្វើ​ឡើង​ក្នុង​ចេតនា​ការពារ​បូរណភាព​​ទឹកដី​ពិតប្រាកដ ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ។ លោក ម៉ែន ណាត យល់​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ចំពោះ​សំណើ​របស់​ក្រុម​បាតុករ​ខ្មែរ​ដោយ​ស្មោះ​ បើ​មិន​ដូច្នេះ​ទេ​ចលនា​បាតុកម្ម​នឹង​កាន់តែ​រីក​ធំ។

លោក ម៉ែន ណាត៖ «កិច្ច​ព្រមព្រៀង CLV ហ្នឹង​វា​ជា​ច្បាប់​ទៅ​ហើយ អ៊ីចឹង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​បាន​ជា​បណ្ដោះអាសន្ន ត្រូវ​ឱ្យ​សភា​អនុម័ត​លុបចោល​កុំ​ឱ្យ​សភា​សរសេរ​លិខិត​មួយ​សន្លឹក​បញ្ចប់​តាម​រដ្ឋាភិបាល​វា​ដូច​អត់​សមរម្យ តែ​គ្រាន់តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន និយាយ​ពីរ​បី​មាត់​ថា​ចប់ ហើយ​វា​​ទៅ​ចាប់​ដែរ​នោះ​ទេ អាហ្នឹង​មិច​ត្រឹមត្រូវ ពីព្រោះ​ប្រទេស​វៀតណាម​មិន​ទាន់​យល់​ព្រម​បញ្ចប់​ទេ ហើយ​ខាង​ឡាវ​ក៏​មិន​យល់​ព្រម​បញ្ចប់​ឬ​យ៉ាងណា​ដែរ »

ក្រុម​បាតុករ​សង្ឃឹម​ថា​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ភាព​ច្បាស់លាស់​រឿង​ដក​កម្ពុជា​ចេញ​ពី​កិច្ចព្រមព្រៀង​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​CLV ទាំងស្រុង ព្រមទាំង​ងាក​មក​ផ្សះផ្សា ឯកភាព​ជាតិ ស្ដារ​ប្រជាធិបតេយ្យ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដើម្បី​តម្កល់​ផល​ប្រយោន៍​ជាតិ។ ពួកគាត់​ព្រមាន​ថា បើសិន​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទេ ពលរដ្ឋខ្មែរ​គ្រប់​ទិសទី​នឹង​បន្ត​រួមគ្នា​ចេញ​ធ្វើបាតុកម្ម​កាន់តែ​ធំ​នៅ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភព​លោក។

ក្រៅពី​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី ក្រុម​យុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង​នឹង​ធ្វើបាតុកម្ម​ជា​លើក​ទី៣​ នៅ​ទីលាន​ក្វាំងជូធំ នៅ​ថ្ងៃ​ទី១៣ ខែតុលា រីឯ​ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១១ដល់​ថ្ងៃ​ទី១៣ ខែតុលា ហើយ​នៅ​អឺរ៉ុប​វិញ​នឹង​ធ្វើ​មហា​បាតុកម្ម​រំលឹក​ខួប​៣៣ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី២៦ ខែ​តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។