ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ត្រៀម​ចេញ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​គម្រោង CLV ជា​លើក​ទី២

ដោយ ច័ន្ទ ដារ៉ូ
2024.08.31
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ត្រៀម​ចេញ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​គម្រោង CLV ជា​លើក​ទី២ ទិដ្ឋភាពពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង​​ធ្វើបាតុកម្មប្រឆាំងនៅកម្រោង CLV កាលពីថ្ងៃទី១១ សីហា ២០២៤។
រូប៖ ផ្ដល់ឱ្យ

ប្រជា​ពលរដ្ឋខ្មែរ​នៅ​ប្រទេសកូរ៉េ​ខាងត្បូង​នឹង​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​កណ្តាល​ទីក្រុង​សេអ៊ូល​ម្តងទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួន​ចេញ​ពី​គម្រោង​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA) ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ។ ការ​បន្ត​ចេញ​តវ៉ា​របស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​ឥតឈប់ឈរ​នោះ បន្ទាប់​ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ដកខ្លួន​ចេញ​ពី​គម្រោង CLV តែ​បង្ក្រាប​លើ​ពលរដ្ឋ​ណា​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ។

ពលរដ្ឋខ្មែរ​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​(South Korea) នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី១ ខែកញ្ញា។ ក្រុម​បាតុករ​ប្រកាស​ថា​ពួកគាត់​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការចូលរួម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ជុងកាក់​(Junghak) ក្នុង​ក្រុង​សេអ៊ូល​(Seoul) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​ត្រកូល​ហ៊ុន​ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​(CLV-DTA) ជាមួយ​ឡាវ និង​វៀតណាម។

អ្នកនាំពាក្យ​គណៈកម្មការ​រៀបចំ​បាតុកម្ម​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក ឃ្លោក លាភ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ខែសីហា ថា គោលបំណង និង​សកម្មភាព​ធ្វើ​បាតុកម្ម​លើក​នេះ​មិន​ខុស​ពី​បាតុកម្ម​លើក​ទីមួយ រៀបចំ​ឡើង​ដោយ​សន្តិវិធី តប​តាម​សំណូមពរ​របស់​ពលរដ្ឋខ្មែរ​នៅ​គ្រប់​មជ្ឈដ្ឋាន ដែល​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនព្រម​ដកខ្លួន​ចេញ​ពី​គម្រោង CLV ។ លោក ឃ្លោក លាភ ឱ្យ​ដឹង​ថា បាតុករ​នៅ​ប្រទេស​កូរ៉ខាងត្បូង​រាប់​ពាន់​នាក់​នឹង​ចេញ​ធ្វើ​បាតុកម្ម​គគ្រឹកគគ្រេង​នៅ​កណ្តាល​ទីក្រុង​សេអ៊ូល ដោយសារ​ពួកគាត់​ខ្វល់ខ្វាយ​ខ្លាច​បាត់បង់​ទឹកដី ក្រោម​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​បន្ត​ទៀត។

លោក ឃ្លោក លាភ៖ «បងប្អូន​នៅ​ប្រទេស​កូរ៉េ​គាត់​សស្រាក់​សស្រាំ​គ្នា ពួកគាត់​ចងក្រង​គ្នា​តាម​បណ្ដាញ​តាម​តំបន់​ឆ្ងាយ​ពី​ទីក្រុង​សេអ៊ូល​នាំ​​គ្នា​ជិះ​ឡានក្រុង​ដូច​ពី​មុន​អ៊ីចឹង គឺ​ពួកគាត់​រៀបចំ​ដោយ​ខ្លួនឯង និយាយ​ចំ​ពួកគាត់​ខ្វល់ខ្វាយ ឈឺចាប់ ​ងើប​ឈរ​រៀបចំ​ដោយ​ខ្លួនឯង ដូច្នេះ​ពួក​យើង​គ្រាន់តែ​សម្ដែង​មតិ​ស្នើ​ទាមទារ ​ដាច់ខាត យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្តាប់​សំឡេង​រាស្រ្ត បើសិន​កើត​ចេញ​ពី​រាស្រ្ត​ត្រូវ​ស្តាប់​រាស្រ្ត រាស្រ្ត​ឱ្យ​ដក​គម្រោង​CLV ហ្នឹង ហេតុ​អ្វី​បាន​ជា​មិន​ដក ហេតុ​អ្វី​ផ្គើន នៅតែ​គំរាមកំហែង សួរ​ថា​តើ​មាន​ផែនការ​សម្ងាត់​អ្វី​នៅ​ក្នុង​គម្រោង CLV ហ្នឹង»

ជាមួយ​គ្នា​នេះ​ដែរ តំណាង​បាតុករ​នៅ​តំបន់​អ៊ូលសាន (Ulsan) លោកស្រី ថោង ធារី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកចូលរួម​ធ្វើ​បាតុកម្ម​ពី​តំបន់​លោកស្រី​រស់នៅ​ជាង​រយ​នាក់​នឹង​ត្រូវ​ងើប​ពី​ព្រលឹម ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង និង​តាម​មធ្យោបាយ ​ផ្ទាល់ខ្លួន​ដោយ​ត្រូវ​ធ្វើ​ដំណើរ​រយៈពេល​ជាង​៤ម៉ោង​ទៅ​ទីតាំង​បាតុកម្ម​នៅ​ទីក្រុង​សេអ៊ូល ចំណែក​អ្នក​ដែល​ខកខាន​ចូលរួម​បាតុកម្ម​បាន​ឧបត្ថម្ភ​ជា​ថវិកា និង​ម្ហូប​អាហារ​ជាដើម។ លោកស្រី​ថា មូលហេតុ​​ដែល​ប្រជាពលរដ្ឋខ្មែរ ជាពិសេស​យុវជន​នៅ​ប្រទេស​កូរ៉េ​បន្ត​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​មហា​បាតុកម្ម​សាជាថ្មី ពីព្រោះ​ពួកគាត់​មិន​ជឿ​ថា មេដឹកនាំ​ក្រុងភ្នំពេញ​មាន​ចេតនា​ស្មោះត្រង់​ការពារ​ទឹកដី​កម្ពុជា​ឱ្យ​បានគង់វង្ស​នោះ​ឡើយ។

លោកស្រី ថោង ធារី៖ «យុវជន​ដែល​នៅ​ប្រទេស​កូរ៉េ​នេះ​យល់​ដឹង​ច្រើន​អំពី​បញ្ហា​ប្រទេស​ជាតិ គាត់​ចូលរួម​ដោយ​សប្បាយ​ចិត្ត ចូលរួម​រៀងៗ​ខ្លួន។ រដ្ឋាភិបាល​គំរាមកំហែង​សព្វ​បែបយ៉ាង អ៊ីចឹង​ពួក​យើង​មិន​ចុះចាញ់ ពួកយើង​នៅតែ​ធ្វើ​បន្ត​ទៀត​ដើម្បី​ប្រទេសជាតិ​មួយ​នេះ ដើម្បី​បងប្អូន​យើង​ទាំងអស់​គ្នា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ហ្នឹង»

នេះ​ជា​បាតុកម្ម​លើក​ទី២ បន្ទាប់​ពី​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រាប់​ម៉ឺន​នាក់​​កាល​ពី​ថ្ងៃទី១១ ខែ​សីហា បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​(Seoul) ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង CLV និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​ខេត្ត​៤​របស់​ខ្មែរ​ចេញ​ពី​គម្រោង​នេះ​ម្តង​រួចហើយ។

ទន្ទឹម​នឹង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ សហគមន៍​ខ្មែរ​រស់​នៅ​រដ្ឋធានី​វ៉ាស៊ីតោន (Washington)ក៏​មាន​ពលរដ្ឋខ្មែរ​មកពី​បណ្ដា​រដ្ឋ​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​ត្រៀម​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ទី៣១ ខែសីហា ដើម្បី​សម្ដែង​មតិ​រួមគ្នា​ផ្ញើ​សារ​ទៅ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​គម្រោង​CLV ដែរ។

ចាប់តាំង​ពី​ចុង​ខែកក្កដា​មក ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស បាន​បង្ហាញ​ក្តី​កង្វល់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដក​ខេត្ត​ខ្មែរ​ទាំង៤ នៅ​ភាគ​ឦសាន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍ ដើម្បី​កុំ​ឲ្យ​រង​ការ​ឈ្លាន​ពាន​ទឹកដី និង​សេដ្ឋកិច្ច​ពី​ប្រទេស​វៀតណាម ដូច​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ប៉ុន្តែ​រដ្ឋាភិបាល​របស់​ត្រកូល​ហ៊ុន មិន​បាន​ពិចារណា​ចំពោះ​ក្តី​កង្វល់​របស់​ពលរដ្ឋខ្មែរ​នោះ​ទេ ថែមទាំង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ព្រមាន​បង្ក្រាប​បង្ហូរ​ឈាម និង​ប្រើប្រាស់​គុកច្រវ៉ាក់​ចំពោះ​ពលរដ្ឋ​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ និង​បញ្ចេញមតិ​រឿង​ទឹកដី​នេះ ដែល​មហាជន​ចោទសួរ​ថា​តើ​លោក ហ៊ុន សែន មាន​ផែនការ​សម្ងាត់​អ្វី​ជាមួយ​ប្រទេស​វៀតណាម ទើប​មេដឹកនាំ​រូប​នេះ​ជ្រើសរើស​មធ្យោបាយ​ហិង្សា​ជាជាង​ស្តាប់​ក្តី​កង្វល់​ពលរដ្ឋខ្មែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី៣១ ខែ​សីហា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត មានប្រសាសន៍​ថា​បាតុកម្ម​សម្តែង​មតិ​ដោយ​សន្តិវិធី​ជា​សិទ្ធិ​សេរីភាព​ដោយ​មិនមែន​ជា​សកម្មភាព​ខុសច្បាប់​នោះ​ទេ។ លោក​មើលឃើញ​ថា ការគំរាមកំហែង​ផង ទប់ស្កាត់​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​រឿង​បញ្ហា​ទឹក​ដីគឺ​រដ្ឋាភិបាល​រំលោភ​ច្បាប់ ហើយ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ការ​តស៊ូមតិ​របស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​កន្លង​មក​ឈរ​លើ​ភាព​ត្រឹមត្រូវ និង​​មាន​ប្រសិទ្ធភាព ដូច្នេះ​ពលរដ្ឋខ្មែរ​គួរ​បង្កើន​សកម្មភាព​តវ៉ា​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ។

លោក ម៉ែន ណាត៖ «ពលរដ្ឋ​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​កំពុង​ធ្វើ​ត្រូវ​ហើយ​ដោយ​មិន​ឈប់ឈរ ម្យ៉ាងទៀត​នៅ​លើ​បណ្ដាញ​សង្គម​និយាយ​ជា​រៀង​រាល់ថ្ងៃ ដូច្នេះ​វា​ជា​សម្ពាធ​មួយ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ CLV ហ្នឹង ពីព្រោះ​វា​គ្រោះថ្នាក់​សម្រាប់​ជាតិ​យើង​ធ្ងន់​ណាស់ សម្រាប់​អនាគត ហើយ​មិនមែន​ទាមទារ​ឱ្យ​ដក​ហ្នឹង​បាន​ប្រយោជន៍​ដល់​ពលរដ្ឋ ឬ​អ្នក​ទាមទារ​ទេ តែ​អ្នក​ដែល​បាន​ប្រយោជន៍​មុន​គេ​គឺ​មន្ត្រី​រដ្ឋាភិបាល​ដដែល​ហ្នឹង បើ​ដក​ខ្លួន​ចេញ​ពី​ CLV ទៅ​គ្រួសារ​ហ៊ុន​អាច​មាន​កិត្តិយស​សម្រាប់​ជាតិ តែ​បើ​មិន​ដក​ទេ​គ្រួសារ​ហ៊ុន​កាន់តែ​រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា​ពាក់ព័ន្ធ​ការ​ធ្វើ​សម្បទាន​ទឹកដី​ជាតិ​ដល់​ប្រទេស​ជាតិ​ខាង»

ក្រុម​បាតុករ​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​គ្រប់​និន្នាការ​ចូលរួម​បាតុកម្ម សម្តែង​មតិ​នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​ឱ្យ​ផុលផុស​​បន្ត​ទៀត ដើម្បី​បង្ហាញ​អំពី​កម្លាំង​សាមគ្គី និង​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍ CLV ដែល​ជា​គម្រោង​ហានិភ័យ​ដល់​ជោគវាសនា​ជាតិ ដរាបណា​រដ្ឋាភិបាល​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិន​ស្ដាប់​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ឲ្យ​ដក​គម្រោង​នេះ​ទេ។ ពួកគាត់​បញ្ជាក់​ថា​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខេត្ត​ខ្មែរ​ទាំង៤​ចេញ​ពី​គម្រោង CVL នៅ​ពេល​នេះ​មាន​សារៈសំខាន់​ដើម្បី​កុំ​ឲ្យ​រង​ការឈ្លានពាន​ទឹកដី​ពី​ប្រទេស​វៀតណាម ហើយ​ពិបាក​ទាមទារ​នៅ​ថ្ងៃ​ក្រោយ ដូច​ទឹកដី​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។