ពលរដ្ឋខ្មែរនៅប្រទេសនូវែលហ្សេឡង់ធ្វើបាតុកម្មប្រឆាំងគម្រោង CLV-DTA និងទាមទារស្ដារប្រជាធិបតេយ្យ
2024.09.28
តំណាងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃខ្មែរមកពីទីក្រុងមួយចំនួនក្នុងប្រទេសនូវែលហ្សេឡង់ (New Zealand) ប្រមាណ ៥០អង្គ និងនាក់បានចេញលើកបដាធ្វើបាតុកម្ម និងដាក់ញត្តិនៅមុខរដ្ឋសភាប្រទេសនេះ ដើម្បីទាមទារឲ្យលោក ហ៊ុន សែន បង្ហាញចិត្តស្មោះត្រង់ក្នុងការដកខ្លួនកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម (CLV-DTA) ព្រមទាំងស្នើឱ្យមានការផ្សះផ្សាជាតិតាមរយៈការស្ដារប្រជាធិបតេយ្យទើបកម្ពុជាអាចការពារបូរណភាពទឹកដី អធិបតេយ្យជាតិបានគង់វង្ស។
បាតុករជាពលរដ្ឋខ្មែរចេញតវ៉ានៅមុខរដ្ឋសភាប្រទេសនូវែលហ្សេឡង់ (New Zealand) ក្នុងទីក្រុងវេលលីនតុន (Wellington) នៅថ្ងៃទី២៨ ខែកញ្ញា។ អ្នកតវ៉ាលើកបដាដៃកាន់ទង់ជាតិទាំងនោះបញ្ជាក់ថា បាតុកម្មនេះរៀបចំឡើងដោយសារពលរដ្ឋខ្មែររស់នៅទីនោះមើលឃើញរដ្ឋាភិបាលត្រកូល ហ៊ុន មានចេតនាមិនស្មោះត្រង់ក្នុងការដកគម្រោង CLV-DTA កាលពីថ្មីៗ នេះ និងបន្តឃុំខ្លួនអ្នកបញ្ចេញមតិរឿង CLV ខណៈដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុនវៀតណាម និងសន្ធិសញ្ញាព្រំដែន ដែលនាំឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាមកន្លងមកនៅតែបន្តទៀត។
តំណាងបាតុករ និងជាប្រធានសមាគមខ្មែរ ខែនធឺប៊ឺរី (CANTERBURY) នៃប្រទេសនូវែលហ្សេឡង់ (New Zealand ) លោក សៅ រ៉ាស៊ី ថ្លែងទៅកាន់អ្នកចូលរួមដោយរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន ថា ការដកកិច្ចសហប្រតិបត្តិការ CLV ជាមួយប្រទេសឡាវ និងវៀតណាម គ្រាន់តែជាលេសរៀបចំឡើង ដើម្បីឱ្យពលរដ្ឋស្ងប់ចិត្តក្នុងការចេញតវ៉ាប្រឆាំងអំណាចគ្រួសារត្រកូល ហ៊ុន មួយពេល។ ប៉ុន្តែលោកថា ជាក់ស្ដែង លោក ហ៊ុន សែន មិនបានដកកម្ពុជាចេញឱ្យពិតប្រាកដនោះទេ ពីព្រោះកិច្ចព្រមព្រៀង និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលបើកដៃឱ្យពលរដ្ឋវៀតណាមកម្ពុជាក្រោមរូបភាពអភិវឌ្ឍន៍នៅក្នុងគម្រោង CLV កន្លងទៅ គឺលោក ហ៊ុន សែន នៅរក្សាទុកដដែល។ លោក សៅ រ៉ាស៊ី ថា បញ្ហានេះ កម្ពុជានៅតែមានហានិភ័យបាត់បង់ទឹកដីនៅថ្ងៃខាងមុខ បើពលរដ្ឋខ្មែរមិនងើបតវ៉ាប្រឆាំងនោះទេ។
ស្រដៀងគ្នានេះ លោក ស៊ុន្នី គង់ ដែលចូលរួមបាតុកម្មបានឡើងសម្តែងដោយរៀបរាប់ថា លោកចូលរួមបាតុកម្មនេះ ដោយសារមិនពេញចិត្តរដ្ឋាភិបាលកម្ពុជាដឹកនាំប្រទេសផ្ដាច់ការ ដោយធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ និងអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលឥតឈប់ឈរ។ ម្យ៉ាងទៀតលោកបារម្ភខ្លាចបាត់បង់ទឹកដីខ្មែរទៅប្រទេសវៀតណាមដូចសម័យអតីតកាល ស្របពេលលោក ហ៊ុន សែន ដឹកនាំប្រទេសផ្ដាច់ការ ធ្វើបាបពលរដ្ឋខ្មែរស្លូតត្រង់។
ក្រៅពីនេះ ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី (Australia) នឹងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅទីក្រុងកង់បេរ៉ា (Canberra)នៅថ្ងៃទី៣០ ខែកញ្ញា។ ក្រុមយុវជននៅប្រទេសកូរ៉េខាងត្បូង នឹងធ្វើបាតុកម្មជាលើកទី៣ នៅទីលានក្វាំងជូធំ នៅថ្ងៃទី១៣ ខែតុលា រីឯពលរដ្ឋខ្មែរនៅសហរដ្ឋមេរិកនឹងធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតុនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ហើយនៅអឺរ៉ុបវិញ នឹងធ្វើមហាបាតុកម្មរំលឹកខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៦ ខែតុលា។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី២៧ ខែកញ្ញា។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ហេតុផល ដែលពលរដ្ឋខ្មែរនាំគ្នាចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA បន្តទៀត គឺជារឿងត្រឹមត្រូវ ដោយសារគម្រោងជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ CLV និងជនអន្តោប្រវេសន៍វៀតណាមជាដើម រដ្ឋាភិបាលមិនទាន់ចាត់វិធានការនៅឡើយ។ លោកមើលឃើញថា ការណ៍ ដែលពលរដ្ឋខ្មែរមិនទុកចិត្តមកពីរដ្ឋាភិបាលធ្វើសេចក្ដីសម្រេចជុំវិញបញ្ហាព្រំដែនកន្លងមកគ្មានតម្លាភាព និងមិនបានពិគ្រោះមតិយោបល់ចម្រុះពីគ្រប់ភាគី ឬសំឡេងប្រឆាំង ខណៈអ្នកនិយាយរិះគន់ត្រូវជាប់ពន្ធនាគារទាំងអយុត្តិធម៌ទៅវិញ។
កាលពីពេលថ្មីៗ នេះ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ចេញមុខប្រកាសជំនួសកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថា កម្ពុជាបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។
ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋប្រកាសបន្តគម្រោងធ្វើបាតុកម្ម ឬសកម្មភាពនានា ដើម្បីទាមទារឲ្យរដ្ឋាភិបាលបង្ហាញភាពច្បាស់លាស់រឿងដកកម្ពុជាចេញពីកិច្ចព្រមព្រៀងទាំងនៅក្នុងកិច្ចសហប្រតិបត្តិការ CLV ទាំងស្រុង ព្រមទាំងទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំមនសិការ ព្រមទាំងទាមទាររដ្ឋាភិបាលឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។