ពលរដ្ឋ​ខ្មែរ​ប្រកាស​នាំ​គ្នា​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​មុខ​អគារ​រៀបចំ​វេទិកា​ចំណេះដឹង​ពិភពលោក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង

ដោយ ច័ន្ទ ដារ៉ូ
2024.09.09
ពលរដ្ឋ​ខ្មែរ​ប្រកាស​នាំ​គ្នា​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​មុខ​អគារ​រៀបចំ​វេទិកា​ចំណេះដឹង​ពិភពលោក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា (អាវខៀវកណ្ដាល) ចូលរួមនៅ​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក នៅ​ប្រទេស​កូរ៉េខាងត្បូង​ នៅ​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រកាស​នាំ​គ្នា​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ពី​មុខ​អគារ​រៀបចំ​វេទិកា​ចំណេះដឹង​ពិភពលោក ដែល​លោក​ចូលរួម​នៅ​ថ្ងៃ​ទី១០ ខែកញ្ញា ដែល​ក្រុម​អ្នក​តវ៉ា​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​ផ្ដាច់ការ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ អ្នក​ឃ្លាំមើល​យល់​ថា លោក ហ៊ុន សែន គួរ​បើក​ចិត្ត​ទទួល​សំណើ ឬ​ក្ដី​កង្វល់​ពលរដ្ឋ​ខ្មែរ​យក​ទៅ​ដោះ​ស្រាយ ហើយ​ងាក​ទៅ​ផ្សះផ្សា​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លួន​ជា​មុន ទើប​លោក​មាន​គុណ​តម្លៃ​សម្រាប់​ជាតិ និង​ពិភពលោក។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​លើក​ឡើង​ថា នឹង​នាំ​គ្នា​ចេញ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១០ ខែកញ្ញា នៅមុខ​ច្រក​ចូល​អគារ អ៊ីនស្ប៉ាយអើរ៍ អនធ័រធេនមិន រីសត (Inspire Entertainment Resort) ក្នុង​ទីក្រុង​អ៊ីនឆន់ (Incheon) ជា​កន្លែង​ដែល​លោក ហ៊ុន សែន ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី២៥ នៅ​ប្រទេស​កូរ៉េខាងត្បូង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស សុខេម ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា​ថា ពួក​លោក​នឹង​ឈរ​លើក​បដា​សម្ដែង​មតិ នៅ​មុខ​ច្រក​ចូល​អគារ​នៃ​កិច្ចប្រជុំ អម​ដោយ​ញត្តិ​មាន​ហត្ថលេខា​ពី​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីនោះ ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ដក​ខេត្ត​ខ្មែរ​ចំនួន៤ ចេញ​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ព្រមទាំង​ទាមទារ​ឱ្យ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយសារ​ហេតុផល​នយោបាយ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ។ ម្យ៉ាង​ទៀត លោក​ថា ការ​សម្ដែង​មតិ​នេះ ក៏​ជា​សារ​សំខាន់​មួយ​ចង់​បង្ហាញ​ឱ្យ​មេ​ដឹក​នាំ​ពិភព​លោក​មើល​ឃើញ​ថា លោក ហ៊ុន សែន ដែល​មាន​វត្តមាន​នៅ​លើ​វេទិកា​នោះ គឺ​ជា​មេ​ដឹកនាំ​ផ្ដាច់ការ ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ស សុខេម៖ «វត្តមាន​គាត់​នៅ​ក្នុង​វេទិកា​នេះ​មិន​ស័ក្ដិសម​ទេ ពីព្រោះ​គាត់​មិនមែន​ជា​អ្នក​នាំ​សុខដុមរមនា​ដល់​ពិភពលោក​ទេ។ ដូច​យើង​ឃើញ​ជាក់ស្ដែង​អ៊ីចឹង ការបំផ្លាញ​ធនធាន​ធម្មជាតិ ព្រៃឈើ គឺ​នាំ​ឱ្យ​តែ​ពិភពលោក​ក្ដៅ​ក្រហាយ​ទេ ហើយ​ពលរដ្ឋ​​ក្នុង​ស្រុក ក៏​ក្ដៅ​ក្រហាយ​ផង​ដែរ ដោយសារ​គាត់​បាន​បំបាក់ បាន​បំផ្លាញ​គេ។ ខ្ញុំ​ជឿជាក់​ថា សារ​នេះ​យើង​ផ្ញើ​ទៅ​លោក ហ៊ុន សែន សម្រាប់​ពួក​យើង គឺ​សារ​ហ្នឹង​សំខាន់ ហើយ​សម្រាប់​រូបភាព​យើង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ដោយសារ​ដឹង​ថា គាត់​មាន​វត្តមាន​ផ្ទាល់ ហើយ​នៅ​កៀក​យើង​មែន​ទែន»

ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន រួម​ជាមួយ​មន្ត្រី​កម្ពុជា​ជា​ច្រើន​រូប បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ​នៅ​រសៀល​ថ្ងៃ​ទី៩ ខែកញ្ញា ដើម្បី​ចូលរួម​វេទិកា “ចំណេះដឹង​ពិភពលោក​លើក​ទី២៥” ក្រោម​ប្រធានបទ “មាគ៌ា​ឆ្ពោះ​ទៅ​រក​សហត្ថិភាព” ឬ​ហៅ​ថា ដំណើរ​ទៅ​រក​ការ​រួមរស់​ជាមួយ​គ្នា និង​អត់ឱន​ឱ្យ​គ្នា។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន អះអាង​នៅ​លើ​ហ្វេសប៊ុក​ថា អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា លោក​ក៏​នឹង​ជួប​មេ​ដឹកនាំ​កូរ៉េ​ខាង​ត្បូង រួម​មាន​ប្រធានាធិបតី ប្រធាន​សភា និង​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​របស់​កូរ៉េ។ បន្ទាប់​មក លោក​នឹង​ទៅ​ទទួល​សញ្ញាប័ត្រ​កិត្តិយស “ភាព​ជា​មេដឹកនាំ និង​ការ​កសាង​សន្តិភាព” នៅ​ខេត្ត​ឃ្យុងសាងបុកដូ​(Gyeongsangbuk-Do ) ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ដុងហ្គុក (Dongguk University)

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មើល​ឃើញ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​វត្តមាន​ដល់​ទីណា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​តែង​ធ្វើបាតុកម្ម​ប្រឆាំង​ដល់​ទីនោះ​ដោយសារ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន អសមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ជាតិ និង​រំលោភ​សិទ្ធិមនុស្ស។ លោក ម៉ែន ណាត យល់​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិចារណា​ចំពោះ​សំណើ​របស់​ក្រុម​បាតុករ​ខ្មែរ​ទាំង​នោះ ដើម្បី​ពិនិត្យ​រក​ដំណោះស្រាយ​ឱ្យ​មាន​យុត្តិធម៌ និង​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​ទើប​ស័ក្ដិសម​ជា​មេដឹកនាំ​លើក​មុខមាត់​ជូន​ជាតិ និង​ចែករំលែក​ចំណេះដឹង​អំពី​ការ​រួមរស់​ជាមួយ​គ្នា និង​អត់ឱន​នៅ​ក្នុង​សង្គម​នោះ​បាន។

លោក ម៉ែន ណាត៖ «បើ​លោក ហ៊ុន សែន ទៅ​តែ​ប្រជុំ​ហើយ រួច​មក​ផ្សព្វផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ភូតភរ​ប្រជាពលរដ្ឋ ហ្នឹង​វា​មិន​ឆ្លុះបញ្ចាំង​ពី​ខ្លឹមសារ ដែល​គាត់​ចូលរួម​ប្រជុំ​ហ្នឹង​ទេ ហើយ​គាត់​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​សាហាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា អា​ហ្នឹង​រឹតតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​កាន់តែ​ខឹង​សម្បារ​នាំគ្នា​ធ្វើ​បាតុកម្ម តវ៉ា​ទ្រង់ទ្រាយ​ធំ​ទៅៗ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គំនិត​ទុច្ចរិត​ហ្នឹង​ចោល»

ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​លើក​ឡើង​ថា ការណ៍​ដែល​លោក ហ៊ុន សែន ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​តែមួយ​ថ្ងៃ​នៅ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ ហាក់​មាន​ចេតនា​ចង់​បិទបាំង​ព័ត៌មាន ទំនង​ដោយសារ​លោក ហ៊ុន សែន ខ្លាច​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ប្រមូល​គ្នា​ធ្វើ​មហា​បាតុកម្ម​លាតត្រដាង​ការ​ពិត ធ្វើ​ឱ្យ​លោក​រង​ភាព​អាម៉ាស់ ចំពោះ​សហគមន៍​អន្តរជាតិ ដោយសារ​ការដឹកនាំ​ប្រទេស​ផ្ដាច់ការ បំផ្លាញ​ប្រជាធិបតេយ្យ​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។