មន្ត្រីបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ ធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃស
2023.11.19
គ្រួសារអះអាងថា មន្ត្រីគណបក្សភ្លើងទៀនគឺលោក ខឿ វីរ៉ាត់ ធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃស ដោយសារមន្ត្រីពន្ធនាគារមិនសូវយកចិត្តទុកដាក់ថែទាំ ជាពិសេសមិនអនុញ្ញាតឱ្យលោកទៅព្យាបាលជំងឺតាមការណែនាំរបស់គ្រូពេទ្យនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សស្នើដល់អាជ្ញាធរពន្ធនាគារយកចិត្តទុកដាក់ព្យាបាលជំងឺរបស់ជនជាប់ឃុំឱ្យបានត្រឹមត្រូវ។
សាច់ញាតិលោក ខឿន វីរ៉ាត់ ព្រួយបារម្ភពីសុខភាពរបស់មន្ត្រីបក្សប្រឆាំងរូបនេះ កំពុងធ្លាក់ខ្លួនឈឺ ក្នុងពន្ធនាគារអាចប៉ះពាល់សុខភាពកាន់តែធ្ងន់ ប្រសិនបើមិនបញ្ជូនគាត់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារទាន់ពេល។
ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ គឺលោកស្រី ថាច់ ចន្ធូ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា កាលនៅមានសេរីភាព ប្តីលោកស្រីតែងព្យាបាលជំងឺពកក និងជំងឺលើសឈាមពីគ្រូពេទ្យជំនាញ ប៉ុន្តែក្រោយពេលជាប់ឃុំរយៈ១០ខែមកនេះ ប្តីលោកស្រីបានខកខានពិនិត្យតាមដានដែលធ្វើឱ្យជំងឺធ្វើទុក្ខរហូតវិលមុខ និងញ័រដៃជើងជាដើម។ លោកស្រីបន្ថែមថា ប្តីលោកស្រីបានក្តៅខ្លួនស្លេកស្លាំងខ្លាំងជាច្រើនថ្ងៃមកនេះ ។ ទោះបីយ៉ាងណាក្តី លោកស្រីមិនទាន់ទទួលដំណឹងអំពីមូលហេតុជំងឺ និងស្ថានភាពសុខទុក្ខប្តីនៅឡើយទេ ក្រោយពេលគ្រូពេទ្យនៅក្នុងពន្ធនាគារចូលយកឈាមទៅពិនិត្យនៅមន្ទីរពិសោធន៍រួចមក។
លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំថាបើខាងពន្ធនាគារអត់មើលគាត់ឱ្យបានដុតដល់ទេ មានន័យថា គ្រោះថ្នាក់ដល់គាត់ ពីព្រោះយើងឈឺត្រូវមានពេទ្យគ្រាប់គ្រាន់សម្រាប់ពិនិត្យ ដល់ពេលយើងឈឺអ៊ីចឹងអត់មានអ្នកណាមើលយើងដុតដល់ទៅ ខ្លាចគ្រោះដល់គ្រួសារខ្ញុំដែរ ដល់ពេលអ៊ីចឹងខ្ញុំបារម្ភដែរយើងអត់បានមើលថែទាំគាត់»។
លោកស្រី ថាច់ ចន្ធូ ឱ្យដឹងថា កាលពីពេលថ្មីៗនេះគ្រូពេទ្យជំនាញនៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា (Mercy Medical Center Cambodia) បានចេញលិខិតបញ្ជាក់ថា លោក ខឿន វីរ៉ាត់ មានជំងឺពកកកម្រិតធ្ងន់ដោយតម្រូវឱ្យអ្នកជំងឺត្រូវពិនិត្យព្យាបាល និងបើកថ្នាំដោយផ្ទាល់ក្នុងរយៈពេលមួយខែម្តង។ ប្រពន្ធមន្ត្រីបក្សភ្លើងទៀនរូបនេះអះអាងថា លោកស្រីបានប្រគល់លិខិតនោះឱ្យទៅគ្រូពេទ្យនៅពន្ធនាគារព្រៃស ជួយអន្តរាគមន៍ដែរ ប៉ុន្តែអាជ្ញាធរមិនទាន់ឱ្យលោក ខឿន វីរ៉ាត់ អាចទទួលការព្យាបាលជំងឺតាមការណែនាំរបស់គ្រូពេទ្យយ៉ាងណានោះទេ។
លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំអំពាវនាវដល់មន្ត្រីពន្ធនាគារជួយមើលប្តីរបស់ខ្ញុំឱ្យបានដុតដល់ ហើយខ្ញុំមានតែស្នើដល់តុលាការ និងថ្នាក់ដឹកនាំនៅប្រទេសកម្ពុជាដោះលែងប្តីរបស់ខ្ញុំឱ្យនៅក្រៅឃុំដើម្បីបានព្យាបាលជំងឺនៅខាងក្រៅវិញ នៅហ្នឹងគាត់មិនអាចចេញក្រៅបាន និងអត់មានថ្នាំគ្រប់គ្រាន់សម្រាប់គាត់ហូបទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា មិនទាន់ឆ្លើយតបនឹងសំនួររបស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមនៅឡើយទេនៅថ្ងៃទី១៨ ខែវិច្ឆិកា។
កន្លងមកសកម្មជន ប្រជាពលរដ្ឋ និងអង្គការផ្នែកសិទ្ធិមនុស្សមួយចំនួន ធ្លាប់បានរិះគន់អាជ្ញាធរក្រុងភ្នំពេញជុំវិញការអនុវត្តស្តង់ដារពីរ ចំពោះអ្នកជាប់ឃុំដែលក្រីក្រ និងអ្នកមានលុយមានអំណាច។ អ្នកជាប់ឃុំក្រីក្រ និងអ្នកទោសមនសិការ មិនងាយទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅឡើយ ទោះជាពួកគេមានជំងឺធ្ងន់ធ្ងរ ឬក៏ស្នើសុំច្រើនដងបែបណាក្ដី។ ផ្ទុយទៅវិញ អ្នកជាប់ឃុំខ្លះដែលជាឧក្រិដ្ឋជន តែមានលុយ ឬមានអំណាច អាចទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលរយៈពេលវែងនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរមានតួនាទីយកចិត្តទុកដាក់ចំពោះជនជាប់ឃុំ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ទោះបីពួកគេមកពីនិន្នាការណាក៏ដោយ។ លោកយល់បើសិនករណីគ្រូពេទ្យនៅក្នុងពន្ធនាគារពុំមានលទ្ធភាពព្យាបាលជំងឺនោះទេ អាជ្ញាធរពន្ធនាគារគួរតែស្នើសុំតុលាការអនុញ្ញាតឱ្យ លោក ខឿន វីរ៉ាត់ បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ពីព្រោះការធ្វេសប្រហែលឱ្យនាំគ្រោះថ្នាក់ដល់អាយុជីវិត ឬប៉ះពាល់សុខភាពរបស់ជនជាប់ឃុំជាការទទួលខុសត្រូវរបស់មន្ត្រីពន្ធនាគារចំពោះមុខច្បាប់។
លោក អំ សំអាត៖ «បញ្ហាដែលគេរិះគន់ពីលំហសេរីភាពនយោបាយមានការធ្លាក់ចុះហ្នឹង ហើយអាណត្តិទី៦ ដែលជាឈាមជ័រថ្មីផង ខ្ញុំគិតថាដើម្បីសម្រួលលំហនយោបាយហ្នឹង សកម្មជននយោបាយដែលពាក់ព័ន្ធការចោទប្រកាន់ដែលគេរិះគន់ថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់នោះគួរតែពិចារណាដោះលែង ឱ្យមានសេរីភាពដើម្បីបើកលំហសេរីភាពនយោបាយហ្នឹងឱ្យបានទូលាយឡើងវិញបាទ»។
លោក ខឿន វីរ៉ាត់ វ័យ ៣៣ឆ្នាំ មានដើមកំណើតខ្មែរក្រោម និងជាអ្នកនយោបាយថ្នាក់មូលដ្ឋានដ៏សកម្ម និងស្មោះត្រង់ចំពោះឆន្ទៈម្ចាស់ឆ្នោតដែលបោះឆ្នោតឱ្យលោកក្លាយជាចៅសង្កាត់រងទី១ នៅក្រុងភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ បច្ចុប្បន្នលោកជាប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្សភ្លើងទៀន។ អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនលោក រួមជាមួយមន្ត្រីបក្សភ្លើងទៀនពីររូបផ្សេងទៀតគឺ លោក តូច ថឹង និងអ្នកស្រី នូ សុទ្ធារី កាលពីថ្ងៃទី២៤ ខែមីនា ក្រោយតុលាការក្រុងភ្នំពេញកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះលើបណ្តឹងជំទាស់របស់លោក ខឿន វីរ៉ាត់ និងអ្នកស្រី នូ សុទ្ធារី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ ប៉ុន្តែគ្រួសារសង្ឃឹមថា សាលាឧទ្ធរណ៍ភ្នំពេញនឹងទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងប្តី និងសកម្មជនផ្សេងទៀតឲ្យមានសេរីភាពឡើងវិញ ពីព្រោះការឃុំខ្លួនមនុស្សដែលស្អាតស្អំឱ្យរងទុក្ខវេទនាបែកបាក់គ្រួសារគឺការដាក់ទណ្ឌកម្មផ្លូវចិត្ត និងផ្លូវកាយលើអ្នកតស៊ូដើម្បីបុព្វហេតុជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។