សកម្មជន​គណបក្ស​ភ្លើង​ទៀន​ស្វែងរក​កម្លាំង​គាំទ្រ​ពី​ពលករ​នៅ​ប្រទេស​ថៃ

ដោយ សុជីវី
2022.11.27
Share on WhatsApp
Share on WhatsApp
សកម្មជន​គណបក្ស​ភ្លើង​ទៀន​ស្វែងរក​កម្លាំង​គាំទ្រ​ពី​ពលករ​នៅ​ប្រទេស​ថៃ ស្លាកសញ្ញារបស់គណបក្សភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន

សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទៅ​ស្វែងរក​កម្លាំង​គាំទ្រ​ពី​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ជិត​មក​ដល់។ សកម្មជន​គណបក្ស​ភ្លើង​ទៀន បាន​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​បក្ស និង​លើក​ទឹកចិត្ត​ឲ្យ​ពលករ​ខ្មែរ​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​នេះ។

សកម្មជន​គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​ដំណើរ​ពី​កម្ពុជា​មក​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ពលករ​ខ្មែរ ហើយ​ពួកគាត់​លើក​ទឹក​ចិត្ត​ពលករ​ខ្មែរ​នៅ​ថៃ ឲ្យ​ទៅ​ចូល​រួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០២៣ ខាងមុខ។

ប្រធាន​ក្រុម​ការងារ​ខេត្ត​កោះកុង មក​ពី​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ទៅ​ជួប​ពលករ​ខ្មែរ​នៅ​ថៃ លោក ចិន សុផល ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ថា លោកនិង​ក្រុម​ការងារ​មួយ​ចំនួន​ទៀត​មក​សួរ​សុខទុក្ខ​ពលករ​ខ្មែរ និង​ឆ្លៀត​ឱកាស​ពង្រឹង​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣។ លោក​រីករាយ​ពេល​ដែល​ឃើញ​ពលករ​ខ្មែរ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា និង​មាន​ទឹកចិត្ត​គាំទ្រ​គណបក្ស​ភ្លើងទៀន។ លោក​អំពាវនាវ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ កុំ​ភ្លេច​ទៅ​ចូល​រួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​ដាស់តឿន​មិត្តភ័ក្ដិ​សាច់ញាតិ​ឲ្យ​ទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញ​ចិត្ត៖

«ធ្វើ​ម៉េច​ឲ្យ​មាន​ការ​បោះឆ្នោត​គ្រប់​គ្នា កុំ​ឲ្យ​អាក់ខាន ហើយ​លើក​ទឹក​ចិត្ត​ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ ហើយ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយនិង​ឲ្យ​មាន​ការ​អភិវឌ្ឍ មាន​យុត្តិធម៌​ត្រឹមត្រូវ​ស្របតាម​គោលនយោបាយ​គណបក្ស​ភ្លើង​ទៀន»

សកម្មជន​នយោបាយ​មកពី​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ស្នើ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ទៅ​ចូល​រួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ២០២៣ ទាំងអស់​គ្នា និង​សុំ​ឲ្យ​ពលករ​ខ្មែរ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន។

ពលករ​ខ្មែរ​ប្រមាណ​មួយ​រយ(១០០)នាក់​មក​ពី​តំបន់​ផ្សេងៗ បាន​មក​ជួបជុំ​គ្នា​នៅ​ខេត្ត​នន្ទបុរី (Non Buri) ប្រទេស​ថៃ ដើម្បី​ស្វាគមន៍​ក្រុម​សកម្មជន​គណបក្ស​ភ្លើង​ទៀន និង​បាន​ស្ដាប់​សារ​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ស្ដី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ ហើយ​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

ពលករ​ខ្មែរ​ម្នាក់ ដែល​ចូល​រួម​ក្នុង​ការ​ជួបជុំ​នេះ និង​ជា​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន លោក វត ជីវ័ន្ត ប្រាប់​ថា លោក​នឹង​ខំ​លើក​ទឹកចិត្ត​ដល់​ពលករ​ខ្មែរ​ឲ្យ​ទៅ​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា លោក​ស្រឡាញ់​គោល​នយោបាយ និង​ការ​ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន ហើយ​ជឿជាក់​ថា​គណបក្ស​ភ្លើងទៀន​នឹង​នាំ​មក​នូវ​ការ​រីកចម្រើន​ដល់​ប្រទេស៖

«ចំពោះ​ខ្ញុំ​បាទ​មាន​ការ​រំពឹង​មួយ​រយ​ភាគរយ​ឲ្យ​តែ​គណបក្ស​ភ្លើង​ទៀន​ដូច​ថា​មាន​ការ​សាមគ្គី​គ្នា ហើយ​បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ហ្នឹង​ក៏​បាន​ណែ​នាំ​គាត់​ទៅ​ចុះ​បោះឆ្នោត។ ខ្ញុំ​បាទ​ក៏​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​បងប្អូន​មក​កុះករ»។​

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ទៀត ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ លោក អ៊ុន សុណា ឲ្យដឹង​ថា លោក និង​ពលករ​ខ្មែរ ដែល​មក​ជួបជុំ​ពេល​នេះ គឺ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។ លោក​បន្ត​ថា លោក​ចង់​ឃើញ​ថ្នាក់​ដឹក​នាំ​យក​ចិត្ត​ទុកដាក់​លើ​សុខទុក្ខ​របស់​ពលរដ្ឋ ជាពិសេស​ពលករ​ចំណាក​ស្រុក៖

«ជា​សកម្មជន​មួយ​រូប​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជួយ​ជំរុញ​ពលករ​យើង​នៅ​ក្នុង​ប្រទេស​ថៃ​ហ្នឹង ឲ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​មិនមែន​ផ្លាស់ប្ដូរ​តាម​រយៈ​អំពើ​ហិង្សា​ទេ។ អ៊ីចឹង​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ដែល​ថ្ងៃ​នេះ​បាន​មក​ជួប​បងប្អូន​ពលករ​ដ៏​ច្រើន»

បន្ទាប់​ពី​ការ​ជួបជុំ​នេះ ពលករ​ខ្មែរ​ក៏​បាន​ជជែក​សួរ​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ប្រកប​ដោយ​ភាព​រីករាយ ហើយ​បាន​ហូប​នាំ​បញ្ចុក ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​អាហារ​សាមគ្គី​មួយ​របស់​ខ្មែរ​តាំង​ពី​យូរលង់​មក​ហើយ។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ស្វែងរក​សំឡេង​គាំទ្រ​របស់​គណបក្ស​ភ្លើង​ទៀន នៅ​ប្រទេស​ថៃ ហើយ​មាន​ពលករ​មក​ចូល​រួម​ស្ដាប់ នោះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប​អាច​ប្រើ​បាន​គ្រប់​ទីកន្លែង។ លោក​បន្ត​ថា សូម្បី​តែ​គណបក្ស​កាន់​អំណាច ក៏​មាន​ការ​ឃោសនា​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ដែរ៖

«ជា​រឿង​ធម្មតា​ទេ​គណបក្ស​មួយៗ គាត់​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការ​ជួបជុំ ការ​គាង​គរ ការ​គាំទ្រ​អា​ហ្នឹង​វា​ជា​សេរីភាព​របស់​ពួកគាត់​ហើយ ក្នុង​ប្រទេស​ក្រៅ​ប្រទេស។ ទោះបីជា​បក្ស​កាន់​អំណាច​ក្នុង​ពេល​បច្ចុប្បន្ន​គាត់​ក៏​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ក្រៅ​ប្រទេស​ដែរ។ ទោះបី​ថា​នៅ​ក្នុង​ប្រទេស​គាត់​មាន​អ្នកគាំទ្រ ហើយ​ឈ្នះ​ឆ្នោត​ក្នុង​ការ​ដឹកនាំ​ប្រទេស​ហើយ​ក៏​ដោយ អា​ហ្នឹង​វា​ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នយោបាយ​មួយៗ​ណា​បាទ»​​​​

សកម្មជន​បក្ស​ប្រឆាំង​ឲ្យដឹង​ថា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​ជិត​សែសិប (៣៦) នាក់។ របាយការណ៍​របស់​អង្គការ​​សង់ត្រាល់ ឲ្យដឹង​ថា ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់​មាន​ជាង​ពីរ​លាន(២.០០០.០០០) នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។