លោក រ៉ុង ឈុន ជំរុញ​​ក្រសួងមហាផ្ទៃ​ពន្លឿន​ការ​ឆ្លើយ​តប​នូវ​សំណើ​របស់​គណបក្ស​នេះ

ដោយ តារា រាជសែន
2023.09.16
លោក រ៉ុង ឈុន ជំរុញ​​ក្រសួងមហាផ្ទៃ​ពន្លឿន​ការ​ឆ្លើយ​តប​នូវ​សំណើ​របស់​គណបក្ស​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា។
រូប៖ ហ្វេសប៊ុកលោក ស សុខា

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន ជំរុញ​ក្រសួងមហាផ្ទៃ​គួរ​ពន្លឿន​ការ​ឆ្លើយ​តប​នូវ​សំណើ​របស់​គណបក្ស​នេះ​ដែល​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្មី លោក ស សុខា ដើម្បី​ឱ្យ​ក្រសួង​នេះ​ចេញ​លិខិត​ចុះបញ្ជី​ច្បាប់ដើម​ដល់​គណបក្ស​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ក៏​ជំរុញ​ទៅ​ក្រសួង​មហាផ្ទៃ​គួរ​ឆ្លើយ​តប​តាម​សំណើ​របស់​គណបក្ស​ភ្លើងទៀន ព្រោះ​អ្វី​ដែល​គណបក្ស​នេះ​ស្នើសុំ​ជា​ភារកិច្ច​របស់​ក្រសួង​មហាផ្ទៃ។

រយៈពេល​ជិត​២​សប្ដាហ៍​មក​ហើយ​ដែល​គណបក្ស​ភ្លើងទៀន បាន​ដាក់​លិខិត​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា តែ​ក្រសួង​មហាផ្ទៃ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​កញ្ញា មិន​ទាន់​បាន​ឆ្លើយតប​បែប​ណា​នូវ​សំណើ​របស់​គណបក្ស​ភ្លើងទៀន​នៅឡើយ​ទេ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន យល់​ថា តាម​បែបបទ​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​មិន​គួរ​អូស​បន្លាយ​នៃ​រយៈពេល​ឆ្លើយតប​យូរ​ពេក​ទេ។ លោក​យល់​ថា ត្រឹម​រយៈពេល​៣​ថ្ងៃ ឬ​យូរ​បំផុត​មួយ​សប្ដាហ៍ ក្រសួង​មហាផ្ទៃ គួរ​មាន​ការ​ឆ្លើយតប តែ​ពេល​នេះ​ជិត​២​សប្ដាហ៍​ហើយ ក្រសួង​មហាផ្ទៃ នៅតែ​មិន​ទាន់​ឆ្លើយតប​បែប​ណា​នៅ​ឡើយ។ លោក រ៉ុង ឈុន ជំរុញ​ក្រសួង​មហាផ្ទៃ​គួរ​ផ្ដល់​ព័ត៌មាន​ឱ្យ​គណបក្ស​ភ្លើងទៀន​បានដឹង ទោះ​លោក​រដ្ឋមន្ត្រី​ថ្មី លោក ស សុខា ព្រម​ជួប​ឬ​មិន​ព្រម​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ក្ដី​។ លោក រ៉ុង ឈុន ព្រួយបារម្ភ​ថា ការ​អូសបន្លាយ​ពេលវេលា​វែង​ពេក​ពី​សំណាក់​ក្រសួង​មហាផ្ទៃ បែបនេះ នឹង​ធ្វើ​ឱ្យ​គណបក្ស​ភ្លើងទៀន ពិបាក​រៀបចំ​ភ្នាក់ងារ​របស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការបោះឆ្នោត​អ​សកល​នា​ពេល​ខាងមុខ។

លោក រ៉ុង ឈុន៖ «តាម​បែបបទ​រដ្ឋបាល​ឱ្យ​ជួប​ឬ​មិន​ឱ្យ​ត្រូវតែ​ធ្វើការ​ឆ្លើយតប​ហើយ​គណបក្ស​ភ្លើងទៀន យើង​ចង់​ជួប​ដើម្បី​ជជែក​ថា តើ​មាន​យន្តការ​ណាមួយ​ឬ​ចេញ​ឯកសារ​បែបបទ​លិខិតស្នាម​បែប​ម៉េច​ដើម្បី​ឱ្យ​គ..ប ទទួល​យក​បាន​ក្នុង​ការ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ខាងមុខនេះ»

គណបក្ស​ភ្លើងទៀន បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​០៧ ខែ​កញ្ញា សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ដើម្បី​ឱ្យ​ជួយ​ផ្តល់​ដំណោះស្រាយ​ពាក់ព័ន្ធ​ឯកសារ លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​ដែល​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ។ គណបក្ស​ភ្លើងទៀន ត្រូវ​ការ​ឯកសារ​នេះ​ដើម្បី យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត។ គណបក្ស​ភ្លើងទៀន​រំលឹក​ប្រាប់​ទៅ​ក្រសួង​មហាផ្ទៃ​ថា ដោយ​បញ្ហា​ខ្វះខាត​ឯកសារ​នេះ ធ្វើ​ឱ្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បដិសេធ​មិន​ឱ្យ គណបក្ស​ភ្លើងទៀន ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ខែ​កក្កដា​កន្លង​ទៅ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាន​ទេ​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា​។ ទោះ​យ៉ាងណា លោក ទូច សុខៈ ធ្លាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួងមហាផ្ទៃ​កំពុង​បន្ត​នីតិវិធី​តាម​បែបបទ​រដ្ឋបាល​លើ​សំណើ​របស់​គណបក្ស​នេះ។ លោក​បញ្ជាក់​ថា នៅ​ពេល​មាន​ឆ្លើយតប​បែប​ណា​ក្រសួងមហាផ្ទៃ នឹង​ជូនដំណឹង​ទៅ​គណបក្ស​ភ្លើងទៀន។

ទាក់ទង​ករណី​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា សំណើ​របស់​គណបក្ស​ភ្លើងទៀន ជា​ការ​អនុវត្ត​តាម​នីតិវិធី ដើម្បី​អាច​ឱ្យ​គណបក្ស​នេះ​មានឱកាស​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​។ អ្នកធ្វើ​ការទាក់ទង​កិច្ចការ​បោះឆ្នោត​រូប​នេះ បន្ត​ទៀត​ថា ក្រសួង​មហាផ្ទៃ​ដែល​មាន​ភារកិច្ច ក្នុង​ការ​រក្សាទុក​ឯកសារ​ដើម​របស់​គណបក្ស​នយោបាយ ឬ​គណបក្ស​ភ្លើងទៀន ដូច្នេះ​ប្រសិន​គណបក្ស​នយោបាយ​ណាមួយ​ស្នើសុំ​ទៅ​ក្រសួង​ឱ្យ​ផ្ដល់​ឯកសារ​ទាំងនេះ ក្រសួង​មហាផ្ទៃ​គួរ​មាន​ការ​ឆ្លើយតប ហើយ​ប្រសិនបើ​ក្រសួង​មហាផ្ទៃ មិន​អាច​ផ្ដល់​នូវ​ឯកសារ​ទាំងនេះ​ក៏​គួរ​មានការ​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​មក​គណ​បក្ស​ភ្លើងទៀន​វិញ​ដែរ។

លោក សំ គន្ធាមី៖ «បាទ​ហ្នឹង​តាម​សំណើ​ហ្នឹង​ទៅ​ក្រសួងមហាផ្ទៃ​ការងារ​របស់​គាត់​គាត់​អ្នក​គ្រប់គ្រង កាលណា​នេះ​(​គ្មាន​ឯកសារ​ច្បាប់ដើម​)​អត់​បាន​ចូលរួម​ទេ ដូច​បោះឆ្នោត​រដ្ឋសភា​អ៊ីចឹង​ណា គ..ប អត់​ឱ្យ​ចូលរួម​ទេ​អ៊ីចឹង​រៀបចំ​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់​ណា គ..ប​អត់​ហ៊ាន​បដិសេធ​ទេ»

គណបក្ស​ភ្លើងទៀន​ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ជិត​២​លាន​នាក់ លើកឡើង​ទៀត​ថា ប្រសិនបើ​គណបក្ស​ភ្លើងទៀន គ្មាន​ឯកសារ​ច្បាប់​ដើម​នេះ នឹង​ត្រូវ​ប្រឈម​ការ​បដិសេធ​ជាថ្មី​ដោយ​គ..ប មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៅ​អាណត្តិ​បន្តបន្ទាប់​ខាងមុខ​ជាមិនខាន​។ ទោះ​យ៉ាងណា លោក រ៉ុង ឈុន អះអាង​ថា គណបក្ស​ភ្លើងទៀន ក៏បាន​ត្រៀមខ្លួន​រក​វិធីសាស្ត្រ​ផ្សេងទៀត ដើម្បី​អាច​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាងមុខ ប្រសិនបើ​ក្រសួង​មហាផ្ទៃ​មិន​យល់ព្រម​ផ្ដល់​ឯកសារ​ច្បាប់ដើម​នេះ តែ​លោក រ៉ុង ឈុន សុំ​មិន​ទាន់​បង្ហាញ​យុទ្ធសាស្ត្រ​នោះ​ក្នុង​ពេលនេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។