សកម្មជន​បក្ស​ភ្លើង​ទៀន​ថា អាជ្ញាធរ​មិន​សូវ​ចាប់​អារម្មណ៍​បង្ក្រាប​អ្នក​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​

ដោយ សុជីវី
2022.05.17
Share on WhatsApp
Share on WhatsApp
សកម្មជន​បក្ស​ភ្លើង​ទៀន​ថា អាជ្ញាធរ​មិន​សូវ​ចាប់​អារម្មណ៍​បង្ក្រាប​អ្នក​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​ស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុង​នាំ​គ្នា​លើក​ស្លាក​គណបក្ស​ភ្លើង​ទៀន កាល​ពី​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន ខេត្តស្ទឹងត្រែង

សកម្មជន​គណបក្ស​ភ្លើង​ទៀន ខេត្តស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​មិន​សូវ​ចាប់​អារម្មណ៍ អនុវត្ត​ច្បាប់ ចំពោះ​អ្នក​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មាន​បុគ្គល​ណា​មួយ កម្ទេច​ស្លាក​គណបក្ស​កាន់​អំណាច អាជ្ញាធរ​តែងតែ​មាន​វិធានការ​យ៉ាង​លឿន​ដោយ​កម្រ​នឹង​រួច​ខ្លួន​ណាស់។ ពួក​គេ​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់ ស្តង់ដារ​ពីរ។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ខេត្តស្ទឹងត្រែង លោក តុ ស៊ីសាបុត្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៧ ឧសភាថា មក​ទល់​ពេល​នេះ មាន​ជន​មិន​ស្គាល់​មុខ បាន​វាយ​កម្ទេច​ស្លាក​សញ្ញា គណបក្ស​ភ្លើង​ទៀន ៤ លើក​មក​ហើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា ចាប់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់ មក​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ពួក​លោក​បាន​រាយការណ៍​ជា​ច្រើន​ដង​មក​ហើយ​ក្ដី។

លោក​ថា ស្លាក​សញ្ញា​គណបក្ស​ភ្លើង​ទៀន​មួយ​កន្លែង ក្នុង​ក្រុងស្ទឹងត្រែង ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​កម្ទេច ២ ដង​ជាប់ៗ គ្នា ហើយ​ស្លាក​គណបក្ស​ភ្លើង​ទៀន ពីរ​កន្លែង​ទៀត ឋិត​ក្នុង​ស្រុកសេសាន្ត និង ស្រុកថាឡាបរិវ៉ាត់ ក៏​ត្រូវ​គេ​វាយ​កម្ទេច​ដែរ។ លោក​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ទង្វើ​លង​បន្លាច លើ​ស្មារតី​នយោបាយ របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន ប៉ុន្តែ ពួក​លោក​មិន​ខ្លាច​រអា​នោះ​ឡើយ៖ «ទង្វើ​នេះ​បំភិតបំភ័យ​លើ​គណបក្ស​នយោបាយ​ពិត​មែន តែ​យើង​សំណូមពរ​ដល់​បេក្ខជន​ឈរ​ឈ្មោះ ប្រកួតប្រជែង ព្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​យើង​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង​ហើយ ព្រោះ​មាន​បក្ស​ច្រើន»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តស្ទឹងត្រែង លោក ស្វាយ សំអាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ ឧសភា ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

នៅ​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង សុទ្ធ​តែ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ការ​ពារ​សុវត្ថិភាព​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​បង្ក​បរិយាកាស​ឲ្យ​បាន​ល្អ ជៀស​វាង​អំពើ​ហិង្សា​ទាំង​រាងកាយ និង​ពាក្យ​សម្ដី ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​ សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល