បក្សភ្លើងទៀនរំឭកខួប២៧ឆ្នាំ និងកំណត់ទិសដៅប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣
2022.11.27

គណបក្សភ្លើងទៀនរំឭកខួប២៧ឆ្នាំនៃការបង្កើតគណបក្ស និងកំណត់ទិសដៅសកម្មភាពឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីមានឱកាសដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមជូនប្រជាពលរដ្ឋ។ អ្នកវិភាគនយោបាយមើលឃើញថា សកម្មភាពបក្សនេះនឹងក្លាយជាគូប្រជែងនយោបាយដ៏ធំជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ។

ថ្នាក់ដឹក និងសមាជិកគណបក្សភ្លើងទៀនជាង ៣.០០០(ប្រាំមួយពាន់)នាក់ ដែលជាក្រុមការងាររាជធានី ខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត តំណាងចលនាស្រ្តីនិងយុវជននៅទូទាំងប្រទេសបានចូលរួម ប្រារព្ធពិធីរំឭកខួប២៧ឆ្នាំនៃការបង្កើតគណបក្សស្ថិតនៅសង្កាត់ទន្លេបាក់សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។ ថ្លែងសារក្នុងពិធីនោះពួកគេបានរំឭកពីស្នាដៃ និងប្រវត្តិតស៊ូលះបង់របស់លោក សម រង្ស៊ី ដែលបានបង្កើតគណបក្សជាតិខ្មែរដំបូង។ បន្ទាប់មកមន្រ្តីគណបក្សភ្លើងទៀនបង្ហាញរបាយការណ៍របស់ខ្លួនដោយថា ក្នុងរយៈពេលមួយឆ្នាំចាប់ផ្តើមពីធ្វើសកម្មភាពនយោបាយឡើងវិញក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ហើយស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះបានធ្វើឱ្យសកម្មជន និងមន្រ្តីបក្សនេះមួយចំនួនរងនូវការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាពពីអាជ្ញាធររបស់គណបក្សកាន់ណាច ដូចជាការប្ដឹងទៅតុលាការ ការចាប់ឃុំខ្លួនដាក់ពន្ធនាគារ ការគំរាមកំហែងជាដើម។
ការឆ្លើយតបស្ថានភាពបែបនេះ គណបក្សភ្លើងទៀនបានកំណត់គោលដៅពង្រីកសកម្មភាពរបស់ខ្លួនឆ្ពោះទៅរកការផ្តាស់ប្តូរជាវិជ្ជមានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឱ្យទទួលបានជោគជ័យខាងមុខ ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម ដូចជា បញ្ហាអំពើពុករលួយ កែលម្អប្រព័ន្ធយុត្តិធម៌ លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ។

ថ្លែងក្នុងពិធីរំឭកខួបនោះ អនុប្រធានគណបក្សភ្លើងទៀនដែលតុលាការសម្រេចឱ្យចាញ់ក្តីគណបក្សប្រជាជនក្នុងសំណុំរឿងបរិហារកេរ្តិ៍ លោក សុន ឆ័យ ថ្លែងថា ការតស៊ូរបស់គណបក្សភ្លើងទៀនរយៈពេល២៧ឆ្នាំមកនេះតែងតែរងការបំភិតបំភ័យឥតស្រាកស្រាន្ត ប៉ុន្តែពួកលោកមិនដែលរាថយនោះទេ។ លោកបញ្ជាក់ថា បក្សភ្លើងទៀន បានដាក់ទិសដៅធ្វើសកម្មភាពឱ្យខ្លាំងក្លាឆ្ពោះទៅរកការបោះឆ្នោតក្នុងការផ្លាស់ប្ដូរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ។ លោកអំពាវនាវដល់គណបក្សនយោបាយ និងអ្នកស្រឡាញ់ប្រជាធិបតេយ្យមកចូលរួមកម្លាំងជាមួយគណបក្សភ្លើងទៀន ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ៖
«ម្នាក់ត្រូវមានសកម្មភាពបម្រើពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ ចូលរួមផ្តល់សេវាត្រឹមត្រូវជូនពលរដ្ឋ។ គណបក្សភ្លើងទៀនគ្មានបំណងអ្វីក្រៅពីមានបំណងធ្វើយ៉ាងណាឱ្យប្រទេសជាតិយើងគ្រប់គ្រងឱ្យបានត្រឹមត្រូវឱ្យមានយន្តការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ពង្រឹងស្ថាប័នជាតិទាំងអស់រួមទាំងតុលាការសព្វថ្ងៃ ដើម្បីឱ្យផ្តល់យុត្តិធម៌ជូនប្រជារាស្រ្តយើងឱ្យបានគ្រប់ៗគ្នា ដើម្បីសេចក្តីសុខក្នុងសង្គមយើង»។
![]()
លោកបណ្ឌិត ឡៅ ម៉ុងហៃ (កណ្តាល) ចូលរួមខួប២៧ឆ្នាំនៃការបង្កើតគណបក្សភ្លើងទៀន ក្នុងនាមជាភ្ញៀវពិសេស កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
ចំណែកអ្នកវិភាគនយោបាយដែលអញ្ជើញធ្វើជាវាគ្មិនក្នុងពិធីនោះ គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ស្មារតីដើម និងសន្ទុះគាំទ្រ ជាពិសេសរចនាសម្ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតជាង២ពាក់នាក់នឹងធ្វើឱ្យគណបក្សភ្លើងទៀនកាន់តែរឹងមាំ និងក្លាយជាគូប្រជែងយោបាយដ៏ធំរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោឆ្នោតនៅឆ្នាំ២០២៣។ លោកបណ្ឌិតផ្តល់យោបល់ថា សកម្មជនគណបក្សភ្លើងទៀនត្រូវយកលោក សម រង្ស៊ី ជាគម្រូទាក់ទងសកម្មភាពយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុក្ខលំបាកជូនកសិករ អាជីវករ និងកម្មករជាដើម ទើបពួកគេទទួលបានការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតផុលផុស៖
«កាលណាយើងរៀបចំដោះស្រាយបញ្ហា មានគំនិតដោះស្រាយបញ្ហា អាហ្នឹងហើយយើងពង្រឹងសមត្ថភាពរបស់យើងនៅពេលផ្លាស់ប្តូរគេនឹងឃើញហើយ ហើយខ្លួនយើងក៏ឃើញថា យើងមានសមត្ថភាព មានគំនិតដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថា ការថ្លែងសាររបស់មេដឹកនាំគណបក្សភ្លើងទៀននោះ គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែលោកច្រានចោលចំពោះមតិរិះគន់ចោទប្រកាន់លើគណបក្សប្រជាជនធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយកន្លងមក៖
«ចោទថាធ្វើទុក្ខបុកម្នេញពីគណបក្សប្រជាជនកម្ពុជា ខ្ញុំយល់ថាមិនត្រូវតាមការពិតជាក់ស្តែងទេ ហើយអ្វីដែលកើតឡើងពាក់ព័ន្ធនឹងសកម្មជនគណបក្សប្រឆាំងកើតឡើងដោយសារទង្វើប្រព្រឹត្តល្មើសច្បាប់របស់សកម្មជនទាំងឡាយនោះដែលជាប់ផ្លូវច្បាប់បាទ»។
![]()
ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សភ្លើងទៀន។
ទោះយ៉ាងណា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនដែលរួចផុតពីបម្រាមសិទ្ធិនយោបាយកាលពីពេលថ្មីនេះបានប្រកាស ចូលរួមធ្វើសកម្មភាពនយោបាយជាមួយបក្សភ្លើងទៀន។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាមលោក គឹមសួរ ភិរិទ្ធិ ថ្លែងថា សាលដីការបស់តុលាការកំពូលបំបិទសិទ្ធិមិនឱ្យលោកធ្វើសកម្មភាពយោបាយរយៈពេល៥ឆ្នាំនោះ គឺជារឿងអយុត្តិធម៌ និងឈឺចាប់សម្រាប់អ្នកប្រជាធិបតេយ្យ។ ប៉ុន្តែលោកបញ្ជាក់ថាចំណាត់ការលើអ្នកនយោបាយប្រឆាំងមិនបានធ្វើឱ្យលោកបោះបង់ចោលការតស៊ូ និងក្តីសង្ឃឹមម្តងណាឡើយ៖
«គេហាម (សិទ្ធិនយោបាយ) ខ្ញុំប្រាំឆ្នាំ ខ្ញុំអត់ខុសអ្វីសោះរហូតមកដល់ពេលហ្នឹង ដីកាតុលាការក៏មិនដែលយកមកដល់ខ្ញុំ ហើយអ្នកដែលគេចោទ ឬចុងចោទដែលគេត្រូវកាត់ទោសមកដល់ពេលនេះក៏មិនទាន់មានទោសអ្វី។ ខ្ញុំសួរថា ឈឺចាប់ឬទេ ខ្ញុំឈឺចាប់ តូចចិត្ត មុនការបោះឆ្នោតឃុំហ្នឹងខ្ញុំសុំសិទ្ធិ (ធ្វើនយោបាយឡើងវិញ) ដែរតើ ដាក់ពាក្យសុំចេះតែបាត់ទៅៗ»។
![]()
ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន ក្នុងខួប២៧ឆ្នាំនៃការបង្កើតគណបក្ស។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)
គណបក្សភ្លើងទៀន មានឈ្មោះដើមមកពីគណបក្សជាតិខ្មែរត្រូវបានបង្កើតដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ ក្រោយមករដ្ឋាភិបាលបានកែប្រែច្បាប់ចាប់បង្ខំឲ្យបក្សនេះប្ដូរឈ្មោះជាគណបក្ស សម រង្ស៊ី នៅឆ្នាំ១៩៩៨។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានកែប្រែច្បាប់នយោបាយម្ដងទៀត ដែលបង្ខំឲ្យគណបក្សនេះសម្រេចប្ដូរឈ្មោះទៅតាមរូបសញ្ញាគឺគណបក្សភ្លើងទៀនរហូតដល់សព្វថ្ងៃ។ គណបក្សភ្លើងទៀន ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយជិត៥ឆ្នាំ។ ចំណែកលទ្ធផលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗ បក្សនេះទទួលសំឡេងឆ្នោតលំដាប់ទី២ បន្ទាប់ពីគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។