មន្ត្រី​បក្ស​ភ្លើងទៀន​​​ខេត្ត​កណ្ដាល​ចោទ​អាជ្ញាធរ​ថា ​ប្រើ​ទឹក​លុយ​អូសទាញ​សកម្មជន​បក្ស​ខ្លួន​ឱ្យ​ចូលបក្ស​កាន់​អំណាច

ដោយ ជី វិតា
2022.05.19
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ភ្លើងទៀន​​​ខេត្ត​កណ្ដាល​ចោទ​អាជ្ញាធរ​ថា ​ប្រើ​ទឹក​លុយ​អូសទាញ​សកម្មជន​បក្ស​ខ្លួន​ឱ្យ​ចូលបក្ស​កាន់​អំណាច មន្ត្រី​ និង​សមាជិក​គណបក្ស​ភ្លើង​ទៀន ថត​ថ្ងៃ​លើក​ស្លាក​គណបក្ស​នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាល​ពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន ខេត្តកណ្ដាល

មន្ត្រី​គណបក្ស​ភ្លើង ទៀន​ខេត្ត​កណ្ដាល​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា បាន​ប្រើប្រាស់​លុយ​កាក់​ដើរ​អូស​ទាញ​​សកម្មជន​គណបក្ស​​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​​​​ឱ្យ​ចុះ​ចូល​គណបក្ស​កាន់​អំណាច​ ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។ មន្ត្រី​ជំនាញ​ខាង​ការ​បោះឆ្នោត​មើល​ឃើញ​ថា សកម្មភាព​បែប​នេះ​ជា​ទង្វើ​សុខ​ច្បាប់​ និង​ជា​យុទ្ធសាស្ត្រ​​​បន្សាប​ឥទ្ធិពល​​​​របស់​គណបក្ស​ភ្លើង​ទៀន។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ស្រុក​លើក​ដែក ដែល​ប្រើ​ទឹក​លុយ​អូស​ទាញ​សកម្មជន​គណបក្ស​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​នេះ​ថា ជា​ទង្វើ​ស្មោកគ្រោក ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្រឡំ​ ខុស​ទៅ​លើ​គណបក្ស​ភ្លើង​ទៀន ព្រោះ​ខ្លាច​ចាញ់​ការ​បោះ​នៅ​ពេល​ខាង​មុខ។

អនុប្រធាន​ក្រុម​ការងារ​គណបក្ស​បទ​ភ្លើង​ទៀន ខេត្ត​កណ្ដាល លោក លី ម៉េងឃាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៩ ឧសភា​ថា អាជ្ញាធរ​ស្រុក​លើក​ដែក​បាន​ប្រើ​លុយកាក់​ដើរ​អូសទាញ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​មូលដ្ឋាន។ លោក​បន្ត​ថា សកម្មភាព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​អញ្ជើញ​សកម្មជន​បក្ស​ភ្លើង​ទៀន​ទៅ​ជួប និង​ផ្ដល់​ប្រាក់​ដល់​ពួកគេ​ម្នាក់ ២ម៉ឺន (២០.០០០) រៀល ដើម្បី​ជា​ថ្នូរ​ឱ្យ​ថត​រូប​ជុំ​គ្នា​ជា​មួយ​មន្ត្រី​បក្ស​កាន់​អំណាច ហើយ​យក​ទៅ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត។ លោក​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​សកម្មជន​បក្ស​​ភ្លើង​ទៀន​ណា​ម្នាក់​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ៖ «គាត់​ធ្វើ​បែប​នេះ​ដោយសារ​គាត់​ខ្លាច​ចាញ់​ឆ្នោត អីចឹង​បាន​ជា​គាត់​ខំ​ប្រឹង​ធ្វើ​សកម្មភាព​បែប​នេះ អោយ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា សកម្មជន​គណបក្ស​ភ្លើង​ទៀន​ចុះ​ខ្សោយ​ឬ​ក៏​ទៅ​ចុះ​ចូល​ចុះ​ញ៉ម​ជា​មួយ​នឹង​គាត់។ ខ្ញុំ​ស្នើ​ថា គួរ​បញ្ឈប់​ទៅ​ដោយសារ​វា​អត់​ជា​ការ​ពិត​ បើ​ជា​ការ​ពិត​ខ្ញុំ​ទទួល​ ប៉ុន្តែ​វា​អត់​ការ​ពិត។ យើង​ហៅ​គេ​ទៅ​ចែក​លុយ​ម្នាក់ ២ម៉ឺន​រៀល ដល់​ពេល​ហើយ​ទៅ​ដល់​ដាក់​បញ្ចូល​ជា​សមាជិក​គណបក្ស​ខ្លួន»

លោក​បន្ត​ថា សកម្មភាព​អាជ្ញាធរ​អូស​ទាញ​សកម្មជន​បក្ស​របស់​ខ្លួន​នេះ​កើត​ឡើង​នៅ​គ្រប់​ស្រុក​​អស់​រយៈ​ពេល​ជា​ច្រើន​​ថ្ងៃ​មក​ហើយ និង​កំពុង​មាន​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ។

ប្រតិកម្ម​នេះ ត្រូវ​បាន​លោក លី ម៉េង​ឃាង ធ្វើ​ឡើង​ក្រោយ​ពី​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល​ (ហ្វ្រេសញូវស៍) បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ឧសភា​ថា មាន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​នៅ​​ឃុំ​សណ្ដារ ស្រុក​លើកដែក​ចំនួន ៧០នាក់ បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច។

ទោះ​ជា​យ៉ាង​ណា​ក្ដី មេឃុំ​សណ្ដារ លោកម៉ាល់ ស្រៀង អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ដែល​សកម្មជន​បក្ស​ភ្លើង​ទៀន​ចុះ​ចូល​ជាមួយ បក្ស​កាន់​អំណាច​នេះ​ជា​រឿង​ពិត​ ដោយសារ​ពួកគេ​​​​​មើល​ឃើញ​​ពី​ទង្វើ​ល្អ​​របស់​រដ្ឋាភិបាល​ដែល​តែងតែ​​យក​ចិត្ត​ទុក​​ដាក់​ជួយ​​ដោះស្រាយ​ទុក្ខ​លំបាក​​របស់​​ប្រជាពលរដ្ឋ​​នៅ​ក្នុង​មូលដ្ឋាន៖ «ដូច​ជា​គាត់​ជីក​ប្រឡាយ​​ធ្វើ​ស្រែ​បង្កបង្កើន​ផល​​អី​យើង​ទៅ​ជួយ​គាត់​អីចឹង​។​រាល់​ថ្ងៃ​ហ្នឹង​គឺ​នៅ​តែ​មាន​ហូរហែ​អីចឹង​ ទោះ​បី​តែ​មិន​កៀក​បោះ​ឆ្នោត​​ពី​មុន​មក​ក៏​គាត់​នៅ​តែ​មក​ចុះ​ចូល​ដែរ​ តាំង​ពី​ណា​ណី​មក​គាត់​ធ្លាប់​តែ​មក​រួម​រស់​អីចឹង​​ហូរហែ​តែ​អីចឹង​រហូត​ហ្នឹង​»

​​ជុំ​វិញ​រឿង​នេះ​​​​​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធមី មាន​ប្រសាសន៍​ថា ​ការ​ប្រើ​ប្រាស់​លុយ​កាក់​អូស​ទាញ​សកម្មជន​នយោបាយ​ឱ្យ​ចុះ​ចូល​គណបក្ស​កាន់​អំណាច​នេះ​​ជា​ទង្វើ​​ខុស​ច្បាប់​ ហើយ​គណបក្ស​នយោបាយ​ដែល​រង​ផល​ប៉ះពាល់​គួរ​​ប្ដឹង​ទៅ គ..ប ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់។ លោក សំ គន្ធាមី មើល​ឃើញ​ថា ​សកម្មភាព​បែប​នេះ គឺ​ជា​ការ​បំបាក់​ស្មារតី​​​​​ដល់​សកម្មជន​​គណបក្ស​ភ្លើង​ទៀន និង​​ពលរដ្ឋ​ឱ្យ​​មើល​ឃើញ​ថា​ គណបក្ស​នេះ​ចុះ​ខ្សោយ​ហើយ​ឈប់​គាំទ្រ​​បក្ស​នេះ៖ «ខ្ញុំ​សុំ​ឱ្យ​​អ្នក​ដែល​ធ្វើ​សកម្មភាព​ហ្នឹង​មិន​ថា​គណបក្ស​ណា​ទេ មិន​ថា​អាជ្ញាធរ​ទេ សុំ​មេត្តា​បញ្ឈប់​ទៅ​។​ព្រោះ​អី​សកម្មភាព​បែប​នេះ​វា​អត់​ត្រឹមត្រូវ​ទេ យើង​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​ យើង​ទៅ​ប្រើ​សកម្មភាព​ដែល​វា​ខុស​បទ​បញ្ជា​នីតិវិធី និង​ច្បាប់​បោះ​ឆ្នោត​អ៊ីចឹង។ សុំ​ឱ្យ​បញ្ឈប់​ទៅ​កុំ​ឱ្យ​មាន​សកម្មភាព​នឹង​កើត​ឡើង​យើង​អត់​ចង់​ឃើញ​មាន​សកម្មភាព​អីចឹង​ទេ ហើយ​ការ​បោះ​ឆ្នោត​វា​ឱ្យ​ប្រព្រឹត្ត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ផង»

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ខាង​មុខ ​​ដោយ​មាន​​គណបក្ស​នយោបាយ​ចំនួន១៧ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង​បោះ​ឆ្នោត​។ ក្នុង​ចំណោម​នោះ​មាន​គណបក្ស​តែ​២ ប៉ុណ្ណោះ ដែល​បាន​ដាក់​បេក្ខជន​ប្រដំប្រសង​គ្នា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​បាន​​ដាក់​បេក្ខជន​គ្រប់ ១០០​ភាគរយ ​​​និង​គណបក្ស​ភ្លើង​ទៀន បាន​ដាក់​បេក្ខជន​ជិត​គ្រប់ ១០០ភាគ​រយ​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ជាង​ ១ពាន់ ៦រយ (.៦៥២) ឃុំ-សង្កាត់​ទូទាំង​ប្រទេស។

ទោះ​ជា​យ៉ាង​ណាក្ដី ស្រប​ពេល​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ស្ទើរ​តែ​គ្រប់​ខេត្ត​ ត្រូវ​បាន​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​រារាំង និង​គំរាមកំហែង​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​បរិយាកាស​នៅ​តែ​បន្ត​អាប់អួ​បែប​នេះ ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ នេះ នឹង​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល