មន្ត្រី​បក្ស​ភ្លើង​ទៀន​ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ជន​អនាមិក​ដែល​លួច​កាត់​​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​​ខេត្ត​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2022.08.15
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ភ្លើង​ទៀន​ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ជន​អនាមិក​ដែល​លួច​កាត់​​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​​ខេត្ត​ព្រះសីហនុ ស្លាកគណបក្សភ្លើងទៀន នៅចំណោតយាយម៉ៅ ខេត្តព្រះសីហនុ ត្រូវបាន​គេ​លួច​កាត់បាត់ ហើយ​និងក្រុមការងារគណបក្សនេះលើកថ្មីវិញ នៅ​ថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ស្លាក​គណបក្ស​ភ្លើង​ទៀន នៅ​ក្រុង​ព្រះសីហនុ ត្រូវ​ជន​អនាមិក​លួច កាត់​បំផ្លាញ​ចោល នៅថ្ងៃទី១៣ សីហា។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​យល់​ថា ការ​កាប់​បំផ្លាញ​ស្លាក​គណបក្ស​នេះ ជា​សញ្ញា​​គំរាម​កំហែង និង​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​ជន​ប្រព្រឹត្តិ។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា អាជ្ញាធរ​គួរតែ​រក​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស តាមច្បាប់ ដើម្បី​កុំ​ពួក​គេ​ចេះ​តែ​ដើរ​បំផ្លាញ​ស្លាក​គណបក្ស​នយោបាយ​តាម​អំពើ​ចិត្ត​ទៀត។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ស្លាក​គណបក្ស​ភ្លើង​ទៀន នៅ​ចំណុច​ចំណោត​យាយ​ម៉ៅ ភូមិ៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវ​បាន​ជន​អនាមិក​ចុះ​កាត់ នៅ​រសៀល​ថ្ងៃ​ទី១៣ សីហា។ ពលរដ្ឋ​នៅ​ក្បែរ​នោះ និង​ពលរដ្ឋ​ជិះ​កាត់​បាន​ឃើញ​ហេតុការណ៍​អះអាង​ថា មន្ត្រី​សាលាក្រុង មាន​គ្នា​ជាង ១០នាក់ បាន​ចុះ​កាត់​ស្លាក​គណបក្ស​ភ្លើង​ទៀន។

ប្រធាន​បក្ស​សង្កាត់​លេខ១ លោក អ៊ុក ចេត្តនី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ សីហា​ថា ស្លាក​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ជន​អនាមិក មួយ​ក្រុម​មាន​ពាក់​ឯកសណ្ឋាន​ជា​ប្រជា​ការពារ​ភូមិ​មាន​គ្នា​ប្រមាណ​ជាង ១០ នាក់ កាត់​ស្លាក​នៅ​ចំណុច​ចំណោត​លោក​យាយ​ម៉ៅ។ លោក​បន្ត​ថា ទង្វើ​របស់​ជន​ប្រព្រឹត្ត គឺ​មាន​ចេតនា​គំរាម​កំហែង និង​គាប​សង្កត់​ទៅ​លើ​គណបក្ស​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច។ លោក អ៊ុក ចេត្តនី បញ្ជាក់​ថា នេះ​ជា​ករណី​ទី៣ ហើយ​ដែល​មាន​ជន​អនាមិក​បាន បំផ្លាញ​ស្លាក​គណបក្ស​ភ្លើង​ទៀន ក្នុង​សង្កាត់​លេខ១៖ «តាម​ប្រជាពលរដ្ឋ​គាត់​ឱ្យ​ព័ត៌មាន​មក ប្រហែល​ជា​ជាង ១០នាក់ គាត់​បាន​ទៅ​លួច​កាច់​ស្លាក​ហ្នឹង​ហើយ មិន​ដឹង​ថា គាត់​យក​ទៅ​ផ្លុង​ចោល​នៅ​ណា ឬ​ក៏​កម្ទេច​ចោល​នៅ​ណា​អ៊ីចឹង។ គាត់​ថា គាត់​បាន​ជិះ​កាត់​នៅ​ចំណុច​ហ្នឹង នៅ​ម៉ោង ១១ ហ្នឹង គឺ​គាត់​ថា ឃើញ​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ​ហ្នឹង បាន​កាត់​ស្លាក​ហ្នឹង។ តែ​គ្រាន់​ថា ខ្ញុំ​មិន​ដឹង​ថា ប្រជា​ការពារ​ភូមិ​ហ្នឹង មិន​ដឹង​មក​ពី​ខាង​ណា ព្រោះ​យើង​មិន​បាន​នៅ​ទីតាំង​ហ្នឹង ។ ខ្ញុំ​យល់​ឃើញ​ថា សម្រាប់​ទង្វើ​បែប​ហ្នឹង គឺ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​ដោះ​ស្រាយ​ទាំង​អស់​គ្នា គឺ​អត់​ទេ ។ អ្នក​ខ្លះ​គាត់​លើក​ហេតុផល​ថា មក​ពី​ប៉ះពាល់​ចំណី​ផ្លូវ បើ​ប៉ះពាល់​ចំណី​ផ្លូវ ក្នុង​នាម​យើង​អាជ្ញាធរ យើង​គួរតែ​ជូន​ដំណឹង​មក​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន​មក ដើម្បី​យើង​រក​ដំណោះស្រាយ​ទាំង​អស់​គ្នា មិន​មែន​ទៅ​ធ្វើ​ទៅ​តាម​អារម្មណ៍​ខ្លួន​ឯង ឱ្យ​កាត់ កាត់ ឱ្យ​ផ្តួល ផ្តួល​អ៊ីចឹង​ទេ»

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើត​ហេតុ​ការណ៍​នេះ​លោក បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​សង្កាត់​ និង​ប៉ូលិស​ប៉ុស្តិ៍ ប៉ុន្តែ​លោក​មិន​សូវ​មាន​សង្ឃឹម​ថា​សមត្ថកិច្ច​រក​ឃើញ​ជន​ប្រព្រឹត្តិ​នោះ​ទេ ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា លើក​ឡើង​ថា លោក​គ្មាន​សង្ឃឹម ចំពោះ​អាជ្ញាធរ ពាក់ព័ន្ធ​ពី​ការ​ស្វែងរក​ជន​ល្មើស ឬ​អ្នក​ដែល​កាត់​ស្លាក​គណបក្ស​ភ្លើង​ទៀន​ឡើយ ។ លោក​បន្ត​ថា កន្លងមក គឺ​ករណី​បំផ្លិចបំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​នៅ​ទូទាំង​ប្រទេស គឺ​អាជ្ញាធរ​ពុំ​ដែល​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​ម្នាក់​នៅ​ឡើយ​ទេ៖ «ជា​សញ្ញា​ឃើញ​ថា ជា​ការ​ចាប់​ផ្ដើម នៃ​ការ​គំរាម​កំហែង​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នេះ ជា​ការ​ព្រួយ​បារម្ភ​មែនទែន ហើយ​ដើម្បី​បញ្ចប់​ការ​ថ្កោលទោស​រាល់​សកម្មភាព​ទាំង​អស់​ហ្នឹង​ថា ជា​រឿង​នយោបាយ អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ឱ្យ​ម៉ឺងម៉ាត់ ។ អ្វី​ដូច​ជាង​ប្រមុខ​រដ្ឋាភិបាល​ក្តី ដែល​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធានា​ដល់​ការ​បោះ​ឆ្នោត​ឱ្យ​ត្រឹមត្រូវ ដោយ​សេរី យុត្តិធម៌​អី គឺ​ត្រូវ​តែ​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​ល្មើស ហើយ​សូម​កុំ​ឱ្យ​មាន​កើត​ឡើង​ជា​បន្ត​ទៀត នៅ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ស្លាក​គណបក្ស ឬ​ក៏​មាន​ការ​ចោទ​ប្រកាន់​ចាប់​ចង​អី​សកម្មជន​ផ្សេងៗ»

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ដើម្បី​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ សីហា។ ប៉ុន្តែ មេ​ប៉ុស្តិ៍​សង្កាត់​លេខ១ លោក ប្រាក់ ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​បាន​ទទួល​ព័ត៌មាន និង​ពាក្យ​បណ្ដឹង​ពី​លោក អ៊ុក ចេត្តនី អំពី​ការ​កាច់​ស្លាក​សញ្ញា​គណបក្ស​នៅ​ចំណោត​យាយ​ម៉ៅ​ហើយ។ ប៉ុន្តែ​លោក​ថា ពាក្យ​បណ្ដឹង​នោះ គឺ​មិន​ត្រូវ​តាម​ទម្រង់​របស់​សមត្ថកិច្ច ដែល​មាន​ឡូហ្គោ (LOGO) សញ្ញា​បក្ស។ លោក ប្រាក់ ពុទ្ធា បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ថា ស្លាក​គណបក្ស​ភ្លើង​ទៀន ត្រូវ​អាជ្ញាធរ​ខាង​ណា រុះរើ ឬ​ដក​យក​ទៅ​ទុក ឬ​យ៉ាង​ណា​ឡើយ ដោយ​រង់ចាំ​លោក​សួរ​ភូមិ និង​ឃុំ​ជា​មុន​សិន៖ «បើ​មាន​ប្រជាជន​រាយការណ៍​ថា មាន​ប្រជា​ការពារ ៤ ទៅ ១០នាក់ ចុះ​ទៅ​កាច់​ស្លាក​កាច់​អី​នេះ ខ្ញុំ​អត់​ទាន់​ដឹង​ទេ​បង ចាំ​មើល​បន្តិច​ទៀត ខ្ញុំ​នឹង​ស្រាវជ្រាវ សួរ​ភូមិ សួរ​ចៅ​សង្កាត់ ព្រោះ​អា​នេះ ការងារ​អាជ្ញាធរ​សណ្ដាប់ធ្នាប់ ក្រែង​លោ​ស្លាក​សញ្ញា​គណបក្ស​ហ្នឹង ដាក់​ជាប់​ផ្លូវ​ជាតិ ទៅ​វា​អាច​ប៉ះពាល់​ផ្លូវ​សាធារណៈ ព្រោះ​ខ្ញុំ​ប៉ូលិស ខ្ញុំ​ធ្វើ​តែ​ការងារ​ព្រហ្មទណ្ឌ ។ ស្អែក គឺ​ខ្ញុំ​ធ្វើ​កំណត់ហេតុ បណ្ដឹង​គាត់​ផ្ទាល់​មាត់ និង​កំណត់​ហេតុ​ដែល​យក​ទម្រង់​មន្ត្រី​នគរបាល​យុត្តិធម៌ ហើយ​បាន​ខ្ញុំ​បញ្ជូន​ទៅ​លើ បាន​អធិការ​ចារ ឬ​មួយ​ស្នងការ​ចារ យើង​អាច​បញ្ជូន​ទៅ​តុលាការ​បាន ។ ទី២ខ្ញុំអោយគាត់រកសាក្សីបំភ្លឺអោយខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​ស្លាក​ហ្នឹង​បាត់​ហើយ អ៊ីចឹង​មាន​សាក្សី​បំភ្លឺ​ណា​មួយ ដែល​ថា ប្រជា​ការពារ ឬ​ជន​អនាមិក​មក​កាច់​ស្លាក​របស់​គាត់​នេះ ដើម្បី​យើង​ដាក់​ចូល​សំណុំរឿង»

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់​ឃើញ​ថា កន្លង​មក​មាន​ករណី​បែប​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​រក​ឃើញ​ជន​ល្មើស​ឡើយ ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​តែងតែ​គាំទ្រ និង​ណែនាំ​ដល់​គណបក្ស​នយោបាយ​ឱ្យ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ។ អ្នកស្រី​បញ្ជាក់​ថា គណបក្ស​នយោបាយ ត្រូវ ទាក់ទង​ទៅ​ស្ថាប័ន​បោះ​ឆ្នោត និង​អាជ្ញាធរ​ថា តើ​ក្រោយ​ការ​បោះ​ឆ្នោត​ហើយ ត្រូវ​មាន​ការ​រុះរើ​ស្លាក​សញ្ញា​គណបក្ស​ដែរ​ឬ​ទេ?«ខ្ញុំ​ក៏​បាន​ជម្រាប​ប្រាប់​គាត់​ដែរ នៅ​ពេល ដែល​គាត់​ជូន​ព័ត៌មាន​មក​ខាង​ខ្ញុំ។ ខ្ញុំ​ថា គាត់គួរតែដាក់បណ្តឹងទៅសមត្ថកិច្ចសង្កាត់លេខ១ ទៅ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ១ ដើម្បី​ឱ្យ​គាត់​ដឹង​ថា ឥឡូវ​ស្លាក​កន្លែង​នេះ កន្លែង​នេះ វា​ត្រូវ​បាន​ដួល​រលំ​ហើយ ហើយ​តើ​ការ​ដាក់​ស្លាក​នៅ​ទី​សាធារណៈ​ហ្នឹង វា​មាន​បញ្ហា​អ្វី​ដែរ​អត់? ព្រោះ​ឥឡូវ​វា​បោះ​ឆ្នោត​ហើយៗ ។ គាត់​ក៏​ត្រូវ​តែ​ជម្រាប​ជូន​ដំណឹង​ដែរ ប្រសិន​បើ​ថា ស្លាក​ទាំង​អស់​ហ្នឹង វា​ផុត​រយៈ​ពេល​នៃ​ការ​ឃោសនា​ហើយ ឥឡូវ​ឱ្យ​គណបក្ស​ហ្នឹង គាត់​ទៅ​ដោះដូរ​រើ​ស្លាក រើ​អី​ឃោសនា​ហ្នឹង​ចេញ អា​ហ្នឹង​គួរតែ​ជូន​ដំណឹង​គាត់​ដែរ ដើម្បី​ឱ្យ​វា​ច្បាស់លាស់ កុំ​ឱ្យ​វា​មាន​បញ្ហា​មន្ទិល​រាងៗ ខ្លូន ព្រោះ​ស្លាក ដែល​គេ​ដក​ចេញ​ហ្នឹង គឺ​មិន​មែន​ស្លាក​នៅ​កន្លែង​គណបក្ស​ទីស្នាក់ការ​គាត់​ទេ គឺ​គាត់​ដាក់​នៅ​លើ​ចំណី​ផ្លូវ»

អ្នកស្រី ជៀប សុធារី យល់​ថា ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មាត្រ ៦៩ វាក្យខណ្ឌទី៥ លើក​ឡើង​ថា៖ គណបក្ស​នយោបាយ​ត្រូវ​ប្រមូល​យក​មក​វិញ​នូវ​ប័ណ្ណប្រកាស ឬ​ប័ណ្ណ​បិទ​ផ្សាយ បដា ឯកសារ​ឃោសនា​ទាំង​អស់​របស់​ខ្លួន​ពី​គ្រប់​កន្លែង​សាធារណៈ ក្នុង​រយៈ​ពេល ១៥ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត។ អ្នកស្រី​ថា ចំណុច​នេះ​មិន​បាន​បញ្ជាក់​លំអិត​អំពី​ឯកសារ​ឃោសនា​ទី​សាធារណៈ​ឡើយ។

ករណី​ដូច​គ្នា​​នេះ ក៏​បាន​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​ដែរ​ ដោយ​ជន​មិន​ស្គាល់​មុខ​បាន​លួច​ផ្ដួល​ស្លាក​គណបក្ស​ភ្លើង​ទៀន​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា ស្ថិត​​​​នៅ​​ភូមិ២ និង​ភូមិ៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី៦ និង​ថ្ងៃ​ទី៧ ខែ​មីនា។ កន្លង​មក​បែប​នេះ​ធ្លាប់​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់​ឆ្នាំង ត្បូងឃ្មុំ និង​ខេត្ត​ប៉ៃលិន​ក្នុង​រូប​ភាព​ស្រដៀងៗ គ្នា គឺ​ការ​លួច​ផ្ដួល​ស្លាក និង​ការ​គំរាម​កំហែង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជា​ដើម។

មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ ពង្រឹង​កិច្ច​ការពារ និង​សន្តិសុខ​ក្នុង​ឃុំ​សង្កាត់ ស្វែងរក​ជន​ល្មើស​មក​ផ្ដន្ទាទោស ដើម្បី​លុបបំបាត់​ការ​ភ័ន្ត​ច្រឡំ និង​ចោទ​ប្រកាន់​ថា ជា​ទង្វើ​របស់​អាជ្ញាធរ និង​ចៀសវាង​ការ​ឆ្លើយ​យក​រួច​ខ្លួន និង​គ្មាន​ដំណោះស្រាយ​ដូច​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ថៃ​សុខចិត្ត​រស់នៅ​លំបាក​ដើម្បី​ទាមទារ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។