ប្រទេសចិននឹងផ្ទេរនាវា ២គ្រឿង និងផែ ឱ្យកងទ័ពជើងទឹកកម្ពុជា
2024.08.28
ចិននឹងប្រគល់នាវាចម្បាំងពីរគ្រឿងឱ្យកងទ័ពជើងទឹកកម្ពុជា ដើម្បីរក្សានៅកំពង់ផែទឹកជ្រៅ ដែលវែងល្មមសម្រាប់នាវាផ្ទុកយន្តហោះ និងសម្ភារៈបរិក្ខារ ដែលប្រទេសចិនបានអភិវឌ្ឍនៅមូលដ្ឋានយោធាសមុទ្ររាម។ អ្នកវិភាគសង្ស័យថា ការផ្ទេរនេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀង ដែលកម្ពុជាផ្ដល់ឱ្យចិន នូវសិទ្ធិចូលដំណើរការពិសេសទៅកាន់មូលដ្ឋានឈូងសមុទ្រថៃ។
កងទ័ពជើងទឹកចិនប្រមាណ ១រយនាក់ បានកំពុងធ្វើការទាំងយប់ទាំងថ្ងៃ នៅផ្នែកមួយនៃមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលកំពុងរៀបចំសម្រាប់ផ្ទេរការគ្រប់គ្រងឱ្យមកកម្ពុជា ដែលទំនងជានឹងកើតឡើងនៅចុងខែកញ្ញា។ ប្រភពបានបន្ថែមថា ផ្នែកនៃមូលដ្ឋាននេះ ត្រូវបានហាមឃាត់សម្រាប់មន្ត្រីកម្ពុជា ប៉ុន្តែ គ្រឿងបរិក្ខារ ដែលផ្ដល់មូលនិធិ និងអភិវឌ្ឍន៍ដោយប្រទេសចិន នឹងត្រូវបានប្រគល់ក្នុងពេលឆាប់ៗ នេះ។
អ្នកវិភាគលើកឡើងថា ជាការតបស្នងនឹងការផ្ដល់ឱ្យរបស់ចិននេះ ប្រទេសទាំងពីរទំនងបានធ្វើ កិច្ចព្រមព្រៀងមួយ ដែលផ្ដល់សិទ្ធិឱ្យនាវាចម្បាំងចិនចូលទៅកាន់មូលដ្ឋានថ្មី ដែលនៅមិនទាន់មាននាវាបរទេសណាមួយ ត្រូវបានអនុញ្ញាតឱ្យចូលចតឡើយ រហូតមកដល់ពេលនេះ។
កាលពីពេលថ្មីៗ នេះថា កងនាវាកងទ័ពរំដោះប្រជាជនរំដោះប្រជាជនចំនួនពីរ ឬ (PLAN) បានចូលចតនៅកំពង់ផែថ្មី ក្បែរតំបន់ ដែលកំពុងអភិវឌ្ឍ។ រថយន្តស្ទូច និងរថយន្តដឹកទំនិញ ត្រូវបានគេមើលឃើញថា ជាអគារថ្មី។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះអះអាងថា នាវាចម្បាំងទាំងពីរគ្រឿង ដែលវិទ្យុអាស៊ីសេរី កំណត់ថា ជានាវាផ្ទុកមីស៊ីល Type 056A របស់ PLAN ដែលមានលេខតួ630 និង 631 នឹងត្រូវផ្ទេរទៅឱ្យកងទ័ពជើងទឹកកម្ពុជា រួមជាមួយនឹងគ្រឿងបរិក្ខារថ្មីនេះ។ កងទ័ពជើងទឹកចិនបានបណ្ដុះបណ្ដាលទាហានជើងទឹកកម្ពុជាពីរបៀបដំណើរការនាវាតាំងពីខែធ្នូ នៅពេលដែលនាវាពីរប្រភេទដូចគ្នាបានមកដល់មូលដ្ឋានរាម។
អ្នកវិភាគយោធាជាច្រើននាក់ក្នុងនោះ មានទាំងមន្ត្រីជាន់ខ្ពស់នៅសាលា (S. Rajaratnam School of International Studies) នៅប្រទេសសិង្ហបុរី លោក កូលីន កោះ (Collin Koh) លើកឡើងថា កម្ពុជាទំនងជាបានផ្ដល់សិទ្ធិឱ្យនាវាចម្បាំងចិនចូលដំណើរនៅមូលដ្ឋានទ័ពជើងទឹករាម ប៉ុន្តែ កម្ពុជាព្យាយាមលាក់បាំង ដើម្បីជៀសវាងមិនឱ្យសាធារណជនដឹងថា ខ្លួនកំពុងរំលោភលើរដ្ឋធម្មនុញ្ញ។
ចំណែកអ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រទេសចិនកំពុងតែលូកដៃកាន់តែជ្រៅចូលក្នុងកិច្ចការសន្តិសុខរបស់កម្ពុជា ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនផង និង ដើម្បីប្រជែងនឹងប្រទេសវៀតណាមផង។ លោកថា កម្ពុជាគួរតែលុបចោលនូវកិច្ចព្រមព្រៀងទាំងឡាយណា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយកម្ពុជាមិនគួរមានទំនាក់ទំនងជិតស្និទ្ធតែជាមួយប្រទេសចិន និងប្រទេសវៀតណាមនៅទេ។
លោក គឹម សុខ៖ «ស្ថានភាពកម្ពុជាបច្ចុប្បន្ន គ្មានដំណោះស្រាយអ្វីដែលល្អក្រៅពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដារប្រជាធិបតេយ្យទេ ពីព្រោះបើកាលណាព្យាយាមងាកទៅពឹងចិន ក៏ធ្វើឱ្យមហាអំណាចលោកសេរីមិនសប្បាយចិត្ត ហើយកើតមានកង្វល់ជាច្រើន នៅក្នុងភូមិសាស្ត្រក្នុងតំបន់អាស៊ាន ដែលពាក់ព័ន្ធនឹងកម្ពុជា ហើយបើងាកទៅវៀតណាមខ្លាំង ធ្វើឱ្យទឹកដីប្រទេសកម្ពុជាប្រឈមនឹងវាសនាមិនល្អតែម្ដង ក្នុងថ្ងៃអនាគត»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេ នៅថ្ងៃទី២៨ ខែសីហា។ ប៉ុន្តែ កន្លងមក រដ្ឋាភិបាលកម្ពុជាតែងតែប្រកាសថា មូលដ្ឋានទ័ពជើងទឹករាម ត្រូវបានធ្វើទំនើបកម្មសម្រាប់បម្រើឱ្យផលប្រយោជន៍យោធាកម្ពុជា មិនមែនសម្រាប់បម្រើមហិច្ឆតាយោធាចិន ឬធ្វើជាមូលដ្ឋានទ័ពរបស់ចិននោះទេ។ លោក ឈុំ សុជាតិ ក៏ធ្លាប់អះអាងថា កាលពីខែឧសភា ថា ក្រសួងការពារជាតិចង់បាននាវាចម្បាំង ដើម្បីបម្រើការងារកងទ័ព។ ប៉ុន្តែ មិនទាន់បញ្ជាក់ថា កម្ពុជានឹងចំណាយថវិកាប៉ុន្មាន ដើម្បីទិញនាវាចម្បាំងទាំងពីរនៅខែក្រោយនេះ។
ចំណែក អ្នកវិភាគខាងយោធាអាមេរិក លោក ថូម៉ាស ស៊ូហ្កាត (CNAS) លោក ថូម៉ាស ស៊ូហ្កាត (Thomas Shugart) លើកឡើងថា យ៉ាងហោចណាស់នឹងមានវត្តមានផ្នែកដឹកជញ្ជូនពាក់កណ្ដាលអចិន្ត្រៃយ៍នៃកងទ័ពជើងទឹកចិននៅឯមូលដ្ឋាន ដើម្បីគាំទ្រដល់នាវាចម្បាំង ដែលកំពុងទស្សនា។
អ្នកវិភាគមកពីមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី (Center for a New American Security) លោក ថូម៉ាស ស៊ូហ្កាត បន្ថែមថា រូបភាពពីផ្កាយរណប ផែថ្មីនេះ ត្រូវបានគេប៉ាន់ស្មានថា មានប្រវែងប្រហែល 300ម៉ែត្រ ហើយផែនេះ អាចផ្ទុកកប៉ាល់ណាមួយនៅក្នុងកងនាវារបស់ (PLA) រួមទាំងនាវាផ្ទុកយន្តហោះប្រភេទ ០០៣ ថ្មីរបស់វាផងដែរ។
យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា មូលដ្ឋានទ័ពជើងទឹកមានការពង្រីកយ៉ាងឆាប់រហ័ស និងការធ្វើឱ្យប្រសើរឡើងយ៉ាងទូលំទូលាយ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ក្រៅពីផែថ្មី ឥឡូវនេះ មានចំណតស្ងួត កំពង់ផែ និងអគារធំៗ មួយចំនួន រួមទាំងការិយាល័យ និងបន្ទាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។