អ្នកឃ្លាំមើល​ថា ចិន​កំពុង​ព្យាយាម​ជ្រៀតជ្រែក​កម្ពុជា ​តាមរយៈការ​​ប្រើ​កងទ័ព​ ដើម្បី​ការពារ​ត្រកូល ហ៊ុន

ដោយ សុ ជីវី
2024.04.23
អ្នកឃ្លាំមើល​ថា ចិន​កំពុង​ព្យាយាម​ជ្រៀតជ្រែក​កម្ពុជា ​តាមរយៈការ​​ប្រើ​កងទ័ព​ ដើម្បី​ការពារ​ត្រកូល ហ៊ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួប​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាវិមានសន្តិភាព កាលពីថ្ងៃទី២២ មេសា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា ប្រទេស​ចិន​កុម្មុយនិស្ត (China) កំពុង​ដើរ​តួនាទី​ក្នុង​ទំនាក់ទំនង​មិត្តភាព​នយោបាយ​ការ​ទូត​ជាមួយ​កម្ពុជា ដើម្បី​បម្រើ​ការពារ​អំណាច​ត្រកូល « ហ៊ុន» ជាជាង​ផ្ដល់​ផល​ចំណេញ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដល់​ប្រជាជន​ខ្មែរ។ ការ​លើកឡើង​នេះ បន្ទាប់​ពី​ភាគី​ចិន​បាន​សន្យា​ថា ប្ដេជ្ញា​ការពារ​សន្តិសុខ​ដល់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រួយបារម្ភ​អំពី​អធិបតេយ្យ​ភាព​កម្ពុជា​រង​ការ​រំលោភបំពាន​ដោយ​ប្រទេសចិន​កុម្មុយនិស្ត​តាមរយៈ​វិស័យ​ការពារ​ជាតិ នៅ​ពេល​ដែល​ភាគី​ចិន​បង្ហាញ​ជំហរ​ការពារ​សន្តិសុខ សុវត្ថិភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន។

ពួកគេ​យល់​ថា ជំហរ​របស់​ចិន​បង្ហាញ​ការ​ការពារ​ត្រកូល​ហ៊ុន​បែប​នេះ ដោយសារ​តែ​ចិន​សម្លឹង​ឃើញ​ពី​ផល​ប្រយោជន៍​ទាំង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន ក្នុងពេលដែល​កម្ពុជា​កំពុង​បែក​បាក់​ឯកភាព​ជាតិ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៣ ខែមេសា​ថា ការ​ប្រកាស​របស់​ចិន ការពារ​សន្តិសុខ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បែប​នេះ កាន់តែ​ឆ្លុះ​បញ្ចាំង​ថា ទំនាក់ទំនង​កម្ពុជា-ចិន​សព្វថ្ងៃ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​អំណាច​ដល់​គ្នា​ទៅវិញ​ទៅមក។ លោក​យល់​ថា មូលហេតុ​ដែល​ចិន​ប្រាប់​លោក ហ៊ុន សែន រឿង​ការពារ​សុវត្ថិភាព​នេះ ដោយសារ​តែ​លោក ហ៊ុន សែន ខ្លួនឯង​ទំនង​ព្រួយបារម្ភ​អំពី​ការ​ងាក​ចេញ​ពី​ប្រទេស​ជិត​ខាង​ដែល​ធ្លាប់​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន ដើម្បី​ចាប់​យក​ចិន​ជា​បង្អែក​ឱ្យ​គាំទ្រ​ការ​កាន់​អំណាច​តាម​របៀប​ដឹកនាំ​ត​ជំនាន់។

បន្ថែម​ពី​នេះ លោក​លើកឡើង​ថា បើ​ក្រុម​ថ្នាក់​ដឹកនាំ​កម្ពុជា​មាន​បរទេស​ចាំ​កាង​ការពារ​ពី​ក្រោយ​បែប​នេះ ដែន​អធិបតេយ្យ​កម្ពុជា​នឹង​ងាយ​ប្រឈម​រង​ការ​រំលោភ​បំពាន និង​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​កាន់​តែ​បែកបាក់​ទន់ខ្សោយ។

លោក ម៉ែន ណាត៖ «កាលណា​ទំនាក់ទំនង​កម្ពុជា​ចិន​វា​កាន់តែ​ហួស​ហេតុ ហួស​កម្រិត​ការ​ទូត​វា​នាំ​ឱ្យ​ហានិភ័យ​ដល់​កម្ពុជា និង​តំបន់​កម្ពុជា​ជា​ចំណុច​កណ្ដាល​នៃ​អសន្តិសុខ​ក្នុង​តំបន់។ ប៉ុន្តែ អ្វី​ដែល​ចិន​លើកឡើង​ពី​សន្តិសុខ​សុវត្ថិភាព​នេះ វា​សំដៅ​លើ​ការ​ការពារ​អំណាច​ក្រុម​គ្រួសារ ហ៊ុន ជាជាង​ជាតិ។ ក្រុម​គ្រួសារ ហ៊ុន ត្រូវ​ការពារ​ខ្លួន​ដែរ ពី​ការ​យាយី​វៀតណាម​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​អំណាច​លោក ហ៊ុន សែន។ លោក ហ៊ុន សែន ត្រូវ​ពឹង​ពរ​ចិន ដើម្បី​ជួយ​ការពារ​ជួយ​ទប់​នឹង​ឥទ្ធិពល​មួយ​ដែរ»

ការ​ព្រួយបារម្ភ​របស់​អ្នកឃ្លាំមើល​បែបនេះ ក្រោយ​ពេល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) ក្នុង​គ្រា​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២២ ខែមេសា បាន​លើកឡើង​ពី​សមិទ្ធផល​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន និង​ការ​ជួយ​ការពារ​ផល​ប្រយោជន៍​ដល់​គ្នា ដើម្បី​កសាង​ទំនាក់ទំនង​កម្ពុជា-ចិន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។ មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ លោក វ៉ាង យី (Wang Yi) បាន​បញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា ចិន​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដើម្បី​គាំទ្រ​ការពារ​សន្តិសុខ​របស់​លោក ហ៊ុន សែន និង​គ្រួសារ​របស់​លោក។

ក្រៅ​ពី​នេះ ភាគី​ចិន​អះអាង​ថា នឹង​យក​ចិត្ត​ទុកដាក់​លើ​កិច្ច​ការងារ​រវាង​បក្ស​កុម្មុយនិស្ត​ចិន ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​សហការ​ផ្លាស់ប្ដូរ​ព័ត៌មាន ដើម្បី​ប្រឆាំង​ដាច់​ខាត​នឹង​អ្វី​មួយ​ដែល​ភាគី​ទាំង​ពី​អះអាង​ថា ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៣ ខែមេសា។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី មក​កម្ពុជា ៣ថ្ងៃ​ក្រៅ​ពី​បង្ហាញ​ជំហរ​ការពារ​ត្រកូល ហ៊ុន ភាគី​កម្ពុជា និង​ចិន បាន​ចុះ​ហត្ថលេខា​ផ្ដោត​លើ​វិស័យ​កសិកម្ម​ចំនួន ៣ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ «ត្បូងពេជ្រ» ដែល​មាន​វិស័យ​សំខាន់ៗ​ដូចជា នយោបាយ​ការ​ទូត សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល និង​វិស័យ​ការពារ​ជាតិ ជាដើម ជា​ថ្នូរ​មក​វិញ​កម្ពុជា​បន្ត​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ដំណើរ​ទស្សនកិច្ច​លោក វ៉ាង យី មក​កម្ពុជា​ឱ្យ​ដឹង​ថា ភាគី​កម្ពុជា និង​ចិន ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​បន្ត​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​កងទ័ព​រួមគ្នា និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ សេវា​សុខាភិបាល និង​ភស្តុភារ​កម្ម និង​ការ​បោស​សម្អាត​មីន។ ក្រៅ​ពី​នេះ រួម​មាន​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ល្បែង​ឆបោក​តាម​អនឡាញ (Online) និង​ការ​ជួញដូរ​គ្រឿងញៀនជាដើម។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ លើកឡើង​ថា លោក​មិន​ជំទាស់​នឹង​ការ​ធ្វើ​នយោបាយ​ការ​ទូត​ជាមួយ​ប្រទេសចិន​ទេ​ប្រសិនបើ​ក្នុង​គោលដៅ​បម្រើ​ផល​ប្រយោជន៍​ជាតិ តែ​លោក​មើលឃើញ​ថា ទំនាក់ទំនង​កម្ពុជា​ចិន​សព្វ​ថ្ងៃ​នេះ កម្ពុជា​ហាក់​លម្អៀង​ទៅ​ចិន​ជ្រុល និង​មិន​ស្រប​តាម​ច្បាប់។ បន្ថែម​ពី​នេះ លោក​សង្កត់​ធ្ងន់​ថា ការ​បង្ហាញ​ជំហរ​របស់​កម្ពុជា​ពឹង​ផ្អែក​លើ​ចិន​ក្នុង​វិស័យ​ការពារ​ជាតិ កម្ពុជា​ហាក់​គឃ្លើន​ជាមួយ​អាមេរិក ក្នុង​គ្រា​ប្រទេស​លោកសេរី និង​ប្រទេស​ក្នុង​តំបន់​បារម្ភ​ពី​ការ​ពង្រីក​វត្តមាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា។

លោក ម៉ែន សុថាវរិន្ទ្រ៖«ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​ទាំងអស់​គ្នា​ចង់​បាន​ប្រជាធិបតេយ្យ​ដូច​នៅ​ប្រទេស​លោកសេរី​ដែរ។ ឥឡូវ​បើ​អ៊ីចឹង ឱ្យ​លោក ហ៊ុន ម៉ាណែត ប្រកាស​ក្ដែងៗ​មក​ថា ប្រកាន់​យក​គោលការណ៍​កុម្មុយនិស្ត​ចិន ឬ​ផ្ដាច់ការ​ហ្មង​ទៅ​កុំ​ឱ្យ​ប្រកាស​ថា អព្យាក្រឹត្យ សេរី​ពហុបក្ស។ លោក ហ៊ុន សែន ផ្ទាល់​ក៏​ធ្លាប់​លើកឡើង​គាត់​មិនមែន​ភ្លើ​ឱ្យ​បរទេស​មក​រំលោភ​អធិបតេយ្យ​ជាតិ ប៉ុន្តែ​ឃើញ​ជាក់ស្ដែង ប្រសិន​ជា​ជំនាន់​ថ្មី លោក ហ៊ុន ម៉ាណែត គាត់​ចាប់​ចិន​ទៀត ចិនៗ ចុះ​អត់​អី​ទេ ប៉ុន្តែ​យើង​សហការ​ក្នុង​នាម​អព្យាក្រឹត្យ​ជាមួយ​ចិន ជាមួយ​ប្រទេស​លោក​សេរី​ដូចគ្នា ប៉ុន្តែ​កុំ​ឱ្យ​យើង​ចាប់​យក​បុគ្គល​មួយ យើង​ខាតបង់​អស់​រយៈពេល ៦៤ឆ្នាំ​ហើយ»

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​តែងតែ​ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​អំពី​ការ​រឹត​ចំណង​ទាក់ទង និង​ការ​ពឹងផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន​កុម្មុយនិស្ត​តែ​ម្ខាង អាច​រង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ កន្លង​ទៅ​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​បច្ចេកវិទ្យា​សកល (Palo Alto Networks) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​លើ​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា (Hacker) ចិន​ដែល​តែងតែ​ជ្រៀតជ្រែក​ចូល​គ្រប់គ្រង​ទិន្នន័យ​ក្រសួង​ស្ថាប័ន​សំខាន់ៗ​កម្ពុជា​ទាំង ២៤ស្ថាប័ន ហើយ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​វាយតម្លៃ​ថា ក្រុម​ចោរ​ព័ត៌មាន​នៃ​រដ្ឋអំណាច​ចិន​នឹង​បន្ត​ជ្រៀតជ្រែក​ក្រសួង​ស្ថាប័ន​កម្ពុជា​ដែល​ផ្ទុក​ទិន្នន័យ​រសើប នៅ​ក្នុង​រយៈពេល​យូរ​អង្វែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។