ក្រុមយុវជនបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិខណៈរដ្ឋាភិបាលបន្តចាប់សកម្មជនដាក់ពន្ធនាគារ
2023.03.26
ព្រះសង្ឃ និងក្រុមយុវជនព្រួយបារម្ភអំពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ខណៈរដ្ឋាភិបាលបន្តចាប់សកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សដាក់ពន្ធនាគារជាបន្តបន្ទាប់។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលលើកកម្ពស់ការអនុវត្តច្បាប់ដើម្បីធានាសុខសុវត្ថិភាព ដល់ពលរដ្ឋនៅពេលពួកគាត់ប្រើប្រាស់សិទ្ធិសេរីភាពស្របតាមច្បាប់។
ក្រុមយុវជនអំពាវនាវដល់រដ្ឋាភិបាលឱ្យបើកលំហសិទ្ធិសេរីភាពឡើងវិញ និងឈប់ប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជនសង្គម សកម្មជននយោបាយ និងយុវជនឈឺឆ្អាលបញ្ហាសង្គម។
ព្រះតេជព្រះគុណ ជា លីនជាតិ គង់នៅខេត្តបាត់ដំបង មានសង្ឃដីកាឱ្យវិទ្យុអាស៊ីសេរីដឹងថា បើរដ្ឋាភិបាលនៅតែបន្តបំបិទសំឡេងពលរដ្ឋអ្នកស្នេហាជាតិនោះ កម្ពុជានឹងរងទណ្ឌកម្មបន្ថែមពីអន្តរជាតិ ហើយពលរដ្ឋជាអ្នករងគ្រោះខ្លាំងជាងគេ។ ព្រះតេជព្រះគុណបន្ថែមថា ភាគច្រើនអ្នកដែលរងគ្រោះគឺជាកម្មករ កសិករ និងអាជីវករដែលពួកគាត់សុទ្ធសឹងតែជាអ្នកប្រើកម្លាំងដោះដូរយកដើម្បីថវិកាចិញ្ចឹមជីវិត។
ព្រះតេជព្រះគុណ ជា លីនជាតិ៖ «ជាការសំណូមពរទៅដល់រដ្ឋាភិបាលដែរទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស វាមិនល្អទេសម្រាប់រដ្ឋាភិបាលខ្លួនឯងផ្ទាល់ និងសម្រាប់ប្រជាពលរដ្ឋព្រោះបើកាលណាមានការរំលោភសិទ្ធិមនុស្សច្រើនប្រជាពលរដ្ឋគាត់ហ្នឹងខ្លាចទៅលើរដ្ឋាភិបាល តែបើមានការរំលោភសិទ្ធិមនុស្សកាន់តែច្រើនរដ្ឋាភិបាលខ្លួនឯងនឹងជួបបញ្ហាជាមួយនឹងប្រជាពលរដ្ឋមិនពេញចិត្តគាត់ ខ្លាចជួបបញ្ហាបរទេសគាត់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចអីផ្សេងៗ»។
ស្រដៀងគ្នានេះដែរ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា ថ្លែងថា កម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺដោយសារតែកម្ពុជារំលោភសិទ្ធិមនុស្ស គំរាមកំហែងលើសកម្មជនគ្រប់រូបភាព ជាពិសេសស្ត្រីដែលពួកគាត់មានកម្លាំងទន់ខ្សោយហើយបែរជាត្រូវអាជ្ញាធរចាប់អូស វាយរហូតដល់បែកឈាម។ កញ្ញាបន្តថា មិនខុសអ្វីពីកញ្ញានោះទេ ដែលស្រឡាញ់បរិស្ថានចង់ផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង ប៉ុន្តែ ជាបែរអាជ្ញាធរចោទប្រកាន់ថា មាននិន្នាការនយោបាយ បម្រើផលប្រយោជន៍ឱ្យបរទេសទៅវិញ។
កញ្ញា មាន លីសា៖ «ខ្ញុំមើលឃើញថា រដ្ឋាភិបាលខ្លួនឯងត្រូវតែស្ដាប់វាទាមទារមែនទែនក្នុងការស្ដាប់សំឡេងអ្នកដែលរិះគន់ក្ដី ឬអ្នកដែលចង់ប្រឹក្សា ឬក៏និយាយបញ្ចេញសំឡេងប្រើប្រាស់សិទ្ធិរបស់គាត់មិនមែននៅពេលពួកគាត់ប្រើប្រាស់គឺបិទខ្ទប់គាត់ព្យាយាមនឹងនិយាយសំឡេងដែលពួកគាត់ប្រើប្រាស់សិទ្ធិបាន»។
ទន្ទឹមគ្នានេះដែរ យុវជនម្នាក់ទៀតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សុង សីហា សម្ដែងការមិនពេញចិត្តស្របពេលដែលអាជ្ញាធរបន្តបំភិតបំភ័យអ្នកដែលស្នេហាជាតិខ្លួនឯងបែរជាចាប់ដាក់ពន្ធនាគារទៅវិញ។ លោកបន្តថា នេះជាគំរូអាក្រក់ដល់យុវជនជំនាន់ក្រោយ និងជាភាពអាម៉ាស់នៅលើឆាកអន្តរជាតិ ម្យ៉ាងអាចធ្វើឱ្យប៉ះពាល់យុវជនដទៃទៀតដែលពួកគេចង់ជួយសង្គម ប៉ុន្តែត្រូវអាក់ខានវិញដោយសារអាជ្ញាធរចោទប្រកាន់ លាបពណ៌ថា ពួកគេប្រឆាំងរដ្ឋាភិបាល។
លោក សុង សីហា៖ «ខ្ញុំមើលឃើញថា រដ្ឋាភិបាលពង្រឹងនូវច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ យើងផ្តល់សិទ្ធិសេរីភាពឱ្យអ្នកនយោបាយអ្នកដែលចូលរួមឈឺឆ្អាលរឿងកិច្ចការងារសង្គម យើងត្រូវផ្ដល់សិទ្ធិសេរីភាពឱ្យពួកគាត់ធ្វើ ព្រោះអីរាល់សកម្មភាពដែលពួកគាត់ធ្វើគឺឡើងដើម្បីសង្គម»។
ប្រតិកម្មរបស់ក្រុមយុវជនទាំងនេះ ធ្វើឡើងគឺបន្ទាប់ពីតុលាការដែលរងការរិះគន់ថា នៅក្រោមសំពាធរដ្ឋាភិបាល លោក ហ៊ុន សែន កាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ ពីបទក្បត់ជាតិ ហើយកាលពីថ្មីៗនេះ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យសមត្ថកិច្ចចាប់ លោក ហ៊ុន កុសល លោក យឹម ស៊ីណន ដាក់ពន្ធនាគារភ្លាមៗក្រោយពួកគេបញ្ចេញមតិលើកបណ្ដេញសង្គម ។ ចំណែកឯ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាង២ (២ឆ្នាំ ៦ខែ) កាលថ្ងៃទី២៤ ខែមីនា ហើយអ្នកពាក់ព័ន្ធផ្សេងទៀតរួមមាន លោក តូច ថឹង លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២ឆ្នាំ ចោទពីរឿងក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ ។ ការចោទប្រកាន់នេះត្រូវបានគណបក្សប្រឆាំងបដិសេធថា ជាលេសដើម្បីធ្វើទុក្ខបុកម្នេញបក្សប្រឆាំងមុនការបោះឆ្នោត។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា កត់សំគាល់ថា មុនពេលបោះឆ្នោតរាល់អាណត្តិអាជ្ញាធរតែងតែធ្វើទុក្ខបុកម្នេញ ការចាប់សកម្មជននយោបាយដាក់គុក ការលាបពណ៌យុវជនជាដើមដែលទាំងនេះធ្វើឱ្យអន្តរជាតិថ្កោលទោសកម្ពុជាជាបន្តបន្ទាប់។ លោកបញ្ជាក់ថា កម្ពុជាគួរតែពង្រឹងការអនុវត្តច្បាប់ឡើងវិញ ដើម្បីអាចជួយកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធឡើងវិញ។
លោក នី សុខា៖ «ខ្ញុំយល់ឃើញថា រដ្ឋាភិបាលគួរតែស្ដាប់ចំពោះប្រតិកម្ម ទោះបីប្រតិកម្មហ្នឹងឆ្លុះបញ្ចាំងពីមតិភាគច្រើន ឬមតិភាគតិចកម្រិតប៉ុនណាក៏ដោយ ក៏យើងមិនដឹងថា មតិភាគតិចកម្រិតណា មតិភាគច្រើនកម្រិតណាទេ ប៉ុន្តែនៅក្នុងប្រទេសសង្គមប្រជាធិបតេយ្យរដ្ឋាភិបាលលោកគួរតែពិចារណា និងស្ដាប់ការលើកឡើង ឬក៏ប្រតិកម្មឡើងរបស់មតិក្រុមភាគតិចហ្នឹងផង»។
កាលពីពេលថ្មីៗនេះ សភាសហភាពអឺរ៉ុបព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBAទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតនៅខែកក្កដា ខាងមុខ មិនប្រព្រឹត្តទៅតាមស្តង់ដារអន្តរជាតិ ប្រកបដោយលក្ខណៈសេរី យុត្តិធម៌ និងអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។