ពលរដ្ឋ និងព្រះសង្ឃស្នើអ្នកនយោបាយឱ្យផ្សះផ្សាជាតិ ហើយស្ដារប្រជាធិបតេយ្យឡើងវិញ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ
2024.10.01
ប្រជាពលរដ្ឋ និងព្រះសង្ឃ ស្នើអ្នកនយោបាយ ឱ្យងាកមកផ្សះផ្សាជាតិតាមរយៈការដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាព និងស្ដារប្រព័ន្ធប្រជាធិបតេយ្យឱ្យល្អប្រសើរឡើងវិញ នៅរដូវបុណ្យភ្ជុំបិណ្ឌ ព្រោះថា ការណ៍ ដែលអ្នកនយោបាយ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង បន្តខាំធ្មេញដាក់គ្នា ចាត់ទុកគ្នាជាសត្រូវជាច្រើនទសវត្សរ៍មកនេះ ពុំមែនជាការដឹកនាំប្រទេសទៅរកការរីកចម្រើននោះឡើយ។
ពលរដ្ឋរស់នៅក្រុងបាវិត ខេត្តស្វាយរៀង លោក សួន វុទ្ធា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែតុលាការ ថា នៅតាមវត្តមួយចំនួន ពុំសូវឃើញមានពុទ្ធបរិស័ទទៅធ្វើបុណ្យច្រើននោះទេ ដោយសារតែប្រជាពលរដ្ឋភាគច្រើន មានបញ្ហាជីវភាពខ្វះខាត។ ចំណែកពលរដ្ឋខ្លះទៀត ទោះបីជាបានទៅវត្តធ្វើបុណ្យជួបជុំគ្រួសារក្ដី ក៏ពុំសូវសប្បាយចិត្ត ដូចឆ្នាំមុនៗ នោះទេ។
លោកបន្តថា វិបត្តិនយោបាយ និងការបែកបាក់ផ្ទៃក្នុងជាតិជាច្រើនឆ្នាំមកនេះ បានជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានជំរុញឱ្យពលរដ្ឋនៅតាមមូលដ្ឋាន ប្រកាន់បក្ខពួកនិយម ស្អប់គ្នា បែកបាក់ជាពីរក្រុម មើលមុខគ្នាលែងចំ ព្រោះតែមាននិន្នាការផ្ទុយគ្នា។ លោកថា ករណីនេះ ប្រជាពលរដ្ឋ ក៏ដូចជា ប្រទេសជាតិទាំងមូល ពុំទទួលបានផលចំណេញអ្វីទាល់តែសោះ ពីការឈ្លោះប្រកែកគ្នារវាងខ្មែរ និងខ្មែរ។
លោកចង់ឃើញបក្សកាន់អំណាច និងបក្សប្រឆាំងផ្សេងៗ ទៀត គួរតែទម្លាក់មានៈ ចិត្តចង់ឈ្នះចាញ់គ្នា លាបពណ៌គ្នា ចោទប្រកាន់គ្នា ដោយងាកមកផ្សះផ្សាជាតិ ផ្ដល់ក្ដីអនុគ្រោះឱ្យគ្នា ហើយស្ដារប្រព័ន្ធប្រជាធិបតេយ្យ ឡើងវិញ ដោយផ្ដោតលើការស្វែងរក ដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនពលរដ្ឋ ជាធំនោះ ជាការប្រសើរ នៅរដូវបុណ្យភ្ជុំបិណ្ឌ។
វិបត្តិនយោបាយបានជាប់គាំងជិត ១០ឆ្នាំមក ក្រោយពីតុលាការក្រុងភ្នំពេញបានបញ្ជា ឱ្យរំលាយគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ហើយមន្ត្រីបក្សប្រឆាំង មួយចំនួនត្រូវបានចាប់ខ្លួនដាក់គុក ចំណែកមន្ត្រីមួយចំនួនទៀត រត់ភៀសខ្លួនទៅក្រៅប្រទេស ដែលហេតុការណ៍នេះ ត្រូវបានអង្គការជាតិ និងអន្តរជាតិវាយតម្លៃថា ជាការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យយ៉ាងអាក្រក់នៅកម្ពុជា។
ចាប់តាំងពីពេលនោះ សកម្មភាពបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ មកលើសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ បានបន្តកើតមានជាហូរហែ ដោយពុំបន្ធូរបន្ថយឡើយ រហូតដល់បច្ចុប្បន្ន។ ចំណែកពលរដ្ឋមួយចំនួនជំពាក់បំណុលវ័ណ្ឌក និងពលរដ្ឋខ្លះទៀត ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កាន់តែកើនឡើង ដូចជា ប្រទេសថៃ និងកូរ៉េខាងត្បូងជាដើម។
ចំណែកព្រះសង្ឃគង់នៅខេត្តបាត់ដំបង ព្រះតេជព្រះគុណ ជា វុទ្ធី មានថេរដីកាថា បុណ្យភ្ជុំបិណ្ឌនេះ គឺជាប្រពៃណីមួយ បណ្ដុះឱ្យប្រជាពលរដ្ឋខ្មែរចៀសវាងអំពើបាប ការបៀតបៀនគ្នា ឱ្យចេះសាមគ្គីគ្នា និងចេះផ្ដល់ក្ដីអនុគ្រោះឱ្យគ្នាទៅវិញ ទៅមកតាម រយៈការធ្វើបុណ្យទាន ចំពោះព្រះសង្ឃ ការសមាទាន សីលប្រាំ និងការរលឹកដឹងគុណ ដល់បុព្វបុរសខ្មែរ ឬសាច់ញាតិ ដែលបានចែកឋានទៅ។
បន្ថែមពីនោះ ព្រះតេជព្រះគុណមានថេរដីកាថា បុណ្យភ្ជុំបិណ្ឌ គឺបណ្ដុះឱ្យពលរដ្ឋ មិនថា អ្នកនយោបាយ បក្សកាន់អំណាច ឬបក្សប្រឆាំងនោះទេ គឺឱ្យចេះរួបរួមគ្នា ផ្សះផ្សាជាតិ ជជែកគ្នា ព្រោះថា ជាច្រើនឆ្នាំមកនេះ ជម្លោះនយោបាយបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចប្រទេសជាតិទាំងមូលកាន់តែអាក្រក់។ ព្រះអង្គថា នាពេលបុណ្យភ្ជុំបិណ្ឌ អ្នកនយោបាយ ជាពិសេស បក្សកាន់អំណាច គួរតែទម្លាក់បទចោទ ដោះលែង សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងនយោបាយឱ្យមានសេរីភាពឡើងវិញ ដើម្បីផ្សះផ្សាជាតិ ។
នៅថ្ងៃទី១ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារហ្វេសប៊ុក ដើម្បីអបអរសាទរបុណ្យកាន់បិណ្ឌ និងបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិទាំងឡាយ ឱ្យជួយថែរក្សាប្រោសព្រំសព្វសាធុការពរជ័យជូនដល់ប្រជាពលរដ្ឋឱ្យប្រកបដោយសេចក្ដីសុខ។ រីឯ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបង្ហោះលើហ្វេសប៊ុក ដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយ ដែលប្រជាពលរដ្ឋ ឬពុទ្ធបរិស័ទមានឱកាសធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា។
វិទ្យុអាស៊ីសេរីពុំអាចទាក់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញ រឿងនេះបានទេ នៅថ្ងៃទី១ ខែតុលាការ។
ទាក់ទិនរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា សម្រាប់បក្សក្រៅរដ្ឋាភិបាល គឺតែងតែគិតផលប្រយោជន៍ពលរដ្ឋជាធំ ហើយចង់មានការបង្រួបបង្រួមជាតិ ពិតប្រាកដមួយនៅក្នុងប្រទេស ដូចអ្វី ដែលប្រជាពលរដ្ឋចង់បាន ក៏ប៉ុន្តែ រឿងនេះពុំអាចកើតឡើងបានទេ ប្រសិនបើបក្សកាន់អំណាចពុំមានឆន្ទៈ ដើម្បីដោះស្រាយ ការជាប់គាំងនយោបាយទេនោះ។
លោកបន្តថា បច្ចុប្បន្ន កម្ពុជាមិនពិបាកនោះទេ ក្នុងកិច្ចការបង្រួបបង្រួមជាតិ ព្រោះមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាលំនាំដ៏ល្អ របស់អ្នកនយោបាយ ប្រសិនបើគោរពតាមគោលការណ៍ទាំងនោះ ឱ្យបានត្រឹមត្រូវ។ រីឯការដឹកនាំបច្ចុប្បន្ននេះ លោកកត់សម្គាល់ថា ហាក់ដូចជាដើរមិនទាន់ស្របនឹងគន្លង នៃស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិនៅឡើយ ដែលបញ្ហារបស់ពលរដ្ឋជាច្រើន មិនត្រូវបានដោះស្រាយ ដោយស្មើមុខស្មើមាត់។
ប្រជាពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងមួយចំនួន បាននាំគ្នាបង្ហាញការសោកសៅ អាណិតអាសូរ បាត់បង់សមាជិកគ្រួសារ នៅពេលបុណ្យភ្ជុំបិណ្ឌ ដោយសារតែអ្នកខ្លះ មានសាច់ញាតិជាប់ពន្ធនាគារ ពាក់ព័ន្ធរឿងនយោបាយ ចន្លោះពី ១ឆ្នាំ ទៅ ៥ឆ្នាំមកហើយ នៅពុំអាចជួបជុំគ្រួសារបានឡើយ។ ពួកគាត់បានស្នើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែគិតគូរស្ដារប្រជាធិបតេយ្យ និងបង្រួបបង្រួមជាតិឡើងវិញ ដោយដោះលែង អ្នកទោស នយោបាយ ទាំងអស់ឱ្យមានសេរីភាពឡើងវិញ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។