ពលរដ្ឋ​មួយ​ចំនួន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ

ដោយ ថា ថៃ
2024.11.27
ពលរដ្ឋ​មួយ​ចំនួន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន​ សែន

ពលរដ្ឋ​មួយ​ចំនួន​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ។ ការ​ទាមទារ​នេះ ដោយសារ​ពួកគាត់ មិន​ជឿ​ទុកចិត្ត​ទៅ​លើ​យន្តការ​ដោះស្រាយ​ទ្វេភាគី រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ។

បញ្ហា​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ថៃ កំពុង​ក្លាយ​ជា​ក្តី​កង្វល់​ធំ​មួយ​ទៀត​របស់​ពលរដ្ឋខ្មែរ​ទាំង​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក បន្ទាប់ពី​បញ្ហា​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​វៀតណាម ហាក់​ស្ងប់ស្ងាត់​ទៅវិញ។ នៅ​ពេល​នេះ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ចាប់​ផ្តើម​កំណត់​ថ្ងៃ​ធ្វើ​បាតុកម្ម និង​ចាប់ផ្តើម​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។

ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណី ថ្លែង​ថា ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​ប្រមូល​ផ្តុំ គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី៨ ខែ​ធ្នូ ខាងមុខ ក្នុង​តំបន់​យ៉ុងសាន់ (Yong San) ទីក្រុង​សេអ៊ូល (Seoul) ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប្តឹង​រឿង​កោះ គជ់​ទៅ​តុលាការ​អន្តរជាតិ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ មិន​ប្តឹង​​ទាមទារ​កាន់​កាប់​ទឹក​ដី​មួយ​ចំណែក​នៅ​កោះគជ់ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ភាគី​ថៃ​ទេ នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នឹង​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ក្បត់ជាតិ។

លោក ម៉ាត់ វណ្ណី៖ «យើង​យល់​ថា មាន​តែ​យន្តការ​អន្តរជាតិ​នេះ​ដែល​អាច​ធានា​និង​ការពារ​បូរណភាព​ទឹកដី​យើង​បាន ព្រោះ​យើង​ខ្សោយ។ កាល​ណា​យើង​ខ្សោយ​ទាំង​សេដ្ឋកិច្ច ទាំង​យោធា និង​នយោបាយ​ការទូត យើង​ទៅ​ចរចា ជាមួយ​គេ​ទ្វេ​ភាគី គឺ​យើង​ចាញ់​ប្រៀប​គេ​រួច​ស្រេច​ទៅ​ហើយ។ ដូច្នេះ​ហើយ​បាន​ជា យើង​ពឹងពាក់​លើ​អាជ្ញាកណ្តាល តាមរយៈ​តុលាការ​អន្តរជាតិ»

ជាមួយ​គ្នា​នេះ សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក វ៉ាន់

ចាន់ធឿន យល់​ស្រប​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ប្តឹង​រឿង​កោះគជ់​នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​កាន់កាប់​កោះគជ់​មក​វិញ។

លោក វ៉ាន់ ចាន់ធឿន៖ «បើ​គាត់(លោក ហ៊ុន សែន ) ស្មើ​នឹង​លោក ហ៊ុន សែន ក្បត់​ជាតិ។ គាត់​ប្រគល់​ទឹកដី​ឲ្យ​គេ​ទៀត។ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​គ្មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​សោះ តាំង​ពី​កោះត្រល់ ទល់​ដែន​ខ្មែរ អួតអាង​មាន​អី​មាន​តែ​រលាយ​មាន​តែ​ហិនហោច ពលរដ្ឋ​ខ្មែរ​មាន​តែ​រងទុក្ខ ស្រណុក​តែ​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​អួតអាង​អ្នក​ដែល​ដឹកនាំ»

ចំណែក​ពលរដ្ឋខ្មែរ​នៅ​ឯ​ប្រទេស​ជប៉ុន​វិញ ពួកគាត់ ក៏​មិន​នៅ​ស្ងៀម​​​ដែរ។ ប្រធាន​ស្តីទី​ចលនា​​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន អ្នកស្រី មាស ភារ៉ា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ​ ក្នុង​ពេល​ដែល​​ពួកគាត់​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅថ្ងៃទី៨ ធ្នូ ជាមួយ​ជាតិ​សាសន៍​ផ្សេងៗ​ទៀត។

អ្នកស្រី មាស ភារ៉ា៖ «កាលណា​យើង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ យើង​ដឹង​ស​ខ្មៅ ទោះ​យើង​បាន​ប៉ុណ្ណា​ក៏​យើង​អស់​ចិត្ត បើ​គេ​កាត់​ក្តី​ឲ្យ​ប៉ុណ្ណា ក៏​ភាគី​ទាំងសងខាង​អស់​ចិត្ត ហើយ​ប្រជាពលរដ្ឋ ក៏​ទទួល​យក​បាន​ដែរ។ អ៊ីចឹង​ដើម្បី​ជា​សេចក្តី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល ជា​ទំនុកចិត្ត​របស់​ពលរដ្ឋ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ខ្មែរ​យើង គួរ​ណាស់​តែប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​នេះ»

ពលរដ្ឋខ្មែរ​មួយចំនួន​ទៀត រួម​ទាំង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ំ សំអាន​ផង លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ប្តឹង​រឿង​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ​ទេ មាន​ន័យ​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ក្បត់​ជាតិ ដោយ​សុខចិត្ត​បាត់បង់​ទឹកដី​ខ្មែរ ជា​ថ្នូរ​នឹង​ឲ្យ​រដ្ឋាភិបាល​ថៃ លុបបំបាត់​មិន​ឲ្យ​មាន​ពលរដ្ឋខ្មែរ ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​រិះគន់ ឬ​ប្រឆាំង​ការដឹកនាំ​របស់​ពួក​លោក។ ពួកគាត់ មើល​ឃើញ​ថា ករណី​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​ជិត ១០នាក់​ទៅ​ដាក់​គុក​នៅ កម្ពុជា​វិញ កាល​ពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា អាច​ជា​កាដូ​ឲ្យ​លោក ហ៊ុន សែន ដែល​កាត់​កោះ​គជ់​ឲ្យ​ថៃ។

ទាក់ទង​នឹង​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ទោះជាយ៉ាងណា កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក​ដែល​ជា​មេ​បក្ស​កាន់អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ហាក់​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គជ់​នោះ​ទេ ដោយ​ផ្ដោត​តែ​ទៅ​លើ​យន្តការ​ចរចា​ទ្វេភាគី​អំពី​កិច្ចព្រមព្រៀង ឬ ​MoU កាលពី​ឆ្នាំ២០០១ ស្តី​ពី​ការ​អភិវឌ្ឍ​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន​ជាមួយ​កម្ពុជា។ ខុស​ពី​មេដឹកនាំ​ថៃ ដែល​ព្យាយាម​បង្ហាញ​ជំហរ​ថែរក្សា​ការពារ​កោះគជ់​ដែល​ថៃ​កំពុង​​កាន់កាប់​មិន​ឲ្យ​បាន​មក​ខ្មែរ​មួយ​ចំណែក​នោះ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត វិញ បែរ​ជា​ឆ្លៀត​ឱកាស​នេះ ថ្លែង​វាយប្រហារ និង​គំរាម​កំហែង​ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​ឈឺឆ្អាល​ខ្លាច​បាត់បង់​កោះគជ់​នេះ។

លោក ហ៊ុន សែន៖ «ឥឡូវ​នេះ​គេ​កំពុង​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ដើម្បី​រុញ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ។ ដំបៅ​មិន​ឈឺ​យក​ឈឺ​ចាក់។ រឿង​គេ​កំពុង​ជជែក​គ្នា ឯ​យើង​មក​រុញ តើ​នេះ​ជា​អ្វី​ទៅ ? ជា​អំពើ​អ្វី? ម្តង​ហើយ​ម្ដងទៀត​រុញ​មិន​ឲ្យ​ប្រជាជន​បាន​សេចក្តី​សុខ​ណាមួយ​តាមរយៈ​នៃ​ការ​បង្កើត​ចលនា​ប្រឆាំង។ ព្រះតេជព្រះគុណ តើ​ដល់​ពេល​វេលា​ដែល​រាជរដ្ឋាភិបាល ឬ​ក៏​អ្នក​តាក់តែង​ច្បាប់​ដើម្បី​រៀបចំ​នៅ​ច្បាប់​ដាក់​ក្រុម​នេះ ជា​ក្រុម​ភេរវកម្ម​ហើយ​ឬនៅ?»

ជុំវិញ​រឿង​នេះ ព្រះសង្ឃ​ដែល​ឈឺឆ្អាល​រឿង​សង្គម និង​នយោបាយ​គង់​នៅ​ប្រទេស​អូស្ត្រាលី ព្រះតេជព្រះគុណ ហេង គឹមឡាយ មាន​សង្ឃ​ដីកា​ទាមទារ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ប្រើ​អំណាច​បំបិទ​សិទ្ធិពលរដ្ឋ​ខ្មែរ ហើយ​គួរតែ​យក​ពេល​ទៅ​រក​វិធី ដោះ​ស្រាយ និង​ប្តឹង​ទាមទារ​សិទ្ធិ​កាន់កាប់​កោះគជ់​ឡើងវិញ។

ព្រះតេជព្រះគុណ ហេង គឹមឡាយ៖ «ជំហរ​របស់​យើង គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវតែ​ទាមទារ​មួយ​ផ្នែក​នៃ​កោះគជ់ ព្រោះ​អី​យើង​ដឹង​តើ​យើង​បាន​មើល​ប្រវត្តិសាស្រ្ត យើង​បាន​មើល​ឯកសារ​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ​ថា កោះគជ់​មាន​ចំណែក​របស់ យើង ២ ភាគ៣ នៅ​ទីនោះ»

បច្ចុប្បន្ន​នេះ កោះគជ់ កំពុង​ស្ថិត​ក្រោម​ការគ្រប់គ្រង​ផ្ដាច់មុខ​របស់​ប្រទេស​ថៃ ដោយ​បាន​​​អភិវឌ្ឍ​ទីនោះ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់​ទាញ​មួយ​​។ ​ប្រជាជន​ថៃ​ជាច្រើន បាន​រស់នៅ​ទីនោះ មាន​ទាំង​សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ទឹក​ ភ្លើង និង​មាន​មូលដ្ឋាន​ទ័ព​ថៃ​ទៀត​ផង ខណៈ​ពលរដ្ឋខ្មែរ​នៅ​ទីនោះ គឺ​គ្រាន់តែ​ជា​ជន​ចំណាកស្រុក​ស៊ី​ឈ្នួល​ឲ្យ​ជនជាតិ​ថៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ថ្លែង​ថា ជុំវិញ​រឿង​កោះគជ់​នេះ ​រដ្ឋាភិបាល​ថៃ បាន​ដើរ​មុន​រដ្ឋាភិបាល​កម្ពុជា​ឆ្ងាយ​ដោយ​បាន​អភិវឌ្ឍ​ទីនោះ​និង​ដាក់​រដ្ឋបាល​គ្រប់គ្រង​រួច​ជាស្រេច ដូច្នេះ​ការចរចា​ទ្វេភាគី​ជាមួយ​ថៃ នឹង​មិន​ទទួល​បាន​លទ្ធផល​ឡើយ។ លោក គាំទ្រ​ចំពោះ​ការ​ទាមទារ របស់​ពលរដ្ឋខ្មែរ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ព្រោះ​ជា​ជម្រើស​ល្អ​បំផុត ហើយ​កម្ពុជា ក៏​ធ្លាប់​ប្រើ​យន្តការ​នេះ​ឈ្នះក្តី រឿង​ប្រាសាទ​ព្រះវិហារ​ដែរ។ បន្ថែម​ពី​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរតែ​ព្យាយាម​បកស្រាយ​បែប​ផ្តល់​ព័ត៌មាន​ថ្មីៗ​នៃ​ការ​ចរចា ឬ​យន្តការ​ដោះស្រាយ​នានា ជាជាង​ការ​គំរាមកំហែង​លើ​ពលរដ្ឋ។

លោក វ៉ន ចាន់ឡូត៖ «ទី១ ផល​ប្រយោជន៍​នៃ​ការ​ប្តឹង​នេះ រដ្ឋាភិបាល​មិន​ជាប់​ឈ្មោះ​ជា​ជនក្បត់​ជាតិ​ទេ បើ​សិន​ជា​មាន​សាលក្រម​ណាមួយ​ពី​តុលាការ។ ទី២ វា​បង្ហាញ​ពី​ភាព​ចាស់ទុំ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែន​អធិបតេយ្យ​ជាមួយ​ប្រទេស​ជិត​ខាង ព្រោះ​យើង​មិន​ត្រូវ​ការ​ផ្ទុះ​សង្គ្រាម ផ្ទុះអាវុធ​ដណ្តើម​ទឹកដី​ដូច​សម័យ​បុរាណ​នោះ​ទេ»

កាលពី​ថ្មីៗនេះ ប្រធាន​ចលនា​ជាតិ​តស៊ូ និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ក៏​បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​ចំនួន​ថា ផ្ទៃ​ដី​កោះគជ់​លើស​ពី​ពាក់​កណ្ដាល និង​ដែន​សមុទ្រ​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា ដែល​គេ​ថា «ត្រួតស៊ីគ្នា» នោះ តាម​ពិត​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ដោយ​យោង​លើ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧។ ច្បាប់​សមុទ្រ​របស់​អង្គការ​សហ​ប្រជាជាតិ ភស្តុតាង​ក្នុង​ប្រវត្តិសាស្ត្រ ព្រមទាំង​មាន​បារាំង​ជា​សាក្សី​ផងដែរ។ លោក សម រង្ស៊ី ជំរុញ​ឱ្យ​ពលរដ្ឋខ្មែរ​គ្រប់​មជ្ឈដ្ឋាន​បញ្ចេញ​សំឡេង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដាក់​សំណុំ​រឿង​កោះគជ់ និង​ដែន​សមុទ្រ ២​ម៉ឺន ៦​ពាន់​គីឡូ​ម៉ែត្រ​​ក្រឡា​នោះ ទៅ​តុលាការ​អន្តរជាតិ​ឱ្យ​កាត់​សេចក្ដី ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។