ពលរដ្ឋ​សោកស្តាយ​ព្រែក​មួយ​ដែល​ខ្មែរ​ក្រហម​ជីក បាត់បង់​ទៅ​វៀតណាម​​ក្រោយ​បោះបង្គោល​ព្រំដែន

ដោយ ស្ងួន អមរា
2023.08.26
ពលរដ្ឋ​សោកស្តាយ​ព្រែក​មួយ​ដែល​ខ្មែរ​ក្រហម​ជីក បាត់បង់​ទៅ​វៀតណាម​​ក្រោយ​បោះបង្គោល​ព្រំដែន ទិដ្ឋភាពបង្គោលព្រំដែនលេខ២២៩ ឋិតក្នុងខេត្តស្វាយរៀង ដែលពលរដ្ឋថា បោះចូលដីខ្មែរ ធ្វើឱ្យបាត់បង់ព្រែកសម័យបារាំង។ រូប​កាលពីថ្ងៃទី១៨ សីហា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន និង​ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយរៀង​សោកស្តាយ​ព្រែក​មួយ​ខ្សែ ​ ដែល​បន្សល់​តាំង​ពី​សម័យ​បារាំង និង​ស្ដារ​ឡើង​វិញ នៅ​សម័យ​ខ្មែរ​ក្រហម​ បាន​បាត់បង់​ទៅ​វៀតណាម​គ្រប់គ្រង ក្រោយ​បោះ​បង្គោល​ព្រំដែន កាល​ពី​ឆ្នាំ​២០១៧ ក្នុង​ពេល​កម្ពុជា​កំពុង​មាន​វិបត្តិនយោបាយ។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ ស្នើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ផ្ទៀងផ្ទាត់​ការ​បោះបង្គោល​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ។

ព្រែក​មួយ​ខ្សែ​មាន​ប្រវែង​ទទឹង​ចន្លោះ​ជាង ២០​ម៉ែត្រ ដល់​ជាង ៤០ ម៉ែត្រ បណ្តោយ​ជាង ១០០គីឡូ​ម៉ែត្រ ឋិត​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ត្រូវ​បាន​ពលរដ្ឋ និង​យុវជន អះអាង​ថា បាន​របូត​ទៅ​វៀតណាម បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ​បាន​ឯកភាព​គ្នា​ដោយ​ស្ងាត់ៗ កំណត់​ខណ្ឌសីមា​ព្រំដែន​តាម​បណ្តោយ​ដង​ព្រែក​នេះ កាល​ពី​ឆ្នាំ​២០១៧

border1.jpg
ទិដ្ឋភាពបង្គោលព្រំដែនលេខ២២៩ ឋិត​ក្នុង​ខេត្ត​ស្វាយរៀង ដែល​ពលរដ្ឋ​ថា បោះ​ចូល​ដី​ខ្មែរ ធ្វើ​ឱ្យ​បាត់បង់​ព្រែក​សម័យ​បារាំង។ រូប​កាលពីថ្ងៃទី១៨ សីហា ២០២៣។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ព្រែក​នេះ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង​ទាំង​ស្រុង​នៅ​រយៈពេល​ជាង ៦​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​វៀតណាម​បាន​ប្រើប្រាស់​ព្រែក​នេះ​ធ្វើ​នាវាចរ ដឹកទំនិញ និង​កសិផល​ មក​លក់​នៅ​កម្ពុជា។ រីឯ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជីក​ផ្លូវ​ក្រវាត់​ព្រំដែន​រួចរាល់​ហើយ​ដែរ ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​ទៅ​នេះ។

ពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​នោះ ភាគច្រើន​មិន​ហ៊ាន​តវ៉ា និង​រិះគន់​បញ្ហា​នេះ​ទេ ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន និង​ក្រុម​គ្រួសារ។

ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្បែរ​ព្រំដែន​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​វៀតណាម​បាន​ចាត់​ទុក ព្រែក​មួយ​ខ្សែ​នេះ​ជា​របស់​ខ្លួន​ ហើយ​បញ្ជូន​ប្រជាជន​គេ​មក​រស់​នៅ​ច្រើន​ស្អេកស្កះ តាម​បណ្តោយ​ព្រំដែន។ លោកស្រី​ថា ព្រំដែន​ចាស់​កន្លង​ទៅ​ ឋិត​នៅ​ឆ្ងាយ​ពី​ព្រែក​នេះ​ជា​ច្រើន​គីឡូម៉ែត្រ។

«ពី​មុន​មិនមែន​បង្គោល​នៅ​ត្រឹម​ហ្នឹង​ តាម​ខ្ញុំ​ធ្លាប់​ឃើញ តែ​ចេះ​តែ​ខិត​មក​ដល់ បង្គោល​ទើប​បោះ​ដែរ ពី​មុន​ហួស​ស្ពាន​ហ្នឹង​ ហួស​កន្លែង​ប៉ុស្តិ៍​វៀតណាម​នៅ​រាល់​ថ្ងៃ​ហ្នឹង ព្រែក​ហ្នឹង។ ពេល​គេ​ចាប់​ផ្តើម​បោះ​បង្គោល​ព្រំដែន បាន​គេ​ចាប់​ផ្តើម​ធ្វើ​នៅ​អែប​ព្រែក​រាល់ថ្ងៃ»

border2.jpg
ទិដ្ឋភាពកម្មករខ្មែរលីស្រូវដែលនាំចេញពីកម្ពុជា តាមរថយន្ត នាំចូលតាមទូកឱ្យឈ្មួញវៀតណាម តាមព្រែក សម័យបារាំង កាលពីថ្ងៃទី ១៨ សីហា ២០២៣។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

ព្រែក​សម័យ​បារាំង​មួយ​ខ្សែ​នេះ ប្រវែង​ជាង ១០០​គីឡូ​ម៉ែត្រ លាត​សន្ធឹង​ពី​ខេត្ត​ព្រៃវែង រហូត​ទល់​នឹង​ខេត្ត​ស្វាយរៀង ឆ្លង​កាត់​ស្រុក​ស្វាយជ្រំ​ និង​ក្រុង​ស្វាយរៀង។ អ្នក​ស្រុក​ខ្លះ បាន​ហៅ​ព្រែក​នេះ​ថា ព្រែក​តែអុង ហើយ​កាល​ពី​សម័យ​ ប៉ុល ពត អ្នកភូមិ​បាន​ជីក​ស្ដារ​ព្រែក​នេះ​ឱ្យ​ជ្រៅ ងាយ​ស្រួល​ធ្វើ​កសិកម្ម និង​ទាញ​ទឹក​ប្រើប្រាស់​ជាដើម។

យុវជន​រស់​នៅ​រាជធានីភ្នំពេញ លោក សៀង រក្សា ស្នើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បើក​ចិត្ត​ទូលាយ អនុញ្ញាត​​ឱ្យ​យុវជន​ចូលរួម​តាមដាន​ពី​ការ​បោះ​បង្គោល​ព្រំដែន ដើម្បី​ស្វែង​យល់​ ពី​បូរណភាព​ទឹកដី។ លោក​សង្កេត​ឃើញ​ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ មាន​ការ​លាក់​បាំង​ច្រើន។

លោក សៀង រក្សា៖ «ការ​បោះ​បង្គោល​ព្រំដែន​អត់​បង្ហាញ​ឱ្យ​ទូលំទូលាយ​ឱ្យ​យុវជន​ សិស្ស​និស្សិត​បាន​ដឹង​ទូលំទូលាយ ព័ត៌មាន​អត់​ច្បាស់​ដល់​ពលរដ្ឋ​ និង​យុវជន​ទេ ខ្ញុំ​សង្ស័យ​ថា​ ការ​បោះ​បង្គោល​ព្រំដែន អត់​ត្រូវ​តាម​ច្បាប់ និង​ផ្ទៃ​ដី​ផ្ទៃ​ក្រឡា»

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​សាលា​ខេត្ត​ស្វាយរៀង លោក រស់ សុផារិទ្ធិ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខេត្ត​ស្វាយរៀង​នៅ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​រួចរាល់​នៅ​ឡើយ​ទេ នៅ​សេសសល់​តិចតួច ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា តំបន់​ដែល​មិន​ទាន់​កំណត់​ព្រំដែន​រួច​ ឋិត​ក្នុង​ស្រុក​ណា​នោះ​ឡើយ។

លោក​បដិសេធ​មិន​អធិប្បាយ ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​ព្រែក​មួយ​ខ្សែ​ទៅ​វៀតណាម ដោយ​លោក​ថា ជា​ភារកិច្ច​របស់​គណៈកម្មការ​ព្រំដែន។

លោក រស់ សុផារិទ្ធិ៖ «បោះ​ជិត​រួចរាល់​សល់​តិចតួច យើង​កំពុង​ពិភាក្សា​គ្នា​ដែល​មិន​ទាន់​ឯកភាព​គ្នា​ សល់​​ចំណុច​ហ្នឹង ព្រោះ​យើង​ធ្វើការ​ប្រយ័ត្ន​ប្រយែង»

ចំណែក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​​កិច្ចការ​ព្រំដែន ដែល​ទើប​តែង​តាំង​ថ្មី លោក ឡាំ ជា ក៏​បដិសេធ​បំភ្លឺ​រឿង​នេះ​ដែរ ដោយ​លោក​ថា គណៈកម្មការ​ព្រំដែន​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់​ដឹកនាំ​កម្រិត​រដ្ឋបាល និង​អគ្គនាយក​រដ្ឋបាល​មិន​ទាន់​រួចរាល់​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា លោក​នឹង​បំភ្លឺ​រឿង​នេះ នៅ​ពេល​រៀបចំ​ការងារ​រួចរាល់។

លោក ឡាំ ជា«រង់​ចាំ​ច្បាប់​ចេញ​សិន បង​នឹង​ការពារ​អនុក្រឹត្យ​រៀបចំ​ប្រព្រឹត្ត​ទៅ​ហើយ​ ផែនការ ការងារ​វា​ពេញ​ផ្លូវ​ច្បាប់​តែ​ម្តង»

ទាក់ទង​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន សង្កេត​ឃើញ​ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​មិន​ផ្អែក​តាម​មរតក របស់​បារាំង​ និង​ផ្អែក​តាម​អនុសញ្ញា​កម្ពុជា​កូសាំងស៊ីន​ឆ្នាំ​១៨៧៣ នោះ​ទេ គឺ​បោះ​តាម​សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ ដែល​ជា​សន្ធិសញ្ញា​ខុសច្បាប់។

លោក អ៊ំ សំអាន៖ «បាន​ជា​យើង​កំណត់​ស្រេច​តែ​ចិត្ត​ អ៊ីចឹង​បាន​បាត់បង់​ដី​ខ្មែរ បើ​យើង​រក​មរតក​របស់​បារាំង​ដែល​យើង​ដឹង​ហើយ​ថា​ មរកត​បារាំង​មិន​បាត់​ដី​ដូនតា​យើង​ទេ។ លោក ហ៊ុន សែន ជំពាក់​គុណ​យួន ធ្វើ​តាម​យួន​កំណត់ ប្រឡាយ​ត្រឹម​នេះ។ ជា​ការ​គ្រោះ​ថ្នាក់​មួយ»

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី ត្រូវ​កសាង​ឯកសារ​ប្តឹង​​ភាគី​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​ករណី​វៀតណាម​បង្ខំ​ឱ្យ​កម្ពុជា​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ខុសច្បាប់​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​តាម​តំបន់​ព្រំដែន។

លោក ម៉ែន ណាត៖ «ឱកាស​ថ្មី​ហើយ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ព្រោះ​ឪពុក​របស់​គាត់​ ជាប់​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់​ជាមួយ​វៀតណាម​ជាប់​កិច្ច​សន្យា​ហ្នឹង។ ហ៊ុន ម៉ាណែត ប្រញាប់​ឡើង​ យក​ឯកសារ​សន្ធិសញ្ញា​ខុសច្បាប់ ខុស​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ យើង​រៀបចំ​ឯកសារ​ប្តឹង​បាន លោក ហ៊ុន ម៉ាណែត មាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ជាតិ​ហើយ ឱ្យ​តែ​ហ៊ាន​ធ្វើ​រៀង​ហ្នឹង»

ពលរដ្ឋ​បន្ថែម​ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់ ​ដោយ​ភាគី​វៀតណាម​មាន​យុទ្ធសាស្ត្រ​ឈ្លាន​ពាន​គ្រប់​រូបភាព ដោយ​មាន​ដី​ស្រែ​ខ្លះ​ ប្រជាជន​វៀតណាម បាន​ទិញ​ពី​ពលរដ្ឋ​ខ្មែរ ដើម្បី​កាន់​កាប់​ជា​ដី​របស់​វៀតណាម​ ហើយ​ការ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ទៀត​សោត ខាង​ភាគី​វៀតណាម គឺ​ជា​អ្នក​ចេញ​ថ្លៃ​ចំណាយ​ទាំង​អស់។

border3.jpg
ទិដ្ឋភាព​ផ្លូវ​តាម​ព្រែក​សម័យ​បារាំង កាលពីថ្ងៃទី ១៨ សីហា ២០២៣។ រូប៖ ពលរដ្ឋផ្តល់​ឱ្យ

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន​ ៣១៥បង្គោល ឬ​ស្មើ​និង ៨៤​ភាគ​រយ​ហើយ នៅ​សេស​សល់បង្គោល​ចំនួន ៥៦ ទៀត ឋិត​នៅ​ខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្តតាកែវ៕

សេចក្ដី​កែតម្រូវ៖ អនុសញ្ញា​កម្ពុជា​កូសាំងស៊ីន​ឆ្នាំ​១៨៧៣  មិនមែន អនុសញ្ញា​កម្ពុជា​កូសាំងស៊ីន​ឆ្នាំ​១៩៧៣ ទេ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។