ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ជាប់​ពន្ធនាគារ​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ

ដោយ ប្រាជ្ញ ចេវ
2024.04.02
ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​ជាប់​ពន្ធនាគារ​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ថ្ងៃទី២ មេសា​ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​មួយចំនួន​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ ដែល​កំពុង​ជាប់​ពន្ធនាគារ មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។ ពួកគាត់​ថា ការ​ចាប់ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​សង្គម​កន្លង​ទៅ​នេះ ពុំ​ផ្ដល់​គំរូ​ល្អ ការ​អភិវឌ្ឍ​ជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ បង្ក​ឱ្យ​មាន​ការ​ការ​បែកបាក់​ផ្ទៃ ក្នុង​ជាតិ និង​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ការដឹកនាំ​បែប​ផ្ដាច់ការ។

បុណ្យប្រពៃណី​ខ្មែរ ជិត​ខិត​មកដល់ ប្រជាពលរដ្ឋ និង​មន្ត្រី​ក្រាកៗ ក្នុង​ជួរ​រដ្ឋាភិបាល កំពុង​ត្រៀម​ជួបជុំ​គ្រួសារ និង​ដើរ​លេង​សប្បាយ​។ ក៏ប៉ុន្តែ អ្នក​នយោបាយ បក្ស​ប្រឆាំង និង​សកម្មជន​សង្គម មួយ​ចំនួន ដែល​ធ្លាប់​ចេញ​មុខ​តវ៉ា រឿង​អយុត្តិធម៌​និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហាក់​មាន​វាសនា​ខុស​ពី​មន្ត្រី​រដ្ឋាភិបាល ដោយ​អ្នកខ្លះ កំពុង​ជាប់​ពន្ធនាគារ និង​ឃ្លាត​ឆ្ងាយ​ពី​សាច់​ញាតិ​បងប្អូន។

ពលរដ្ឋ​រស់នៅ​ភ្នំពេញ លោក ម៉ៅ ឆន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែ​មេសា ថា ជាច្រើន​ឆ្នាំង មក​នេះ ប្រជាពលរដ្ឋ អ្នកនយោបាយ និង​សកម្មជន​សង្គម ភាគច្រើន បន្ត​រង​ភាព​អយុត្តិធម៌​ជា​ញឹកញាប់។ លោក​បន្ត​ថា ករណី​នេះ អ្នក​ខ្លះ​ជាប់ពន្ធនាគារ​៤ ទៅ​៥​ឆ្នាំ ទាំង​អយុត្តិធម៌ ដោយ​ពុំបាន​ជួប​មុខ​គ្រួសារ ពេល​បុណ្យ​ទាន​ម្ដងៗ។

លោក ម៉ៅ ឆន៖ «ខ្ញុំ​ឃើញ ឱ្យ​មាន​ការ​ដោះលែង អ្នកទោស​មនសិការ និង​អ្នកទោស​ដែល​ពួកគាត់​ជាប់​ពាក់ព័ន្ធ រឿង​អយុត្តិធម៌​នៅក្នុង​សង្គម ជាពិសេស អ្នកមាន​បញ្ហា​រំលោភ​បំពាន់​ដីធ្លី និង​អ្នកនយោបាយ គឺ​គួរតែ​ត្រូវ​បាន​ដោះលែង​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ»

ពលរដ្ឋ​រូប​នេះ ក៏​ចង់​ឃើញ អ្នកនយោបាយ ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង គួរតែ​នាំគ្នា គិតគូរ រក​ដំណោះស្រាយ ពី​បញ្ហា​ប្រទេសជាតិ ជាជាង ធ្វើទុក្ខបុកម្នេញ​គ្នា ហើយ​បញ្ឈប់​ការ ចាត់ទុក​ខ្មែរ​គ្នាឯង​ជា​សត្រូវ ព្រោះ​បញ្ហា​នេះ ពុំ​ផ្ដល់​គំរូ​ល្អ​នោះ​ទេ គឺ​មាន​តែ​នាំ​ពលរដ្ឋ​ទៅ​រក​ភាព​អយុត្តិធម៌។

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ខេត្ត​កំពង់ឆ្នាំង លោក ស្ងួន ញៀន លើកឡើង​ថា មានតែ​អ្នក​រង​ភាព​អយុត្តិធម៌ ពី​ការដឹកនាំ​បច្ចុប្បន្ន​ទេ ទើប​យល់​ពី​ការ​ឈឺចាប់ នៃ​ការ​ព្រាត់ប្រាស សាច់​ញាតិ​បងប្អូន​។ ដូច្នេះ លោក​ថា ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ រដ្ឋាភិបាល គួរតែ​ធ្វើការ​កែសម្រួល​ប្រព័ន្ធ​តុលាការ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌។

លោក ស្ងួន ញៀន៖ «តុលាការ​សព្វថ្ងៃ​នេះ គឺ​កៀបសង្កត់​គ្រប់​បែប​យ៉ាង លើ​អ្នក​ការពារ​ដីធ្លី ព្រៃឈើ និង​ធនធាន​ធម្មជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​។ ជាក់ស្ដែង តុលាការ​អត់​បាន​យក​ហេតុ​ពិត ឬ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ក្នុងនាម​ជា​អ្នក​យុត្តិធម៌​ទេ​។ អ៊ីចឹង​ហើយ ខ្ញុំ​យល់​ឃើញ​ថា តុលាការ សព្វថ្ងៃ​នេះ មិន​មាន​យុត្តិធម៌​ទេ»

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៥០​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា គឺ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជាដើម។

ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ការ​ចាប់​ឃុំខ្លួន​ទាំងនេះ គឺជា​រឿង​នយោបាយ និង​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​វិញ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន និង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូ​ណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​០១ ខែ​មេសា។

ទោះយ៉ាងណា កាលពី​ថ្ងៃទី​២៩ ខែមីនា កន្លង​ទៅ​នេះ ក្រសួង​យុត្តិធម៌ ប្ដេជ្ញាចិត្ត​មិន​គេចវេះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឡើយ ហើយ ក្រសួង​បើក​ទទួល​គ្រប់​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ដែល​អះអាង​ថា គ្មាន​ភាព​យុត្តិធម៌។

ដោយឡែក ប្រជាពលរដ្ឋ ភាគច្រើន​ហាក់​អស់ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្រោយ​ពី សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​ភាគច្រើន តែងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ តាមរយៈ​ប្រព័ន្ធ​តុលាការ ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំងនេះ​ប្រកបដោយ​យុត្តិធម៌ ដើម្បី​ពួកគាត់ អាច​ជួយ​ជុំ​គ្រួសារ​ឡើងវិញ។

ចាប់តាំងពី​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​គាស់​រម្លើង​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៧ ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល ភាគច្រើន រស់នៅ ព្រាត់ប្រាស​គ្រួសារ ដោយសារតែ អ្នកខ្លះ ជាប់​ពន្ធនាគារ ខ្លះ រត់​ទៅ​នៅ​ក្រៅ​ប្រទេស និង​ពលរដ្ឋ​ខ្លះទៀត​គេ​លួច​ធ្វើ​ឃាត។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទោះបីជា ច្បាប់ មិន​បើកផ្លូវ​ឲ្យ​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ ដែល​មិន​ទាន់​មាន​សាលក្រម អាច​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស ឬ​លើកលែង​ការចោទប្រកាន់​បាន​មែន តែបើ​មាន​ឆន្ទៈ​នយោបាយ ឬ ចង់​ឲ្យ​ស្ថានភាព​នយោបាយ​ធូរស្រាល រដ្ឋាភិបាល​នៅតែ​អាច​ធ្វើ​បាន តាមរយៈ​រូបភាព​ផ្សេងៗ​បាន។

លោក សន ជ័យ៖ «អាច​ថា​រូបភាព ដែល​រដ្ឋាភិបាល​ស្នើ​ទៅ​ព្រះមហាក្សត្រ ហើយ​និង​មធ្យោបាយ​ផ្សេងៗ​ទៀត ដែល​គេ​អាច​ធ្វើ​ទៅ​បាន នៅក្នុង​ក្របខណ្ឌ​ច្បាប់​។ ទោះបី​យើង​មើលទៅ​សម្រាប់​អ្នកទោស​មនសិការ ឬក៏​អ្នក​ទោស​នយោបាយ ក៏​នៅតែ​មាន​ច្រកចេញ​ដែរ បើសិន​គេ​ហៅ ថា ជា​ការ​ចង់​បន្ធូរបន្ថយ​នូវ​បរិយាកាស​នយោបាយ ជាពិសេស​សំណុំរឿង​ទាក់ទង​នឹង​អ្នកនយោបាយ​។ អ្នក​ដែល​ត្រូវ​គេ​ឃុំខ្លួន​បណ្ដោះអាសន្ន​អ្វី​ជាដើម​ហ្នឹង គួរតែ​មាន​ច្រកចេញ​ដែរ មិន​អត់​ទេ ដរាប​ណា​ភាគី​អនុវត្ត​ច្បាប់​ហ្នឹង មាន​ឆន្ទៈ​ពិត​ប្រាកដ»

ជំពូក​ទី​២ នៃ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស បាន​ចែងថា ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ត្រូវ​ធ្វើ​ឡើង​ចំនួន​៥​ដង​ក្នុង​មួយឆ្នាំ តែ​ត្រូវ​ស្ថិត​ក្នុង​ពិធីបុណ្យ​ចំនួន​៥ រួមមាន ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧​មករា​, ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​, ពិធីបុណ្យ​វិសាខបូជា​, ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ។

នៅ​ចុងឆ្នាំ​២០២៣​កន្លង​ទៅ មាន​ទណ្ឌិត ត្រូវ​បាន​ដោះលែង និង​បន្ធូរ​បន្ថយទោស ជាង​៨០០ (៩០២) នាក់ ដែល​ក្នុង​នោះ​មាន​ស្រី​៦១​នាក់ ក្នុង​ឱកាស​បុណ្យជាតិ​ចំនួន​២ គឺ​បុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក​។ ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​អ្នក​ទោសទណ្ឌ​ទាំងនោះ ពុំ​ឃើញ​មាន​អ្នក​ទោស​នយោបាយ ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។