គណបក្សភ្លើងទៀនចាប់ផ្ដើមយុទ្ធនាការពង្រឹងសមាជិកបក្សតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
2023.01.29

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ណែនាំឱ្យក្រុមការងាររបស់បក្សចាប់ផ្ដើមពង្រឹងសមត្ថភាពសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ គណបក្សភ្លើងទៀន ក្នុងការដែលចុះទៅពង្រឹងសមាជិកនៅតាមមូលដ្ឋានឱ្យធ្វើការប្រកបដោយក្រមសីលធម៌ ដើម្បីជៀសវៀងការគំរាមកំហែងពីគណបក្សកាន់អំណាច។

ស្របពេលគណបក្សកាន់អំណាចកំពុងប្រារព្ធពិធីសមាជយ៉ាងគគ្រឹកគគ្រេង នៅវិមាន៧មករា ដ៏ស្កឹមស្កៃនោះ មេដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ក៏បានចាប់ផ្ដើមធ្វើយុទ្ធនាការពង្រឹងសមាជិកបក្សតាមមូលដ្ឋានដែរ។ ការប្រកាសឱ្យមានការពង្រឹងសមាជិកគណបក្សតាមមូលដ្ឋាននេះ ធ្វើឡើងក្នុងពិធីប្រកាសសុពលភាព គណៈកម្មាធិការប្រតិបត្តិ និងក្រុមការងារគណបក្សខេត្តកណ្ដាល ដែលមានការចូលរួមពីសមាជិកគណបក្សភ្លើងទៀនជាង៧រយនាក់ (៧០០នាក់) នៅថ្ងៃទី២៩ ខែមករា។
ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល បានតែងតាំងលោក លី ម៉េងឃៀង ជាប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកណ្ដាល និងលោក ទឹម សាវឿន ជាអនុប្រធាន។ ដោយឡែក ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះ ក៏បានប្រកាសសុពលភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ៣០នាក់ និងក្រុមការងារចំនួន៧៣នាក់ផ្សេងទៀតដែរ ដើម្បីឱ្យពួកគេពង្រឹងសមត្ថភាពសមាជិកគណបក្សភ្លើងទៀននៅតាមមូលដ្ឋាន។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា ការពង្រឹងសមត្ថភាពសមាជិកគណបក្សភ្លើងទៀន គឺសំដៅលើការបញ្ជ្រាបគោលនយោបាយ និងវិន័យរបស់គណបក្ស ទៅដល់សកម្មជនបក្សភ្លើងទៀនជួរមុខ។ លោកបន្ថែមថា សកម្មជនតាមមូលដ្ឋានរបស់គណបក្សគឺជាកម្លាំងស្នូលដែលអាចគៀងគរឱ្យប្រជាពលរដ្ឋគាំទ្រគណបក្សភ្លើងទៀន ដូច្នេះហើយគណបក្សភ្លើងទៀន នឹងពង្រឹងភាពសាមគ្គីផ្ទៃក្នុងរបស់បក្ស និងបង្កើនសកម្មភាពទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយប្រកាន់ភ្ជាប់អត្តចរិតដែលមានក្រមសីលធម៌ខ្ពស់។ លោក គឹមសួរ ភីរិទ្ធ បន្ថែមថាគណបក្សភ្លើងទៀននឹងអាចទទួលបានការគាំទ្រពីម្ចាស់ឆ្នោតយ៉ាងច្រើនលើសលប់ តាមរយៈការដាក់ចេញនូវគោលនយោបាយប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីអភិវឌ្ឍប្រទេសជាតិដោយនិរន្តរភាព៖
«ខ្ញុំនៅតែជឿជាក់ថា បើសិនណាគណបក្សភ្លើងទៀន មានសកម្មភាពល្អ គួបផ្សំនឹងការងារសកម្ម ហើយគួបផ្សំនឹងក្រមសីលធម៌របស់យើងដែលបានពង្រឹងហ្នឹងល្អ និយាយរួមគោលនយោបាយ និងសារនយោបាយទាក់ទាញ បញ្ជាក់អ្នកបោះឆ្នោតថា តើគាត់ទទួលបានអ្វីនៅពេលដែលគាត់បោះឆ្នោតគាំទ្រឱ្យគណបក្សភ្លើងទៀន អាចនឹងទៅដឹកនាំប្រទេសនោះ គាត់នឹងពិចារណា ហើយគាត់នឹងបន្តការគាំទ្រទៀត ដោយសារតែសារនយោបាយ និងគោលនយោបាយរបស់យើងហ្នឹង បម្រើផលប្រយោជន៍របស់គាត់នៅថ្ងៃអនាគត និងជីវភាពរបស់គាត់កំពុងប្រឈម»។
បើទោះបីជាទើបតែធ្វើសកម្មភាពនយោបាយឡើងវិញ ត្រឹមតែរយៈពេល៤ខែមុនការបោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ២០២២ក៏ដោយ ក៏គណបក្សភ្លើងទៀន គឺជាគណបក្សក្រៅរដ្ឋាភិបាលតែមួយ ដែលទទួលបានអាសនៈឃុំ-សង្កាត់ច្រើនជាងគេបន្ទាប់ពីគណបក្សកាន់អំណាច ដោយគណបក្សនេះទទួលបានការគាំទ្ររហូតដល់ជាង២ពាន់អាសនៈ (២១៩៨ អាសនៈ) ឃុំ សង្កាត់។

ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និចហ្វិក លោក សំ គន្ធាមី គាំទ្រចំពោះគោលការណ៍ពង្រឹងសមត្ថភាពសមាជិកគណបក្សភ្លើងទៀន ដែលប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់ជាចម្បង ព្រោះការប្រកាន់ភ្ជាប់បែបនេះមិនត្រឹមតែអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកថាក៏អាចបង្ការហានិភ័យពីការគំរាមកំហែងផងដែរ។ លោក សំ គន្ធាមី បន្ថែមថា គណបក្សភ្លើងទៀនក៏គួរតែបើកចិត្តឱ្យទូលាយ ដើម្បីទទួលយកធនធានមនុស្សដែលមានសមត្ថភាពពីខាងក្រៅ ដើម្បីទាក់ទាញការគាំទ្រក្នុងការប្រកួតនយោបាយក្នុងឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ ដើម្បីឱ្យអ្នកឈ្នះទទួលបានកិត្តិយស និងអ្នកចាញ់ចាញ់ដោយអស់ចិត្ត ពីការបោះឆ្នោតថ្នាក់ជាតិ ក្នុងពេលខាងមុខ លោក សំ គន្ធាមី សំណូមពរឱ្យរដ្ឋាភិបាលគួរបញ្ឈប់ការគំរាមកំហែង ទៅលើដៃគូរប្រកួតប្រជែងនយោបាយ ដោយត្រូវរក្សាទុកចោលនូវបណ្ដឹងទាំងឡាយណាដែលពាក់ព័ន្ធជាមួយអ្នកនយោបាយ៖
«ខ្ញុំមានសំណូមពរ ដើម្បីរៀបចំការបោះឆ្នោតហ្នឹងឱ្យដំណើរការរលូន មុនដំណើរការបោះឆ្នោតហ្នឹង ដូចជាមានបណ្ដឹងមានអីសូមព្យួរទុកមួយឡែកសិនទៅ ហើយអនុញ្ញាតឱ្យពួកគាត់ហ្នឹងធ្វើសកម្មភាពនយោបាយដោយសេរី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេនៅថ្ងៃទី២៩ ខែមករា។

ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ គណបក្សភ្លើងទៀន ដែលជាគណបក្សនយោបាយតែមួយគត់ អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ត្រូវបានគេមើលឃើញថា កាន់តែទទួលរងការគំរាមកំហែងកាន់តែខ្លាំង។ ថ្នាក់ដឹកនាំ និងសមាជិកជាច្រើនរបស់គណបក្សភ្លើងទៀននេះ ត្រូវបានរងបទចោទប្រកាន់ជាបន្តបន្ទាប់ពីសំណាក់តុលាការនៃរដ្ឋាភិបាលលោក ហ៊ុន សែន។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សភ្លើងទៀនលើកឡើងថា បើសិនជាការបោះឆ្នោតខាងមុខនេះប្រព្រឹត្តិទៅដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ គណបក្សគណបក្សភ្លើងទៀននឹងអាចទទួលបានការគាំទ្រលើសលប់ពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។