មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នៃ​បក្ស​កាន់អំណាច

ដោយ យន់ សាមៀន
2022.05.21
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​នៃ​បក្ស​កាន់អំណាច សកម្មជន​គណបក្ស​ភ្លើងទៀន ខេត្ត​ប៉ៃលិន។
រូប៖ ហ្វេសប៊ុក​គណបក្សភ្លើងទៀន ខេត្ត​ប៉ៃលិន

គណបក្ស​ភ្លើងទៀន​ខេត្ត​ខេត្ត​ប៉ៃលិន សង្ស័យ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន រុះរើ និង​ដក​ស្លាក​គណបក្ស ក្រោយ​ពី​លើកស្លា​ក​ហើយ​បាន​រយះ​ពេល ជាង ៤​ម៉ោង ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​រឿង​នេះ​ថា ជា​ការ​គំរាមកំហែង ដើម្បី​បំបាក់​ស្មារតី មន្ត្រី​គណបក្ស​ភ្លើងទៀន នៅ​មុន​ការបោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់។

គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន បាន​លើក​ស្លាក​គណបក្ស​របស់​ខ្លួន ក្រោយ​ពី​អាជ្ញាធរ​ឃុំ​អនុញ្ញាត​កាល​ពី​ថ្ងៃទី ២០ ឧសភា ប៉ុន្តែ​ត្រូវ​មេភូមិ​មក​បញ្ឈប់​ការ​លើក​ស្លាក​វិញ​។ ទោះបីជា​យ៉ាងណា​សកម្មជន​គណបក្ស​ភ្លើងទៀន​នៅតែ​ព្យាយាម​លើកស្លាក​បាន រួចរាល់ នៅ​ស្រុក​សាលា​ក្រៅ​។ ប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្ត លោក ខឹម មុនីកុសល​ឲ្យ​ដឹង​ថា នៅពេល​លោក​កំពុង​លើក​ស្លាក លោក​ក៏​បាន​ទទួល​ទូរស័ព្ទ​ពី​សមត្ថកិច្ច​ថា តុលាការ​បាន​ចេញ​ដីកា​មួយទៀត សម្រាប់​លោក ប៉ុន្តែ​លោក​ពុំ​ទាន់​ទទួល​បាន​ទទួល​ដីកា​ឡើយ ហើយ​លោក​ក៏​មិនទាន់​ដឹង​ពី​ខ្លឹមសារ​ដីកា​នោះ​ដែរ។

លោក ខឹម មុនីកុសល ចាត់ទុក​ការ​បំផ្លាញ​ស្លាក​គណបក្ស និង​ដីកា​ថ្មី​នេះ​ថា ជា​ចេតនា​រារាំង បំភិតបំភ័យ និង​គំរាមកំហែង​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​រូបលោក និង​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន៖ «សកម្មជន​របស់​យើង ដែល​គាត់​មានផ្ទះ​នៅ​ជិត​ហ្នឹង គឺ​មុនដំបូង គឺ​មេភូមិ​បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​របស់​គាត់ ហើយក៏​បាន​ហៅ​គាត់​ឱ្យ​មក​សម្របសម្រួល​ស្លា​ក​ហ្នឹង ប៉ុន្តែ​គាត់​បាន​ឆ្លើយ​ថា ចាំ​ព្រឹក​ទៅ ពីព្រោះ​យប់​ហើយ​ចាំ​ព្រឹក​ចាំ​ដោះស្រាយ​គ្នា មេភូមិ​ក៏​ចេញ​មក​បាត់​ទៅ មួយសន្ទុះ​ក្រោយ​មក​គាត់​ក៏បាន​ឱ្យ​កូន​របស់​គាត់​ជិះ​ម៉ូតូ​មក​មើល​កន្លែង​ស្លាក​ហ្នឹង គឺ​ឃើញ​មាន​រថយន្ត ៤ គ្រឿង ហើយ​អ្នក​នៅ​លើ​រថយន្ត​ហ្នឹង គឺ​មាន​ឯកសណ្ឋាន ដែល​តាម​ពួកគាត់​មើលឃើញ គឺជា​ឯកសណ្ឋាន​ប៉ូលិស​បាទ ប៉ុន្តែ​ដោយសារ​វា​ងងឹត ហើយ​ឡាន​គឺ​បិទ​ភ្លើង»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​មេភូមិ​ទំនប់ លោក អ៊ុក ស៊ីថា បាន​ទេ ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​បើក​ឡាន។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ក៏​មើល​ឃើញ​ថា ការបំផ្លាញ​ស្លាក​នេះ ជា​រូបភាព​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ម្តង​ហើយ​ម្តង​ទៀត លើ​សកម្មជន​គណបក្ស​ភ្លើងទៀន ហើយ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​នយោ​បាយ​មិន​ល្អ នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​-​សង្កាត់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន លោក យិន ម៉េងលី ថ្លែង​ថា តុលាការ​ចេញ ដីកា​ថ្មី​ពេល​ប្រធាន​បក្ស​ខេត្ត​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ហាក់​មាន​ភាព​មិន​ប្រក្រតី ។ លោក​យល់​ឃើញ​ថា តុលាការ​គួរ​ទុក​ពេល​ឲ្យ​លោក ខឹម មុនីកុសល ធ្វើ​ការងារ​ព្រោះ​ជា​រដូវ​នេះ ជា​រដូវ​បោះឆ្នោត៖ «យើង​សួរ​ថា តើ​អឺ​ស្លាក​គណបក្ស​ដទៃទៀត មាន​ការ​ធ្វើទុក្ខបុកម្នេញ​ដែរ​អត់ អត់​មាន​ទេ អត់​មាន​ធ្វើទុក្ខបុកម្នេញ​ទេ អ៊ីចឹង​ការ​ដក​ស្លាក​នេះ យើង​គិតថា​វា​អត់​មាន​ទាក់ទង និង​ប្រជាជន​ធម្មតា​ទេ ទោះបី​អ្នកនោះ​ជា​ប្រជាពលរដ្ឋ​ធម្មតា ក៏​អ្នក​ហ្នឹង​វា​មាន​និន្នាការ និង​ចរិត​នយោបាយ​ដែរ ។ មូលហេតុ​អី ? ព្រោះ​ស្លាក​នេះ​ជា​ស្លាក​នយោបាយ អ៊ីចឹង​មានតែ​ប្រជាពលរដ្ឋ​ដែល​មាន​ចរិត ឬក៏​និន្នាការ​របស់​គណបក្ស​មួយ​ទេ ដែល​មក​បំផ្លាញ​ស្លាក​សញ្ញា​ដែល​មាន​ចរិត​នយោបាយ​ដែរ»

លោក យិន ម៉េងលី បន្ថែម​ថា អាជ្ញាធរ​ភូមិ គួរ​មើល​ឋានានុក្រម​ផង បើ​ឃុំ​អនុញ្ញាត​ឱ្យ​លើកស្លាក​ហើយ ហេតុអ្វី​ភូមិ​ប្រឆាំង​នូវ​សេចក្តី​សម្រេច​របស់​ឃុំ​នោះ​ទេ ។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​ស៊ើបអង្កេត​ករណី​ស្លាក​គណបក្ស​ភ្លើងទៀន​នេះ ហើយ​កុំ​ចាំ​ទាល់​តែ​មាន​ពាក្យ​បណ្តឹង​ទើប​ធ្វើការ​នោះ ពីព្រោះ​ការ​ធ្វើ​ដូច្នោះ​ហាក់ដូចជា​លើកទឹកចិត្ត​ដល់​អ្នក​ប្រព្រឹត្ត​ខុស​វិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល