មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​ថា យឺតយ៉ាវ​ដោះដូរ​ក្រុមប្រឹក្សា​ជាប់ឆ្នោត

ដោយ សេក បណ្ឌិត
2023.03.29
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​ថា យឺតយ៉ាវ​ដោះដូរ​ក្រុមប្រឹក្សា​ជាប់ឆ្នោត ក្រុមការងារគណបក្សភ្លេីងទៀនខេត្ត​កំពង់ឆ្នាំង​ កាលពីថ្ងៃទី២៥ មីនា ២០២៣។
រូប៖ បក្ស​ភ្លើងទៀន កំពង់ឆ្នាំង

មន្ត្រី​គណបក្ស​ភ្លើងទៀន​ខេត្ត​កំពង់ឆ្នាំង ចោទ​អាជ្ញាធរ​ថា យឺតយ៉ាវ​ក្នុង​ការ​ទទួល​សំណើ​សុំ ដោះដូរ ក្រុម​ប្រឹក្សា​ឃុំ​ជាប់ឆ្នោត មក​ពី​បក្ស​ភ្លើងទៀន​នៅក្នុង​ឃុំ​ចំនួន​២។ ពួកគាត់​ថា ទោះបី​បេក្ខជន​ទាំង​នោះ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សមាជិក​បក្ស​ភ្លើងទៀន ហើយក៏​ដោយ ក៏​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​នោះ​ឡើយ។ រីឯ​អាជ្ញាធរ​ឃុំ ឆ្លើយតប​ថា នៅ​ចាំ​ការ​សម្រេច ពី​ថ្នាក់លើ​ជា​មុន​សិន។

បេក្ខជន​ក្រុម​ប្រឹក្សាឃុំ​ជាប់ឆ្នោត​មកពី​បក្ស​ភ្លើងទៀន ចំនួន​២​ឃុំ រួម​មាន​ឃុំ​ដារ និង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ត្រូវ​សមាជិក​បក្ស​បញ្ឈប់​ពី​ក្រុម​ប្រឹក្សាឃុំ​ដោយសារតែ​មិនមាន​គោលការណ៍​បក្ស​ភ្លើងទៀន ហើយ​នឹង​ដាក់​បេក្ខជន​ថ្មី​ជំនួស។ តែ​យ៉ាងណា មន្ត្រី​គណបក្ស​ភ្លើងទៀន​អះអាង​ថា ពួកគាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ដោះដូរ​បេក្ខជន​ទាំងនោះ ទៅ​អាជ្ញាធរ​មូលដ្ឋាន ជិត​មួយ​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទទួល​សំណើ​នោះ​ឡើយ។

លេខាធិការ​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​លោក លោក សួន ពិសិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែមីនា​ថា លោក​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ឃុំ ផ្លូវ​ទូក និង​ឃុំ​ដារ ស្រុក​កំពង់លែង ដែល​មិន​អើពើ​សហការ​ទទួល​ដំណើរ​ដោះដូរ​បេក្ខជន​ក្រុមប្រឹក្សា​បក្ស​ភ្លើងទៀន​កាលពី​ថ្មីៗ​នេះ ហើយ​លើក​ហេតុផល​ថា ចាំ​ការ​សម្រេច​ពី​ថ្នាក់លើ​ជាមុន​សិន។

លោក សួន ពិសិត៖ «សូម​ឱ្យ​លោក​មេឃុំៗ​ទាំង​២​នឹង គឺ​សូម​ជួយ​ពន្លឿន​ពី​នីតិវិធី​ក្នុង​ការ​ផ្លាស់ប្ដូរ​នឹង​ឱ្យ​ស្រប​ទៅតាម​បទបញ្ជា និង​នីតិវិធី និង​សេចក្ដី​នានា​របស់​ក្រសួង​មហាផ្ទៃ ឱ្យ​បាន​លឿន ទៅ​តាម​កាល​វេលា និង​ពេល​កំណត់ ដែល​សេចក្ដីណែនាំ​របស់​ក្រសួង​បាន​ដាក់​ជូន។

ជុំវិញ​រឿង​នេះ មេឃុំ​ផ្លូវ​ទូក លោក ប៉ាត់ គន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ពិតជា​បាន​ទទួល​សំណើ​ឱ្យ​ដោះដូរ​ក្រុម​ប្រឹក្សាឃុំ​មកពី​បក្ស​ភ្លើងទៀន​មែន ក៏ប៉ុន្តែ លោក​មិន​អាច​ចុះ​ហត្ថលេខា​យល់​ព្រម​បាន​ភ្លាមៗ​នោះ​ទេ បើ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អភិបាលស្រុក​កំពង់លែង លោក លោក យ៉ែម លក្ខិណា ជា​មុន​ទេ​នោះ។ ទោះជា​យ៉ាងណា លោក​ថា អាជ្ញាធរ​ស្រុក កំពុងតែ​ពិនិត្យ​លើ​ឯកសារ​ទាំងនោះ​ដើម្បី​ធ្វើការ​សម្រេច​ដោះដូរ​ក្នុង​ពេល​ឆាប់ៗ។

លោក ប៉ាត់ គន៖ «មិនមែន​ខ្ញុំ ខ្ញុំ​ក្រោម​គេ ខ្ញុំ​ម៉េច​ដឹង​បង។ សំខាន់​ឱ្យ​តែ​ស្រុក​គេ ពិនិត្យ​ទៅ​ថា កើត ខ្ញុំ​អត់​ថា អី​ទេ​បង​ទី​១​។ ទី​២​នោះ​ថា កំហុស​របស់​បុគ្គល​ម្នាក់​នោះ គាត់​អត់​មាន​ខុស​អី»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលស្រុក​កំពង់លែង លោក យ៉ែម លក្ខិណា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​មីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។ ចំណែក មេឃុំ​ដារ ស្រុក​កំពង់លែង ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​ពុំ​បាន​ទទួល​ឯកសារ ឬ​សំណើ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការដោះដូរ​ក្រុមប្រឹក្សា​បក្ស​ភ្លើងទៀន​នោះ​ទេ។

ដោយឡែក មន្ត្រី​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​និង​សំណើសុំ​ដោះដូរ​ក្រុម​ប្រឹក្សាឃុំ​នេះ គឺជា​ការរើសអើង​នយោបាយ ព្រោះ ពួកគាត់​បាន​ព្យាយាម​ដាក់​ពាក្យ​តាម​សាលាឃុំ​ទាំងនោះ​ជា​យូរ​មក​ហើយ​។ ដូចជា ឃុំ​ផ្លូវ​ទូក ដាក់​ពី​ថ្ងៃ​ទី​០៧ ខែ​មីនា ចំណែក​ឃុំ​ដារ ដាក់​នៅ​ថ្ងៃទី​២៧ មីនា ក៏ប៉ុន្តែ​ពុំ​ឃើញ​អាជ្ញាធរ​ដោះស្រាយ​លើ​សំណើ​នេះ​ទេ។

លោក សួន ពិសិត អះអាង មូលហេតុ​ដែល​បក្ស​ភ្លើងទៀន​សម្រេច​បញ្ឈប់​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ទាំង​២​រូប​នោះ​ដោយសារតែ ពួកគាត់​ដើរ​ផ្ទុយ​នឹង​លក្ខខណ្ឌ​បក្ស​ភ្លើងទៀន ដូចជា​ការ​មិន​ចូលរួម​ប្រជុំ​ប្រចាំខែ ការ​មិន​ចូលរួម​សកម្មភាព​នយោបាយ​តាមរយៈ​វេទិកាសាធារណៈ និង​ការ​មិន​បង់ប្រាក់​កាតព្វកិច្ច​ប្រចាំខែ​ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា លើកឡើង​ថា ការដោះដូរ​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​នីមួយៗ គឺជា​សិទ្ធិ និង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​បក្ស​នីមួយៗ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ ពុំ​អាច​បដិសេធ ឬ​ជំទាស់​បាន​នោះ​ទេ​។ លោក​បន្ត​ថា ការផ្លាស់ប្ដូរ​នេះ មិន​ថា តែ​ក្រុមប្រឹក្សា ឬ​ឃុំ​សង្កាត់​នោះ​ទេ ចំណែក​តំណាងរាស្ត្រ​ក៏​អាច​ធ្វើ​ការ​ដោះដូរ​បើសិន​ជា​មាន​កំហុស។

លោក នី សុខា៖ «អាជ្ញាធរ​ជាទូទៅ​ត្រូវតែ​អនុវត្ត​ទៅតាម​អ្វី​ដែល​ជា​ការ​ស្នើសុំ​របស់​គណបក្ស​នយោបាយ​សាមី ព្រោះ​អាហ្នឹង​យើង​មិនអាច​ទៅ​លូកលាន់ នៅក្នុង​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ​មួយ​បានទេ។ អ៊ីចឹង អាជ្ញាធរ​ត្រូវតែ​សម្របសម្រួល ជាពិសេស​ទាក់ទង​បញ្ហា​រៀបចំ​សមាសភាព​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ហ្នឹង គឺជា​ការប្រកាស​សមាស​ភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គឺថា​ក្រសួង​មហាផ្ទៃ គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​ការ​ចាត់ចែង​ការងារ​ទាំងអស់​ហ្នឹង»

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​មើលឃើញ​ថា ការ​អូស​បន្លាយ​របស់​មន្ត្រី​អាជ្ញាធរ​តាម​មូលដ្ឋាន ដែល​មិន​ព្រម​ទទួល​សំណើ​ដោះដូរ​ក្រុប​ប្រឹក្សា​ឃុំ មកពី​បក្ស​ភ្លើងទៀន​នេះ គឺ​គ្រាន់តែ​ចង់​បង្ក​នូវ​បរិយាកាស​ស្មុគស្មាញ​ដល់​បក្ស​ប្រឆាំង​មួយ​នេះ​តែ​ប៉ុណ្ណោះ ។ មន្ត្រី​បក្ស​ភ្លើងទៀន ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឱ្យ​បាន​ឆាប់ ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​ដាក់​បេក្ខជន​ថ្មី ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។