មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើងទៀន​​បន្ត​ចុះ​ជួប​មន្ត្រី​មូលដ្ឋាន ខណៈ​​សកម្មជន​មួយ​ចំនួន​រង​ទុក្ខបុកម្នេញ

ដោយ មាន ឫទ្ធិ
2023.08.28
មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើងទៀន​​បន្ត​ចុះ​ជួប​មន្ត្រី​មូលដ្ឋាន ខណៈ​​សកម្មជន​មួយ​ចំនួន​រង​ទុក្ខបុកម្នេញ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀនសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងរចនាសម្ព័ន្ធគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២៣។
រូប៖ តេឡេក្រាម​គណបក្សភ្លើងទៀន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​បន្ត​ចុះ​ជួប​​សកម្មជន​​បណ្ដា​ខេត្ត​នានា​ និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួកគេ បន្ត​ប្រឹង​ប្រែង​បម្រើ​ប្រជាពលរដ្ឋ​ និង​ពង្រឹង​សមត្ថភាព​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​​។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​តាម​មូលដ្ឋាន​ប្ដេជ្ញា​មិន​បោះ​បង់​គោល​ជំហរ​បន្ត​​ធ្វើ​នយោបាយ​​ ទោះ​បី​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​គណបក្ស​កាន់អំណាច។

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន និង​លោក គីម សួរភីរិទ្ធ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ផ្សេង​​ទៀត​ នៅ​​​ថ្ងៃ២៧ ខែ​សីហា​ បាន​បន្ត​ចុះ​ជួប​សកម្មជន និង​ ​​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​​​ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ប្រមាណ​៥០០នាក់ តាម​កម្មវិធី​ចុះ​ជួប​ពង្រឹង​រចនាសម្ព័ន្ធ​វគ្គ​ទី​១​ចំនួន ១០ខេត្ត។

អនុប្រធាន​គណបក្ស​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន មាន​ផែនការ​បន្ត​ចុះ​ជួប​សកម្មជន​ និង​ក្រុម​ប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​តាម​មូលដ្ឋាន​បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​បាន​រួច​រាល់​ក្ដី។ លោក រ៉ុង ឈុន បន្ត​ថា ការ​បន្ត​ចុះ​ជួប​សកម្មជន​តាម​មូលដ្ឋាន​នេះ ដើម្បី​លើក​ទឹក​ចិត្ត​​​ដល់​សកម្មជន​​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ និង​ពង្រឹង​សមត្ថភាព​​ដល់​ក្រុម​ប្រឹក្សា​គណបក្ស​ភ្លើងទៀន​បន្ត​យក​ចិត្ត​ទុកដាក់​​ និង​បម្រើ​ដល់​ប្រជាពលរដ្ឋ។

លោក រ៉ុង ឈុន៖ «ធម្មតា​យើង​ត្រូវ​តែ​ចុះ​ជួប​ជាមួយ​សកម្មជន​ អ្នក​គាំទ្រ​ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​យើង​​នៅ​តាម​ដែល​ស្រុក ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​ការ​ពង្រឹង​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ និង​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពួក​គាត់»

clp1.jpg
ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀនសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងរចនាសម្ព័ន្ធគណបក្សនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ ទី២៦ខែសីហា ឆ្នាំ២០២៣។ រូប៖ តេឡេក្រាម​គណបក្សភ្លើងទៀន

លោក រ៉ុង ឈុន និង​គណបក្ស​ភ្លើង​ទៀន​នៅ​តែ​បន្ត​ស្នើ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ ដោយ​​រំពឹង​ថា​គណបក្ស​ភ្លើងទៀន នឹង​អាច​ឈរ​ឈ្មោះ​ការ​បោះ​ឆ្នោត​​សម្រាប់​អាណត្តិ​ក្រោយ។

​​​​​​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា​ បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា។

ប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង លោក ភូ សុវណ្ណថា បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ជួប​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​​​ពិត​ជា​មាន​សារសំខាន់​ក្នុង​ការ​គាំទ្រ ដល់​សកម្មជន និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ ដើម្បី​លើក​ឡើង​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​ទទួល​រង​​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​រើសអើង​​ ពី​គណបក្ស​កាន់អំណាច​ទាំង​មុន​បោះឆ្នោត​ និង​ក្រោយ​បោះ​ឆ្នោត។ លោក ភូ សុវណ្ណថា បន្ត​ថា ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ សកម្មជន និង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ប្ដេជ្ញា​បន្ត​មិន​លក់​ឧត្ដមគតិ​ទៅ​​ចុះ​ចូល ជាមួយ​គណបក្ស​កាន់​អំណាច​ដែល​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត​នោះ​ទេ។

លោក ភូ សុវណ្ណថា«ទិញ​ទឹក​ចិត្ត​ពួកគាត់​ឱ្យ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​ ទី​បី​មាន​ការ​បំភិត​បំភ័យ​មួយ​ចំនួន​មុន​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ ហើយ​យើង​ជុំ​គ្នា​ថ្ងៃ​នេះ​ដើម្បី​ប្រាប់​គាត់​ ហើយ​ក៏​ចង់​បាន​បញ្ហា​ពួកគាត់​នៅ​មូលដ្ឋាន​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ​ ដើម្បី​ជម្រាប​ជូន​ដល់​ថ្នាក់​ដឹកនាំ ហើយ​ថ្នាក់​ដឹកនាំ​បាន​ពន្យល់​ណែនាំ​ដល់​ឃុំ​មួយ​ចំនួន​ដែល​មាន​បញ្ហា​បែប​ហ្នឹង»

ដោយ​ឡែក នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើក​ឡើង​ថា គណបក្ស​នីមួយ​ៗ មាន​កម្មវិធី​ខុសៗគ្នា​ ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត។ លោក សំ គន្ធាមី ថា ប្រសិន​បើ​សកម្មជន​គណបក្ស​ភ្លើងទៀន​​ទទួល​រក​ការ​គំរាម​កំហែង ឬ​ការ​ធ្វើ​​ទុក្ខបុកម្នេញ អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​ ឬ​ក្រសួង​មហាផ្ទៃ។

លោក សំ គន្ធាមី«គាត់​ធ្វើ​តាម​យន្តការ​ច្បាប់​ទៅ​ គាត់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ ការ​ងារ​គណបក្ស​នយោបាយ​នៅ​ដំណើរការ​តើ​គាត់​ចុះ​ជួប​សកម្មជន​អ៊ីចឹង»

គិត​ត្រឹម​រយៈពេល ៤​ខែ​ចុង​ក្រោយ​​នេះ​យ៉ាង​ហោច​ណាស់ មាន​​សកម្មជន​បក្ស​ភ្លើង​ ប្រមាណ​១៥ នាក់​បាន​​​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ។ ក្រោយ​ការ​បោះឆ្នោត​សកម្មជន​គណបក្ស​​​​ភ្លើងទៀន​ចំនួន​ពីរ​រូប ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ញុះញង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។