ដំណើររឿង​ចាប់​ឃុំ​ខ្លួន និង​ដោះលែង​លោក យឹម ស៊ីណន

ដោយ ថា ថៃ
2023.03.29
Share on WhatsApp
Share on WhatsApp
ដំណើររឿង​ចាប់​ឃុំ​ខ្លួន និង​ដោះលែង​លោក យឹម ស៊ីណន អតីត​មេ​បាតុកម្ម ​និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់​ដែល​និយម​ខាង​លោក កឹម សុខា គឺ​លោក យឹម ស៊ីណន (ឆ្វេង) និង​ប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
រូប៖ ហ្វេសប៊ុក​លោក យឹម ស៊ីណន

អតីត​មេ​បាតុកម្ម ​និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់​ដែល​និយម​ខាង​លោក កឹម សុខា គឺ​លោក យឹម ស៊ីណន ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ដោះលែង​កាលពី​ព្រលប់​ថ្ងៃទី​២៨ មីនា បន្ទាប់ពី​លោក និង​ប្រពន្ធ​បាន​ផ្ញើ​សារ​អង្វរ​ផង និង​សុំទោស​ផង​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក យឹម ស៊ីណន គឺជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ធ្លាប់​ដឹកនាំ​ពលករ​ខ្មែរ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​លើក។ លោក​បាន​វិល​ចូល​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ខែ​មករា ឆ្នាំ​២០២២ បន្ទាប់​ពី​លោក​បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ទៅ​លោក ហ៊ុន សែន កាលពី​ខែ​កញ្ញា ឆ្នាំ​២០២១ ហើយ​ភ្លាមៗ​នោះ លោក ហ៊ុន សែន ក៏​បាន​យល់ព្រម​បញ្ជា​ឲ្យ​តុលាការ​ដក​ការ​ចោទប្រកាន់​ទាំងឡាយ​លើ​លោក យឹម ស៊ីណន និង​សហការី​របស់​លោក​ចំនួន​៩​នាក់​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩។

បន្ទាប់ពី​ចូល​ដល់​កម្ពុជា​ភ្លាម លោក យឹម ស៊ីណន បាន​ចាប់ផ្តើម​បង្ហាញមុខ​ក្នុង​ក្រុម​លោក កឹម សុខា ព្រមទាំង​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ត្រៀមចាំ​ស៊ី​កេរ​បន្ត​ពី​ឪពុក។លោក យឹម ស៊ីណន ធ្លាប់​កំដរ​លោក កឹម សុខា ទៅ​អង្គុយ​ជជែក និង​ញាំ​នំ​ជាមួយ​លោក ហ៊ុន សែន ក្នុង​ពិធី​បុណ្យសព​បងប្រុស​របស់​លោក ហ៊ុន សែន កាលពី​ខែ​ឧសភា ឆ្នាំ​២០២២​។ បន្ទាប់​មក សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ក៏បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០២២ ខណៈ​អ្នក​ទាំងពីរ ក៏​ធ្លាប់​ជួបគ្នា​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែរ។

ទោះជា​យ៉ាងណា កាលពី​រសៀល​ថ្ងៃទី​២១ ខែ​មីនា លោក ហ៊ុន សែន បាន​ផ្ទុះ​កំហឹង​ខ្លាំង និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក យឹម ស៊ីណន និង​ដៃគូ​របស់​លោក​ម្នាក់ទៀត​គឺ​លោក ហ៊ុន កុសល បន្ទាប់ពី​ពួកគាត់ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​រូបភាព​ដែល​ចោទ​ថា លោក ហ៊ុន សែន មានអំណាច​ជាង​ព្រះមហាក្សត្រ ក្នុង​ពេល​ចូលរួម​ព្រះ​រាជពិធី​ប្រទាន​ព្រះអគ្គី​ជ័យកីឡា នៅ​ខេត្ត​សៀមរាប។

សំណេរ​ដើម​របស់​លោក យឹម ស៊ីណន បាន​សរសេរ​ថា «​បើ​តាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ​៖ «ថ្ងៃនេះ​យើង​អាច​ឃើញច្បាស់​ថា នរណា​ជា​ស្ដេច​ផែនដី​ពិតប្រាកដ​»​។ រីឯ​លោក ហ៊ុន កុសល វិញ លោក​បាន​សរសេរ​ថា «​លោក​នឹង​ប្រើ​សមត្ថភាព​ចូលរួម​ពូន​ផ្ដុំ​ជាមួយ​លោក កឹម សុខា ដើម្បី​ការពារ​ព្រះ​ចេស្ដា​មហាក្សត្រ និង​ព្រះរាជ​បល្ល័ង្ក ក្រោយពី​ឃើញ​ក្រុម​លោក ហ៊ុន សែន ធ្វើបាប​ព្រះទ័យ និង​បង្អាប់​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក»

បើ​ទោះបី​ជា​ភ្លាមៗ​នោះ លោក យឹម ស៊ីណន បាន​លុប​សារ​នោះ​ចោល​វិញ និង​បង្ហោះ​សារ​បកស្រាយ​ថា លោក​គ្រាន់តែ​បង្ហោះ​សារ​សំឡេង​របស់​អ្នក​អង្គុយ​ផឹក​កាហ្វេ​ក្តី ក៏​លោក ហ៊ុន សែន មិន​រំសាយកំហឹង​ឡើយ។ លោក ហ៊ុន សែន បាន​ចូល​ទៅ​បញ្ចេញ​មតិ ឬ​ខម​មិន​(comment) តប​វិញ​ជា​បន្តបន្ទាប់​ថា មិន​ចាំបាច់​លុប​សារ​ចោល​ទេ​ក្មួយ ព្រោះ​លោក​បាន​ថត​ទុកជា​ភស្តុតាង​រួចហើយ​។ លោក​ថែមទាំង​សរសេរ​ថា ករណី​នេះ បើ​គ្មាន​ទោស ទើប​ចម្លែក ព្រោះ​នេះ​មិនមែន​ជា​របៀប​នៃ​ការ​បញ្ចេញមតិ​ឡើយ តែ​ជា​ការ​បំភ្លៃ​ការពិត​ដោយ​ចេតនា​។ ទោះ​យ៉ាងណា លោក ហ៊ុន សែន ទាំង​សរសេរ​ក្តី និយាយ​ផ្ទាល់មាត់​ក្តី​ហាក់​ប្រយ័ត្នប្រយែង និង​តែង​បន្ទាបខ្លួន​ឲ្យ​នៅ​ក្រោម​ច្បាប់​ជានិច្ច ដើម្បី​កុំ​ឲ្យ​បង្ហាញ​ននល​គោក​ពេក​ថា លោក មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ​។ លោក ខំ​សរសេរ​បញ្ជាក់​ថា រឿង​ក្តី​នេះ ទុក​ជូន​តុលាការ​កាត់ក្តី​ទៅ​ចុះ​។ ប៉ុន្តែ​លុះ​ព្រឹក​ថ្ងៃទី​២២ មីនា ក្នុង​ពេល​ដែល​តុលាការ កំពុង​សាកសួរ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល នោះ លោក ហ៊ុន សែន ក៏បាន​ឆ្លៀតឱកាស​ក្នុង​ពេល​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ដោយ​ថ្លែង​ទាំង​ញ័រ​សំឡេង​ថា លោក​នឹង​មិន​អធ្យាស្រ័យ​ឲ្យ​លោក យឹម ស៊ីណន ដែល​លោក​ចាត់ទុកជា​ក្មេង​ពាល​ទៀត​នោះ​ទេ ព្រោះ​លោក​ធ្លាប់​អធ្យាស្រ័យ​និង​ជួយ​សម្រួល​ឲ្យ​លោក ស៊ីណន បាន​ចូល​មក​ប្រទេស​កម្ពុជា​ម្តង​រួចហើយ។

លោក ហ៊ុន សែន៖ «ហេតុ​អី​បាន​អ្នកឯង​ធ្វើ​អ៊ីចឹង ជា​ចេតនា​ដ៏​អាក្រក់ តែ​ខ្ញុំ​មិន​ជំរុញ​ឲ្យ​តុលាការ​យក​អ្វី​ដែល​ខ្ញុំ​និយាយ​ទៅ​ធ្វើ​ទម្ងន់​នៃ​ការចោទប្រកាន់​ទេ អត់​ទេ។ តែ​ខ្ញុំ​ត្រូវធ្វើ​ការ​បកស្រាយ​ដើម្បី​ធានា​ថា ព្រះមហាក្សត្រ​មិន​ត្រូវ​បាន​គេ​ប្រមាថ​ហើយ​នាយករដ្ឋមន្ត្រី ក៏​មិន​ត្រូវ​បាន​គេ​មើលងាយ​ដែរ។ ខ្ញុំ​សុំ​បញ្ជាក់​ថា ខ្ញុំ​មិន​អត់ឱន​ឲ្យ អ្នកណា​ដាច់​ខាត់​លើ​ការប្រមាថ​អស់ទាំង​នេះ​។ ត្រូវតែ​ប្រើ​ច្បាប់ ឬ​រដ្ឋបាល ហើយ​ខ្ញុំ មិន​មិន​ទទួល​យក​ការ​សុំ​ទោស​ណា សុំ​ប្រកាស​ឲ្យ​ហើយ»

លោក ហ៊ុន សែន និយាយ​ចប់​តុលាការ​ក៏​ដឹង​តួនាទី​របស់​ខ្លួន​ដែរ។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី យី សុខវួច បាន​សម្រេច​ចោទប្រកាន់​សកម្មជន​នយោបាយ​ទាំងពីរ​នាក់ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​(​ម​១)​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​មីនា។

ងាក​មក​ប្រពន្ធ​របស់​លោក យឹម ស៊ីណន វិញ គឺ​លោកស្រី សុផាត មករា ដែល​កំពុង​រស់នៅ​មើលថែ​កូនស្រី​តូច​ពីរ​នាក់​នោះ លោកស្រី​មិន​នៅ​ស្ងៀម​ឡើយ​។ មនុស្ស​មួយ​ចំនួន អាច​គិត​ថា ការ​ចោទ​លោក យឹម ស៊ីណន ពី​រឿង​ប្រមាថ​ព្រះមហាក្សត្រ​បែបនេះ មានតែ​ទៅ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ឬ​ទៅ​អង្វរ​តុលាការ​ទេ ទើប​ជា​ជម្រើស​ល្អ ព្រោះ​លោក ហ៊ុន សែន និង​បក្ខពួក តែង​និយាយ​ថា នៅ​ពេល​សំណុំរឿង​ដល់ដៃ​តុលាការ​ហើយ អ្វីៗ​សម្រេច​តែ​លើ​តុលាការ គ្មាន​នរណា​ម្នាក់​អាច​ជ្រៀតជ្រែក ឬ​ដាក់​សម្ពាធ​លើ​តុលាការ​ឯករាជ្យ​បាន​ឡើយ។

ផ្ទុយទៅវិញ លោកស្រី សុផាត មករា ជ្រើសរើស​ជម្រើស​តែមួយគត់​គឺ​ស្វែងរក​កិច្ច​អន្តរាគមន៍​ចំពោះតែ​លោក ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ ដែល​លោកស្រី​ហៅថា សម្តេច​ពុក។ លោកស្រី បាន​បង្ហោះ​សារ នៅ​ថ្ងៃទី​២៤ មីនា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជា​សាធារណៈ​ផង និង​ផ្ញើ​សារ​ទៅ​ហ្វេសប៊ុក​(Facebook)​ផ្ទាល់​របស់​លោក ហ៊ុន សែន ផង ដោយ​រៀបរាប់​ថា លោកស្រី មានតែ​ម្រាមដៃ​១០ សូម​អង្វរ​សម្តេច​ពុក ជួយ​ឱ្យ​កូនៗ​របស់​លោក​ស្រី បាន​ជួប​ប៉ា​របស់​គេ​វិញ​ផង ។ លោកស្រី​បន្ត​ថា ប្តី​របស់​លោកស្រី ធ្វើ​ខុស ព្រោះ​គិត​ខ្លី​មួយ​ឆាវ ដូច្នេះ​សូម​សម្តេច​ពុក​មេត្តា សន្តោស​ប្រណី ឱ្យ​ប្តី​របស់​លោកស្រី​ផង ទោះ​ធ្វើ​អ្វី​ក៏​លោកស្រី ព្រម​ដែរ។

លោកស្រី សុផាត មករា៖ «សម្តេច​ពុក​ជា​ទី​គោរព សម្តេច​ពុក​តែងតែមាន​ចិត្ត​ករុណា សន្តោស ប្រណី​ដល់​កូន​ជានិច្ច​។ កូន​ធ្វើ​ខុស​ហើយ ពួក​កូន​នឹង​កែខ្លួន មិន​ធ្វើ​ឲ្យ​ពុក​ខកបំណង​ទេ​។ កូន​បាន​ឆាត​ទៅ​ផេក​របស់​សម្តេច​ពុក ផ្ញើរ​សារ​ទៅ​ពុក តែ​ខ្ញុំ​មិនទាន់​បាន​ការ​ឆ្លើយតប​ពី​សម្តេច​ពុក​ទេ​។ បើ​ពុក​ផ្តល់​ឱកាស​ឲ្យ​កូនស្រី​ម្នាក់​នេះ កូន​និង​ទៅ​ក្រាប​អង្វរ​សូមទោស​សម្តេច​ពុក សូម​សម្តេច​ពុក​មេត្តា​ទទួល​ការ​សូមទោស​ពី​គ្រួសារ​របស់​ប្តី​ខ្ញុំ​ផង។ សម្តេច​ពុក​បាន​លើកលែងទោស​ម្តង​ឱ្យ​ប្តី​កូន និង​គ្រួ​សារបាន​ជួបជុំគ្នា​រស់នៅ​ស្រុក​ខ្មែរ​វិញ កូន​នៅតែ​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្តេច​ពុក​មិន​បោះបង់​កូន​ចោល​ទេ។ កូនៗ​របស់​គាត់​សួរ​រក​គាត់ តែ​កូន​មិន​ដឹង​ថា ឆ្លើយ​ប្រាប់​កូន​គាត់​ថា​ម៉េច​ទេ​? សូម​សម្តេច​ពុក មេត្តា​លើក​លែង​ទោស​ឱ្យ​ប្តី​របស់​កូន​ផង គាត់​គ្មាន​ចេតនា​ប្រមាថ​ពុក​ទេ គាត់​គោរព និង​ស្រឡាញ់​ពុក​ណាស់ ព្រោះ​ពុក​មាន​ចិត្តល្អ មិន​យក​ទោស​អ្វី​ពី​កូន​ទេ ។ បើ​ទោះ​បី​ប្តី​កូន​ធ្លាប់ធ្វើ​បាតុកម្ម​នៅ​កូរ៉េ​ក៏ដោយ ក៏​ពុក​នៅតែ​លើកលែងទោស​ហើយ​ឱ្យ​ពួក​កូន​ចូល​ស្រុក​វិញទៀត»

ប្រពន្ធ​របស់​លោក យឹម ស៊ីណន បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន បាន​ទទួល​សំណេរ​នេះ​ហើយ លោកស្រី នឹង​ទៅ​ក្រាប​អង្វរ​សូម​អភ័យទោស​ពី​លោក​ដោយ​ផ្ទាល់​។ មួយថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៥ ខែ​មីនា លោកស្រី សុផាត មករា ក៏​បាន​បង្ហោះ​សាជាថ្មី​ម្តង​ទៀត ដោយ​ផ្តែផ្តាំ​ឱ្យ​ប្តី ថែរក្សា​សុខភាព​ឲ្យ បាន​ល្អ កុំ​បារម្ភ​ពី​កូនៗ ហើយ​រង់ចាំ​បន្តិចទៀត​លោក ហ៊ុន សែន នឹង​បាត់​ខឹង​ហើយ។

លោកស្រី សុផាត មករា៖ «ពេល​សម្តេច​ពុក​បាត់​ខឹង ពុក​នឹង​ឱ្យ​យើង​ជួបជុំគ្នា​វិញ​ហើយ ព្រោះ​សម្តេច​ពុក​ក៏​មិន​ចង់​ឱ្យ​យើង​បែកបាក់​គ្រួសារ​ទេ​។ ពេល​ដែល​បង​មក​ផ្ទះ​យើង​វិញ បង​កុំ​ឱ្យ​សម្តេច​ពុក​ខឹង​ទៀត​ណា។ យើង​ត្រូវ​ធ្វើ​កូន​ល្អ ស្តាប់​បង្គាប់​គាត់ ព្រោះ​គាត់​ជា​អ្នក​មាន​គុណ​យើង។ នៅ​ពេល​ដែល​យើង​ធ្លាក់​ដល់​សូន្យ គឺ​គ្មាន​អ្នកណា​គេ​ចង់​រាប់រក​យើង​ទេ ពេល​នេះ​អូន​រៀនសូត្រ​បាន​ច្រើនណាស់​ក្នុង​ពេលនេះ ពួក​យើង​តែងតែ​ជួយ​ទុក្ខធុរៈ​អ្នកដទៃ អូន​ជឿ​ថា ទេវតា​មិន​ឱ្យ​យើង​រង​ទុក្ខ​បែបនេះ​ទេ ធ្វើ​ល្អ​គង់តែ​ជួប​មនុស្ស​ល្អ គាត់​នឹង​មក​ជួយ​ពួក​យើង»

នៅពេល​លោក យឹម ស៊ីណន ជាប់​ពន្ធនាគារ បាន​៧​ថ្ងៃ លោកស្រី បាន​បង្ហោះ​សារ ម្តង​ទៀត​បង្ហាញ​ពី​ការ​ឈឺចាប់ និង​អស់សង្ឃឹម​មិន​ដឹង​ថា ថ្ងៃ​ណា​បាន​ជួប​ប្តី​វិញ​ទេ បើ​លោក ហ៊ុន សែន នៅ​តែ​ខឹង​បែប​នេះ។

លោកស្រី សុផាត មករា៖ «ពេលនេះ​ពុក​ខឹង​នឹង​បង​ណាស់ គាត់​មិន​លើកលែង​ឲ្យ​បង​ទេ បើ​អ៊ីចឹង​ទៅ​ហើយ ទោះបី​យើង​ប្រឹងប្រែង​យ៉ាងណា ក៏​ពួក​យើង​មិន​អាច​ជួបគ្នា​វិញ​ដែរ ។ បើ​រស់នៅ​គ្មាន​បង​ទៅ​ហើយ តើ​អូន​រស់នៅ​មានន័យ​អ្វី​? តើ​ឱ្យ​អូន​រំពឹង​អ្វី​ទៀត អ្នកណា​ក៏​គេ​រើសអើង​អូន​ដែរ គេ​មិន​ជួយ​យើង​ទេ តែ​យើង​មិនអាច​បន្ទោស​គេ​ទេ ព្រោះ​បង​ធ្វើ​ឱ្យ​អ្នកមានគុណ​បង គាត់​ខឹង​ខ្លាំង​ណាស់​។ សូមទោស​ប្តី​សម្លាញ់ ដោយសារតែ​អូន​ទើប​ធ្វើ​ឱ្យ​បង​ជួប​រឿង​បែបនេះ អូន​ស្តាយក្រោយ​ណាស់ បើ​អូន​មិន​ឲ្យ​បង​មក​ខ្មែរ​វិញ​ទេ បង​មិន​ជួប​រឿង​បែបនេះ​ទេ ។ នេះ​ជា​កំហុស​អូន ដោយសារតែ​ស្រលាញ់ គ្រួសារ ប្រទេស​កំណើត​ខ្លួន ទើប​យើង​សម្រេច​មកវិញ តែ​មក​ដល់​ពេល​នេះ​គ្រួសារ​យើង​បែប​ជា​ជួប​រឿង​បែបនេះ​។ ប៉ុន្តែ​បើ​អាច​បក​ក្រោយ​វិញ​បាន អូន​ក៏​នៅតែ​ជ្រើសរើស​ផ្លូវ​មួយ​នេះ​ដែរ»

នៅ​ថ្ងៃទី​២៨ មីនា លោកស្រី​ក៏បាន​បង្ហោះ​សារ​លើក​ទី​៤ រៀបរាប់​ពី​កូនៗ​យំ​នឹក​រក​ប៉ា និង​នាំ​កូន​ដើរ​លែង​ជិតៗ​ផ្ទះ​បន្លប់​កុំ​ឲ្យ​នឹក​ដល់​ប៉ា​ទៀត​។ ដោយឡែក លោក យឹម ស៊ីណន ពី​ក្នុង​ពន្ធនាគារ​វិញ លោក បាន​សរសេរ​លិខិត​ផ្ទាល់ដៃ និង​ចេញ​វីដេអូ​សុំទោស​ដល់​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ ឲ្យ​ព្រះរាជទាន​ទោស​និង​លើកលែងទោស​ដល់​រូបលោក​ដែរ​។ លោក យឹម ស៊ីណន ដែល​មាន​ទឹកមុខ​ស្លេក​ស្លក់ និង​ដុះ​ពុកមាត់​ចេញ​ស្កូវ​មួយៗ ក្រោយ​ជាប់​ពន្ធនាគារ​មួយ​សប្តាហ៍ រៀបរាប់​ថា សារ​ដែល​លោក​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដែល​នាំ​ដល់​ការ​ចាប់​ខ្លួន​លោក​នោះ គឺ​គ្មាន​ចេតនា​ប្រមាថ​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ​ឡើយ។

លោក យឹម ស៊ីណន៖ «ចំពោះ​កំហុស​ខុសឆ្គង​ដោយ​អចេតនា​នេះ ដោយសារ ខ្ញុំ​មិន បាន​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់ មហាជន​ទូទៅ​ទាំង​ក្នុង​និង​ក្រៅប្រទេស។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំព្រះករុណា​ខ្ញុំបាទ សូម​ប្រោស​ប្រទាន​ទោស​ពី​ព្រះបាទ​សម្តេច​បរមនាថ នរោត្តម សីហមុនី និង​សូមទោស​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សាធារណៈ និង​ដោយ​ចិត្ត​ស្មោះ»

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េខាងត្បូង​រូប​នេះ បាន​បញ្ចប់​លិខិត​របស់​លោក​ដោយ​បញ្ជាក់​ថា ការ​សុំ​ទោស​ជា​សាធារណៈ និង​ការ​ស្នើ​សុំ​លើកលែងទោស​នេះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ។

លោក យឹម ស៊ីណន៖ «គឺ​ស្តែង​ចេញពី​ឆន្ទៈ​របស់ខ្ញុំ​ពិតៗ​មិន​មាន​ជន​ណាមួយ បង្ខិតបង្ខំ ឬ​ជំរុញ​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​ជនរួមជាតិ​ទាំងអស់ មេត្តា​ជ្រាប និង​អនុគ្រោះ​សម្រាប់​រូប​ខ្ញុំ​បាទ នា​ឱកាស​នេះ»

ករណី​លោក យឹម ស៊ីណន នេះ ជា​ករណី​ចម្លែក​ខុសគេ​ដែល​អាច​មាន​លទ្ធភាព​រៀបចំ​ឈុត​ឆាក​ថត​វីដេអូ​ចេញ​ពី​ពន្ធនាគារ ខណៈ​ដែល​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ផ្សេងទៀត សឹងតែ​គ្មាន​លទ្ធភាព អាច​ទាក់ទង​មក​គ្រួសារ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​បាន។

បន្ទាប់ពី​ការ​សុំ​ទោស​នេះ​មិន​ដល់​១​ម៉ោង​ផង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី យី សុខវួច បាន​រូតរះ​ធ្វើ​ការ​ទាំងយប់​ដោយ​ចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដោះលែង​លោក យឹម ស៊ីណន នៅ​ម៉ោងជាង​៧​យប់​ថ្ងៃទី​២៨ មីនា។

ក្រោយ​បាន​ជួបជុំ​គ្រួសារ​វិញ ប្រពន្ធ​របស់​លោក យឹម ស៊ីណន បាន​បង្ហោះ​សារ​ត្រេកអរ និង​មិន​ភ្លេច​អរគុណ​ដល់​សម្តេច​ពុក​ឡើយ។

លោកស្រី សុផាត មករា៖ «សូម​គោរព​សម្តេច​ពុក​ជា​ទី​គោរព ប្តី​របស់​កូន​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ។ ពេល​នេះ គាត់​បាន​ជួប​កូនៗ​គាត់​វិញ​ហើយ។ កូន​សូម​ក្រាបថ្វាយបង្គំ ថ្លែង​អំណរគុណ ដល់​សម្តេច​ពុក ដែល​លោក​បាន​សន្តោស​ប្រណី អាណិត​អាសូរ​ដល់​គ្រួសារ​ដ៏​កំសត់​មួយ​នេះ ។​កូនស្រី និង​ក្រុម​គ្រួសារ​ទាំងអស់ សូម​ថ្លែងអំណរគុណ​ដល់ សម្តេច​ពុក និង​សូម​ជូនពរ​សម្តេច​ពុក ទទួល​បាន​សុខភាព​ល្អ រឹងមាំ គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូនចៅ»

ដោយ​មិន​បង្អង់​យូរ លោក ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​តប​ទៅវិញ​ដោយ​ហៅ លោក យឹម ស៊ីណន និង​ប្រពន្ធ​របស់​លោក​ថា កូន​ពេញៗ​មាត់​។ លោក ហ៊ុន សែន ថា លោក យឹម ស៊ីណន មាន​សំណាងល្អ​ដែល​មាន​ប្រពន្ធ​ដ៏​ពូកែ ចេះ​រត់​មក​ពឹង​លោក​ឲ្យ​ជួយ​នៅ​ពេល​ប្តី​ជាប់​ឃុំ ដោយ​មិន​រត់​ទៅ​ពឹង​បរទេស ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោក ហ៊ុន សែន៖ «ពេល​កូន​មាន​បញ្ហា​ផ្លូវច្បាប់ កូនស្រី មិនបាន​ស្រែក​រក​អ្នកណា​ជួយ ក្រៅពី​ស្រែក​រក​សម្តេច​ពុក​ជួយ​នោះ​ឡើយ​។ ពុក​ជា​មនុស្ស​ចិត្តរឹង ជាមួយ​មនុស្ស​អាក្រក់ តែ​ក៏​ជា​មនុស្ស​ចិត្តទន់​ជាមួយ​មនុស្ស​ល្អ។ ជា​សំណាង​កូន​ហើយ​ដែល​ភរិយា​កូន​មិន​បាន​ទៅ​ពឹង​ជនបរទេស ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ប្រឆាំង ឲ្យ​មក​គាប់​សង្កត់​រាជរដ្ឋាភិបាល​ដើម្បី​ដោះលែង​កូន។ ពុក​ជា​មនុស្ស​ក្បាលរឹង​ជាមួយ ការ​គាប់​សង្កត់​ពី​បរទេស។ កាន់តែ​គាប់​សង្កត់ ការ​ជាប់​ទោស ឬ​ពិរុទ្ធជន​ជាប់ទោស ឬ​ជាប់ឃុំ​កាន់តែ​យូរ។ គេ​ត្រូវ​ចងចាំ​លើ​ចំណុច​នេះ​។ ផ្ទុយ​ពី​អ្នកដទៃ ភរិយា​កូន​នឹក ឃើញ​មុនគេ​គឺ​សុំ​ឲ្យ​ពុក​ជួយ ដូច្នេះ​ពេល​ឃើញ​ភរិយា​កូន​បង្ហោះ​តាម​ហ្វេសប៊ុក និង​ឃើញ​កូន​ទទួល​ស្គាល់​កំហុស រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ខិតខំ​សម្របសម្រួល​ជាមួយ​តុលាការ​ដើម្បី​ឲ្យ​កូន​បាន​ចាក​ចេញទៅ​ជួប​ប្រពន្ធ​កូន​វិញ»

មេដឹកនាំ​ដែល​មាន​ចិត្ត​ឆេវឆាវ ឆាប់​ច្រឡោត​រូប​នេះ ក៏​ណែនាំ​ឲ្យ​គ្រួសារ​លោក យឹម ស៊ីណន ចាត់ទុក​ករណីនេះ ថា ជា​សុបិន​អាក្រក់ និង​រំដោះគ្រោះ​ក្នុង​ឆ្នាំ​ចាស់ ដើម្បី​សេចក្តី​សុខ និង​សប្បាយរីករាយ​ក្នុង​ឆ្នាំ​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ ភរិយា​របស់​លោក យឹម ស៊ីណន ក៏​បាន​តប​ទៅវិញ​ភ្លាម​ថា លោកស្រី រំភើប និង​សំណាង​ណាស់​ដែល​ឃើញ​លោក ហ៊ុន សែន ផ្ញើ​សារ​មក​បែប​នេះ​។ លោកស្រី​ចាត់ទុក​ថា មានតែ​សម្តេច​ពុក​ម្នាក់​គត់​ដែល​អាច​ជួយ​ឲ្យ​ប្តី​របស់​លោកស្រី មក​ជួប​ជុំ​ប្រពន្ធ​កូន​វិញ។

ចំណែក​សកម្មជន​គណ​បក្ស​ប្រឆាំង​ម្នាក់ទៀត គឺ​លោក ហ៊ុន កុសល ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ក្នុង​សំណុំរឿង​ជាមួយ​លោក យឹម ស៊ីណន នោះ មក​ដល់​ពេល​នេះ លោក​នៅតែ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដដែល ប្រហែល​មកពី​លោក​មិន​ទាន់​សរសេរ​លិខិត​សុំទោស និង​ស្នើសុំ​លើកលែងទោស​ពី​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។