តុលាការចោទប្រកាន់ពលករខ្មែរដែលបញ្ជូនពីម៉ាឡេស៊ី ពីបទញុះញង់ និងឃុំខ្លួននៅពន្ធនាគារ
2024.10.01
ពលករខ្មែរម្នាក់ដែលសមត្ថកិច្ចម៉ាឡេស៊ីចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជាដោយសាររិះគន់រដ្ឋាភិបាលក្រុងភ្នំពេញនៅលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារម២ រាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១ ខែតុលា។
កញ្ញា នួន តឿន ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង»។ នេះបើយោងទៅតាមការអះអាងរបស់អ្នកនាំពាក្យអគ្គនាយករដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សាវនា។
លោក នុត សាវនា៖ « អ្នកដែលបញ្ជូនពីម៉ាឡេស៊ីហ្នឹង ឥឡូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ តើការឃុំខ្លួនគាត់ពាក់ព័ន្ធរឿងអ្វីទៅឯកឧត្តម? បាទញុះញង់ឱ្យញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង »។
ទោះយ៉ាងណាការចាប់អ្នកមានមតិផ្ទុយឆ្លងដែនបែបនេះ ត្រូវក្រុមអ្នកនិយមប្រជាធិបតេយ្យ និងអង្គការសិទ្ធិមនុស្សថ្កោលទោសចំពោះអាជ្ញាធរកម្ពុជា និងម៉ាឡេស៊ីដែលបានចាប់បញ្ជូនអ្នករិះគន់នេះ ថា បំពានលើគោលការណ៍ច្បាប់ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្តល់គម្រូអាក្រក់ដល់ប្រទេសក្នុងតំបន់ ដោយមិនអាចទទួលយកបានឡើយ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា នួន តឿន ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
សមត្ថកិច្ចម៉ាឡេស៊ី៦នាក់ សហការជាមួយមន្រ្តីស្ថានទូតខ្មែរបានចម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ីគឺកញ្ញា នួន តឿន ដល់ក្នុងផ្ទះថៅកែ នៅរដ្ឋសេឡាំងហ្គ័រ(Selangor) កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា។ បន្ទាប់មក ប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ី បានបញ្ជូនពលកររូបនេះឱ្យអាជ្ញាធររដ្ឋាភិបាលត្រកូលហ៊ុនវិញ តាមសំណើរបស់អាជ្ញាធរកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកញ្ញា។
កញ្ញា នួន តឿន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជាកូនកំព្រាឪពុកម្តាយ។ នាងគឺជាពលករខ្មែរធ្វើការស្របច្បាប់ដែលចេញមុខគាំទ្រគណបក្សប្រឆាំង។ កញ្ញាតែងប្រើប្រាស់បណ្តាញសង្គមនិយាយរឿងអយុត្តិធម៌នានា ដូចជាបញ្ហាពលរដ្ឋរងគ្រោះដីធ្លី បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេសរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឥតសំចៃមាត់។ កញ្ញាបានរងការគំរាមកំហែងចាប់ខ្លួនពីសំណាក់មន្រ្តីគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នៅមុនពេលចាប់ខ្លួនប៉ុន្មានថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។