សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
2024.08.29
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ»។ ប៉ុន្តែគ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បានសម្រេចផ្ដន្ទាទោស មន្ត្រីរបស់គណបក្សកម្លាំងជាតិ លោក គា វិសាល ពីបទ ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គម ដែលត្រូវឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៤លានរៀល។
ប្រពន្ធរបស់លោក គា វិសាល គឺលោកស្រី ញ៉ែ សុខឿន យំរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះគឺជារឿងអយុត្តិធម៌ ពីព្រោះតុលាការមិនមានធាតុផ្សំគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ប្ដីលោកស្រីឡើយ។ លោកស្រីបន្ថែមថា ប្ដីរបស់លោកស្រី បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋតស៊ូរឹងមាំឡើង ដើម្បីសង្គមជាតិ បើទោះបីលោកត្រូវបានតុលាការសម្រេចផ្ដន្ទាទោសក៏ដោយ។
លោកស្រី ញ៉ែ សុខឿន៖ «គាត់នៅតែបន្តលើកទឹកចិត្តខ្ញុំឲ្យខ្ញុំរឹងមាំ តស៊ូទៅមុខទៀតកុំបោះបង់ចោលនូវគោលជំហរនេះ ចំពោះគាត់គាត់មិនអ្វីនោះទេ គាត់ក៏ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន សហការីរបស់គាត់ឲ្យនៅរឹងមាំ បើទោះបីគាត់ជាប់នៅទីនោះក៏គាត់មិនជាអ្វីនោះទេគាត់នៅតែរឹងមាំ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៨ ខែសីហា។
ចំណែកនៅខាងមុខតុលាការមានអ្នកគាំទ្ររបស់លោក គា វិសាល ជិត ១០នាក់ ទៅគាំទ្រ និងលើកទឹកចិត្ត។ រីឯមេធាវីការពារក្ដីរបស់លោក គា វិសាល គឺលោក ជូង ជុងងី មិនបានចូលរួមស្ដាប់ការប្រកាសសាលក្រមនេះឡើយ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា សង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែដោយសារបញ្ហានយោបាយ ទើបធ្វើឲ្យការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងអ្នកនយោបាយមួយចំនួនត្រូវបានចោទប្រកាន់ និងកាត់ទោសជាបន្តបន្ទាប់។ លោកជំរុញឲ្យរដ្ឋាភិបាលបើកចិត្តឲ្យទូលាយ និងបើកចំហសិទ្ធិសេរីភាពក្នុងបញ្ចេញមតិឡើងវិញ ដើម្បីកុំឲ្យមានការរិះគន់ថាកម្ពុជាជាប្រទេសរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោក យិន ម៉េងលី៖ «សូមឲ្យរដ្ឋាភិបាលលោកបើកចំហនូវសិទ្ធិសេរីភាពនយោបាយរបស់អ្នកនយោបាយ ពីព្រោះអ្នកនយោបាយគាត់ត្រូវការនិយាយហើយ បើកសេរីភាពក្នុងការបញ្ចេញមតិនេះឡើងវិញឲ្យបានទូលំទូលាយ ដើម្បីប្រទេសជាតិយើងដើម្បីមុខមាត់យើងជៀសវាងការចោទប្រកាន់ការរិះគន់គ្រប់មជ្ឈដ្ឋានមកលើរដ្ឋាភិបាល»។
កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ អាជ្ញាធរក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនមន្ត្រីរបស់គណបក្សកម្លាំងជាតិខេត្តកំពង់ចាម និងជាបេក្ខជន ក្រុមប្រឹក្សាខេត្តលេខរៀងទី១ គឺលោក គា វិសាល នៅឃុំកោះមិត្ត ស្រុកកំពង់សៀម ហើយបានបញ្ជូនទៅឃុំខ្លួននៅរាជធានីភ្នំពេញ។
ក្រោយមកតុលាការក្រុងភ្នំពេញបានចោទប្រកាន់មន្ត្រីគណបក្សកម្លាំងជាតិរូបនេះពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ» តាមបណ្ដឹងរបស់ លោក ម៉ៃ ហុងស្រៀង ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។