មន្ត្រី​បក្ស​កាន់​អំណាច​ព្យាយាម​លាង​ជម្រះ​លោក ហ៊ុន សែន ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

ដោយ សេក បណ្ឌិត
2025.01.17
មន្ត្រី​បក្ស​កាន់​អំណាច​ព្យាយាម​លាង​ជម្រះ​លោក ហ៊ុន សែន ពាក់ព័ន្ធ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា (ឆ្វេង) លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​អតីត​ទីប្រឹក្សា​របស់​លោក ដែឡ​បច្ចុប្បន្ន​ជា​ជន​សង្ស័យ​ ពាក់ព័ន្ធ​ក្នុង​ករណី​បាញ់​សម្លាប់​លោក លិម គិមយ៉ា​ អតីត​តំណាង​រស្ត្រ​គណបក្សសង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា មន្ត្រី​បក្ស​កាន់​អំណាច​កំពុង​ព្យាយាម​លាង​ជម្រះ​មុខមាត់​ឪពុក​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដើម្បី​ផ្ដាច់​ចេញ​ពី​អ្នក​ពាក់ព័ន្ធ ក្នុង​អំពើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។ ពួក​គាត់​ទាមទារ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ចាប់​អ្នក​ពាក់ព័ន្ធ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ប្រគល់​ឱ្យ​សមត្ថកិច្ច​ថៃ​យក​ទៅ​អនុវត្ត​ច្បាប់។

សមត្ថកិច្ច​ថៃ​ប្រកាស​តាម​ចាប់​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់ គឺ​លោក ពេជ្រ គឹមស្រិន ដែល​គេ​ស្គាល់​ថា ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​ម្នាក់​ទៀត​លោក លី រតនរស្មី មាន​ឈ្មោះ​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្ដង។

ការប្រកាស​ចាប់ខ្លួន​ជន​ទាំង​ពីរ​នេះ គឺ​ពាក់ព័ន្ធ​ឃាតកម្ម​នៅ​ទីក្រុង​បាងកក ដែល​មាន​លោក អេកាឡាក់ ភែណយ ជា​អ្នកទទួល​បញ្ជា ឬ​ស៊ីឈ្នួល​បាញ់សម្លាប់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា កាល​ពី​ថ្ងៃ​ទី៧ ខែមករា។

សំណុំរឿង​ឧក្រិដ្ឋកម្ម​នេះ មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រព័ន្ធឃោសនា​បក្ស​កាន់​អំណាច​ដែល​រក្សា​ភាព​ស្ងៀមស្ងាត់ ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នោះ បាន​ចាប់​ផ្ដើម​នាំគ្នា​បំផុស​ព័ត៌មាន ដោយ​កាត់​ផ្ដាច់​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន ជាមួយ​ឧក្រិដ្ឋជន​ទាំង​នោះ​កន្លង​មក។

យុទ្ធនាការ​នោះ​ធ្វើឡើង​តាម​រយៈ​ការ​បង្ហោះ​លិខិត​ពីរ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​ពួក​គេ​អះអាង​ថា​លោក លី រតនរស្មី ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែ រយៈ​ពេល​ជាង​មួយ​ខែ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២៤ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​លោក លី រតនរស្មី ពី​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន វិញ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​លោក សូ ណារ៉ូ បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ថា ឯកសារ​ដក​តំណែង​លោក លី រតនរស្មី ពី​ទីប្រឹក្សា​លោក ហ៊ុន សែន ចេញ​យូរ​មក​ហើយ គ្មាន​អ្នកណា​ចាប់​អារម្មណ៍​ឡើយ រហូត​ដល់ពេល លោក លី រតនរស្មី ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ទើប​រក​ឃើញ​លិខិត​នេះ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​លិខិត​បញ្ចប់​មុខ​តំណែង​លោក លី រតនរស្មី កន្លងមក​ជា​ការសម្រេច​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ជន​នោះ​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​ផ្ទុយ​ពី​ច្បាប់​គណបក្ស។

លោក សុខ ឥសាន៖ «គ្មាន​បាន​ធ្វើការ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គាត់​រក​ស៊ី​មាន​ទំនាក់ទំនង​ជាមួយ​ពលករ​ចំណាកស្រុក ដើម្បី​ទទួល​បាន​កម្រៃ​ជើង​សារ​ទេតើ គាត់​មក​ប្រព្រឹត្ត​ល្មើស​ច្បាប់​នៅ​ស្រុក​គេ ប៉ះពាល់​កេរ្តិ៍​របស់​កម្ពុជា អា​ហ្នឹង​យើង​ត្រូវ​បណ្ដេញ​គាត់​ចេញ​ពី​គណបក្ស គ្មាន​ទុក​ដល់​ណា​ទៀត​ទេ»

បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់​អំណាច​លើកឡើង​បែបនេះ​ក្តី មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា ការ​ទម្លាយ​លិខិត​បញ្ចប់​តួនាទី​លោក លី រតនរស្មី ក្រោយ​ឃាតកម្ម​សម្លាប់​លោក លិម គិមយ៉ា ប្រៀប​បាន​ទៅ​នឹង​អ្នកលេង​​ប៉ាហ៊ី​ដែរ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ចាត់​ទុក​លិខិត​បញ្ចប់​តំណែង​ចុះ​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២៤ ទើប​បង្ហោះ​ពេលនេះ គឺ​ជា​លិខិត​ក្លែងបន្លំ ពីព្រោះ​លោក ហ៊ុន សែន គ្មាន​ហេតុផល​អ្វី​ត្រូវ​បញ្ចប់​តួនាទី​លោក លី រតនរស្មី ដែល​ធ្វើ​ការងារ​សកម្ម​ក្នុង​ការ​តាម​កម្ទេច​សំឡេង​ប្រឆាំង​នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ពង្រឹង​ឥទ្ធិពល​នយោបាយ​បក្ស​កាន់​អំណាច​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត មើល​ឃើញ​ថា បញ្ហា​នេះ​នឹង​បង្កើត​បាន​នូវ​ការ​សន្និដ្ឋាន​មួយ​កាន់តែ​ច្បាស់​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ាង ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ដែល​មាន​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​នៅ​ពីក្រោយ។ លោក​បញ្ជាក់​ថា សកម្មភាព​មន្ត្រី​បក្ស​កាន់​អំណាច​ទាំង​នោះ ពុំ​អាច​ជួយ​ដល់​នីតិវិធី​ស៊ើបអង្កេត​របស់​តុលាការ​ថៃ និង​បារាំង ឬ​លាង​ជម្រះ​ការយល់ឃើញ​របស់​មហាជន​ជុំវិញ​សំណុំ​រឿង​នេះ​បាន​ឡើយ។

លោក វ៉ន ចាន់ឡូត៖ «ករណី​នេះ​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា មិនបាច់​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួនឯង​ពិបាក​ក្នុង​ការ​លាង​ជម្រះ​នូវ​មុខមាត់​កិត្តិយស​របស់​ខ្លួន​នោះ ប៉ុន្តែ បើ​សិន​រឿង​នេះ វា​ពិត​ជា​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ ទោះបីជា​ខំ​លាក់​បំពួន​យ៉ាងណា ក៏​មិន​អាច​លាក់បាំង​ការពិត​បាន​ទេ»

ចំណែក​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេសថៃ លោក សុះ សល់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ទោះបី​មន្ត្រី​រដ្ឋាភិបាល​បង្កើត​ព្រឹត្តិការណ៍ ដើម្បី​បំភាន់​មតិ​សាធារណជន​យ៉ាង​ណា ក៏​ពលករ​ខ្មែរ​នៅ​ទី​នោះ​នៅតែ​យល់​ថា ករណី​នេះ​ជា​ឃាតកម្ម​នយោបាយ ដែល​មាន​អ្នក​កាន់​អំណាច​កម្ពុជា​នៅ​ពី​ក្រោយ។ លោក​ឱ្យ​ដឹង​ថា ជាក់ស្ដែង​មុន​ពេល​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី ជា​សមាជិក​បក្ស​កាន់​អំណាច​ម្នាក់ ដែល​មាន​អំណាច​ខ្លាំង​នៅ​លើ​ទឹកដី​ថៃ ដោយសារ​អ្នកធំ​នៅ​ស្រុកខ្មែរ​ចាំ​កាង​ទាំង​មុខ​ជំនួញ និង​សកម្មភាព​ដើរ​អូសទាញ​កម្មករ​ឱ្យ​ចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស គំរាមកំហែង​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​តែ​ម្តង។

លោក សុះ សល់៖ «គាត់​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គោលបំណង ដើម្បី​ឈរជើង​នៅ​ប្រទេសថៃ​យូរ​ណាស់​មក​ហើយ​ ប្រមូល​កម្លាំង​ចលនា​គណបក្សប្រឆាំង​នៅ​ថៃ ហើយ​ការ​ចេញ​លិខិត​បញ្ចប់​តំណែង​លោក លី រតនរស្មី ពី​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​យើង​មិន​ជឿ​តែ​ម្តង ហើយ​ក៏​វា​មិន​អាច​លាង​មន្ទិល​របស់​ពលរដ្ឋ​ទេ»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មនុស្ស​ស្និត​លោក កឹម សុខា គឺ​លោក មុត ចន្ថា សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា ការ​រៀបចំ​ឈុត​ឆាក​នោះ​ ដើម្បី​ក្រឡៃ​ផែនការ​ធ្វើឃាត​លើ​លោក លិម គិមយ៉ា ឱ្យ​ក្លាយ​ជា​រឿង​ជម្លោះ​រវាង​ជន​រងគ្រោះ និង​ឧក្រិដ្ឋជន​នៅ​ពី​ក្រោយ គឺ​លោក លី រតនរស្មី ខណៈ​ជន​រងគ្រោះ​ពុំ ដែល​ស្គាល់​លោក លី រតនរស្មី ពី​មុន​ឡើយ។ លោក​ថា នេះ​ល្បិចកល​ព្យាយាម​លាក់​ទុក​ឧក្រិដ្ឋជន​ពីរ​នាក់ គឺ​លោក ពេទ្រ គឹមស្រ៊ិន និង​លោក លី រតនរស្មី ក្នុង​ចេតនា​ប្រឌិត​សាច់រឿង ដើម្បី​បង្វែរ​ទម្លាក់​ការ​ទទួលខុស​ត្រូវ​ឱ្យ​គណបក្ស​ប្រឆាំង។

មកដល់ពេលនេះ អាជ្ញាធរ​កម្ពុជា នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ខ្មែរ​ទាំងពីរ​នេះ ឈ្មោះ ពេជ្រ គីមស្រ៊ិន និង​ឈ្មោះ លី រតនៈរស្មី បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​ថៃ​ដើម្បី​អនុវត្ត​នីតិវិធី​នៅឡើយ ក្រោយពី​តុលាការ​ព្រហ្មទណ្ឌថៃ​បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំង២​នេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប៉ូលិស​ថៃ​បាន​ស្នើ​ទៅ​ប៉ូលិស Interpol ដើម្បី​សុំ​ការ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​រួច​ហើយ។

ភរិយា​របស់​សព​លោក លិម គិមយ៉ា គឺ​អ្នកស្រី លិម អានី ប្រាប់​វិទ្យុ​អាស៊ី​សេរី ដោយ​ចាត់​ទុក​ឃាតក​បាញ់​សម្លាប់ ប្ដី​របស់​អ្នកស្រី ជា​រឿង​នយោបាយ ដែល​ទាក់ទង​នឹង​រដ្ឋាភិបាល​កម្ពុជា មិនមែន ជា​រឿង​គំនុំ​ឬ​រឿង​បុគ្គល​ឡើយ។

ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក លិម គិមយ៉ា ផង ទាមទារ​ឱ្យ​តុលាការ​ថៃ និង​រដ្ឋាភិបាល​បារាំង​វែក​អ្នក​ពាក់ព័ន្ធ និង​អ្នក​នៅ​ពីក្រោយ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។