អ្នកឃ្លាំមើល​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត យក​លេស​ការ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ដំឡើង​លោក ហ៊ុន ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី

2024.02.22
អ្នកឃ្លាំមើល​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត យក​លេស​ការ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ដំឡើង​លោក ហ៊ុន ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី (ឆ្វេង) នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្អូន​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី ក្នុងពិធី​ប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​យល់​ឃើញ​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជុំវិញ​ការ​តែងតាំង​ប្អូន​ប្រុស គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី ក្រោម​ហេតុផល​កំណែទម្រង់​រដ្ឋបាល​សាធារណៈ គឺ​គ្រាន់តែ​ជា​លេស​ការពារ​ការ​រិះគន់​ថា ត្រកូល ហ៊ុន ពង្រីក​អំណាច​គ្រួសារ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ពួក​គាត់​ថា ការ​គ្រប់គ្រង​ស្ថាប័ន ដែល​មាន​ប្រសិទ្ធភាព គឺ​កើត​ចេញ​ពី​ការ​ឆន្ទៈ​នៃ​ដឹកនាំ​មិនមែន​ការ​បន្ថែម ឬ​ដំឡើង​ឋានៈ​ឱ្យ​កាន់តែ​ខ្ពស់​នោះ​ឡើយ។

ក្រោយ​មាន​មតិ​រិះគន់​ទៅ​លើ​ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២២ កុម្ភៈ បាន​ចេញ​មុខ​មក​ការពារ​ប្អូន​ប្រុស​ភ្លាមៗ តាម​ទម្លាប់ ដូច​ដែល​លោក ហ៊ុន សែន ជា​ឪពុក​ធ្លាប់​ធ្វើ។

និស្សិត​ផ្នែក​ច្បាប់ លោក លី ចាន់ដារ៉ាវុត យល់​ឃើញ​ថា តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី មិន​បាន​ធ្វើ​ឱ្យ​ការ​ដឹកនាំ​ស្ថាប័ន​មួយ​មាន​ប្រសិទ្ធភាព ឬ​មាន​អ្នក​ស្ដាប់​បង្គាប់​នោះ​ឡើយ ខណៈ​លោក ហ៊ុន ម៉ានី មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​គ្រប់គ្រង​ក្រសួង​មុខងារ​សាធារណៈ​ស្រាប់​ទៅ​ហើយ​នោះ។ ផ្ទុយ​ទៅ​វិញ លោក​ថា ការ​តែងតាំង​កូនៗ អតីត​នាយក​រដ្ឋមន្ត្រី​ឱ្យ​ឡើង​ឋានៈ​កាន់តែ​ខ្ពស់​បន្ត​បន្ទាប់​គ្នា​បែប​នេះ នឹង​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​កាន់តែ​ច្រើន។

លោក លី ចាន់ដារ៉ាវុត៖ «ហើយ​មួយ​វិញ​ទៀត ខ្ញុំ​យល់​ឃើញ​ថា ឋានៈ​ជា​ឧបនាយក​រដ្ឋមន្ត្រី ដែល​សំខាន់ គឺ​នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​អវត្តមាន ឧបនាយក​រដ្ឋមន្ត្រី​ហ្នឹង គាត់​អាច​កាន់​កិច្ចការ​រដ្ឋ​ជំនួស ដែល​មើល​ទៅ​វា​ហាក់​ដូចជា​ផ្លូវ​ក្រោយ របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ករណី​ដែល​លោក ហ៊ុន ម៉ាណែត ទៅ​ក្រៅ​ប្រទេស គឺ​គាត់​អាច​ផ្ទេរ​ការ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ទៅ​ឱ្យ​ប្អូន​ប្រុស​របស់​គាត់ ដែល​ជា​លោក ហ៊ុន ម៉ានី ហ្នឹង»

នៅ​ក្នុង​ពិធី​ប្រកាស​ជ័យ​លាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ឆ្នាំ២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​ឆ្នាំ២០២៤ នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​តប​ទៅ​មតិ​រិះគន់​ថា ការ​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ានី គឺ​ដើម្បី​សម្រួល​ដល់​ឋានានុក្រម​ការងារ​ប៉ុណ្ណោះ។ លោក​អះអាង​ថា បើ​ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​មិនមែន​សាច់ញាតិ​លោក ក៏​លោក​នៅតែ​ត្រូវ​ដំឡើង​ដែរ ព្រោះ​ក្រសួង​មួយ​នេះ ទទួល​ការ​ធ្វើ​កំណែទម្រង់​ធំ​ជាង​គេ គឺ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ។

លោក ហ៊ុន ម៉ាណែត៖ «វា​គ្រាន់តែ​រដ្ឋមន្ត្រី​មាន​ត្រកូល​ដូច​ខ្ញុំ។ ប៉ុន្តែ​តម្រូវ​ការ​កំណែទម្រង់​អាទិភាព យើង​ត្រូវ​បង្កើន​សិទ្ធិ បង្កើន​តួនាទី និង​ទម្ងន់​ឱ្យ​ធ្វើ ដើម្បី​ផល​ប្រយោជន៍​ជាតិ​យើង​ទាំង​មូល នៅ​ក្នុង​ការ​ដឹកនាំ​អនុវត្ត​នូវ​គម្រូ។ ហេតុ​អី​បាន​ជា​គណៈកម្មការ​ខ្ញុំ​ត្រូវ​បង្កើត​គណៈកម្មការ​ជាតិ​មួយ​ទៀត ដែល​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ផ្ទាល់ ទៅ​លើ​ការ​កែទម្រង់​បី (គឺ) មុខងារ​សាធារណៈ កែទម្រង់​អប់រំ និង​សុខាភិបាល ដោយសារ​បី​នេះ​សំខាន់»

ការ​និយាយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ក្រោយ​មាន​ការ​រិះគន់ ទៅ​លើ​ការ​តែងតាំង លោក ហ៊ុន ម៉ានី ឱ្យ​មាន​ឋានៈ​ជា​ឧបនាយក​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ កុម្ភៈ តាម​សំណើ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ស្នើ​ឱ្យ​រដ្ឋសភា​រៀបចំ​ប្រជុំ​បោះ​ឆ្នោត​តែងតាំង កាល​ពី​ថ្ងៃ​ទី១៥ សប្ដាហ៍​ចថមុន។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​ពាក្យ​សម្ដី​របស់​ឪពុក​លោក គឺ​លោក ហ៊ុន សែន និយាយ​ដោះសា​ក្រោយ​ពេល​ប្រកាស​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​ទទួល​រង​ការ​រិះគន់​ថា ជា​មេ​ដឹកនាំ​ផ្ដាច់ការ​បែប​សន្តិវង្ស នោះ​ឡើយ។ លោក ហ៊ុន សែន កាល​នោះ​អះអាង​ថា មូលហេតុ​ដែល​លោក ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺ​មិនមែន​ដោយសារ​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុល​បង្កើត​របស់​លោក​នោះ​ទេ ប៉ុន្តែ​ដោយសារ​កូន​ប្រុស​លោក​មាន​សមត្ថភាព ហើយ​បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​កូន​ប្រុស​លោក ក៏​លោក​នៅតែ​ផ្ទេរ​អំណាច​ឱ្យ​ដដែល។

ទាក់ទិន​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ការ​ដំឡើង​តំណែង រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ទៅ​ជា​ឧបនាយក​រដ្ឋមន្ត្រី ដោយ​សំអាង​លើ​ហេតុផល ធ្វើ​កំណែ​ទម្រង់​មុខងារ​សាធារណៈ គឺ​ជា​រឿង​មិន​ចាំបាច់​នោះ​ទេ ព្រោះ​ត្រឹម​មុខ​តំណែង​ជា​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ានី មាន​អំណាច​គ្រប់គ្រាន់​សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ធ្វើ​កំណែទម្រង់​មុខងារ​សាធារណៈ​រួច​ទៅ​ហើយ។

លោក វ៉ន ចាន់ឡូត៖ «ពីព្រោះ ទាំង​អស់​ហ្នឹង វា​បង្កើត​បាន​ទៅ​ជា​ទំនាស់ ភាព​យឺតយ៉ាវ នៅ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ចំពោះ​ប្រជាពលរដ្ឋ ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​អំពី​សង្គម ដែល​ដឹកនាំ​តាម​បែប​ចាស់​គំរឹល ហើយ​ក៏​មិន​ឆ្លុះបញ្ចាំង​នូវ​សង្គម ដែល​មាន​សមភាព​ដែរ»

ទន្ទឹម​នឹង​ការ​រិះគន់​ថា ត្រកូល ហ៊ុន កំពុង​ពង្រីក​អំណាច​គ្រួសារ ក្នុង​ជួរ​រដ្ឋាភិបាល មតិ​ផ្សេង​ទៀត ក៏​បាន​លើក​ឡើង​ដែរ​ថា លោក ហ៊ុន ម៉ានី មិន​សម​នឹង​ការ​ទទួល​បាន​ឋានៈ និង​តួនាទី អ្វី​ឡើយ ដោយសារ​លោក​ធ្លាប់​មាន​រឿង​អាស្រូវ​បែក​ធ្លាយ ពាក់ព័ន្ធ​នឹង​ហិង្សា ការ​ជួញដូរ​ផ្លូវ​ភេទ ព្រមទាំង​ការ​បើកបរ​បំពាន​ច្បាប់​ចរាចរណ៍​ជា​ច្រើន​លើក ក្នុង​ពេល​លោក​មាន​តួនាទី​ជា​តំណាងរាស្ត្រ និង​ជា​អ្នក​តាក់តែង​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។