អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ប្រើប្រាស់​អប្បិយជំនឿ​ដើម្បី​បោក​ពលរដ្ឋ

ដោយ ឡេង ម៉ាលី
2023.03.24
Share on WhatsApp
Share on WhatsApp
អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ប្រើប្រាស់​អប្បិយជំនឿ​ដើម្បី​បោក​ពលរដ្ឋ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ និង​មន្ត្រី​គណបក្សប្រឆាំង​រិះគន់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​អប្បិយ​ជំនឿ ដោយ​តាំងខ្លួន​ជា​អ្នក​មានបុណ្យ​បារមី ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​ពលរដ្ឋ​។ ពួកគាត់​លើកឡើង​ថា លោក ហ៊ុន សែន អាច​រក្សា​អំណាច​បាន​រហូត​មក​ទល់​ពេល​នេះ​មិនមែន​ដោយសារ​លោក​មានបុណ្យ​ពី​កំណើត​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការប្រើប្រាស់​អំណាច​ផ្ដាច់ការ និង​មាន​បរទេស​ធ្វើ​ជា​ខ្នងបង្អែក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាក់​មាន​ជំនឿ​ស៊ប់​លើ​អប្បិយ​ជំនឿ​នោះ តែង​ពោល​អួតអាង​ថា លោក​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ និង​អាច​ក្តោប​ក្តាប់​អំណាច​មកដល់​សព្វថ្ងៃ ដោយ​គ្មាន​នរណា​អាច​ផ្តួល​លោក​បាន​នោះ ព្រោះ​លោក​មាន​រាសី​ខ្ពស់ ឬ​ជា​អ្នកមាន​បុណ្យ​បារមី ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ពិនិត្យឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន អាច​កាន់អំណាច​យូរ​បែបនេះ ដោយសារ​លោក​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការប្រើ​អំពើ​ហិង្សា ការ​គាបសង្កត់ និង​អំពើពុករលួយ ព្រមទាំង​មាន​ប្រទេស​កុម្មុយនីស្ត​ជា​ខ្នងបង្អែក។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា សង្កេតឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​មនោគមន៍វិជ្ជា​អ​រូបិយ ដោយ​សាបព្រោះ​អប្បិយ​ជំនឿ​ដោយ​អួតអាង​ថា ជា​អ្នក​មានបុណ្យ​ដើម្បី​ឃោសនា​នយោបាយ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស ដែល​នៅ​ជឿ​លើ​រឿង​អប្បិយ​ជំនឿ​នៅ​ឡើយ​។ លោក​កត់សម្គាល់​ឃើញ​ថា ការចែក​អំណោយ សារ៉ុង ប៊ីចេង និង​ថវិកា ដើម្បី​ទិញ​សំឡេង​ឆ្នោត​ដែល​លោក ហ៊ុន សែន តែងតែ​ធ្វើ​មុន​ការ​បោះឆ្នោត​នោះ ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​អាណត្តិ​មុន ទើប​លោក ហ៊ុន សែន បារម្ភ​និង​ខិតខំ​ម្នីម្នា​ផលិតភាព​យន្ត និពន្ធ​សៀវភៅ និង​និយាយ​ក្នុង​វេទិកា​អួតអាង​ពី​បុណ្យ​បារមី​របស់​លោក​ដើម្បី​ឱ្យ​មហាជន​ចាប់​អារម្មណ៍។

លោក ម៉ន ផល្លា៖ «បើសិនជា​លោក ហ៊ុន សែន មាន​បារមី​មែន​នោះ គឺ​មិន​ត្រូវ​ធ្វើ​ឱ្យ​ទឹកដី​របស់​ខ្លួន​បាត់បង់ មិន​ត្រូវ​ធ្វើ​ឱ្យ​ព្រៃឈើ​របស់​ខ្លួន​ហិនហោច មិន​ត្រូវ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​របស់​ខ្លួន​រង​ទុក្ខវេទនា​នោះ​ទេ»

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជាង​៤​ពាន់​នាក់ កាលពី​ថ្ងៃទី​២២ ខែ​មីនា ដោយ​លោករំឭក​ពី​ករណី​ប៉ុនប៉ង​ធ្វើឃាត​លោក​ដោយ​បាញ់​រ៉ុក្កែត​បេ​៤០​ទៅលើ​រថយន្ត​របស់​លោក កាលពី​២០​ឆ្នាំមុន​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​១៩៩៨ បញ្ចប់​ទៅ​ដោយ​ភាព​ចម្រូងចម្រាស។ ប៉ុន្តែ​លោក​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា លោក​មាន​រាសី​ខ្ពស់ និង​មាន​បុណ្យ។

លោក ហ៊ុន សែន៖ «ថ្ងៃ​២៤ កញ្ញា ១៩៩៨ យក​ខ្ញុំ​ទៅ​បាញ់​នៅ​សៀមរាប​ដោយ​បេ​៤០ បួន​គ្រាប់ តែ​ផ្ទុះ​តែមួយ​គ្រាប់ តែ​វា​មិន​ងាប់​កាល​ដែល​ឈរជើង​នៅ​ហ្នឹង​។ ចុះបើ​បាញ់​ខុស​ធ្វើ​ម៉េច​នឹង​ត្រូវ​។ អាហ្នឹង​រឿង​ដែល​ត្រូវ​ជឿ។ យប់​ហ្នឹង​ភ្លៀង​សឹង​បាក់​មេឃ ទៅ​ចាក់​គម្ពីរ​ត្រូវ​ត្រង់​ថា មាណព​ម្នាក់​ត្រូវ​គេ​យក​ទៅ​សម្លាប់ តែ​មិន​ស្លាប់ បែរ​ទៅ​ក្លាយ​ទៅជា​ព្រោះ​នៅក្នុង​គម្ពីរ គេ​ថា​ក្លាយ​ទៅជា​ស្ដេច​ផែនដី​ហ្មង»

អ្នក​តាមដាន​នយោបាយ​យល់​ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ​យក​ភាព​ចៃដន្យ​នៃ​បាតុភូត​នយោបាយ មក​បង្កើត​ជា​អប្បិយ​ជំនឿ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា លោក​ក្លាយជា​អ្នកដឹកនាំ​ស្របតាម​ព្រេងវាសនា និង​មាន​បារមី​វត្ថុ​ស័ក្ដិ​សិទ្ធិ​តាម​ថែរក្សា និង​ការពារ ដើម្បី​ឱ្យ​គ្រប់គ្រង​អំណាច​ជា​រៀង​រហូត។

លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ជឿ​ងប់ងុល​ខ្លាំង​លើ​អប្បិយ​ជំនឿ។ ជាក់ស្ដែង​លោក​បាន​ផ្លាស់ប្ដូរ​ឆ្នាំ​កំណើត​ពី​ឆ្នាំ​១៩៥១ ទៅ​ឆ្នាំ​១៩៥២ ដើម្បី​ឱ្យ​ចំ​ឆ្នាំរោង ត្រូវ​នឹង​សត្វ​នាគ ដែល​លោក ហ៊ុន សែន មាន​ជំនឿ​ថា អ្នក​កើត​ឆ្នាំរោង​មាន​រាសី​ខ្ពស់​។ មិន​ថា​តែ​ការ​ប្ដូរ​ឆ្នាំ​កំណើត​នោះ​ទេ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សិល្បករ ឱ្យ​ផលិត​ភាពយន្ត​ដែល​រៀបរាប់​ពី​ជីវិត​របស់​លោក ដោយ​បាន​ដាក់បញ្ចូល​នូវ​ឈុត​ឆាក​អភិនីហារ ដែល​ពណ៌នា​ពី​លោក ហ៊ុន សែន គឺជា​អវតារ​របស់​ចន្ទ​ទេវបុត្រ​ទៀត​ផង។ ក្រៅ​ពី​នេះ កន្លង​មក​លោក ហ៊ុន សែន ដែល​ជា​មនុស្ស​ឆេវឆាវ ឆាប់​ច្រឡោត ចូលចិត្ត​ឲ្យ​មនុស្សម្នា​លើកតម្កើង និង​កោតសរសើរ​នោះ ក៏​ធ្លាប់​អះអាង​ថា លោក​ផ្ទាល់ ជា​ស្ដេច​កន​ចាប់ជាតិ​។ សូម្បីតែ​កូនប្រុស​ច្បង​របស់​លោក ដែល​ត្រៀមចាំ​ស៊ី​កេរ្តិ៍​បន្ត​ពី​លោក គឺ​លោក ហ៊ុន ម៉ាណែត នោះ ក៏​លោក ហ៊ុន សែន តំណាល​អួតអាង​គេឯង​ថា លោក ហ៊ុន ម៉ាណែត អាច​ជា​កូន​អ្នកតា​អញ្ចាញ​កោះ​ថ្ម ដែល​អ្នកភូមិ​កោះ​ថ្ម ស្រុក​មេមត់ ខេត្ត​កំពង់ចាម ជឿ​ថា មាន​បារមី​ខ្លាំងពូកែ​មក​ចាប់កំណើត​ជាមួយនឹង​ភរិយា​លោក​។ លោក​អះអាង​ទៀត​ថា ការ​ដែល​លោក​ហ៊ាន​សន្និដ្ឋាន​បែបនេះ ត្បិត​ពេល​ដែល​កូនប្រុស​លោក​ចាប់កំណើត មាន​ពន្លឺ​ចែងចាំង​មួយ​ហោះ​ចេញពី​ដើម​ពោធិ៍ នៃ​ខ្ទម​អ្នកតា​អញ្ចាញ​កោះ​ថ្ម​នោះ រំលង​ផ្ទះ​របស់​លោក។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី យល់ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន អាច​រក្សា​អំណាច​ត​វង្ស​ត្រកូល​បាន​បែបនេះ មិន​ទាក់ទង​នឹង​អប្បិយ​ជំនឿ​ទេ តែ​ដោយសារ​គ្រួសារ​របស់​លោក ហ៊ុន សែន ក្ដោប​ក្ដាប់​អំណាច​យោធា​នៅក្នុង​ដៃ ប្រើ​អំណាច​ផ្ដាច់ការ​គំរាមកំហែង ចាប់ចង​និង​រំលាយ​គណបក្ស​ប្រឆាំង​និង​មាន​ប្រទេស​កុម្មុយនីស្ត​ធ្វើជា​ខ្នង​បង្អែក​។ បណ្ឌិត សេង សារី លើកឡើង​ថា ប្រសិនបើ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង​នោះ លោក​ជឿជាក់​ថា លោក ហ៊ុន សែន នឹង​ចាញ់​ឆ្នោត​ជា​មិនខាន។

លោក សេង សារី៖ «ខ្ញុំ​ជឿ​លើ​យុទ្ធសាស្ត្រ​នយោបាយ​របស់​គាត់​ច្រើនជាង​។ យុទ្ធសាស្ត្រ​ដែល​មាន​បួន​ប្រាំ​ហ្នឹង ទីមួយ​ហ្នឹង​គឺ​គាត់​គំរាមកំហែង ទី​ពីរ​ហ្នឹង​គឺ​គាត់​ដើរ​ទិញ​ទឹកចិត្ត​ដោយ​ការ​ផ្ដល់​លាភសក្ការៈ​អំណាច​តួនាទី ទី​បី​ការ​បំបែក​។ ហ្នឹង​ខ្ញុំ​ជឿ​លើ​យុទ្ធសាស្ត្រ​របស់​គាត់​ច្រើនជាង ដែល​អាច​គ្រប់គ្រង​ស្ថានភាព ឬក៏​ចាត់ការ​ដៃគូ​ឱ្យ​ខ្ទាត​ចេញពី​សង្វៀន​នយោបាយ​ដូច​សព្វថ្ងៃ»

ទោះបី​លោក ហ៊ុន សែន អួតអាង​ពី​បុណ្យ​បារមី និង​ភ័ព្វសំណាង​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្ដី ប៉ុន្តែ​លោក​ហាក់​មិន​មាន​ទំនុកចិត្ត​លើ​បារមី​ខ្លួនឯង​ឡើយ​។ លោក​តែង​រត់​ទៅ​ពឹង​ចិន និង​វៀតណាម ឲ្យ​ធានា​ការពារ​អំណាច​របស់​លោក និង​កូនប្រុស​នៅពេល​ខាងមុខ​។ លើស​ពី​នេះ បុរស​ខ្លាំង​រូប​នេះ​តែង​ប្រើ​វិធី​មិន​ស្របច្បាប់​គ្រប់បែបយ៉ាង ដើម្បី​ក្រាញ​អំណាច​។ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ច (Human Rights Watch) និង​អង្គការ​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​ទៀត លាតត្រដាង​ថា លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ដំបូង​ឡើយ​ដោយសារ​វៀតណាម​ជួយ​ជ្រោមជ្រែង​។ បន្ទាប់​មក​លោក​រក្សា​អំណាច តាមរយៈ​រដ្ឋប្រហារ ការ​កាប់​សម្លាប់ ចាប់ចង​និង​បំបិទ​សំឡេង​អ្នក​រិះគន់ និង​កម្ទេច​ដៃគូ​ប្រកួតប្រជែង ព្រមទាំង​អំពើពុករលួយ ការ​ច្បាម​យក​ធនធាន​ជាតិ ហើយ​ប្រើ​ច្បាប់​ជា​ឧបករណ៍​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។