មន្ត្រី​បក្ស​កម្លាំង​ជាតិ​លោក គា វិសាល ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​គាំងបេះដូង​នៅក្នុង​ពន្ធនាគារ

ដោយ ច័ន្ទ ដារ៉ូ
2024.04.24
មន្ត្រី​បក្ស​កម្លាំង​ជាតិ​លោក គា វិសាល ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​គាំងបេះដូង​នៅក្នុង​ពន្ធនាគារ ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​គឺ លោក គា វិសាល ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ មីនា ២០២៤។
រូប៖ ហ្វេសប៊ុកលោក គា វិសាល

សាច់ញាតិ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្តកំពង់ចាម​គឺ លោក គា វិសាល ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី (PJ) បណ្តាល​មក​ពី​ជំងឺ​បេះដូង​។ គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​អាជ្ញាធរ​យកចិត្តទុកដាក់​ថែទាំ​ព្យាបាល​ជំងឺ​អ្នក​ជាប់ឃុំ​ឱ្យ​ដិតដល់​ដើម្បី​រួចផុត​ពី​ការ​រិះគន់​នានា​ថា ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់ឃុំ។

សាច់ញាតិ​លោក គា វិសាល ព្រួយបារម្ភ​ពី​សុខភាព​របស់​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រសិនបើ​មិន​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ទាន់ពេល។

ជំទប់​ទី​២ នៃ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​ត្រូវជា​ប្រពន្ធ​របស់​លោក គា វិសាល គឺ​អ្នកស្រី ញ៉ែ សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​មេសា ថា អ្នកស្រី​អាណិត​ប្តី​នៅក្នុង​ពន្ធនាគារ​រយៈពេល​ជាង ១​ខែ​មកនេះ រាងកាយ​មាន​សភាព​ចុះ​ខ្សោយ និង​ស្លេកស្លាំង​អស់កម្លាំង បណ្តាល​មក​ពី​ជំងឺ​បេះដូង​ធ្វើទុក្ខ ស្រប​ពេល​អា​ធាតុ​ក្តៅ បរិយាកាស​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន​ថែម​ទៀត​។ អ្នកស្រី​ឱ្យដឹង​ថា ប្តី​អ្នកស្រី​ឧស្សាហ៍​ឈឺ​ដើមទ្រូង ពិបាក​ដកដង្ហើម ឬ​ថប់​ទ្រូង​នៅពេល​ដេក​ដោយ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​គាត់​គាំងបេះដូង​បាត់​មាត់ តែ​ដោយសារ​អ្នក​ជាប់ឃុំ​នៅក្នុង​បន្ទប់​ជាមួយគ្នា​ជួយ​រឹត​ទ្រូង និង​លើក​បញ្ឈរ​ដងខ្លួន​ទាន់ពេល​គាត់​ក៏បាន​ធូរស្រាល​មកវិញ។

អ្នកស្រី ញ៉ែ សុខឿន៖ «ឥឡូវ មក​ដល់​ពេលនេះ​យើង​មិន​ដឹង​ថា ជួយ​គាត់​យ៉ាង​មិច​ទេ តើ​នៅពេល​គាត់​ជំងឺ​ធ្វើទុក្ខ​ទៀត​អាច​ប៉ះពាល់​អាយុជីវិត​យ៉ាង​មិច​នៅ​ថ្ងៃក្រោយ ថា​គ្រួសារ​ហ្នឹង​ទទួលយក​បានទេ​។ គ្រួសារ​ណា​មិន​បារម្ភ​អ្នកជំងឺ សូម្បីតែ​យើង​នៅ​ខាងក្រៅ​នេះ​មាន​ពេទ្យ​គ្រប់គ្រាន់ គឺ​ម្នាក់ៗ​នៅតែ​គិត​ខ្លាច​អ៊ីចេះ​អ៊ីចុះ ចុះ​ទំរាំ​ទៅ​ទីនោះ​។ ខ្ញុំ​សុំ​ឱ្យ​ខាង​ពន្ធនាគារ​ជួយ​យក​គាត់​មក​ពិនិត្យ​សុខភាព​ទើប​ដឹង​ថា យ៉ាង​មិច ពីព្រោះ​ឥឡូវ​គាត់​ធ្វើទុក្ខ​ញឹកញាប់​អ៊ីចឹង​ខ្ញុំ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​អាយុជីវិត​គាត់»

អ្នកស្រី ញ៉ែ សុខឿន ឱ្យ​ដឹង​ទៀត​ថា លោក គា វិសាល ជួប​បញ្ហា​ជំងឺ​បេះដូង​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រោយ​ពេល​គាត់​ជាប់ឃុំ​មកនេះ​បាន​ធ្វើ​ឱ្យ​អាការៈ​ជំងឺ​វិវឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ​។ អ្នកស្រី​គ្រោង​ដាក់​លិខិត​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ស្នើ​ជួយ​អន្តរាគមន៍​បញ្ជូន​ប្តី​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ឆាប់ៗ​ខាង​មុខ​នេះ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​គ្រូពេទ្យ​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​ចូល​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​រួច​ហើយ​នៅ​ថ្ងៃទី​២៣ ខែ​មេសា ដោយ​ក្នុង​នោះ​គ្រូពេទ្យ​ក៏​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​លោក គា វិសាល ផង​ដែរ។

លោក នុត សវនា៖ «ពេទ្យ​ពី​អង្គការ​លីកាដូ​បាន​ទៅ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ អ៊ីចឹង​លោក គា វិសាល ក៏​មាន​ការ​ណាត់ជួប​ជាមួយ​ពេទ្យ​លីកាដូ​ដែរ អ៊ីចឹង​ពេទ្យ​គេ​ពិនិត្យ​ព្យាបាល​ជាក់ស្តែង​នៅ​ពន្ធនាគារ​ហ្នឹង​ផ្ទាល់​ហើយ»

កន្លងមក​សកម្មជន ប្រជាពលរដ្ឋ និង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​មួយចំនួន​ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​ក្រុងភ្នំពេញ​ជុំវិញ​ការអនុវត្ត​ស្តង់ដារ​ពីរ ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ក្រីក្រ និង​អ្នកមាន​លុយ​មានអំណាច​។ អ្នក​ជាប់ឃុំ​ក្រីក្រ និង​អ្នកទោស​មនសិការ មិន​ងាយ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ឡើយ ទោះជា​ពួកគេ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬក៏​ស្នើសុំ​ច្រើនដង​បែប​ណា​ក្ដី​។ ផ្ទុយទៅវិញ អ្នក​ជាប់ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន តែ​មាន​លុយ ឬ​មានអំណាច អាច​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​រយៈពេល​វែង​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា​ជន​ជាប់ឃុំ​បាត់បង់​តែ​សេរីភាព​ដើរហើរ ចំណែក​សិទ្ធិ​សេរីភាព​ផ្សេងទៀត​ដូចជា ការ​ថែទាំ​ព្យាបាល​ជំងឺ​ពួកគេ​នៅ​មាន​ដដែល​។ លោក​យល់ថា​បើសិន​ប៉ុស្តិ៍​សុខភាព​នៅ​ពន្ធនាគារ​ពុំ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​បេះដូង​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បញ្ជូន​លោក គា វិសាល ទៅ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​ពន្ធនាគារ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​សិទ្ធិ​របស់​ជន​ជាប់ឃុំ។

លោក យី សុខសាន្ត៖ «ខ្ញុំ​ស្នើ​ទទូច​ដែរ​សូម​ឱ្យ​មន្ត្រី​ពន្ធនាគារ បើសិនជា​អាជ្ញាធរ​ជា​អ្នក​មើលថែ បើសិន​អ្នក​ជាប់ឃុំ​មាន​បញ្ហា​សុខភាព គួរ​ផ្តល់​មតិយោបល់​ភ្លាមៗ​ឱ្យ​អ្នក​ជាប់ឃុំ​មានលទ្ធភាព​បាន​មក​ព្យាបាល​នៅ​ខាងក្រៅ​ដើម្បី​កុំ​មានការ​សម្លាប់​នៅក្នុង​ពន្ធនាគារ​បាទ»

អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​អនុប្រធាន​ក្រុមការងារ បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក គា វិសាល នៅ​ភូមិ​កោះ​ប៉ែន ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ហើយ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥ ខែមីនា​។ តុលាការក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ការរើសអើង និង​បរិហារកេរ្តិ៍​ជា​សាធារណៈ » តាម​បណ្តឹង​របស់​លោក ម៉ៃ ហុងស្រៀង ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​លោក គា វិសាល ច្រាន​ចោល​ការ​ប្រកាន់​របស់​តុលាការ​នោះ​ថា ធ្វើឡើង​មិន​ត្រឹមត្រូវ និង​សម្រេច​ក្រោម​ហេតុផល​នយោបាយ។

ប្រពន្ធ​លោក គា វិសាល ទទូច​ឱ្យ​តុលាការ និង​ពន្ធនាគារ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការរើសអើង និង​ស្មើភាព​គ្នា​ចំពោះ​ជន​ជាប់ឃុំ​ទាំងឡាយ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ពិតប្រាកដ​។ អ្នកស្រី​ក៏​ស្នើ​ដល់​តុលាការ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញ ពីព្រោះ​ការ​ឃុំ​ប្តី​អ្នកស្រី​ដែល​គ្មាន​កំហុស​ឱ្យ​រងទុក្ខ​វេទនា​បែកបាក់​គ្រួសារ​គឺជា​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវចិត្ត​មួយ​ដ៏​ឈឺចាប់​សម្រាប់​អ្នកតស៊ូ​ក្នុង​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។