តំណាងរាស្ត្រសភាអឺរ៉ុប ព្រមានថា នឹងមិនមានការផ្លាស់ប្ដូរឡើយ បើអឺរ៉ុបមិនដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា
2023.03.26

តំណាងរាស្ត្រសភាអឺរ៉ុប មិនរំពឹងថា នឹងមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា នាខែកក្កដាខាងមុខនេះឡើយ។ តំណាងរាស្ត្ររូបនេះ ព្រមានថា នឹងមិនមានការផ្លាស់ប្តូរឡើយ បើសហភាពអឺរ៉ុបមិនដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជា។
តំណាងរាស្ត្រសភាអឺរ៉ុប និងជាសមាជិកអនុគណៈកម្មាធិការសភាអឺរ៉ុបស្ដីពីបញ្ហាសិទ្ធិមនុស្ស អ្នកស្រី អ៊ីសាប៊ែល សាន់តូស (Isabel Santos) សង្កត់ធ្ងន់ថា អ្នកស្រីមិនជឿថា នឹងមានការបោះឆ្នោតដោយបើកចំហ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនយោបាយនៅកម្ពុជា នាខែកក្កដា ខាងមុខនេះឡើយ។ អ្នកស្រីលើកឡើងយ៉ាងដូច្នេះ ដោយផ្តល់អំណះអំណាងថា ការណ៍នេះ គឺដោយសារតែអ្នកនយោបាយបក្សប្រឆាំងជាច្រើនរូបត្រូវបានដកហូតសិទ្ធិធ្វើនយោបាយ ប្រធានគណបក្សប្រឆាំងត្រូវបានកាត់ទោសឱ្យជាប់គុក ២៧ឆ្នាំ និងមានការគាបសង្កត់យ៉ាងសម្បើមមកលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល សកម្មជន និងអ្នកសហជីពជាដើម។
អ្នកស្រី អ៊ីសាប៊ែល សាន់តូស៖ «សូមមេត្តាកុំនិយាយថា នឹងមានការបោះឆ្នោតដោយសេរី និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនោះឱ្យសោះ។ សូមកុំប្រើពាក្យទាំងអស់នេះ ពីព្រោះថាយើងមិនអាចរំពឹងដូច្នេះបានឡើយ ហើយយើងដឹងអំពីរឿងនេះច្បាស់ណាស់។ នឹងមិនមានការបោះឆ្នោតដោយបើកចំហ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធឡើយ! យើងដឹងច្បាស់ហើយក្នុងដំណាក់កាលនេះ...។ វាគឺជាតួនាទីរបស់យើងក្នុងការព្យាយាមជួយទៅដល់ប្រជាជននៃប្រទេសកម្ពុជា។ ប៉ុន្តែ ប្រសិនបើយើងមិនចាត់វិធានការខ្លះទេ ដែលនឹងជំរុញឱ្យប្រទេសនេះផ្លាស់ប្ដូរ ប្រសិនបើយើងមិនបង្កើតសម្ពាធទៅលើអាជ្ញាធរកម្ពុជាឱ្យកែប្រែឥរិយាបថរបស់ពួកគេទេនោះ... ខ្ញុំមិនជឿទេថា នឹងមានការប្រែប្រួលណាមួយឡើយ»។
តំណាងរាស្ត្រសភាអឺរ៉ុប អ្នកស្រី អ៊ីសាប៊ែល សាន់តូស លើកឡើងដូច្នេះ នៅក្នុងកិច្ចពិភាក្សាដេញដោលមួយធ្វើឡើងដោយអនុគណៈកម្មាធិការសភាអឺរ៉ុបស្ដីពីបញ្ហាសិទ្ធិមនុស្ស កាលពីថ្ងៃទី២១ ខែមីនា ដើម្បីបន្តតាមដានអំពីស្ថានការណ៍វិវត្តចុងក្រោយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិខែកក្កដា ខាងមុខ និងក្រោយពេលដែលសភាអឺរ៉ុបអនុម័តសេចក្តីសម្រេចថ្មីមួយ ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA បន្ថែមទៀត ពីកម្ពុជា។ កិច្ចពិភាក្សាដេញដោលនេះ ធ្វើឡើងដោយមានការចូលរួមឆ្លើយសំណួរដោយឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) និងប្រធាននាយកដ្ឋានកិច្ចការបរទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សហភាពអឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ (Barbara Plinkert)។
ស្រដៀងគ្នានេះដែរ តំណាងរាស្ត្រសភាអឺរ៉ុបម្នាក់ទៀត និងជាប្រធានប្រតិភូអន្តរសភាអឺរ៉ុបប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសមាគមអាស៊ាន លោក ដានីញ៉ែល ខាស្ប៉ារី (Daniel Caspary) មាន ប្រសាសន៍ថា អាជ្ញាធរកម្ពុជាចាំបាច់ត្រូវបើកឱ្យមានលំហនយោបាយសេរីពហុបក្សសម្រាប់ការបោះឆ្នោតខាងមុខនេះ និងលុបចោលរាល់ច្បាប់ទាំងឡាយដែលមានលក្ខណៈដាក់កម្រិតលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
លោក ដានីញ៉ែល ខាស្ប៉ារី៖ «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលរួមមានការបង្ក្រាបដ៏គួរឱ្យព្រួយបារម្ភមកលើអ្នកនយោបាយបក្សប្រឆាំង គឺជាក្តីកង្វល់ដ៏ខ្លាំងសម្រាប់គណៈប្រតិភូរបស់យើង ហើយនឹងសម្រាប់សភាអឺរ៉ុបក្នុងអាណត្តិបច្ចុប្បន្ននេះ ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយ។ សភារបស់យើងបានអនុម័តសេចក្តីសម្រេចមិនតិចជាង ៣ឡើយ ជុំវិញទិដ្ឋភាពផ្សេងៗគ្នានៃស្ថានភាពនៅកម្ពុជា។ សេចក្តីសម្រេចចុងក្រោយ គឺយើងទើបនឹងបានអនុម័តកាលពីសប្តាហ៍កន្លងទៅនៅទីក្រុងស្ត្រាសប៊ួរ (Strasbourg)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញនូវការធ្លាក់ចុះដុនដាបនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយតាមទស្សនៈរបស់ខ្ញុំ យើងក៏បានឃើញនូវអំពើបំភិតបំភ័យផ្នែកនយោបាយដែលចេះតែកើនឡើងជាលំដាប់ទៅលើក្រុមអ្នកប្រឆាំង និងសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខនៅកម្ពុជា។ ជាការសំខាន់ដែលអាជ្ញាធរកម្ពុជាចាំបាច់ត្រូវបើកឱ្យមាននូវលំហសេរីពហុបក្ស គោរពនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ និងចាំបាច់ត្រូវលុបចោលរាល់ច្បាប់ទាំងឡាយណាដែលមានលក្ខណៈដាក់កម្រិតមកលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ហើយដែលផ្ទុយទៅនឹងកាតព្វកិច្ច និងស្តង់ដារអន្តរជាតិ»។
ក្រៅពីការលើកឡើងទាំងនេះ តំណាងរាស្ត្រសភាអឺរ៉ុបម្នាក់ទៀត និងជាសមាជិកគណៈកម្មាធិការសភាអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ អ្នកស្រី ហៃឌី អូថាឡា (Heidi Hautala) បានសម្ដែងការភ្ញាក់ផ្អើលដែលក្រុមមេដឹកនាំកម្ពុជា មិនត្រឹមតែបានរឹតត្បិតមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប៉ុណ្ណោះទេ តែថែមទាំងផ្សព្វផ្សាយនូវព័ត៌មានមិនពិតទៀតផង។ ជាក់ស្តែងអ្នកស្រីបានលើកយកករណីកាសែតខ្មែរថាមស៍ (Khmer Times) ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតថា សហភាពអឺរ៉ុបមានផែនការបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមឃ្លាំមើលការបោះឆ្នោតជាតិនៅកម្ពុជានោះ។
ឆ្លើយតបនឹងករណីនេះ ប្រធាននាយកដ្ឋានកិច្ចការបរទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សហភាពអឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ បញ្ជាក់ជំហរយ៉ាងច្បាស់ថា គិតមកទល់ពេលនេះ សហភាពអឺរ៉ុបនៅមិនទាន់សម្រេចចិត្តបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជានៅឡើយទេ។ អ្នកស្រីមានប្រសាសន៍ថា ការណ៍នេះគឺដោយសារតែផ្អែកតាមការវាយតម្លៃរបស់សហភាពអឺរ៉ុប កម្ពុជានៅមិនទាន់អនុវត្តលក្ខខណ្ឌនានាដើម្បីធានាឱ្យមាននូវការបោះឆ្នោតដែលអំណោយផល ធានាតម្លាភាព ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគួរឱ្យជឿទុកចិត្តបាននៅឡើយទេ។
ដោយឡែក ឆ្លើយតបទៅនឹងសំណួរពីតំណាងរាស្ត្រសភាអឺរ៉ុបមួយចំនួនដែលចោទសួរថា តើសហភាពអឺរ៉ុបគួរចាត់វិធានការបែបណាទៀតមកលើកម្ពុជាក្រៅពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនោះ ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) មានប្រសាសន៍ថា ជារឿងពិបាកក្នុងការគិតគូរអំពីវិធានការបន្ទាប់ទៀត ក្នុងពេលដែលនៅពុំទាន់មានការវាយតម្លៃជាក់លាក់ណាមួយអំពីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយកាលពីពេលកន្លងទៅ។ អ្នកស្រីមានប្រសាសន៍ថា ទន្ទឹមនឹងនេះ គេក៏ត្រូវគិតគូរដែរថា នៅឆ្នាំ២០២៧ ខាងមុខ កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចចំណូលមធ្យម ដែលក្នុងករណីនេះ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនអនុវត្តចំពោះប្រទេសកម្ពុជាទៀតទេ។
បន្ថែមពីលើការបកស្រាយនេះ ប្រធាននាយកដ្ឋានកិច្ចការបរទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សហភាពអឺរ៉ុប អ្នកស្រី បារបារ៉ា ប្ល៊ីនឃឺរត៍ គូសបញ្ជាក់ថា ជាការសំខាន់ដែលសហភាពអឺរ៉ុបនៅតែបន្តពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលកម្ពុជា ដូចដែលសហភាពអឺរ៉ុបបានធ្វើយ៉ាងសកម្ម ជាពិសេសកាលពីឆ្នាំកន្លងទៅ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។ អ្នកស្រីគូសបញ្ជាក់ថា តាមរយៈកិច្ចពិគ្រោះយោបល់នេះ សហភាពអឺរ៉ុបមានឱកាសលើកឡើងពីបញ្ហាកង្វល់នានាដែលសហភាពអឺរ៉ុបចាត់ទុកថា ជាបរិយាកាសមិនអំណោយផល ក្នុងគោលដៅដើម្បីកែប្រែឱ្យមានការបោះឆ្នោតមួយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងដែលគួរឱ្យជឿទុកចិត្តបាន ក្នុងនោះក៏រួមមានទាំងបញ្ហាកង្វះឯករាជ្យ និងអព្យាក្រឹត្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការរឹតត្បិតលំហសង្គមស៊ីវិល និងការផាត់ចោលគណបក្សនយោបាយ ជាដើម។
កាលពីថ្ងៃទី១៦ ខែមីនា សភាអឺរ៉ុបបានអនុម័តជាផ្លូវការនូវសេចក្តីសម្រេចថ្មីមួយព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជា ប្រសិនបើការបោះឆ្នោតជាតិខែកក្កដា ខាងមុខ ប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែមានការបន្តរំលោភសិទ្ធិមនុស្ស។ ក្រៅពីព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបន្ថែមទៀតនេះ សភាអឺរ៉ុបក៏ជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបអនុវត្តការដាក់ទណ្ឌកម្មជាក់លាក់មកលើបុគ្គលកម្ពុជាទាំងឡាយណា ដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬពាក់ព័ន្ធនឹងការរំលាយ និងការរឹតត្បិតជាបន្តបន្ទាប់មកលើក្រុមអ្នកប្រឆាំងនៅកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។