លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជាប់​អន្ទាក់​ខ្លួន​ឯង​មិន​អាច​ផ្ទេរអំណាច​ទៅ​កូន​ប្រុស​បាន

ដោយ សន ចាន់រដ្ឋា
2021-09-11
Share
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជាប់​អន្ទាក់​ខ្លួន​ឯង​មិន​អាច​ផ្ទេរអំណាច​ទៅ​កូន​ប្រុស​បាន (ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក​ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែ​ត ក្នុង​ស្ថានភាព​ព្យុះភ្លៀង​ដូច​សព្វថ្ងៃ​នេះ​ទេ​។ ស្រដៀង​គ្នា​នេះ អ្នក​វិភាគ​នយោបាយ​មើលឃើញ​ថា ទោះ​មានការ​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូនក្ដី ក៏​លោក ហ៊ុន ម៉ាណែត មិន​អាច​គ្រប់គ្រង​ស្ថានភាព​ក្រោយ​ខ្លួន​ទទួល​បាន​អំណាច​ដែរ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហោះ​សារ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១១ កញ្ញា ថា មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន កំពុង​ជាប់​អន្ទាក់​ហិង្សា​ដើម្បី​រក្សា​អំណាច ហើយ​ស្ថានការណ៍​បែបនេះ​លោក ហ៊ុន សែន មិនអាច​ផ្ទេរអំណាច​ទៅ​លោក ហ៊ុន ម៉ាណែត បាន​ទេ​។ លោក សម រង្ស៊ី សរសេរ​ទៀត​ថា ការ​ផ្ទេរអំណាច​ដែល​មិន​បង្ក​គ្រោះថ្នាក់​ទៅ​លោក ហ៊ុន សែន គឺ​ត្រូវ​ការ​បរិយាកាស​នយោបាយ​ត្រជាក់ សំដៅ​ដល់​ការ​គ្មាន​វិបត្តិ​នយោបាយ និង​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ឆាកនយោបាយ​។ លោក​ប្រៀបធៀប​ថា គេ​មិន​ដែល​ប្ដូរ​ទូក​កណ្ដាល​ទន្លេ ពេល​មាន​ព្យុះ​នោះ​ទេ។ ទោះ​យ៉ាងណា លោក​ថា លោក ហ៊ុន សែន មិនអាច​ជ្រើសរើស​ឲ្យ​មាន​ដំណោះ ឬ​ឲ្យ​មាន​គណបក្សប្រឆាំង​ឡើងវិញ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​របប​របស់​គាត់ ប្រឈម​គ្រោះថ្នាក់ ដូច្នេះ​លោក ហ៊ុន សែន មានតែ​ផ្លុំភ្លើង​ឲ្យ​ក្ដៅ​ជានិច្ច​ដើម្បី​រក្សា​អំណាច។ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ព្រមាន​ថា បើ​លោក ហ៊ុន សែន ផ្ទេរអំណាច​ទៅ​កូន​ក្នុង​ស្ថានភាព​ក្ដៅ​បែបនេះ គាត់​និង​ត្រកូល​គាត់​នឹង​បាត់បង់​អំណាច​ទាំងស្រុង និង​ជា​ស្ថាពរ។

ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី បែប​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា នេះ​ជា​គំនិត​ទុច្ចរិត​របស់​លោក សម រង្ស៊ី ដើម្បី​បន្ទាបបន្ថោក​គូរ​បក្ស​បដិបក្ខ​។ លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​របៀប​ជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ លក្ខន្តិកៈ និង​តាម​បែប​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស៖ «គេ​មិនដែល​រើស​មនុស្ស​អន់​យក​មក​ទេ រើស​មនុស្ស​កំពូលៗ​របស់​គណបក្ស​ហើយ​ដែល​មាន​លក្ខណៈ​បន្តវេន​ពី​គណបក្ស ហើយ​មិន​ត្រឹមតែ​សមត្ថភាព​ការងារ​សញ្ញាប័ត្រ​ខ្ពស់ ក៏ប៉ុន្តែ​ត្រូវ​អំពី​គោលជំហរ​នយោបាយ​ច្បាស់លាស់​ដើរ​តាម​ឥត​ងាករេ​ចំពោះ​កម្មវិធី​នយោបាយ​របស់​គណបក្ស»

ទោះ​មាន​ការ​អះអាង​បែប​នេះ​ក្ដី ក៏​កន្លង​មក លោក ហ៊ុន សែន ធ្លាប់​និយាយ​ជា​សាធារណៈ​រួច​ទៅ​ហើយ​ថា លោក​កំពុង​ជួយ​ជ្រោមជ្រែង​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី នា​ថ្ងៃ​ខាងមុខ។ លោក​ក៏​ធ្លាប់​ដឹកនាំ​កូនប្រុស​លោក​ទៅ​ជួប មេដឹកនាំ​ចិន និង​អួត​ប្រាប់​មេដឹកនាំ​វៀតណាម​ថា លោក ហ៊ុន ម៉ាណែត កំពុង​ប្រឹងប្រែង​សម្រាល​ទុក្ខ​លំបាក និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ពេញ​ទំហឹង។

អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា លោក ហ៊ុន សែន នៅ​តែ​ចិញ្ចឹមចិត្ត​ផ្ទេរ​អំណាច​ទៅ​កូនប្រុស​របស់​លោក និង​ព្យាយាម​យក​ស្ថាប័ន​ជាតិ​សំខាន់ៗ​យក​មកប្រើ​ប្រាស់​ដើម្បី​ជា​ឧបករណ៍​ក្នុង​ការ​ផ្ទេរអំណាច​។ អ្នកវិភាគ​ដដែល​បន្ត​ថា ស្ថានភាព​កម្ពុជា​សព្វថ្ងៃ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ពិបាក​ក្នុង​ផ្ទេរអំណាច​ទៅ​កូន ព្រោះ​អាច​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​និង​មាន​ការ​គាបសង្កត់​ពី​អន្តរជាតិ៖ «មធ្យោបាយ​ដែល​លោក ហ៊ុន សែន អាច​ផ្ទេរអំណាច​ទៅ​កូន​ហ្នឹង​គឺ​មាន​មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​បិទ​មិន​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ហើយ​អំឡុង​ពេល​អវត្តមាន​គណបក្ស​ប្រឆាំង​ក្នុង​ការ​បោះឆ្នោត​គឺ​អាច​ឲ្យ​កូន​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​តែម្ដង ប៉ុន្តែ​គំនាប​សង្កត់​អន្តរជាតិ​នៅ​តែ​មាន​បន្ត»

លោក ហ៊ុន សែន កំពុង​ផ្ដល់​តួនាទី​ការងារ​ជាតិ និង​ការងារ​បក្ស​សំខាន់ៗ​ទៅ​លោក ហ៊ុន ម៉ាណែត​ដូចជា​៖​មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មេ​បញ្ជាការ​រង​កង​អង្គរក្ស ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ​និង​តំបន់​ចត្តាឡីស័ក។ លោក​ក៏​មាន​តួនាទី​ស្អេកស្កះ​ច្រើន​ទៀត​ក្នុង​ជួរ​បក្ស គឺ​ជា​សមាជិក​គណៈ អចិន្ត្រៃយ៍​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នាក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស ជា​ប្រធាន​ចលនា​យុវជន​គណបក្ស និង​ជា​អនុប្រធាន​គណៈ​ចលនា​មហាជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល