អ្នកជំនាញថា កម្ពុជាគួរទទួលយកឱកាសកសាងទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញ
2023.11.17

អ្នកជំនាញខាងភូមិសាស្ត្រនយោបាយមើលឃើញថា សហរដ្ឋអាមេរិកហាក់មានគោលនយោបាយការបរទេសប្រែប្រួល ដោយចង់ចាប់ដៃសហការជាមួយឈាមថ្មីរបស់កម្ពុជា ដើម្បីស្ដារទំនាក់ទំនងប្រទេសទាំងពីរឱ្យល្អឡើងវិញ។ ការលើកឡើងនេះ ស្របពេលភាគីកម្ពុជាបង្ហាញឆន្ទៈចង់មានទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក។
អ្នកជំនាញមើលឃើញថា វាជារឿងលំបាក ប៉ុន្តែមិនមែនមានន័យថា កម្ពុជាមិនអាចធ្វើទៅរួចឡើយ ដើម្បីស្ដារទំនាក់ទំនងរឹងមាំជាមួយប្រទេសលោកខាងលិច ជាពិសេសជាមួយសហរដ្ឋអាមេរិក ស្របពេលចិនកំពុងចាប់ក្រៀកកម្ពុជាឱ្យស្ថិតក្នុងរបៀបវារៈគោលនយោបាយការបរទេសរបស់ខ្លួននោះ។
អ្នកជំនាញផ្អែកភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ វិច្ឆិកាថា ការប្រកាសរបស់មេដឹកនាំចិន ដើម្បីដឹកនាំបង្កើតឱ្យមានសហគមន៍ជោគវាសនារួមសាកល និងការពឹងផ្អែកលើសេដ្ឋកិច្ចចិន ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កំពុងរារាំងកម្ពុជាមិនឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាប្រទេសលោកខាងលិច។ ប៉ុន្តែលោកថា ការពឹងផ្អែកលើសេដ្ឋកិច្ចរបស់ចិនទាំងស្រុង មិនអាចផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចរស់បាននៅក្នុងពិភពលោក ដែលកំពុងចាក់ស្រេះប្រជែងអំណាចគ្នា និងប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចនោះទេ ស្របពេលទីផ្សារអាមេរិកនិងអឺរ៉ុប កំពុងដើរតួនាទីសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា។ លោកចង់ឱ្យរដ្ឋាភិបាលថ្មី ឆក់ឱកាសស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើងវិញ។
បណ្ឌិត រ៉ូ វណ្ណៈ៖ «ហាក់ដូចជា មានការប្រែប្រួលខ្លះ នៃនយោបាយការបរទេសរបស់អាមេរិក គឺមានន័យថា អាមេរិកចង់ចាប់ដៃសហការជាមួយឈាមថ្មី ចង់សហការជាមួយនាយករដ្ឋមន្ត្រីថ្មី ដោយសារតែទី១ យើងមើលឃើញថា នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានការអប់រំនៅសហរដ្ឋអាមេរិក កម្រិតបរិញ្ញាបត្រនិងអនុបណ្ឌិត ធ្លាប់រស់នៅសហរដ្ឋអាមេរិក អាចយល់ដឹងពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលអាមេរិកហាក់ដូចជាយល់ឃើញថា អាចធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីខ្មែរបាន»។
ការលើកឡើងរបស់អ្នកជំនាញរូបនេះ បន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៥ វិច្ឆិកា បានចេញលិខិតថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក អែនតូនី ប៊ី្លងខិន (Antony Blinken) ដែលចេញសារកាលពីថ្ងៃទី៩ វិច្ឆិកា អបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៧០ឆ្នាំ របស់កម្ពុជា។
នៅក្នុងលិខិតនោះ ក្រសួងការបរទេសកម្ពុជា បង្ហាញការប្ដេជ្ញាចិត្ត ដើម្បីធ្វើការធ្វើឱ្យកាន់តែជិតស្និទ្ធ កសាងទំនាក់ទំនងកាន់តែរឹងមាំ រវាងប្រជាជនប្រទេសទាំងពីរ ផ្អែកលើគោលការណ៍គោរពនិងយល់ពីគ្នាទៅវិញទៅមក។ ក្រសួងការបរទេសបន្ថែមថា កម្ពុជាក៏ទន្ទឹងរង់ចាំ ធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ទាំងទ្វេភាគី និងពហុភាគី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ចំណែកនៅក្នុងលិខិតអបអរទិវាបុណ្យឯករាជ្យជាតិកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អែនតូនី ប៊ី្លងខិន បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញចក្ខុវិស័យរួមនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រកបដោយសុវត្ថិភាព វិបុលភាព ការបើកចំហ និងសេរី។ លោកបន្តថា ប្រទេសទាំងពីរ នឹងបន្តកសាងទំនាក់ទំនងដ៏រឹងមាំ រវាងប្រជាជន រួមទាំងតាមរយៈការផ្លាស់ប្ដូរការអប់រំ ការគាំទ្រសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច។
ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលរងការរិះគន់ពីសហគមន៍អន្តរជាតិថា បានដឹកនាំកម្ពុជាប្រាសចាកពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ ហើយបានងាកទៅពឹងពាក់ប្រទេសចិនដើម្បីរក្សាអំណាច។ ជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់កាន់តែដុនដាបបន្ថែមទៀត ក្រោយក្រុមប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បង្ហាញការសង្ស័យកាន់តែខ្លាំង បន្ទាប់ពីមានរបាយការណ៍ផ្សព្វផ្សាយថា កម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ អនុញ្ញាតឱ្យយោធាចិន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួន ស្ថិតនៅក្នុងខេត្តព្រះសីហនុ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន បានទេនៅថ្ងៃទី១៦វិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ កន្លងមក មន្ត្រីរដ្ឋាភិបាលកម្ពុជាតែងបដិសេធថា មិនបានលម្អៀងខ្លាំងទៅប្រទេសណាមួយឡើយ។
មន្ត្រីបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក លី ម៉េង យល់ឃើញថា មានតែការគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងប្រកាន់យកគោលនយោបាយការបរទេសអព្យាក្រឹត្យពិតប្រាកដ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ទើបកម្ពុជាអាចគេចផុតពីការចោទប្រកាន់របស់ប្រទេសលោកខាងលិចថា លម្អៀងខ្លាំងទៅប្រទេសចិន។
លោក លី ម៉េង៖ «កម្ពុជា បើឱ្យគេមើលឃើញថា មិនលម្អៀងទៅចិន ឬក៏មិនលម្អៀងទៅអាមេរិក លុះត្រាតែគោរពគោលការណ៍ប្រជាធិបតេយ្យឡើងវិញ ហើយផ្ដល់នូវសិទ្ធិសេរីភាពពេញលេញ ហើយស្ដារទំនាក់ទំនងការទូតជាមួយអាមេរិក ដែលតែងចង់បានឱ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
នៅក្រោយពីលោក ហ៊ុន សែន រៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ចកាលពីថ្ងៃទី២៣ តុលា ដើម្បីផ្ទេរអំណាចឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានបណ្ដាលឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ កាលណោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញមុខអំពាវនាវឱ្យកម្ពុជា ងាកទៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពហុបក្ស និងយុត្តិធម៌សង្គម ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនវិញ ដើម្បីបើកចំហឱ្យពលរដ្ឋ និងសង្គមស៊ីវិលអាចអនុវត្តសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិបញ្ចេញមតិដោយគ្មានការភ័យខ្លាចចំពោះការសងសឹកពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។