អ្នកវិភាគ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាហាន​ហ៊ាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន

ដោយ ប្រាជ្ញ ចេវ
2024.12.05
អ្នកវិភាគ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាហាន​ហ៊ាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសន្ទរកថា ក្នុង​ពិធី​ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៨.៣៣៩ អង្គ/នាក់ កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដឹកនាំ​ប្រទេស​ជាង ១ឆ្នាំ​ហើយ តែ​លោក​មិន​ទាន់​ឆ្លើយ​សំណួរ​អ្នក​សារ​ព័ត៌មាន​បាន​នៅ​ឡើយ​ទេ។ អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ខ្លាច​សំណួរ​អ្នក​កាសែត​បែប​នេះ ព្រោះ​លោក​មិន​បាន​ឡើង​កាន់​អំណាច​តាម​ការ​បោះ​ឆ្នោត ហើយ​នាយក​រដ្ឋមន្ត្រី​លើក​បន្តុប​រូប​នេះ មិនមែន​ជា​អ្នក​ដឹកនាំ​ប្រទេស​ពិត​ប្រាកដ​ឡើយ ដោយ​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ជា​បញ្ជា​នៅ​ពី​ក្រោយ។

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហ៊ាន​និយាយ រាប់​ម៉ោង​នៅ​លើ​វេទិកា​នៅ​ក្នុង​ពិធី​នានា ក្ដី ក៏​នាយក​រដ្ឋមន្ត្រី ដែល​កើត​ចេញ​ពី​ការ​លើក​បន្តុប​ដោយ​ឪពុក​រូប​នេះ មិន​ទាន់​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត​បើក​ឱ្យ​កាសែត អាច​សួរ​សំណួរ​លោក​បាន​នៅ​ឡើយ​ទេ។

អ្នកឃ្លាំមើល ជំរុញ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ហ៊ាន​ចេញ​មុខ​លើក​ឡើង​អំពី​សមិទ្ធផល ជំហរ និង​ដំណោះស្រាយ របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជំនាន់​ទី២ ចំពោះ​បញ្ហា​ជាតិ វិបត្តិ​សង្គម នយោបាយ​ការ​បរទេស ជា​ដើម។

នាយក​ប្រតិបត្តិ នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) លោក ណុប វី លើក​ឡើង​ថា ការ​ផ្ដល់​ព័ត៌មាន​ពី​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ទៅ​កាន់​ពលរដ្ឋ មាន​សារ​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ អ្នក​ធ្វើការ​វិស័យ​ព័ត៌មាន​រូប​នេះ ចង់​ឃើញ​ប្រមុខ​រដ្ឋាភិបាល ក្រុម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​ការ​ជាមួយ​អ្នក​សារព័ត៌មាន​ឱ្យ​ទូលំទូលាយ​ជាង​សព្វថ្ងៃ។

ចំណែក អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា ការ​ដឹកនាំ​ប្រទេស​ជាង ១ឆ្នាំ​របស់​លោក ហ៊ុន ម៉ាណែត នេះ វិបត្តិនយោបាយ សេដ្ឋកិច្ច នយោបាយ​ការ​បរទេស និង​ការ​ចាប់​ជំរិត​មនុស្ស​តាម​អ៊ីនធើរ៍ណិត​ជា​ដើម បន្ត​កើត​ឡើង​កាន់តែ​ធ្ងន់ធ្ងរៗ ទៅ។ លោក​បន្ត​ថា ទំនង​បញ្ហា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ខ្លាច​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ។ លោក​លើក​ឡើង​ទៀត​ថា ចំណុច​សំខាន់​មួយ​ទៀត អាច​មក​ពី​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​អ្នក​កាន់​អំណាច​ពិត​ប្រាកដ ដ្បិត​លោក ហ៊ុន សែន ឯ​ណោះ ជា​អ្នក​ដឹកនាំ​ប្រទេស​ដូច្នេះ លោក ហ៊ុន ម៉ាណែត ក៏​មិន​ដឹង​ត្រូវ និយាយ​ប្រាប់​អ្នក​កាសែត​បែប​ណា​អំពី​សមិទ្ធផល​របស់​ខ្លួន​ឡើយ។

បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត កំពុង​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ក្ដី ប៉ុន្តែ កិច្ចការ​ជាតិ​ធំៗ មួយ​ចំនួន ត្រូវ​បាន​ឪពុក​របស់​លោក ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ចេញ​មុខ​ចាត់ចែង​ជំនួស។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី កត់​សម្គាល់​ថា លោក ហ៊ុន ម៉ាណែត ហាក់​មិន​ទាន់​មាន​ទំនុក​ចិត្ត​ក្នុង​គ្រប់គ្រង​រដ្ឋាភិបាល របស់​ខ្លួន។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​អាច​ហ៊ាន​ប្រឈម​មុខ​ជាមួយ​អ្នក​កាសែត ឬ​អ្នក​មាន​មតិ​ផ្ទុយ​ពី​លោក ព្រោះ​នាយក​រដ្ឋមន្ត្រី​រូប​នេះ ឡើង​តំណែង​មិនមែន​តាម​សមត្ថភាព ប៉ុន្តែ ឡើង​កាន់​តំណែង​តាម​ការ​រៀបចំ​របស់​ឪពុក គឺ​លោក ហ៊ុន សែន។ ទោះ​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​រូប​នេះ​យល់​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា នៅ​ពេល​នេះ បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត បើក​ឱ្យ​មាន​វេទិកា​ជាមួយ​សារព័ត៌មាន ក៏​ពិបាក​រក​សារ​ព័ត៌មាន​ឯករាជ្យ ដែល​ហ៊ាន​សួរ​ដេញដោល​លោក ហ៊ុន ម៉ាណែត ឱ្យ​បាន​ស៊ីជម្រៅ​ឡើយ។

មេដឹកនាំ​ប្រទេស​លោក​សេរី​ស្ទើរ​ទាំង​អស់ តែងតែ​ធ្វើ​សន្និសីទ​សារព័ត៌មាន និង​បើក​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​អាច​សួរ​ដេញដោល​ពី​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ដែល​ទទួល​បាន​ចំណេះ​ដឹង​ពី​ប្រទេស​សេរី ហាក់​ដឹកនាំ​ប្រទេស​តាម​លំនាំ​មេ​ដឹកនាំ​ប្រទេស​កុម្មុយនិស្ត ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​សួរ​ដេញដោល​លោក​បាន​ឡើយ។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែធ្នូ។ រីឯ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក ហ៊ុន ម៉ាណែត តែងតែ​និយាយ​ឆ្លើយឆ្លង​ជាមួយ​ភាគ​ពាក់ព័ន្ធ និង​សហគមន៍​អន្តរជាតិ។ អ្វី​លើស​ពី​នេះ លោក សុខ ឥសាន សុំ​មិន​ឆ្លើយតប​ឡើយ។

អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ជា​ញឹកញាប់​តែងតែ​ធ្វើ​សន្និសីទ​កាសែត ផ្ដល់​ឱកាស​ឱ្យ​អ្នក​សារព័ត៌មាន​អាច​សួរ​សំណួរ​លោក​ខ្លះ​ដែរ លោក ហ៊ុន សែន ក៏​បាន​បង្កើត​អង្គភាព​ប្រតិកម្ម​របស់​រដ្ឋាភិបាល ដើម្បី​ប្រតិកម្ម​ទៅ​នឹង​មតិ ដែល​ប្រឆាំង​រដ្ឋាភិបាល និង​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន។ ចំណែក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​មនុស្ស​មួយ​ចំនួន ឱ្យ​និយាយ​ជាមួយ​អ្នក​កាសែត​សម្រាប់​បង្ហាញ​អំពី​លទ្ធផល​ការងារ​របស់​រដ្ឋាភិបាល ប៉ុន្តែ មន្ត្រី​ទាំង​នោះ​គ្មាន​ភាព​ក្លាហាន​និយាយ​ជាមួយ​សារ​ព័ត៌មាន​ឯករាជ្យ និង​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ឡើយ។ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​គម្រប់​ខួប​មួយ​ឆ្នាំ នៃ​ការ​កាន់​អំណាច​របស់​លោក លោក​ត្រឹម​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​អាន​សន្ទរកថា ដែល​មាន​ការ​រៀបចំ​ទុក​មុន​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។